អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់៖ ម៉ូស៊ូលត្រូវរំដោះបាន​មក​វិញ តែការ​លំបាក ​កំពុង​រងចាំ​​រដ្ឋាភិបាល​អ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុង​ម៉ូស៊ូល ​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ីរ៉ាក់ ​ដែល​បាន​ធ្លាក់​ទៅក្នុង​ការ​គ្រប់គ្រង​ របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ពេលនេះ​ ទើបតែ​ត្រូវ​បាន​រំដោះ​មកវិញ ​ដោយ​កងទ័ព​អ៊ីរ៉ាក់ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិលមិញ។ ថ្វីបើ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅតែ​គ្រប់គ្រង​ដែនដី​មួយ​ចំនួន​ផ្សេងទៀត​ នៅ​អ៊ីរ៉ាក់ ​ តែ​ការ​រំដោះ​បាន​ម៉ូស៊ូល​នេះ​ គឺ​ជា​និម្មិតរូប​ដ៏​សំខាន់ ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ តែ​ទន្ទឹម​គ្នា​នេះ ​ការ​លំបាក​ជាច្រើន ​កំពុង​រងចាំ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ ក្នុងការ​​រៀបចំ​កសាង​ទីក្រុង​នេះ ​និង​ស្តារ​ឲ្យ​មាន​ស្ថិរភាព​ឡើងវិញ ​ចៀសវៀង​ការ​វិល​ត្រលប់​ ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ជីហាត​ សា​ជា​ថ្មី។

ទីក្រុងម៉ូស៊ូល មើលពីលើ​ ឃើញតែ​គំនរ​បាក់​បែក
ទីក្រុងម៉ូស៊ូល មើលពីលើ​ ឃើញតែ​គំនរ​បាក់​បែក ©AHMAD AL-RUBAYE/AFP
ផ្សាយពាណិជ្ជកម្ម

និម្មិតរូប​នៃ​ជោគជ័យ ​ទៅលើ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម

ខែ​មិថុនា​ ​ឆ្នាំ​២០១៤ ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​វាយ​ដណ្តើម​យក​ទីក្រុង​ម៉ូស៊ូល ​ជាមួយ​នឹង​ប្រជាជន​ប្រមាណ​ជា​២លាន​នាក់។ នៅពេល​នោះ​ ដែនដី​អ៊ីរ៉ាក់ ​១ភាគ៣ ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជ្រុល​និយម​នេះ។ ការវាយ​រំដោះ​យក​ម៉ូស៊ូល​មក​វិញ ​ គឺ​ជា​និម្មិត​រូប​ជោគជ័យ​មួយ​ដ៏​ធំ ​សម្រាប់​អ៊ីរ៉ាក់​ ព្រោះ​ថា​ទីក្រុង​នេះ ​គឺ​ជា​ទី​ប្រមូល​ផ្តុំ​អំណាច​ របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ គឺទី​នេះ​ហើយ​ ដែល​មេក្លោង​ជីហាត ​Abou Bakr Al Baghdadi ​បាន​ប្រកាស​បង្កើត​ដែនដី ​កាលីហ្វា​ ប្រើ​ច្បាប់​អាជ្ញាសិក​អ៊ីស្លាម​ជ្រុល​និយម​ និង​ផ្សព្វផ្សាយ​ទ្រឹស្តី​ខ្មៅ​ងងឹត​របស់​ពួក​នេះ។ បើ​ទោះ​បី ​ ក្រុម​ជីហាត ​នៅ​តែ​កាន់កាប់​តំបន់​ផ្សេង​ទៀត ​ តែ​យ៉ាងណា ​ការ​បាត់បង់​ក្រុង​ម៉ូស៊ូល ​នឹង​ធ្វើ​ឲ្យ​ក្រុម​នេះ ​បាក់​កំលាំង ​និង​ស្មារតី។

លោក​នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ូស៊ូល​ផ្ទាល់​តែម្តង​ ដើម្បី​អបអរ​សាទរ​ជាមួយ​កងទ័ព​អ៊ីរ៉ាក់។ ការ​អបអរ​សាទរ​រាំ​ច្រៀង ​លើក​គ្រវី​ទង់​ជាតិ​អ៊ីរ៉ាក់ ​មិនមែន​មាន​នៅ​តែ​ម៉ូស៊ូល​ទេ ​សូម្បី​តែ​នៅ​រដ្ឋធានី​បាកដាត​ឯណោះ ​ក៏​ប្រជាជន​មាន​ការ​ត្រេកអរ​សប្បាយ ​នឹង​ជោគជ័យ​នេះ​ដែរ។ លទ្ធផល​នេះ ​វា​បាន​ជំរុញ​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ មាន​សេចក្តី​សង្ឃឹម ​ក្នុង​យុទ្ធនាការ​បោស​សំអាត​ ក្រុម​ជីហាត​ជ្រុល​និយម​នេះ ​ឲ្យ​អស់​ពី​តំបន់​ដើម​បូព៌ា។ ដោយឡែក ​ សហគម​អន្តរជាតិ ​ក៏​បាន​ផ្ញើរ​សារ​អបអរ​ចំពោះ​កងទ័ព​អ៊ីរ៉ាក់ ​និង​កង​ទ័ព​សម្ព័ន្ធ​មិត្ត​ដែរ។

ជោគជ័យ​ដោយ​ប្រយោល​ នៃ​យុទ្ធសាស្ត្រ​របស់​លោក​អូបាម៉ា

កងទ័ព​អ៊ីរ៉ាក់​តែមួយ ​មិន​អាច​វាយ​ឈ្នះ​ទេ​ គឺ​ត្រូវ​មាន​ជំនួយ​ពី​កងទ័ព​សម្ព័ន្ធមិត្ត​ មាន​ដូច​ជា​កងទ័ព​បារាំង ​និង​កងទ័ព​អាមេរិក។ ក៏​ប៉ុន្តែអ្វី​ដែល​យើង​គួរ​កត់​សម្គាល់​ គឺ​ថា​កងទ័ព​សម្ព័ន្ធមិត្ត ​មិន​បាន​បើក​ការ​វាយ​ប្រយុទ្ធ​នៅ​លើ​ដី​ដោយ​ផ្ទាល់​ទេ ​គឺ​គេ​ជួយ​ទម្លាក់​គ្រាប់ ​ពី​ខាង​លើ ​និង​ផ្តល់​ជំនួយ​បច្ចេកទេស។ ការងារ​ធំ​ចំបង​បង្អស់ ​ គឺ​ការ​ប្រយុទ្ធ​នៅ​លើ​ដី​ រុល​ទៅ​មុខ​ ម្តង​បន្តិចៗ ​ ដែល​ការងារ​នេះ ​ គឺ​កងទ័ព​អ៊ីរ៉ាក់ ​ជា​អ្នក​ធ្វើ​ទាំង​ស្រុង។ ត្រង់​ចំណុច​នេះ​ហើយ ​ ដែល​គេ​អបអរ​សរសើរ​កងទ័ព​អ៊ីរ៉ាក់ ​ព្រោះ​បីឆ្នាំ​មុន​នេះ ​ត្រូវ​គេ​រិះគន់ ​ថា​គ្មាន​សមត្ថភាព​ គ្មាន​ការ​ចាត់ចែង​ដឹកនាំ​ ឲ្យ​បាន​ត្រឹមត្រូវ ​បណ្តោយ​ឲ្យ​ក្រុម​ជីហាត​ដណ្តើម​ដែនដី​អស់​១ភាគ​៣។

បើយើង​វិភាគ​ ឲ្យបាន​វែង​ឆ្ងាយ ​ការ​កើនឡើង​សមត្ថភាព ​បាន​ជោគជ័យ​របស់​កងទ័ព​អ៊ីរ៉ាក់​នេះ ​ក៏​គឺ​ជាជោគជ័យ​ដោយ​ប្រយោល ​របស់​គោល​នយោបាយ​លោក​បារ៉ាក់​ អូបាម៉ា​ដែរ។ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ប្រើ​កំលាំង​ទ័ព ​ដើម្បី​វាយ​កំទេច​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ លោក​អូបាម៉ា ​បាន​ដាក់​គោលការណ៍​មួយ​ ទៅកាន់​ក្រសួង​ការពារជាតិ​អាមេរិក ថា​កង​ទ័ព​អាមេរិក ​នឹង​មិន​ធ្វើ​ប្រតិបត្តិការ ​នៅ​លើ​ដី​ដោយ​ផ្ទាល់ទេ​ គឺ​ធ្វើ​ប្រតិបតិ្តការ ​តែ​នៅ​លើ​អាកាស​តែ​ប៉ុណ្ណោះ។

ធ្វើ​បែប​នេះ ​ទី​មួយ​គឺ​កុំឲ្យ​មាន​ទាហាន​អាមេរិក​ស្លាប់​ច្រើន ​ ដូច​កាល​ជំនាន់​មុន។ មុន​ឆ្នាំ​២០១៤ ​ទាហាន​អាមេរិក​ស្លាប់​នៅ​អ៊ីរ៉ាក់ ​ដល់​ទៅ​៣៥០០​នាក់ ​តែ​បើ​គិត​ពី​ឆ្នាំ​២០១៤​មក ​ មាន​ទាហាន​អាមេរិក ​ស្លាប់​តែ​១១​នាក់​ទេ។ ហើយ​មូលហេតុ​ចំបង​មួយ​ទៀត ​គឺ​លោក​អូបាម៉ា ​ចង់​ឲ្យ​កងទ័ព​របស់​អ៊ីរ៉ាក់ ​ខ្លួនឯង​ ធ្វើការ​ហ្វិកហាត់ ​បង្កើន​សមត្ថភាព ​និង​បទ​ពិសោធន៍​ប្រយុទ្ធ​ដោយ​ខ្លួនឯង​ មិន​ត្រូវ​រំពឹង​លើ​កងទ័ព​អាមេរិក​ទេ។

គឺ​ក្នុង​ន័យនេះ​ហើយ ​ដែល​កងទ័ព​អាមេរិក ​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ហ្វឹកហ្វឺន​ទាំង​បច្ចេកទេស​ប្រយុទ្ធ ​យុទ្ធសាស្ត្រ​ និង​របៀប​គ្រប់​គ្រង​សម្ភារៈ​ ​ឲ្យ​ដល់​កងទ័ព​អ៊ីរ៉ាក់។ ក្នុង​រយៈ​ពេល​៣ឆ្នាំ​មក​នេះ ​ កងទ័ព​អ៊ីរ៉ាក់​ប្រមាណ​១សែន​នាក់ ​បាន​ទទួល​ការ​ហ្វឹកហាត់ ​បង្កើន​សមត្ថភាព។ បច្ចុប្បន្ន​នេះ ​មាន​ទាហាន​អាមេរិក ​នៅ​លើ​ដី​អ៊ីរ៉ាក់ ​តែ​៥០០០​នាក់​ទេ ​ដែល​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​បច្ចេកទេស ​និង​កងទ័ព​អាកាស។

គោលបំណង​របស់​លោក​អូបាម៉ា ​គឺ​ធ្វើ​យ៉ាងណា ​ឲ្យ​អ៊ីរ៉ាក់ ​មាន​កងទ័ព​ដែល​រឹងមាំ ​មាន​វិន័យ ​មាន​សមត្ថភាព ​ការពារ​ប្រទេស​ខ្លួនឯង​ និង​បោស​សំអាត​បណ្តាញ​ជីហាត​ភេរវកម្ម ​ដោយ​ខ្លួនឯង ​គួរ​ជា​ទី​ទុកចិត្ត​របស់​ប្រជាជន។ អាមេរិក ​មិនអាច​ធ្វើ​អន្តរាគមន៍​ជួយ ​ជា​រៀង​ដ៍រាប​ទេ។ ដូច្នេះ ​ជោគជ័យ​ដណ្តើម​បាន​ម៉ូស៊ូល​ នាពេល​នេះ ​គឺ​វាបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​គោលការណ៍​របស់​លោក​អូបាម៉ា ​បាន​ហុច​ផល​វិជ្ជមាន​ពិតមែន។

ការលំបាក​ ក្នុង​ការ​ស្ថាបនា​ស្ថិរភាព​ម៉ូស៊ូល ​កំពុង​រងចាំ​រដ្ឋាភិបាល​អ៊ីរ៉ាក់

រំដោះ​ម៉ូស៊ូល​បាន​មក​វិញ​ហើយ ​តែ​អ្វី​ដែល​លំបាក ​គឺ​កសាង​ស្ថាបនា​ទីក្រុង​នេះ​ឡើង​វិញ។ ការ​កសាង​ម៉ូស៊ូល ​ត្រូវ​ចាប់​ផ្តើម​ជា​ចាំបាច់​ តាម​រយៈ​ការ​សាងសង់​សំណង់ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្រុង​ឡើងវិញ​ទាំងស្រុង។ រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ទើប​បាន​បង្កើត​មូលនិធិ​មួយ ​ ហើយ​បាន​អំពាវនាវ ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ ​ជួយ​ចូល​រួម​ផ្តល់​ថវិកា។ យ៉ាងណា​មិញ ​ រដ្ឋាភិបាល​អ៊ីរ៉ង់​ ក៏​ទើប​បាន​ប្រកាស​ថា ​គេ​ត្រៀមខ្លួន ​ ជួយ​អ៊ីរ៉ាក់​ ដើម្បី​ធ្វើការ​កសាង​ស្ថាបនា ​ម៉ូស៊ូល​ឡើង​វិញ ​ ក៏ដូច​ជា​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌ ​ឲ្យ​ដល់​ប្រជាជន​ ដែល​រងរបួស។

ទាំងនេះ​ជា​ការ​លំបាក​ផ្នែក​សម្ភារៈ ​ក៏ប៉ុន្តែ​​​អ្វី​ដែល​លំបាក​បំផុត​ សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់​នោះ ​គឺ​ធ្វើ​យ៉ាង​ណា ​ស្តារ​ស្ថិរភាព​នៅ​ម៉ូស៊ូល​ឡើង​វិញ។ ត្រង់​នេះ ​គឺ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ត្រូវ​មាន​គោល​នយោបាយ​មួយ​ជាក់​លាក់ ​ពុំនោះ​ទេ ​ម៉ូស៊ូល ​ប្រាកដ​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អាណាធិបតេយ្យ ​និង​អសន្តិសុខ ​ហើយ​ស្រួល​មិន​ស្រួល ​ក្រុម​ជីហាត​ប្រាកដ​ជា​វិល​មកវិញ។

បញ្ហា​ចោទ​សំខាន់ ​គឺ​ទីមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ត្រូវ​រក​មនុស្ស​មក​ដឹកនាំ​ក្រុង​ម៉ូស៊ូល ​ដែល​មាន​សមត្ថភាព។ បញ្ហា​ចោទ​មួយ​ទៀត ​ ​គឺ​ទប់​ស្កាត់​ចរន្ត​គំនិត​ស្អប់​គុំគួន​គ្នា ​រវាង​ប្រជាជន​នៅ​ម៉ូស៊ូល ​និង​កង​កម្លាំង​អាជ្ញាធរ​អ៊ីរ៉ាក់។ សហគម​ប្រជាជន​នៅ​ម៉ូស៊ូល ​ភាគ​ច្រើន​គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និកាយ​ស៊ុនីត​ រឺ​ឯ​កម្លាំង​អាជ្ញាធរ​អ៊ីរ៉ាក់​ ភាគ​ច្រើន ​គឺ​ជា​អ្នក​កាន់​និកាយ​ឈីអ៊ីត។

កន្លង​មក ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ធ្លាប់​មាន​គំនិត ​ស្អប់​ខឹង ​នឹង​ប្រជាជន​ម៉ូស៊ូល ​មួយ​ចំនួន​ធំ ​ដែល​បន្ត​រស់នៅ​សហការ ​ជាមួយ​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ក្នុង​រយៈពេល​៣ឆ្នាំ​មក​នេះ ​ព្រោះ​ពួក​គេ​ជា​កាន់​និកាយ​ស៊ុនីត​ដូចគ្នា។ ហេតុនេះ​ហើយ ​ទើប​បាន​ជាមា​នការ​ព្រួយ​បារម្ភ​ ខ្លាច​មាន​ការ​សងសឹក​ធ្វើបាប ​ទៅ​លើ​ប្រជាជន ​ទាំង​នោះ។

ដូច្នេះ ​ការ​រៀបចំ​សន្តិសុខ ​និង​កសាង​ទំនុកចិត្ត​ រួម​រស់​ជាមួយ​គ្នា ​រវាង​អ្នក​កាន់​និកាយ ​ស៊ុនីត ​និង​និកាយ​ឈីអ៊ីត ​គឺ​ជា​រឿង​សំខាន់ ​និង​លំបាក​បំផុត​ សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ ក្នុង​រយៈពេល​៣ឆ្នាំ​មក​នេះ ​ប្រជាជន​ម៉ូស៊ូល ​បាន​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ច្រើន​ណាស់ ។ ​ដូច្នេះ ​បើ​សិន​ជា​គ្មាន​ការ​យកចិត្ត​ទុក​ដាក់​ទេ​ ពួកគេ​នឹង​អាច​ធ្លាក់​ទៅ​តាម​ការ​អូសទាញ​ជាថ្មី​ របស់​ពួក​ជ្រុល​និយម​ណាមួយ។ ៩ ខែ ​ទំរាំ​រំដោះ​បាន​ម៉ូស៊ូល​មកវិញ ​ដោយ​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន ​ ដូច្នេះ ​​វា​គួរ​ឲ្យ​ស្តាយ​ណាស់ ​បើ​សិន​ជា​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​មិន​យក​ចិត្ត​ទុកដាក់ ​ផ្តល់​អាទិភាព ​ដល់​ចំណុច​ទាំង​អស់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ