អានតួអត្ថបទ

អ៊ីស្រាអែលថា បើក្រុម​ហេសបូឡា​លីបង់​ចង់សាក អ៊ីស្រាអែល​នឹង​កម្ទេច​ឲ្យមើល

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាន​លើកឡើងថា បើសិនជាក្រុមហេសបូឡាលីបង់ យល់ច្រលំ ចង់វាយប្រហារអ៊ីស្រាអែល នោះអ៊ីស្រាអែល នឹងដាក់វិញ ឲ្យវិនាសតែម្តង។ សម្តី​របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ គឺធ្វើឡើង បន្ទាប់ពី​មេក្រុមហេសបូឡាលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ថាមូលដ្ឋានទ័ពរបស់អ៊ីស្រាអែល ដែលនៅតាមបណ្តោយ​សមុទ្រម៉េឌីទែរ៉ាណេ គឺគ្មានអ្វីលំបាកនឹងកំទេចទេ បើសិនហេសបូឡាចង់ធ្វើ។

លោក​John Bolton ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ជាមួយ​លោក ​Benjamin Netanyahu នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល ថ្ងៃ​ទី២៣ ​មិថុនា ២០១៩​​
លោក​John Bolton ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ជាមួយ​លោក ​Benjamin Netanyahu នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល ថ្ងៃ​ទី២៣ ​មិថុនា ២០១៩​​ REUTERS/Tsafrir Abayov/Pool
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំ​គណរដ្ឋមន្ត្រី ថ្ងៃអាទិត្យ​ទី​១៤កក្កដា លោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ​ថា បើសិនក្រុម​ហេសបូឡា ចង់សាកល្បងកម្លាំង ចង់សាកវាយប្រហារមកលើអ៊ីស្រាអែល នោះអ៊ីស្រាអែល នឹងកំទេចក្រុមនេះឲ្យវិនាស។

សម្តីរបស់លោកណេតាន់យ៉ាហ៊ូ នេះ គឺជាការឆ្លើយតបទៅនឹងសម្តី​របស់លោក Hassan Nasrallah មេក្រុមហេបូឡាលីបង់ ដែលជាក្រុមប្រដាប់អាវុធ និងមាន​តួនាទីសំខាន់ ក្នុងនយោបាយ​លីបង់។ នៅក្នុងបទសម្ភាសន៍ឲ្យទូរទស្សន៍ Al-Mangar មេដឹកនាំហេសបូឡា បាននិយាយថា ស្ថានីយ៍ និងមូលដ្ឋានទ័ពសំខាន់ៗ របស់អ៊ីស្រាអែល នៅតាមបណ្តោយឆ្នេរសមុទ្រម៉េឌីទែរ៉ាណេ ដូចជានៅក្រុងតែលអាវីវជាដើម គឺនៅជិតបង្កើយ ងាយ​កម្ទេចណាស់ ដោយគ្រាន់តែបាញ់គ្រាប់រ៉ូកែត។ លោកHassan Nasrallah បាននិយាយបន្ថែមទៀតថា អ៊ីរ៉ង់ មានសមត្ថភាព​ និងលទ្ធភាព​ទំលាក់គ្រាប់កម្ទេចអ៊ីស្រាអែល បានយ៉ាងងាយ។

សូមរំលឹកថា ក្រុមហេសបូឡាលីបង់ ជាក្រុមប្រដាបអាវុធអ៊ីស្លាមឈីអ៊ីតលីបង់ ហើយដែលមានទំនាក់ទំនងទទួល​បានការឧបត្ថម្ភពីអ៊ីរ៉ង់។ យោងតាមការចោទប្រកាន់របស់អ៊ីស្រាអែល ក្នុងសង្រ្គាមនៅស៊ីរី ក្រុមហេបូឡា បានដើរតួនាទីយ៉ាងសំខាន់ ជាមួយ​កងទ័ពអ៊ីរ៉ង់ ក្នុងការពាររបបរបស់បាឆា អាល់អាសាធ។ ដោយសារ​ អ៊ីស្រាអែល មានព្រំដែនជាប់​ជាមួយ​ស៊ីរី និងលីបង់ ទើបធ្វើអ៊ីស្រាអែល មានការព្រួយបារម្ភ ទាក់ទិននឹង​វត្តមានរបស់កងទ័ពអ៊ីរ៉ង់ប្រចាំនៅស៊ីរី ព្រមជាមួយ​ក្រុមហេសបូឡាលីបង់នៅលីបង់។

កាលពីខែធ្នូ ឆ្នាំ២០១៨ អ៊ីស្រាអែល បានអះអាងថា គេបានរកឃើញរូងក្រោមដី ជាច្រើនកន្លែង ដែលតាមការស្មាន គឺក្រុមហេសបូឡាលីបង់ ជាអ្នកជីក ដើម្បីចូលមកបើកប្រតិបត្តិការឈ្លានពានអ៊ីស្រាអែល។ កាលពីឆ្នាំ​២០០៦ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ បានផ្តាច់ជីវិតមនុស្ស ប្រមាណ​១៦០នាក់ ដែលភាគច្រើនគឺជាប្រជាជនស្លូតត្រង់លីបង់។ កំដៅ​គំនំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺវាស្ថិត​នៅជាប់ដោយផ្ទាល់ អាស្រ័យជាមួយនឹងភាព​តានតឹង នៅដើមបូព៌ា រវាងអ៊ីរ៉ង់ និងអាមេរិក។ អ៊ីស្រាអែល បក្សពួកខាងអាមេរិក ហេសបូឡាវិញ កូនចៅរបស់អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ