ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/02 12h00 GMT
មជ្ឈិមបូព៌ា

កងទ័ពអ៊ីរ៉ាក់ ​រំដោះ​បាន​ក្រុង​ម៉ូស៊ូល​ភាគ​ខាងកើត ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

media  
ថ្ងៃទី​១៨ មករា ២០១៧ ប្រជាជន​​នាំគ្នា​​គេច​ចេញ​​​ពី​​ ភាគ​​ខាងកើត​​ម៉ូស៊ូល ​​ដើម្បី​​ចៀស​ពី​​ការ​​វាយ​​ប្រហារ​​រវាង​​កងទ័ព​រដ្ឋាភិបាល​​ និង​​ក្រុម​​ជីហាត​​អង្កការ​រដ្ឋ​អ៊ីស្លាម។ REUTERS/Muhammad Hamed

កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​គេ​បាន​ធ្វើ​ការ​រំដោះ​ទី​​ក្រុង​ម៉ូស៊ូល ​ភាគ​ខាងកើត ​ បាទាំង​ស្រុង​មក​វិញ​ហើយ ​ពី​ដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​លំបាក ​របស់​កងទ័ព​អ៊ីរ៉ាក់ ​ ដោយ​មាន​ជំនួយ​ពី​កង​កម្លាំង​គួដ ​និង​អ្នក​ជំនាញការ​អាមេរិក ​តទល់​ជាមួយ​និង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ ដែល​បាន​គ្រប់គ្រង​ម៉ូស៊ូល ​តាំងតែ​ពី​ខែ​មុថិនា ​២០១៤​មក។ ទោះ​យ៉ាង​នេះ​ក្តី ​ភាគ​ខាង​លិច​ម៉ូស៊ូល ​នៅតែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាត​ជ្រុល​និយម​នេះ​ដដែល។

លោក ​មេ​បញ្ជាការ​កងទ័ព​អ៊ីរ៉ាក់ ​ទទួល​បន្ទុក​សមរភូមិ​ប្រយុទ្ធ​នឹង​ក្រុម​ភេរវកម្ម​ បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ថា ​ទីក្រុង​ម៉ូស៊ូល​ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេ​ខ្លា ​ត្រូវ​បាន​រំដោះ​ទាំងស្រុង​មក​វិញ​ហើយ។ លោក​បន្ត​ថា ​ មូលដ្ឋាន​ធំៗ​ នៅ​ភាគ​ខាង​កើត​ម៉ូស៊ូល ​ចាប់​ពី​ពេល​នេះ​ទៅ ​គឺ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់។

 
សូម​បញ្ជាក់​ថា ​ ទីក្រុង​ម៉ូស៊ូល ​ត្រូវ​ចែក​ជា​ពីរ ​ម្ខាង​ខាងលិច​ ម្ខាង​ខាង​កើត ​ដោយ​មាន​ទន្លេ​ខ្លា ​ហូរ​កាត់​ពី​ជើង​ទៅ​ត្បូង។ ម៉ូស៊ូល ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៤។ កន្លង​មក​ជាង​២ឆ្នាំ​មក​នេះ ​ប្រជាជន​ដែល​បាន​រត់​គេច​ចេញ ​បាន​ផ្តល់​សក្ខីកម្ម​ជាច្រើន​ ស្តីពី​សកម្មភាព​សម្លាប់​រង្គាល ​របស់​ក្រុម​ជីហាត​ ទៅ​លើ​ប្រជាជន​ស្លូតត្រង់។ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាន​រកឃើញ​រណ្តៅ​សាកសព្វ​រួម​ ជាច្រើន​កន្លែង។
 
កាលពីថ្ងៃទី ១៧ ​តុលា ​កន្លងទៅនេះ ​ កងទ័ព​អ៊ីរ៉ាក់ ​និង​ក្រុម​កម្លាំង​គួដ​អ៊ីរ៉ាក់​ ដោយ​មាន​ជំនួយ​ពី​កងកម្លាំង​កុម្មង់​ដូរ​ពិសេស​របស់​អាមេរិក​ ប្រមាណ​ជា​១៧០០​នាក់ ​ បាន​ចាប់ផ្តើម​ប្រតិបតិ្តកា​រសង្រ្គុប ​ដើម្បី​រំដោះ​ម៉ូស៊ូល​មកវិញ។ លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​បាន​សន្យា​ថា ​នឹង​ត្រូវ​រំដោះ​ម៉ូស៊ូល​ឲ្យ​បាន​ទាំង​ស្រុង ​ មុន​ដាច់​ឆ្នាំ​២០១៦។
 
មក​ទល់​ពេល​នេះ ​មាន​តែ​ភាគ​ខាងកើត​ទេ ​ ដែល​ត្រូវ​រំដោះ​បាន។ ចំណែក​ភាគ​ខាង​លិច​ម៉ូស៊ូល ​ស្ថិត​នៅ​ក្នុងដៃ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ដដែល។ អ្នក​ជំនាញ​ការ​កងទ័ព​អាមេរិក​ បាន​សារភាព​ថា ​ ការ​វាយ​ដណ្តើម​ភាគ​ខាងលិច ​ មិន​មែន​ជា​ការងាយ​ស្រួល​ទេ ​ដោយសារ​កត្តា​ភូមិសាស្ត្រ ​ហើយ​ម្យ៉ាងទៀត ​ភាគ​ខាងលិច​ គឺ​ជា​ទីក្រុង​បុរាណ ​ ដែល​មាន​ផ្លូវ​លំ​តូចៗ ​ មិន​អាច​ឲ្យ​រថក្រោះ ​រឺ​រថ​ពាសដែក​ចូល​ទៅ​បានទេ។ ការ​សម្រុក​ចូល​ដោយ​ថ្មើរ​ជើង ​គឺ​ជា​ការ​ប្រថុយ​នឹង​ការ​បាត់បង់​ជីវិត​មនុស្ស​ច្រើន។ មេ​បញ្ជាការ​កងទ័ព​អ៊ីរ៉ាក់​ខ្លះ ​ បាន​បញ្ជាក់​ថា ​គេ​នៅ​មិន​ទាន់​ទទួល​បាន​គម្រោង​ផែនការ​ ​ស្តីពី​ការ​ប្រយុទ្ធ​ដណ្តើម​យក​ភាគ​ខាង​លិច​ទេ។ សម្រាប់​ពេល​នេះ ​ គ្មាន​នរណា​ម្នាក់ ​ហ៊ាន​ឆ្លង​ទឹក​ទន្លេ​ខ្លា ​ទៅ​ត្រើយ​ខាង​ស្តាំ​ឡើយ។
 
តែយ៉ាងណា ​ជាមួយ​នឹង​ជោគជ័យ​ពាក់​កណ្តាល ​ក្នុង​ដំណាក់​កាល​នេះ ​ ទាំង​កងទ័ព​អាមេរិក​ ទាំង​កងទ័ព​អ៊ីរ៉ាក់​ បន្ត​រក្សា​ក្តី​សង្ឃឹម​ ថា​នឹង​យក​ឈ្នះលើ​ក្រុម​ជីហាត ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។ ជោគជ័យ​រំដោះបាន​ភាគ​ខាងកើត ​ បាន​នាំ​សេចក្តី​សង្ឃឹម ​និង​កម្លាំង​ចិត្ត​ដល់​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ក្រុម​ជីហាត​ វាយ​ដក​ថយ​បន្តិចម្តងៗ​ ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ