ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/06 12h00 GMT

បោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ីរ៉ង់៖ ជម្រើស​រវាង​ការ​បើក​ចំហរ​សេដ្ឋកិច្ច​ និង​​គំនិត​​ជាតិ​និយម​​បែប​ឥស្លាម​តឹងតែង

បោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ីរ៉ង់៖ ជម្រើស​រវាង​ការ​បើក​ចំហរ​សេដ្ឋកិច្ច​ និង​​គំនិត​​ជាតិ​និយម​​បែប​ឥស្លាម​តឹងតែង
 
បុរសម្នាក់ ដាក់សន្លឹកឆ្នោត​ក្នុងហិប​ នៅមណ្ឌល​ក្រុងតេអេរ៉ង់ រដ្ឋធានី​អ៊ីរ៉ង់ ថ្ងៃទី​១៩ ឧសភា ២០១៧ TIMA via REUTERS

ថ្ងៃសុក្រទី​ ១៩ ​ឧសភា ​នេះ ប្រជាជន​អ៊ីរ៉ង់ ​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​ សម្រាប់​អាណត្តិ​៤ឆ្នាំ​ទៅ​មុខ ។ លោក​ ហាសាន់ រូហានី ​ប្រធានាធិបតី​អ៊ីរ៉ង់​បច្ចុប្បន្ន ​ត្រូវ​ឈរ​ឈ្មោះ​ប្រជែង​ជាមួយ​ នឹង​លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ ដែល​មក​ពី​ក្រុម​អភិរក្ស​និយម ​ស្និទ​នឹង​លោក​អាយ៉ាតុលា ​អាលី ខេមណី។ តាម​ការ​វិភាគ​ ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​អាណត្តិ​នេះ​ ស្ថិត​ក្នុង​បរិបទ​មួយ​ដ៏​សំខាន់​បំផុត ​សម្រាប់​សេដ្ឋកិច្ច ​និង​សង្គម​អ៊ីរ៉ង់។

ប្រជាជន​អ៊ីរ៉ង់​ ត្រូវ​ជ្រើសរើស​រវាង​បេក្ខជន​ទាំងពីរ​ ម្ខាង​គឺ​លោក​ប្រធានាធិបតី ​រូហានី​ ដែល​ជំរុញ​ឲ្យ​មាន​ការ​បើក​ចំហរ​ទ្វារ​សេដ្ឋកិច្ច ​ជាមួយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ​ហើយ​ម្ខាង​ទៀត​ គឺ​លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ដែល​មាន​គំនិត​ជាតិនិយម ​និង​មិន​ចង់​បើក​ទ្វារ​ប្រទេស ​ឲ្យ​ស្ថិត​ក្រោម​គំនៀប​អន្តរជាតិ។

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ ​មិនមែន​មាន​តែ​ពីរ​នាក់​​ទេ ​តែ​មាន​៤នាក់។ ពីរនាក់​ទៀត​ជា​បេក្ខជន​ មិន​សូវ​ជា​ល្បីល្បាញ​ទេ ​ហើយ​មាន​ម្នាក់​ ក្នុង​ចំណោម​២នាក់​នេះ ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ បោះឆ្នោត​ឲ្យ​លោក ​ហាសាន់ រ៉ូហានី ​ទៀត​ផង​ ដើម្បី​កុំ​ឲ្យ​បែក​សំឡេង​ឆ្នោត។ លោក ​ហាសាន់ រ៉ូហានី ​និង ​លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី មាន​ទស្សនវិស័យ​ពីរ​ខុសគ្នា ​ដែល​កំពុង​ប្រកួត​នា​គ្នា​ពេល​នេះ ​ដណ្តើម​យក​កៅអី​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។​ វាជា​ជម្រើស​មួយ​ដ៏​លំបាក​ សម្រាប់​ប្រជាជន​អ៊ីរ៉ង់។

លោក ​ហាសាន់ រ៉ូហានី ​ដើម្បី​អនាគត ​និង​បើក​ចំហរ​សេដ្ឋកិច្ច
 

លោកហាសាន់ រ៉ូហានី (Hassan Rohani) President.ir/Handout via REUTERS ATTENTION EDITORS

លោក​ ហាសាន់ រ៉ូហានី​ ដែល​បាន​ឡើង​កាន់​តំណែង ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ ក្រោយ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ​កំពុង​ឈរ​ឈ្មោះ​អាណត្តិ​ទីពីរ​នា​ពេល​នេះ។​​ ក្នុង​អាណត្តិ​កន្ល​ងទៅ​ ​លោក ​ហាសាន់ រ៉ូហានី ​បាន​ផ្តល់​អាទិភាព ​ដល់​ការ​រំដោះ​អ៊ីរ៉ង់​​ ចេញ​ពី​រនាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​សហគម​អន្តរជាតិ ​បាន​ដាក់​មក​លើ​អ៊ីរ៉ង់។ លោក ​ហាសាន់ រ៉ូហានី ​បាន​យល់​អំពី​តម្រូវការ​ជាក់ស្តែង​ថា ​អ៊ីរ៉ង់​ មិន​អាច​បន្ត​ឃុំខ្លួន​ នៅ​តែ​ម្នាក់​ឯង​បាន​ទៀត​ទេ។ អ៊ីរ៉ង់​ ត្រូវតែ​បើកទ្វារ ​ចេញ​ទៅ​ខាង​ក្រៅ ​មាន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ ​ដើម្បី​ទទួល​បាន​នូវ​ការ​បោះទុន​វិនិយោគ ​ដែល​ជា​ប្រភព​នៃ​កំនើន​សេដ្ឋកិច្ច ​ព្រមទាំង​ការ​បង្កើត​ការងារ​ក្នុង​ស្រុក។
 
ទស្សនវិស្ស័យ​របស់​លោក ​ហាសាន់ រ៉ូហានី ​មាន​អ្នក​ខ្លះ​ប្រៀប​ធៀប​ទៅ​នឹង​គំរូ​របស់​ចិន ​ពោលគឺ​ទុក​របប​ដឹកនាំ​បែប​ផ្តាច់ការ​ឲ្យ​នៅ​ដដែល ​តែ​ត្រូវ​បើក​ចំហរ​សេដ្ឋកិច្ច ​ជាមួយ​នឹង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​អន្តរជាតិ។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​រដ្ឋាភិបាល​លោក ​ហាសាន់ រ៉ូហានី ​បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ ​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច។
 
លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ដើម្បី​ ​សង្គម​អ៊ីរ៉ង់ ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម​ដ៏​តឹងតែង
 

លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី (Ebrahim Raisi ) Tasnim News Agency/Handout /File Photo via REUTERS

ចំណែក​បេក្ខជន​ម្នាក់ទៀត​ គឺ​លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី​ អាយុ ​៥៦​ឆ្នាំ ​ដែល​ជា​ប្រមុខ​សាសនា​អ៊ីស្លាម​មួយ​រូប​ ​មាន​ទំនោរ​អភិរក្ស​សាសនា​និយម ​ហើយ​ស្និទ​នឹង​លោក ​អាយ៉ាតុលា អាលី ​ខេមណី ​ដែល​ជា​ប្រមុខ​សាសនា​កំពូល ​និង​ប្រមុខ​រដ្ឋ​របស់​អ៊ីរ៉ង់។ លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ក៏ដូច​ជា​ក្រុម​អ៊ីស្លាម​អភិរក្ស​និយម ​ គឺមាន​ទំនោរ​ជាតិ​និយម ​ប្រកាន់​ជំហរ​រឹង​ទទឹង​ ហើយ​ស្អប់​មហា​អំណាច ​លោក​ខាង​លិច​ណាស់ ​ជា​ពិសេស​ គឺ​ស្អប់​សហរដ្ឋ​អាមេរិក​តែ​ម្តង។
 
ពាក្យថា​ទំនោរ​ជាតិ​និយម​នេះ​ មាន​ន័យ​ថា ​ក្រុម​នេះ​ មិន​ចង់​ឲ្យ​អ៊ីរ៉ង់​ ទៅចុះ​ញ៉ម​ប្រទេស​មហាអំណាច​ណាទេ​ ហើយ​ចង់​បិទទ្វារ​ ថែ​រក្សា​អ៊ីរ៉ង់​ ឲ្យ​ស្អាត​ស្អំ ​ទៅ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម​ដ៏​តឹងតែង ​ដែល​ក្រុម​នេះ​លើក​ទូល​ថា​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់។ វិស័យ​សេដ្ឋកិច្ច​បែបជាតិ​និយម​វិញ ​គឺ​លោក​ អ៊ីប្រាហ៊ីម រ៉ៃស៊ី ​ចង់​ធ្វើ​អ្វី​ឲ្យ​នៅ​តែ​ក្នុង​ស្រុក​ ផលិត​ ទិញ ​និង​លក់​ តែ​ផលិតផល​ក្នុង​ស្រុក ​មិន​ត្រូវការ​ ការ​បោះទុន​វិនិយោគ ​រឺ​កិច្ច​សហប្រតិបត្តិការ ​ពី​បរទេស​ណា​ទាំង​អស់។
 
ផល​វិជ្ជមាន​នៃ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច
 
ផលវិជ្ជ​មាន​នៃ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ ​ដែល​ខាង​លោក ​ហាសាន់ រ៉ូហានី ​បាន​ប្រើ​ដើម្បី​ឃោសនា។ សេដ្ឋកិច្ច​អ៊ីរ៉ង់​ បាន​ជាប់​រនាំង ​ថប់​ដង្ហើម​ជាង​២០​ឆ្នាំ​មក​ហើយ។ អ៊ីរ៉ង់​គ្មាន​ការ​បោះទុន​វិយោគ​ពី​បរទេស ​ហើយ​ធនាគារ​បរទេស​ភាគ​ច្រើន ​មិន​អាច​បញ្ចេញ​ប្រាក់​ វិនិយោគ ​រឺ​ផ្តល់​កម្ចី ​ក្នុង​ការ​រក​ស៊ី​នៅ​អ៊ីរ៉ង់​ទេ។ ជាមួយ​នឹង​ការ​ដក​ទណ្ឌកម្ម​ ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ​ទី​ផ្សារ​វិនិយោគ​ចាប់ផ្តើម​ មាន​សកម្មភាព​ឡើងវិញ។
 
មុនឆ្នាំ​២០១៣ ​អតិផរណា​នៅ​អ៊ីរ៉ង់​ មាន​ដល់​ទៅ​៤០% ​តែ​បច្ចុប្បន្ន​នេះ ​ធ្លាក់​មក​នៅ​ត្រឹមតែ​ជាង​៩% ​ប៉ុណ្ណោះ។ ដូច្នេះ​ចង់​មិន​ចង់ ​យើង​ឃើញ​ថា​សេដ្ឋកិច្ច​ អ៊ីរ៉ង់​ ចាប់​ផ្តើម​មាន​ដង្ហើម​ឡើង​វិញ ​ដែល​នេះ​គឺជា​លទ្ធផល​ នៃ​កំណែ​ទំរង់​ បង្វែរ​ទិស​ ទៅ​រក​ការ​បើក​ទ្វារ​ចំហរ ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​លោក​ ហាសាន់ រ៉ូហានី។
 
អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​តែខ្ពស់
 
ក៏ប៉ុន្តែ​ លោក​ហាសាន់​ រ៉ូហានី​ ​ក៏មិន​បាន​គេច​ផុត​ ពី​ការ​​រិះគន់ ​ពី​សំណាក់ ​បេក្ខជន​ម្ខាងទៀត​ដែរ។ លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី​ បាន​ប្រើ​យុទ្ធសាស្ត្រ​មួយ ​គឺ​អះអាង​ថា​ខ្លួន​គាត់​ ជា​អ្នក​ការពារ​និង​ជួយ​ប្រជាជន​ក្រីក្រ។ តាម​រយៈ​យុទ្ធសាស្ត្រ​នេះ ​ លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ចោទ​នយោបាយ​បើក​ទ្វារ​សេដ្ឋកិច្ច​របស់​លោក ​ហាសាន់ រ៉ូហានី​ ថា​ជា​នយោបាយ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​តែ​ក្រុម​អ្នក​មាន។ ចំណែក​ប្រជាជន​ក្រីក្រ ​មនុស្ស​ចាស់​ជរា ​តាម​ស្រុក​ភូមិ​ ត្រូវ​គេ​បោះបង់​ចោល។
 
លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ចោទ​ថា​ កិច្ច​ព្រមព្រៀង​គ្រប់គ្រង​កម្មវីធិ​នុយក្លេអ៊ែរ ​ដែល​អ៊ីរ៉ង់​ បាន​ទៅ​លត់​ជង្គង់​ចុះ​ហត្ថលេខា ​ជាមួយ​ប្រទេស​មហា​អំណាច​នោះ ​មិន​បាន​ហុច​ផល​វិជ្ជមាន​អ្វី​ឡើយ។ លោក ​បាន​លើក​យក​តួលេខ​នៃ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អ៊ីរ៉ង់ ​ដែល​នៅ​តែ​មាន​កំរិត​ខ្ពស់​ដដែល ​មក​អះអាង។ តួលេខ​នោះ ​គឺ​ អ្នក​អត់​ការងារ​ធ្វើ​មាន​ប្រមាណ​ជា​១២,៥%​ នៃ​ចំនួន​ប្រជាជន​ពេញ​វ័យ​ធ្វើ​ការ​សរុប ​ និង​ ២៥% ​ក្នុង​ចំណោម​យុវជន​ក្មេងៗ​ អាយុ​ក្រោម​២៥​ឆ្នាំ។
 
ជា​ការពិត ​តួលេខ​នេះ​ខ្ពស់​ណាស់ ​ក៏​ប៉ុន្តែ​យ៉ាង​ណា ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ទើបតែ​ចាប់​ផ្តើម​ធ្វើ​ទៅ​ មិនទាន់​បាន​២​ឆ្នាំ​ទេ។ មួយវិញ​ទៀត ​យុវជន​អ៊ីរ៉ង់​ ដែល​មាន​អាយុ​ពេញ​វ័យ​ មួយ​ឆ្នាំៗ ​កើន​ឡើង​បន្ថែម​ដល់ទៅ​៧សែន​នាក់។ បន្ថែម​ពី​នេះទៀត ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ​តែងតែ​គម្រាម ​ដាក់​គំនៀប ​មិន​ចង់​ឲ្យ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ីរ៉ង់​ទេ ​ដែល​នេះ ​គឺ​វា​ធ្វើ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​ដល់​ធនាគារ ​ក៏​ដូច​ជា​អ្នក​វិនិយោគ។
 
អ៊ីរ៉ង់ ​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដើមបូព៌ា​ ដ៏​សែន​វឹកវរ
 
ចំពោះ​បរិបទ​ភូមិសាស្ត្រ​នយោបាយ ​ក្នុង​តំបន់​ដើម​បូព៌ា​ អ៊ីរ៉ង់​ មាន​តួនាទី​សំខាន់​ណាស់​ ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​ដើម​បូព៌ា។ មិនដឹង​ថា​ជា​ការ​ចៃដន្យ ​រឺ​យ៉ាងណាទេ​ ថ្ងៃទី​២០ ឧសភា​នេះ ​លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​នឹង​អញ្ជើញ​ទៅ​ប្រជុំ​នៅ​ទីក្រុង​រីយ៉ាត ​ជាមួយ​ក្រុម​ប្រទេស​អ៊ីស្លាម​ស៊ូនីត ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។ ប៉ូល​សាសនា​ពីរ​ធំ ​តំបន់​នេះ ​គឺ​ម្ខាង​ក្រុម​ប្រទេស​អ៊ីស្លាម​ស៊ូនីត ​ដឹក​នាំដោយ​អារ៉ាប៊ីសាអូឌីត ​និង​ម្ខាង​ទៀត​ក្រុម​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត ​ដឹកនាំ​ដោយ​អ៊ីរ៉ង់។ គឺ​ចរន្ត​សាសនា​អ៊ីស្លាម​ទាំង​ពីរ​នេះ​ហើយ ​ដែល​ប្រយុទ្ធ​គ្នា ​នៅ​តំបន់​ដើម​បូព៌ា​នេះ។
 
ជាមួយ​លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​អ៊ីរ៉ង់​នឹង​កាន់​តែ​ប្រឈមមុខ​នឹង​ភាព​តាន​តឹង ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ​និង​សហរដ្ឋ​អាមេរិក។ ទស្សនវិស័យ​បែប​ជាតិ​និយម ​អភិរក្ស​និយម​របស់​លោក​រ៉ៃស៊ី ​គឺ​អាច​អូស​អ៊ីរ៉ង់ ​ឲ្យកាន់​តែ​ឯកោ ​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​ជំពាក់​វាក់វិន​នានា ​នៅ​ក្នុង​តំបន់​បាន​ទេ។ ទំនោរ​ស្អប់​ប្រទេស​មហា​អំណាច ​ស្អប់​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នេះ ​នឹង​កាន់​តែ​ធំ ​ហើយ​មិន​អាច​ផ្តល់​ផល​ល្អ​ដល់ ​ការ​កសាង​សន្តិភាព​ក្នុង​តំបន់​បាន​ទេ។
 
ផ្ទុយទៅវិញ ​ គំនិត​បើក​ទ្វារ​ ដោយ​សន្សឹមៗ ​ព្រម​ចរចា ​ព្រម​សហការ​គ្នា​ រក​ដំណោះស្រាយ​រួម​ របស់​លោក ​ហាសាន់ រ៉ូហានី ​ដែល​អាច​ឲ្យ​គេ​មាន​សង្ឃឹម​ច្រើន។ ជាង​នេះ​ទៅ​ទៀត ​អ៊ីរ៉ង់ ​ត្រូវតែ​ប្រុង​ប្រយ័ត្ន​បំផុត​ មិន​អាច​ធ្វើ​រឹង​ទទឹង​ជាមួយ​នឹង​អាមេរិក​បានទេ។ លោក​ដូណាល់ ត្រាំ ​ជា​មនុស្ស​ចិត្ត​ក្តៅ​ឆេវឆាវ​ ហើយ​គ្មាន​នរណា​អាច​ស្មាន​ចិត្ត​ដឹង​មុន​នោះ​ទេ។
 
បើ​តាម​ការ​វិភាគ​របស់​លោក ​សាស្ត្រាចារ្យ Pierre Razoux ​អ្នក​ស្រាវជ្រាវ​ស្តី​ពី​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​ដើម​បូព៌ា ​បាន​ពន្យល់​ថា ​អ៊ីរ៉ង់​ អាច​ត្រូវ​តែ​បង្ខំ​ចិត្ត ​បន្ទន់​ឥរិយបទ​ជាមួយ​អារ៉ាប៊ីសាអូឌីត ​និង​អាមេរិក​ បើសិន​ជា​អ៊ីរ៉ង់ ​ចង់​ឲ្យ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​អាច​ចូល​ជា​ធរមាន​ពេញ​លេញ។ បន្ថែម​ពី​នេះ ​ អ៊ីរ៉ង់​ ក៏ត្រូវ​ពិចារណា ​ដក​កំលាំង​ ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូទី ​នៅ​យេមែន​ ព្រោះនេះ ​ក៏​ជា​ប្រភព​នៃ​ជម្លោះ​ជាមួយ ​​អារ៉ាប៊ីសាអូឌីត​ដែរ។
 
ស្ថិរភាព​ តំបន់​ ជា​ពិសេស​នៅ​ស៊ីរី ​ត្រូវ​តែ​ជា​អទិភាព​សម្រាប់​អ៊ីរ៉ង់​ ព្រោះ​អ៊ីរ៉ង់​កំពុង​រក​ច្រក​ចេញ ​ផ្នែក​សេដ្ឋកិច្ច។ អ៊ីរ៉ង់ ​ត្រូវ​ការ​សាងសង់​បំពង់​បង្ហូរ​ប្រេង ​និង​បង្ហូរ​ឧស្ម័ន​យក​ទៅ​លក់​នៅ​អឺរ៉ុប​ ឆ្លង​កាត់​ស៊ីរី។ ក៏​ប៉ុន្តែអ៊ី​រ៉ង់ ​ក៏ត្រូវ​តែ​ប្រយ័ត្ន ​ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ជាមួយ​រុស្ស៊ី ​ដែល​កំពុង​ឈរជើង​នៅ​ស៊ីរី​ដែរ។ ដូច្នេះ​ការងារ​របស់​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ ​គឺ​ធំធេង ​និង​លំបាក​ណាស់។​ តែអ្វី​ដែល​សំខាន់​នោះ ​គឺ​ស្ថិរភាព​សង្គម​អ៊ីរ៉ង់ ​កំណើន​ជីវភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ការ​គោរព​សិទ្ធិ​សេរីភាព ​ដែល​ប្រជាជន​អ៊ីរ៉ង់​ទាំងអស់ ​កំពុង​ស្រេកឃ្លាន ​ចង់បាន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ