អានតួអត្ថបទ
អ៊ីរ៉ាក់-ជីហាត

កងទ័ព​អ៊ីរ៉ាក់​រំដោះ​បាន​ក្រុង​ម៉ូស៊ូល​ទាំងស្រុង ​ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

ទីក្រុង​ម៉ូស៊ូល ​ទីក្រុង​ធំ​ទីពីរ ​របស់​អ៊ីរ៉ាក់ ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅឆ្នាំ​២០១៤​នោះ ​ពេល​នេះ ​ត្រូវ​បាន​រំដោះ​មកវិញ​ទាំង​ស្រុង​ហើយ។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់។ ​តែ​ទោះ​យ៉ាងណា ​ការ​បំបែក​មូលដ្ឋាន​គ្រិះ​ ដ៏ធំ​របស់​ពួក​ជីហាត ​នៅ​ម៉ូស៊ូល ​នា​ពេល​នេះ​ មិនមែន​មាន​ន័យ​ថា ​ក្រុមនេះ ​ត្រូវ​បាន​កម្ទេច​ចោល ​ទាំង​ស្រុង​នោះទេ។

ទាហានអ៊ីរ៉ាក់ លើក​ទង់អ៊ីរ៉ាក់ អបអរ​ជោគជ័យ​រំដោះ​​បាន​ម៉ូស៊ូល ថ្ងៃទី​​៩​ កក្កដា ២០១៧
ទាហានអ៊ីរ៉ាក់ លើក​ទង់អ៊ីរ៉ាក់ អបអរ​ជោគជ័យ​រំដោះ​​បាន​ម៉ូស៊ូល ថ្ងៃទី​​៩​ កក្កដា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោក ​ហៃឌែរ​ អាល់ អាបាឌី ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ បាន​ប្រកាស​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ​ទី៩​ កក្កដា​ថា​ ទីក្រុង​ម៉ូស៊ូល ​ត្រូវបាន​រំដោះ​ទាំង​ស្រុង ​ មក​វិញ​ហើយ ​ដោយ​កង​ទ័ព​អ៊ីរ៉ាក់ ​និង​ដោយ​មាន​ជំនួយ​ ពី​កងទ័ព​សម្ព័ន្ធមិត្ត។ ដូចគ្នា​ដែរ ​ លោក​អេម៉ានុយអ៊ែល ម៉ាក្រុង ​ប្រធានាធិបតី​បារាំង​ បាន​ប្រកាស ​អបអរ​ចំពោះ​វីរភាព​របស់​កងទ័ព ​បារាំង ​និង​កងទ័ព​សម្ព័ន្ធមិត្ត​ឯទៀត ​ បាន​តស៊ូ​រំដោះ ​ទីក្រុង​ម៉ូស៊ូល ​ពី​ដៃ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

យោង​តាម​ការ​ជូន​ដំណឹង ​ពី​អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​កងទ័ព​អ៊ីរ៉ាក់​ កំពុង​បន្ត​ត្រួត​ពិនិត្យ ​ចៀសវៀង​រងគ្រោះ ​ដោយការ​ដាក់​បង្កៃ​គ្រាប់​មីន។ មក​ទល់​ពេល​នេះ ​គេមិន​ទាន់​មាន​តួលេខ ​នៃ​ចំនួន​ជន​ជីហាត ​និង​ទាហាន​អ៊ីរ៉ាក់​ ដែល​បាន​ស្លាប់ ​ក្នុង​សមរភូមិ​នេះ​នៅ​ឡើយ​ទេ។ ដោយឡែក​ ក្រុង​រ៉ាខា ​ក្នុង​ដែនដី​ស៊ីរី ​ ក៏​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​យ៉ាង​តាន​តឹង​ដែរ។

សូមរំលឹកថា​ ម៉ូស៊ូល ​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ីរ៉ាក់ ​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៤ ​ជាមួយ​នឹង​ប្រជាជន​ប្រមាណ​២លាន​នាក់។ ក្រុមនេះ​បាន​យក​ទីក្រុង​នេះ ​ជា​មូលដ្ឋាន​ធំ ​ជា​ទី​ចាត់​តាំង​អំណាច​របស់​ពួកវា។ យ៉ាង​ណាមិញ ​មួយ​ខែ​ក្រោយ​មក ​គឺ​ទីនេះ​ហើយ​ ដែល​គេ​បាន​ឃើញ ​មេ​ក្លោង​ក្រុម​ជីហាត​នេះ ​ឈ្មោះ ​ Abou Bakr al-Baghdadi ​លេច​ចេញ​មុខ​ ជា​លើក​ទីមួយ ​ក្នុង​ពិធី​ឃោសនា​អូសទាញ​ជន​ជីហាត។ កងទ័ព​រុស្ស៊ី ​បាន​អះអាង​ថា​ជន​នេះ ​ ត្រូវ​បាន​សម្លាប់ ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី ​កាល​ពី​ចុង​ខែ​ឧសភា ​កន្លង​ទៅ​នេះ ​នៅ​ស៊ីរី។

អស់​រយៈពេល​៩ខែ​មក​ហើយ ​ ដែល​កងទ័ព​អ៊ីរ៉ាក់ ​បាន​ខឹតខំ​ សម្រុក​វាយ ​ដើម្បី​ឈាន​មក​កាន់​កាប់​តំបន់​ម៉ូស៊ូល​ឡើងវិញ។​ តែ​យ៉ាងណា ​អ្នក​វិភាគ​ជាច្រើន ​ បាន​លើក​ឡើង​ថា ​គេ​មិន​ត្រូវ​អរ​លឿនជ្រុល​ ជាមួយ​នឹង​ជោគ​ជ័យ​នាពេល​នេះ​ទេ។ ក្រុម​ជីហាត​បាត់បង់​ម៉ូស៊ូល​មែនពិត ​ ​តែ​ក្រុម​នេះ​នៅតែ​មាន​ជីវិត​ បន្ត​ធ្វើ​សកម្មភាព​ និង​មាន​ដែនដី​គ្រប់គ្រង​ផ្សេង​ទៀត ​នៅឡើយ។ លោក Patirck Martin​ អ្នក​វិភាគ ​នៅ​វិទ្យាស្ថាន​សិក្សា​សង្រ្គាម ​នៅ​ក្រុង​វ៉ាស៊ីន​តោន​ បាន​លើក​ឡើង​ថា ​ក្រុម​ជីហាត​នឹង​ប្រើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ថ្មី ​តាម​រយៈ​ការ​វាយ​ឆ្មក់ ​ និង​តាម​រយៈ​ការ​ធ្វើ​ភេរវកម្ម​ នៅ​ទូទាំង​អ៊ីរ៉ាក់។ ការងារ​ដ៏​ចាំបាច់​បំផុត​នា​ពេល​នេះ ​ សម្រាប់​អាជ្ញាធរ​អ៊ីរ៉ាក់ ​គឺ​ ការពារ​សន្តិសុខ ​ទប់​ស្កាប់​ការ​ធ្វើ​ភេរវកម្ម ​នៅតាម​ដែនដី​ដែល​ខ្លួន​គ្រប់​គ្រង។

ដូចគ្នា​ដែរ ​ លោក ​David Witty ​អតីត​មេ​បញ្ជាការ​កងទ័ព​អាមេរិក ​ក៏បាន​លើក​ឡើង​ថា ​ថ្វី​បើ​ក្រុម​ជីហាត​បាត់បង់​ទី​ប្រជុំ​អំណាច​របស់​ពួក​វា​មែន​ពិត ​ តែ​មិនមែន​មាន​ន័យ​ថា ​ក្រុម​នេះ​នឹង​ធ្វើ​សកម្មភាព​លែង​បាន​ទេ។ បណ្តាញ​ភេរវកម្ម​នេះ ​នឹង​បន្ត​វាយ​ឆ្មក់ ​ធ្វើ​ភេរវកម្ម​នៅ​គ្រប់​ទីកន្លែង ​មិន​ថា​នៅ​អ៊ីរ៉ាក់ ​ឬ​នៅ​កន្លែង​ផ្សេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ