អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពតានតឹង​នៅតំបន់ដើមបូព៌ា កាន់តែឡើងកំដៅបន្ថែមទៀត បន្ទាប់ពីមានករណីបាញ់ប្លោងគ្រាប់ដាក់គ្នា កាលពីថ្ងៃអាទិត្យ រវាង​កងទ័ពអ៊ីស្រាអែល និងក្រុមហេបូឡាលីបង់។ ភាគីម្នាក់ៗ សុទ្ធតែបានអះអាងថា ការបាញ់គ្រាប់រ៉ូកែត និងមីស៊ីលរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងការវាយប្រហារ របស់ភាគីម្ខាងទៀត។ យ៉ាងណាក៏ដោយ សហគមអន្តរជាតិ បានសម្តែងការព្រួយបារម្ភ ដោយសារខ្លាចក្រែងបញ្ហានេះ អាចនឹងក្លាយទៅជាសង្រ្គាមផ្ទុះអាវុធ មួយបន្ថែមទៀត រវាងអ៊ីស្រាអែល និងក្រុមហេបូឡាលីបង់ ដែលមានអ៊ីរ៉ង់ជាអ្នកទំនុកបំរុងពីក្រោយ។

ទាហានអ៊ីស្រាអែល កំពុងត្រៀមគ្រាប់កាំភ្លើងរ៉ូកែត ដើម្បី​ឆ្លើយ​​តបទៅក្រុម​​ហេសបូឡាលីបង់
ទាហានអ៊ីស្រាអែល កំពុងត្រៀមគ្រាប់កាំភ្លើងរ៉ូកែត ដើម្បី​ឆ្លើយ​​តបទៅក្រុម​​ហេសបូឡាលីបង់ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ការបាញ់​ប្លោងគ្រាប់បានកើតឡើងនៅត្រង់ចំណុច Avivim ភាគខាងជើងអ៊ីស្រាអែល ជាប់ព្រំដែនជាមួយលីបង់ កាលពីរសៀលថ្ងៃអាទិត្យទី​១កញ្ញា។ ក្រុមហេសបូឡាលីបង់ ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នោះ បាន​ប្រកាសថាខ្លួន បាន​បាញ់គ្រាប់មីស៊ីលចូលទៅដីអ៊ីស្រាអែល ដើម្បីកំទេច​រថយន្តទាហានអ៊ីស្រាអែល។​

ភាគីអ៊ីស្រាអែល វិញបាន​អះអាងថា រថយន្តទាហានដែល​ត្រូងរងគ្រាប់​មីស៊ីល របស់ក្រុមហេសបូឡាលីបង់នោះ​ គឺជារថយន្តសង្រ្គោះបន្ទាន់របស់កងទ័ព។ តែជាសំណាង មិនមានមនុស្សណារងគ្រោះ ក្នុងហេតុការណ៍នេះទេ។ ជាការឆ្លើយតប​ កងទ័ពអ៊ីស្រាអែល បានបាញ់ប្លោងគ្រាប់រ៉ូកែត តបទៅវិញ ចំនួន​ប្រហែល​១០០គ្រាប់ ទៅខាងលីបង់។ នៅតាមភូមិនិងព្រៃ ខាងលីបង់ មានករណីឆេះជាច្រើនកន្លែង ដោយសារគ្រាប់កាំភ្លើងត្បាល់ របស់អ៊ីស្រាអែល។

ម្ខាង​ថាសងសឹក ម្ខាងទៀតថាការពារខ្លួន​

ខាងក្រុមហេសបូឡា​ បានលើកឡើងថា ខ្លួនមានបំណងសងសឹក ឆ្លើយតបទៅអ៊ីស្រាអែលវិញ ដោយសារតែអ៊ីស្រាអែល បានបាញ់មីស៊ីល កម្ទេចមូលដ្ឋានរបស់ក្រុមខ្លួន​មួយកន្លែង នៅក្នុងទឹកដីស៊ីរី កាលពីថ្ងៃទី ២៤សីហា។ ករណីនេះបានបណ្តាលឲ្យស្លាប់​ សមាជិកក្រុមហេសបូឡា​២នាក់សំខាន់ៗ។

ចំណែកខាងអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានកម្ទេច​មូលដ្ឋាន​ហេសបូឡានៅស៊ីរី គឺជារឿងធម្មតាទេ ព្រោះ​ក្រុមហេសបូឡានេះ កំពុងតែរៀបគំរោងឃុបឃិត ជាមួយកងទ័ពអ៊ីរ៉ង់ ដើម្បីបញ្ជាយានដ្រូនអត្តឃាត ឲ្យមកបំផ្ទុះគ្រាប់នៅក្នុងទឹកដីអ៊ីស្រាអែល។ ដូច្នេះ ការវាយកម្ទេចនេះ គឺជាការការពារខ្លួនរបស់អ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល។

តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីស្រាអែល បានបាញ់មីស៊ីលកំទេច​ទីតាំងមូលដ្ឋានរបស់ក្រុមហេសបូឡា នៅក្នុងទឹកដីស៊ីរី។ អ៊ីស្រាអែល តែងតែចោទ លើកឡើងថា មូលដ្ឋានទាំងនោះ គឺកងទ័ពអ៊ីរ៉ង់ និងក្រុមហេសបូឡា ប្រើប្រាស់​ដើម្បី​បញ្ជូនអាវុធ និង​សំងំរៀបចំសកម្មភាព​ វាយប្រហារមកលើអ៊ីស្រាអែល។ កន្លងមកក្រុម​ហេសបូឡា ធ្លាប់​បានសាកបាញ់ប្លោងគ្រាប់ មកខាងអ៊ីស្រាអែលដែរ ត្រូវគេស្ទាក់បំផ្លាញទាន់។ ទើបតែលើកនេះទេ ដែលមីស៊ីល របស់ក្រុមហេសបូឡា បានធ្លាក់ចូលដីអ៊ីស្រាអែល ចំចំណុចស៊ីបដែលគេកំណត់។ ហើយបើតាមវិភាគ គ្រាប់មីស៊ីលនេះ អាចជាគ្រាប់​ប្រភេទថ្មី ដែលកងទ័ពអ៊ីរ៉ង់ បញ្ជូនមកឲ្យក្រុមហេសបូឡាបាញ់សាកល្បង។

“រដ្ឋាភិបាលលីបង់កំសាក មិនហ៊ានជាមួយ​ក្រុមហេសបូឡា”

ក្រុមហេសបូឡា ជាក្រុ​មប្រដាប់អាវុធមួយក្រុម​ មិនមែនជាកងទ័ពជាតិ​​លីបង់ទេ។ តែក្រុមហេសបូឡានេះ ជាចរន្តនយោបាយអ៊ីស្លាម​ឈីអ៊ីត ​មួយដ៏មានឥទ្ធិពល នៅលីបង់។ សកម្មភាព​ទាំងអស់ ដែលក្រុមហេសបូឡាធ្វើ គឺត្រូវគេ​ចាត់ទុកថា មានអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយទាំងអស់។ មេក្រុមហេសបូឡាលីបង់ ឈ្មោះ Hassan Nasrallah ជាមនុស្សមានឥទ្ធិពលណាស់ នៅក្នុងបរិបទ​នយោបាយ​លីបង់។ ​សូម្បីតែ​លោកនាយករដ្ឋមន្ត្រីលីបង់ សាដ ហារីរី ក៏មាន​ការលំបាកនឹងអន្តរាគមន៍ដែរ​។

សកម្មភាពផ្ទុះអាវុធបង្កឡើងដោយក្រុម​ហេសបូឡា នាពេលនេះ គឺបានសបញ្ជាក់ អំពីភាព​គ្មានទំងន់ គ្មានអំណាច របស់រដ្ឋាភិបាលលីបង់។ យ៉ាងណាមិញចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសបារ៉ែន លើកឡើង និងបានចាត់ទុកថា រដ្ឋាភិបាលលីបង់កំសាកណាស់ ដែល​បណ្តោយ​ឲ្យក្រុមប្រដាប់អាវុធមួយក្រុម ដែលមិនមែនជាកងទ័ពជាតិផង​​  ទៅ​ប្រកាសសង្គ្រាមជាមួយអ៊ីស្រាអែល។ ក្រុមហេសបូឡា​ប្រកាសសង្រ្គាមជាមួយ​អ៊ីស្រាអែល មានន័យថា គឺប្រជាជនលីបង់ទូ​ទាំងប្រទេស ដែលនឹងប្រឈមគ្រោះថ្នាក់។

បើស្តាប់សំដី លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺអ៊ីស្រាអែល មិនញញើតនិងវាយកម្ទេចលីបង់នោះទេ។ លោកណេតាន់យ៉ាហ៊ូ បានថ្លែងថា គ្រាប់មីស៊ីល របស់ក្រុមហេសបូឡា មិនបានធ្វើឲ្យ​អ៊ីស្រាអែលរសើបផងទេ។ លោកបានបញ្ជា ឲ្យកងទ័ពត្រៀម​វាយបកទៅលីបង់វិញ បើសិនជាក្រុមហេសបូឡា ហ៊ាន​បើកប្រតិបត្តិការ ណាមួយថ្មីទៀត។

លីបង់អាចក្លាយជាសមរភូមិប្រយុទ្ធ​ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

សហគមអន្តរជាតិ បានសម្តែងការព្រួយបារម្ភ ក្នុងនោះ​មានបារាំង និងអាមេរិក ដែលពួកគេ ខ្លាចក្រែងសមរភូមិប្រយុទ្ធថ្មីមួយទៀត នឹងកើតមាន បើសិនជាក្រុម​ហេសបូឡា​ និងអ៊ីស្រាអែល នៅតែបន្ត​ប្លោងគ្រាប់ដាក់គ្នា។ គ្រប់គ្នាដឹងថា នៅពីក្រោយក្រុមហេសបូឡា គឺ​អ៊ីរ៉ង់។

តែកាលណា គ្មាននរណាទប់នរណា នោះ​ភ្លើងសង្រ្គាមអាចនឹងឆាបឆេះ។ លីបង់ខ្លួនឯងក៏ភ័យខ្លួនដែរ ព្រោះថាទឹកដីខ្លួន អាចក្លាយជាសមរភូមិ នៃសង្រ្គាមរវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់។ គេនៅចាំបាន សង្រ្គាមរវាងអ៊ីស្រាអែល និងលីបង់ នៅឆ្នាំ​២០០៦។ ក្នុងរយៈពេលតែ​៣៣ថ្ងៃ សង្រ្គាមនោះបានផ្តាច់ជីវិតជនលីបង់​ប្រមាណ​១២០០នាក់ និងខាងអ៊ីស្រាអែលស្លាប់ ១៦០នាក់។ ហេតុដូច្នេះហើយ បានជាពេលនេះ លោក សាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ បានអំពាវនាវ សុំឲ្យបារាំង និងអាមេរិក ជួយនិយាយជាមួយ​ភាគី​​ទាំងសងខាង ដើម្បីកាត់បន្ថយកំហឹងខ្លះ។

បើផ្អែកតាម ក្រសួងការបរទេសបារាំង គឺលោកម៉ាក្រុង ប្រធានាធិបតីបារាំង បានទូរស័ព្ទទៅនិយាយភ្លាម ជាមួយ​នឹងលោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក​ហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់។ ដូចគ្នាដែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវ ឲ្យភាគីទាំងអស់​រក្សាការអត់ធ្មត់ដែរ។

តាមការអង្កេត កន្លងមកអ៊ីស្រាអែល បាន​វាយឆ្មក់​កំទេចមូលដ្ឋាន និងសកម្មភាពរបស់អ៊ីរ៉ង់ បានភាគច្រើន ​នៅក្នុងទឹកដីស៊ីរី ជាប់ព្រំដែនជាមួយអ៊ីស្រាអែល។ តែពេលនេះ អ៊ីរ៉ង់បានរំកិលខ្លួន ចូលមកដល់ភាគខាងត្បូងលីបង់ តាមរយៈក្រុមហេសបូឡានេះ។ អ៊ីស្រាអែលនៅមិនសុខទេ បើសិនមាន​ទាហានអ៊ីរ៉ង់ នៅក្បែរព្រំដែនខ្លួន។ មួយវិញទៀត លោកណេតាន់យ៉ាហ៊ូ កំពុងតែឃោសនារកសម្លេងឆ្នោត។ ដូច្នេះបញ្ហាសន្តិសុខ ការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់នេះ អាចត្រូវគេយកធ្វើជាកម្មវត្ថុដើម្បីកេងចំណេញនយោបាយ​។

អ្នកដែលអាច​ដកថយក្នុងបញ្ហានេះ គឺអ៊ីរ៉ង់។ ព្រោះថាអ៊ីរ៉ង់ កំពុងតែ​រងទណ្ឌកម្ម​របស់អាមេរិក ហើយត្រូវការឲ្យមានការបើកផ្លូវចរចា។ ដូច្នេះរាល់កម្មភាពមិនល្អណាមួយរបស់កូនចៅអ៊ីរ៉ង់​ មិនថានៅលីបង់ ឬនៅទីណាទេ វាអាចក្លាយជាឧបសគ្គ ប៉ះពាល់ដល់ការទុកចិត្តទៅលើអ៊ីរ៉ង់ ពីសំណាក់អាមេរិក។ តែបញ្ហាចោទគឺថា តើលោកប្រធានាធិបតីអ៊ីរ៉ង់ អាចបញ្ចុះបញ្ចូល​ក្រុមជ្រុលនិយម នៅក្នុងជួរកងទ័ពអ៊ីរ៉ង់បានដែរឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ