អានតួអត្ថបទ
អ៊ីរ៉ាក់-ជីហាដ

កងទ័ព​អ៊ីរ៉ាក់​រំដោះបាន​ក្រុង​ហ្វាលូចា ពីដៃ​ពួក​ជីហាដ​រដ្ឋ​អ៊ីស្លាម

យោងតាម​អ្នក​នាំពាក្យ​កងទ័ព​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៦​មិថុនា ​ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ បាន​វាយ​ដណ្តើម​យកក្រុង​ ហ្វាលូចា ​មក​ពី​ដៃពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​វិញ។ នេះ​គឺ​ជា​ដំណឹង​ល្អ ​ដែល​បង្ហាញ​អំពី​បរាជ័យ​កាន់តែ​ធំ​ទៅៗ​ របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​មិនថា​នៅ​អ៊ីរ៉ាក់​ ​រឺ​នៅ​ស៊ីរី។ តែយ៉ាងណា​ក៏ ការ​វិល​ត្រលប់​របស់​ប្រជាជន​ស្លូតត្រង់ ​ទៅកាន់​សមរភូមិ​ដែល​ដណ្តើម​បាន​មក​វិញ ​ត្រូវ​ជួបការ​លំបាក​ច្រើន ​ដោយសារ​មាន​សេសសល់​អាវុធ​ជាតិផ្ទុះ​ច្រើន​ពេក។

កងទ័ពអ៊ីរ៉ាក់ ពេលចូលទៅជិតដល់ក្រុង​ហ្វាលូចា ថ្ងៃទី៣០ ឧសភា ២០១៦
កងទ័ពអ៊ីរ៉ាក់ ពេលចូលទៅជិតដល់ក្រុង​ហ្វាលូចា ថ្ងៃទី៣០ ឧសភា ២០១៦ REUTERS/Alaa Al-Marjani
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សម្តី​របស់​លោក ​Sabah Al-Noman ​អ្នក​នាំពាក្យ​កងទ័ព​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា ​នៅថ្ងៃ​អាទិត្យ​ម្សិលមិញ​ កង​កម្លាំង​ប្រឆាំង​ពួក​ភេរវកម្ម​ពិសេស​របស់​អ៊ីរ៉ាក់ ​ វាយ​សង្រ្គុប​ដណ្តើម​យកវិញ ​នូវ​ទីក្រុង​ហ្វាលូចា ​Fallouja ​ដែល​ស្ថិត​នៅភាគ​ខាងលិច។ ទីក្រុង​នេះ ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ តាំងពី​ខែ​មករា​ ឆ្នាំ​២០១៤​ម្លេះ។

 
អ្នកនាំពាក្យ​រូបនេះ ​បាន​បន្ថែម​ថា ​ប្រតិបត្តិការ​វាយ​យក​ក្រុង​ហ្វាលូចា ​បាន​ចាប់ផ្តើម​ កាល​ពី​ថ្ងៃ​ទី​ ២៣ ​ឧសភា ​ហើយ​នៅ​ថ្ងៃ​ចុងក្រោយ ​នៅ​តំបន់​ Al-Jolan ​ដែល​ជា​មូលដ្ឋាន​ចុងក្រោយ ​របស់​ពួកជីហាដ ​គឺ​កងកម្លាំង​អ៊ីរ៉ាក់ ​បាន​សម្រុក​ចូល​ទៅ​ដោយ​គ្មាន​បាន​បាញ់​ សូម្បី​តែ​មួយ​គ្រាប់ ​ ព្រោះ​ពួក​ជីហាដ​បាន​រត់​ផះក្រញ៉ាំ​ ចេញ​ទៅ​អស់​ទៅ​ហើយ។

យ៉ាងណា​ក៏ដោយ ​អ្នកនាំ​ពាក្យ​ក្រុម​កុម្ម៉ង់ដូ​មួយ​ក្រុម​ទៀត​របស់​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា ​នៅ​ជុំវិញ​ក្រុង​ហ្វាលូចា ​ នៅ​មាន​ក្រុម​ជីហាដ​សំងំ​លាក់ខ្លួន​ ជាច្រើន​ចំណុច។ យ៉ាងណាមិញ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ កងទ័ព​អ៊ីរ៉ាក់​​បាន​ធ្វើការ​ឆែកឆេរ​ ប្រជាជន​ចំនួន​២ម៉ឺន​នាក់ ​ដែល​រត់​ចេញ​ពី​សមរភូមិ​ហ្វាលូចា ​ព្រោះ​ខ្លាច​មាន​ការ​បន្លំ​ខ្លួន​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ដោយឡែក ​ការ​វិល​ត្រលប់​របស់​ប្រជាជន​ទាំងនេះ ​ ទៅ​កាន់​ផ្ទះ​សម្បែង​វិញ ​ អាច​នឹង​ជួប​ការ​លំបាក​ ដោយ​សារ​តែ​គ្រាប់មីន ​ គ្រាប់ផ្ទុះ​ជាច្រើន ​ ត្រូវ​បាន​បង្កៃ​ពាសពេញ​ទីក្រុង។

សូម​បញ្ជាក់ថា ​ចូល​មក​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦​នេះ ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​ទទួល​បរាជ័យ​ជាច្រើន​សមរភូមិ។ បន្ទាប់​ពី​បាន​បាត់បង់​តំបន់​ភ្នំ​ស៊ីនចា ​Sinjar ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​ ក្រុម​នេះ​បាន​បរាជ័យ ​បាត់បង់​ក្រុង​រ៉ាម៉ាឌី ​ដែល​នៅ​ក្បែរ​រដ្ឋធានី​បាដាដ ​ ទៀត ​កាលពី​ខែ​ កុម្ភៈ​ដើម​ឆ្នាំ​នេះ។ ដោយឡែក ​នៅ​អាហ្វហ្កានីស្ថាន ​យោងតាម​ប្រភព​ពី​អាជ្ញាធរ​នៅ​ភាគខាងកើត​ប្រទេស ​បាន​ឲ្យ​ដឹង​ថា ​បេសកកម្ម​កម្ទេច​ក្រុម​ជីហាដ​របស់​កងទ័ព​អាហ្វហ្កានីស្ថាន ​បាន​សម្លាប់​ជន​ជីហាដ​ចំនួន​១៨នាក់ ​ក្នុង​រយៈពេល​ ពីរថ្ងៃ​កន្លង​មក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ