ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/03 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ង់​បាញ់​សាក​គ្រាប់​មីស៊ីល​ថ្មី មួយ​ថ្ងៃ​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម

media  
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ®REUTERS/Faisal Mahmood/File Photo

មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​លោក​ដូណាល់ត្រាំ ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​អ៊ីរ៉ង់ ​នៅ​ថ្ងៃសៅរ៍​ទី​៤កុម្ភៈ​នេះ ​ អ៊ីរ៉ង់​ទើប​បាន​ធ្វើ​សមយុទ្ធ​យោធា ​ដោយ​មាន​បាញ់​សាកល្បង​ នូវ​គ្រាប់​មីស៊ីល​ចំងាយ​ខ្លី​ជា​ច្រើន​គ្រាប់។ ខាង​រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​អះអាង​ដោយ​ឥត​លាក់លៀម​ថា ​នេះ​គឺ​ការ​រៀបចំ​សម​កម្លាំង ​ ដើម្បី​ការពារ​ខ្លួន ​ដែល​វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​អ៊ីរ៉ង់ ​ ហើយ​ក៏​ជា​ការ​ឆ្លើយតប​ ទៅនឹង​ទណ្ឌកម្ម ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ទើប​បាន​ដាក់​មក​លើ​អ៊ីរ៉ង់ ​ដែល​អ៊ីរ៉ង់ ​ចាត់ទុក​ថា​ជា​ការ​បន្ថោក​កិត្តិយស ​និង​មើលងាយ​លើ​អ៊ីរ៉ង់។

 

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ផ្លូវការ​របស់​អ៊ីរ៉ង់ ​Sephahnewsបាន​ឲ្យ​ដឹងថា ​ អ៊ីរ៉ង់​ បានបើក​ការ​ធ្វើ​សមយុទ្ធ​យោធា ​មួយ​នៅ​ខេត្ត​Semnan ​ភាគ​ខាងឦសាន។ ក្នុង​ឱកាស​សមយុទ្ធ​នេះ​ អ៊ីរ៉ង់​បាន​បញ្ចេញ​គ្រាប់​មីស៊ីល​ជាច្រើន​គ្រាប់ ​ព្រម​ជាមួយ​ប្រព័ន្ធ​រ៉ាដា ​ដែល​សុទ្ធតែ​ជា​ស្នាដៃ​ផលិត​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់។ យោង​តាម​តារ៉ាង​រាយ​ឈ្មោះ​សម្ភារៈ​យោធា ​ដែល​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ បាន​ចុះផ្សាយ ​បាន​បង្ហាញ​ថា ​មីស៊ីល ​ដែល​អ៊ីរ៉ង់​ បាន​សាកល្បង​នៅ​ថ្ងៃ​សៅរ៍​នេះ​ គឺ​សុទ្ធតែ​ជា​គ្រាប់​មីស៊ីល ​ចំងាយ​ខ្លី ​ ដែល​អាច​រត់​បាន​រយៈ​ចំងាយ​៧៥​គីឡូម៉ែត្រ។
 
សារព័ត៌មាន​អ៊ីរ៉ង់​ដដែល ​បាន​សរសេរ​ថា ​សមយុទ្ធ​យោធា​នេះ ​គឺ​ជា​​ការ​សាកល្បង ​ត្រៀម​កំលាំង ​ឲ្យ​បាន​ល្អ ​របស់​កងទ័ព​អ៊ីរ៉ង់​​ ហើយ​ក៏​ជា​ការឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ របស់​សហរដ្ឋអាមេរិក ​ ដែល​បាន​ដាក់​លើ​អ៊ីរ៉ង់។ ​អ៊ីរ៉ង់​ចាត់ទុក​ថា ​ទណ្ឌកម្ម​នេះ​ ​​គឺ​ជា​ការ​មើលងាយ​ បន្ទាប​បន្ថោក​កិត្តិយស​របស់​អ៊ីរ៉ង់។
 
គួរ​រំលឹក​ថា ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​៣កុម្ភៈ​ម្សិលមិញ ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់​ត្រាំ ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​ដោយ​ចោទ​ថា​អ៊ីរ៉ង់ ​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​បាលីស្ទីក ​ កាលពី​ថ្ងៃ​ទី​២៩​មករា។ គ្រាន់តែ​បាន​ទទួល​ដំណឹង​ស្តីពី​ទណ្ឌកម្ម​នេះ​ភ្លាម ​ ខាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​ប្រកាស​ថា ​គេ​នឹង​ដាក់​វិធានការ​តបវិញ ​ តាម​រយៈ​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន ​រឺ​អ្នក​ជំនួញ​អាមេរិក​នៅ​អ៊ីរ៉ង់។ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ បាន​ថ្លែងកាល​ពី​ថ្ងៃ​សុក្រថា​ អ៊ីរ៉ង់​ មិន​ព្រឺ​រោម​ ជាមួយ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ទេ ​ តែ​អ៊ីរ៉ង់​ក៏​មិន​ទៅ​ឆោត​ បញ្ឆេះ​ភ្លើង​សង្រ្គាម​ជាមួយ​អាមេរិក​មុន​ដែរ។
 
អ៊ីរ៉ង់​តែងតែ​អះអាង​ថា ​ ការ​ផលិត​ និង​សាកល្បង​នូវ​សព្វា​វុធ​យោធា ​គឺ​ជា​សិទ្ធិ​ស្របច្បាប់​របស់​អ៊ីរ៉ង់ ​ដើម្បី​ការពារ​ខ្លួន​ ដែល​សិទ្ធិ​នេះ​មិន​អាច​មាន​ប្រទេស​ផ្សេង​ណា ​មក​ហាមឃាត់​បាន​ឡើយ។ ក្រៅ​ពី​មីស៊ីល​ចំងាយ​ខ្លី ​អ៊ីរ៉ង់​ ក៏បាន​ប្រកាស​ថាខ្លួន ​មាន​មីស៊ីល​ចំងាយ​២០០០​គីឡូម៉ែត្រ ​ដែរ។ លោក​អគ្គ​បញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ បាន​បញ្ជាក់​ថា ​ អ៊ីរ៉ង់​នឹង​បន្ថែម​ការ​ផលិត​គ្រាប់​មីស៊ីល​ឲ្យ​បាន​ច្រើន។ ថ្លែង​ពីទីក្រុង​តូក្យូ ​នៅ​ថ្ងៃសៅរ៍​នេះ ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ​របស់​អាមេរិក​ បាន​ចោទ​អ៊ីរ៉ង់​ថា ​ជា​ប្រទេស​ធំ​ជាង​គេ​ ដែល​ចិញ្ចឹម​បំប៉ន ​ពួក​ភេរវកម្ម។
 
ជា​ការ​កត់​សម្គាល់ ​សង្រ្គាម​ពាក្យ​សម្តី ​ ការ​កំញើញ​គ្នា​ទៅវិញ​ទៅមក​ រវាង​អាមេរិក​ ជាមួយ​និង​អ៊ីរ៉ង់ ​គឺ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង ​នៅ​ក្រោយ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​ ចូល​កាន់​តំណែង។​ លោកត្រាំ ​ដែល​ចូល​ចិត្ត​សរសេរ​តាម​តែចិត្ត​នឹក​ឃើញ​នៅលើ​ទំព័រ​ Twitter ​របស់​ខ្លួន​នោះ ​តែងតែ​សរសេរ​សារ​រិះគន់​ទៅ​លើ​អ៊ីរ៉ង់​ ជា​ប្រចាំ។ នយោបាយ​បែប​ធម៌ក្តៅ​ជាមួយ​អ៊ីរ៉ង់ ​របស់​លោក​ដូណាល់​ ត្រាំ ​គឺ​វា​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង ​ជាមួយ​នឹង​លោក​អូបាម៉ា ​ដែល​គាត់​បាន​ខិតខំ​ព្យាយាម​អូស​អ៊ីរ៉ង់​ ឲ្យចូល​ឆាក​អន្តរជាតិ​វិញ​ ដើម្បី​កសាង​ទំនាក់ទំនង​សន្តិភាព​ជាមួយ​អ៊ីរ៉ង់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ