អានតួអត្ថបទ
បារាំង-អ៊ីរ៉ាក់

អ៊ីរ៉ាក់៖ បារាំង​​សន្យា​​ផ្តល់​​ប្រាក់​​កម្ចី ​​៤៣០​លាន​អឺរ៉ូ ​​ដើម្បី​ស្តារ​សេដ្ឋកិច្ច​អ៊ីរ៉ាក់​ឡើង​វិញ

រដ្ឋមន្ត្រី​ការបរទេស ​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង ​បាន​ទៅ​ដល់​ទីក្រុង​បាដាដ ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ​២៦​សីហា។ ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ​លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​បារាំង ​សន្យា​ផ្តល់​ប្រាក់​កម្ចី ​ចំនួន​៤៣០​លាន​អឺរ៉ូ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​អ៊ីរ៉ាក់​ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ អ៊ីរ៉ាក់​ ដែល​ត្រូវ​ខ្ទេចខ្ទាំ ​គ្រប់​វិស័យ ​កំពុង​ត្រូវការ​ជំនួយ ​និង​ការ​គាំទ្រ ​ដើម្បី​កសាង​ប្រទេស​ឡើងវិញ។

លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian និងលោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំង ពេលធ្វើសន្និុសីទកាសែត​រួមគ្នា​ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់​នៅ​បាដាដ ថ្ងៃទី ២៦ សីហា២០១៧
លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian និងលោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំង ពេលធ្វើសន្និុសីទកាសែត​រួមគ្នា​ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់​នៅ​បាដាដ ថ្ងៃទី ២៦ សីហា២០១៧ REUTERS/Khalid al Mousily
ផ្សាយពាណិជ្ជកម្ម

"បារាំង​មាន​វត្តមាន​​តាំងតែ​ពី​ដំបូង​នៅ​អ៊ីរ៉ាក់​ ​ដើម្បី​ជួយ​ជ្រោមជ្រែង​កងទ័ព​អ៊ីរ៉ាក់​ ក្នុង​ការ​បោស​សម្អាត​ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដូច្នេះ ​គ្មាន​រឿងអ្វី ​ដែល​ថា​បារាំង​ ត្រូវ​អវត្តមាន​ ក្នុង​ដំណាក់​កាល​បន្ទាប់​ ដែល​ជា​ដំណាក់កាល​ជួយ​ស្តារ ​និង​កសាង​អ៊ីរ៉ាក់​ឡើងវិញ​នោះទេ"។ នេះ​គឺ​ជា​ប្រសាសន៍ ​របស់​លោក ​Jean-Yves le Drian ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ដែល​បាន​ទៅដល់​ក្រុង​បាដាដ ​អម​ដំណើរ​ដោយ​លោកស្រី ​Florence Parly ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង។

ស្ថិតក្នុង​ជំនួប​ជា​មួយ​លោក ​al-Abadi​ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ បាន​អះអាង​ថា ​រដ្ឋាភិបាល​បារាំង​សន្យា ​ផ្តល់​ប្រាក់​កម្ចី​ ចំនួន​៤៣០​លាន​អឺរ៉ូ ​ដល់​អ៊ីរ៉ាក់។ យោង​តាម​ប្រភព​ពី​ក្រសួង​ការបរទេស​បារាំង ​ ប្រាក់​កម្ចី​នេះ ​ជា​ប្រភេទ​កម្ចី​ដើម្បី​ទ្រទ្រង់​ហិរញ្ញវត្ថុ​រដ្ឋ​ ដូច​ទៅ​នឹង​កម្ចី​របស់​ធនាគារ​ពិភពលោក​ដែរ។ មាន​ន័យ​ថា ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ត្រូវ​មាន​កាតព្វកិច្ច​ ​ធ្វើ​កំណែ​ទម្រង់ ​កាត់​បន្ថយ​អំពើ​ពុករលួយ ​រៀបចំ​ស្តារ​ឡើងវិញ​នូវ​ការ​គ្រប់គ្រង​ស្ថាប័នរដ្ឋ ​ ប្រព័ន្ធ​រដ្ឋបាល ​ ក៏ដូច​ជា​ប្រើប្រាស់​ប្រភព​ថាមពល​ ឲ្យ​មាន​ប្រសិទ្ធិភាព​ជាដើម។

ដំណើរ​ទៅដល់​របស់​រដ្ឋមន្ត្រី​បារាំង​ ព្រមទាំង​ការ​សន្យា​ជួយ​ជ្រោមជ្រែង​អ៊ីរ៉ាក់​នេះ​ ធ្វើ​ឡើង​ព្រម​ពេល​ជាមួយ​គ្នា ​នៅ​ពេល​ដែល​កងទ័ព​អ៊ីរ៉ាក់​ កំពុង​តែ​សម្រុក​វាយ​ដណ្តើម​យក​ទីក្រុង ​Tal-Afar​ ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ នេះ​គឺ​ជា​ជោគជ័យ​ ដ៏ធំ​មួយ​ទៀត ​ក្នុង​ការ​បោស​សម្អាត​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ ​ បន្ទាប់​ពី​កងទ័ព​អ៊ីរ៉ាក់​ បាន​ដណ្តើម​យក​បាន​ទីក្រុង​ម៉ូស៊ូល មកវិញ​ ​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ។

វិនាស​ដោយ​សង្រ្គាម​ច្រើន​ឆ្នាំ​មក​នេះ ​សេដ្ឋកិច្ច​អ៊ីរ៉ាក់​ ត្រូវការ​ការ​ស្តារ​ឡើង​វិញ​ទាំង​ស្រុង។​ តម្លៃ​ប្រេង​ឆៅ​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង ​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ខ្វះ​ចំណូល។ អ៊ីរ៉ាក់​ត្រូវការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សឹងតែ​ទាំង​ស្រុង។ តាម​ការ​ប៉ាន់ស្មាន ​គេ​ត្រូវការ​ប្រាក់​ប្រមាណ ​ជិត​១០០០ ​ពាន់​លាន​អឺរ៉ូ​ ដើម្បី​កសាង​អ៊ីរ៉ាក់។

ការស្តារ​កសាង​អ៊ីរ៉ាក់​ មិនមែន​ធ្វើឡើង​តែ​ទៅ​លើ​កត្តា​សម្ភារៈ​ប៉ុណ្ណោះទេ​។ ចំណុច​សំខាន់​បំផុត​មួយ​ទៀត​នោះ ​គឺ​ការ​កសាង​ ផ្លូវចិត្ត​ ធ្វើ​ឲ្យ​សង្គម​អ៊ីរ៉ាក់​ មាន​យុត្តិធម៌ ​មាន​ការ​រស់នៅ​ចុះ​សម្រុង ​យល់​យោគ​គ្នា ​រវាង​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និកាយ​ឈីអ៊ីត ​និង​អ្នក​កាន់​និកាយ​ស៊ុនីត។ ក្រុម​ស៊ុនីត ​ដែល​ធ្លាប់​តែ​រង​អំពើ​អយុត្តិធម៌ ​អាច​នឹង​ងាយ​ធ្លាក់​ទៅ​តាម​ការ​អូសទាញ ​របស់​ពួក​ជ្រុល​និយម​ បាន​យ៉ាង​ងាយ។ មួយ​វិញ​ទៀត ​ បញ្ហា​អធិបតេយ្យភាព​របស់​ដែនដី​ជនជាតិ​គួក​ ក៏អាច​ចោទ​ជា​បញ្ហា ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ បែកបាក់​សា​ជា​ថ្មី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ