ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ង់៖ ឃាត់ខ្លួន​៤០​នាក់ ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​​​តម្លៃ​​ប្រេង​ឥន្ធនៈ

media  
នគរបាលអ៊ីរ៉ង់ ព្យាយាមបំបែក​បាតុករ ​ដែលរារាំង​ចរាចរណ៍​​នៅ​លើ​ផ្លូវ​​ល្បឿនលឿន នៅក្រុង​​តេអេរ៉ង់​ ថ្ងៃទី​​១៦​ វិច្ឆិកា ​២០១៩​ Nazanin Tabatabaee/WANA (West Asia News Agency) via REUTERS

ចាប់តាំងពីយប់ថ្ងៃសុក្រ បាតុកម្មបានផ្ទុះឡើង នៅតាម​ទីក្រុងនានា នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការសម្រេចតម្លើងថ្លៃប្រេងឥន្ធនៈ។ បាតុកម្មហិង្សា ភាពចលនា និងការបង្រ្កាបរបស់អាជ្ញាធរ បានបង្កឲ្យមនុស្សម្នាក់ស្លាប់ ហើយនៅថ្ងៃអាទិត្យនេះ អាជ្ញាធរបានអះអាងថា គេបានឃាត់ខ្លួនបាតុករហិង្សាចំនួន​៤០នាក់។ លោក អាយ៉ាតុឡា អាលីខាមឺណី មគុទេសន៍សាសនាកំពូល​របស់អ៊ីរ៉ង់ បាន​ប្រកាសជាសាធារណៈថា លោកគាំទ្រការដំឡើងថ្លៃប្រេងឥន្ធនៈនេះ ហើយថាបាតុករហិង្សា គឺសុទ្ធសឹងតែ​ជាជនអន្ធពាល ដែលមាន​អ្នកនយោបាយ​ឆក់ឱកាស នៅពីក្រោយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ ISNA បានប្រកាសផ្សាយ នៅថ្ងៃអាទិត្យ​ទី ១៧វិច្ឆិកា​ថា មានការឃាត់ខ្លួន​មនុស្សចំនួន​៤០នាក់ ដែល​ជាប់ពាក់ព័ន្ធនឹងបាតុកម្ម​ហិង្សា នៅឯទីក្រុង Yazd ភាគកណ្តាលប្រទេស។ ចំណែកកាលពីថ្ងៃសៅរ៍ បាតុករ​ម្នាក់បានស្លាប់ នៅឯទីក្រុង Sirjan ភាគខាងត្បូង និងមានអ្នករបួសជាច្រើននាក់ទៀត។

សូមរំលឹកថា ប្រមាណ​២ថ្ងៃ២យប់មកហើយ ដែល​បាតុកម្មបានផ្ទុះឡើងនៅតាមទីក្រុងនានា មិនថានៅរដ្ឋធានី តេអេរ៉ង់ ក្រុងChiraz ឬ Ispahan។ បាតុករជ្រុលនិយមខ្លះ បានវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ និងបានដុតបំផ្លាញ​រថយន្ត បិទផ្លូវជាច្រើនកន្លែងផងដែរ។ មូលហេតុដែល​បង្កឲ្យផ្ទុះបាតុកម្មនេះ គឺការសម្រេចរបស់ក្រុមប្រឹក្សាជាន់ខ្ពស់សម្របសម្រួលសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលបាន​អនុញ្ញាតឲ្យតម្លើងថ្លៃប្រេងឥន្ធនៈ។ សម្រាប់៦០លីត្រដំបូងក្នុងរយៈពេល១ខែ តម្លៃនឹងឡើងចំនួន​៥០% ហើយចាប់ពីកម្រិតនេះទៅ តម្លៃនឹងឡើងចំនួន​៣០០%។

សម្រាប់ប្រជាជនអ៊ីរ៉ង់ ដែលមានជីវភាពលំបាកណាស់ទៅហើយ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ការដំឡើងថ្លៃប្រេងឥន្ធនៈនេះ ហាក់ដូចជាការសង្កត់កបន្ថែម។ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងថា គេមានគម្រោងប្រមូលចំណូលបន្ថែម ដើម្បីយកទៅជួយគ្រួសារអ៊ីរ៉ង់ ដែលមានជីវភាពក្រីក្របំផុត។

គួររំលឹកថា គម្រោងតម្លៃថ្លៃប្រេងឥន្ធនៈនេះ ធ្លាប់ត្រូវបាន​រដ្ឋាភិបាល​អ៊ីរ៉ង់ ដាក់ស្នើម្តងរួមមកហើយ នៅឆ្នាំ​មុន តែត្រូវបាន​ក្រុមប្រឹក្សាជាតិសម្របសម្រួលសេដ្ឋកិច្ចអ៊ីរ៉ង់ បដិសេធ។​ ដោយឡែក នៅថ្ងៃអាទិត្យទី​១៧វិច្ឆិកា​នេះ លោកអាយ៉ាតុឡា អាលីខាមឺណី បានចេញមកប្រកាសថា លោកគាំទ្រការតម្លើងថ្លៃប្រេងឥន្ធនៈនេះ។ លោកបញ្ជាក់ថា បើសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់សម្របស​ម្រួសសេដ្ឋកិច្ច ដែលមាន​តំណាងស្ថានប័នកំពូលទាំង៣ មានរដ្ឋាភិបាល មានសភា និងតុលាការ សម្រេចយល់ថាជាវិធានការល្អ លោកក៏យល់ស្របដែរ។

លោកអាយ៉ាតុឡា បានថ្កោលទោសចំពោះសកម្មភាពបាតុកម្មហិង្សាដែលកំពុងកើតឡើង ថាការដុតបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈមិនមែនជាដំណោះស្រាយនោះទេ ហើយអ្នកដែលធ្វើវាគឺសុទ្ធតែជាជនអន្ធពាល។ លោកអាយ៉ាតុលា បានរំលឹកឲ្យប្រជាជន​អ៊ីរ៉ង់ កុំចាញ់បោកការឃោសនាពន្យុះ កេងចំណេញនយោបាយ ពីក្រុមប្រឆាំងមួយចំនួន ដែលចង់ឲ្យកើតមានវិបត្តិ​នយោបាយនៅអ៊ីរ៉ង់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ