ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
មជ្ឈិមបូព៌ា

សភាអ៊ីស្រាអែល កំពុង​ពិភាក្សា​អនុម័ត​ច្បាប់​អនុញ្ញាតិ​ឲ្យ​សង់​ផ្ទះ​លើ​ដី​ប៉ាឡេស្ទីន

media  
សកម្មភាព​សាងសង់ខុសច្បាប់​របស់​​អ៊ីស្រាអែល​ នៅតំបន់​ Cisjordanie ដែល​​ជាទឹកដី​​ប៉ាឡេស្ទីន REUTERS/Baz Ratner

ច្បាប់ដ៏​ចំរូងចំរាស់​មួយ ​កំពុងតែ​ត្រូវបាន​សមាជិក​សភា​អ៊ីស្រាអ៊ែល ​ធ្វើការ​ពិភាក្សា ​ហើយ​អាច​នឹង​ឈានទៅ​ដល់​ការ​អនុម័ត​ជាផ្លូវការ។ ច្បាប់​នោះ ​គឺ​ជា​ច្បាប់​ដែល​មាន​ខ្លឹមសារ​ធ្វើ​ឲ្យ​ទៅ​ជា​ស្របច្បាប់ ​នូវ​រាល់​សំណង់​អាគារ​ទាំង​ឡាយណា​ របស់​អ៊ីស្រាអែល ​ដែល​សង់​នៅ​លើ​ដីប៉ាឡេស្ទីន ​ទោះ​បី​ជា​សំណង់​នោះ ​ស្ថិត​ក្នុង​ក្របខណ្ឌ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល ​រឺ​មួយ​ក៏​ជា​សំណង់​អនាធិបតេយ្យ​ក៏ដោយ។ សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​ប៉ាឡេស្ទីន ​ច្បាប់​អ៊ីស្រាអែល ​ដែល​មាន​លក្ខណៈ​បំពាន​ទាំង​ស្រុង​នេះ ​លើ​ប៉ាឡេស្ទីន​នេះ​ គឺ​វា​នឹង​បង្អាក់​ការ​ប្រឹងប្រែង​កសាង​សន្តិភាព​ រវាង​ប្រជាជន​ទាំងពីរ។

អត្ថបទ​ច្បាប់​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណកម្មការ​ធ្វើ​ច្បាប់​របស់​សភា​អ៊ីស្រាអែល ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ​ ពេល​នេះ​បាន​ប្រគល់​ទៅ​ដល់​ដៃ​សមាជិក​សភា ​ហើយ​បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា ​កាលពី​ថ្ងៃចន្ទ។ ច្បាប់នេះ​ មាន​ខ្លឹមសារ​ធ្វើឲ្យ​ស្រប​ច្បាប់ ​នូវ​រាល់​សំណង់​អាគារ​អ៊ីស្រាអែល ​ដែល​សាងសង់​លើ​ដី​ប៉ាឡេស្ទីន ​ក្នុង​តំបន់​ស៊ីហ្សកដានី។ ពោល​គឺ​មាន​ន័យ​ថា ​ តាម​​រយៈ​ច្បាប់​នេះ ​ ដី​ប៉ាឡេស្ទីន​ ប្រមាណ​ជា​៨០០​ហិកតា ​នឹង​ក្លាយ​ទៅ​ជា​ដី​របស់​អ៊ីស្រាអែល។ ជាងនេះ​ទៅ​ទៀត​ គឺ​មាន​ន័យ​ថា ​ទៅ​ថ្ងៃ​មុខ​ វា​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល ​អាច​បន្ត​ផែនការ​ទន្ទ្រាន​យកដី ​ធ្វើ​អនានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន ​បាន​យ៉ាង​ស្រប​ច្បាប់។

 
តាម​ការ​រំពឹងទុក ​ សភា​អ៊ីស្រាអែល ​អាច​នឹង​អនុម័ត​ច្បាប់​ដ៏​ចំរូងចំរាស​នេះ។ សម្រាប់​អង្គការ​រំដោះ​ប៉ាឡេស្ទីន ​ ក៏​ដូច​ជា​សកម្មជន​ការពារ​ប៉ាឡេស្ទីន​ បាន​លើក​ឡើង​ថា ​បើ​សិន​ជា​សភា​អ៊ីស្រាអែល ​អនុម័ត​ច្បាប់​នេះ​មែន ​ គឺ​មិនខុស​ពី​ប្រកាស​សង្រ្គាម​ជាមួយ​ប៉ាឡេស្ទីន​នោះ​ទេ។ លោក ​Amichai Cohen ​សាស្ត្រាចារ្យ​ច្បាប់​មួយ​រូប ​បាន​មាន​ប្រសាសន៍​ថា ​ នេះ​ជា​លើក​ទីមួយ​ហើយ ​ ដែល​អ៊ីស្រាអែល ​មាន​គម្រោង​ប្រើ​ច្បាប់​របស់​ប្រទេស​ខ្លួន​ ធ្វើ​ជា​ឧបករណ៍​ដើម្បី​ច្បាម​យក​ដី ​ដែល​គ្រប់គ្នា​ដឹង​យ៉ាងច្បាស់​ ថា​ជា​ដី​របស់​ប៉ាឡេស្ទីន។ ផែនការ​របៀប​នេះ ​គឺ​មាន​ន័យថា​ បន្តិច​ម្តងៗ​ អ៊ីស្រាអែល ​និង​ទន្ទ្រាន​យក​តំបន់​ស៊ីហ្សកដានី​ទាំង​ស្រុង​ ហើយ​គម្រោង​ការ​កសាង​សន្តិភាព​រវាង​ប្រជាជន​ទាំង​ពីរ ​នឹង​រលាយ​ទៅ​ជា​ផេះ។
 
សូម​បញ្ជាក់​ថា ​កន្លង​មក​ផែនការ​សាងសង់​អាគារ​ធ្វើ​អនានិគម​លើ​ដី​ប៉ាឡេស្ទីន ​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីស្រាអែល ​អនុវត្ត​ជា​រឿយៗ។ បន្តែ​ក្រៅ​ពី​នេះ ​នៅមាន​ការ​សាងសង់​ផ្ទះ ​ជា​លក្ខណៈ​ឯកជន ​បែប​អាណាធិបតេយ្យ ​លើ​ដី​ប៉ាឡេស្ទីន​ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អ៊ីស្រែអែល​ទេ។ យ៉ាងណាមិញ​ សកម្មភាព​សាងសង់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ​នៅ​លើ​ដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​Amona ​ត្រូវ​បាន​តុលាការ​អ៊ីស្រាអែល ​ចាត់ទុក​ជា​អំពើ​ខុសច្បាប់ ​ហើយ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​រុះ​រើ​បំផ្លាញ​ចោល​ទៀត​ផង។ គឺ​ដោយសារ​តែ​សាលក្រម​របស់​តុលាការ​នេះ​ហើយ ​ទើប​ក្រុម​ជ្រុល​និយម​អ៊ីស្រាអែល ​បាន​ជំរុញ​ឲ្យ​សភា​ធ្វើ​ច្បាប់​ថ្មី​នេះ ​ដើម្បី​ការពារ​សំណង់​អ៊ីស្រាអែល ​លើ​ដី​ប៉ាឡេស្ទីន​ ទោះ​បី​ជា​សំណង់​អនាធិបតេយ្យ​ក៏​ដោយ។
 
គួរ​បញ្ជាក់​ដែរ​ថា ​ សកម្មភាព​ជ្រុល​និយម ​បំពាន​ទៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ ពី​សំណាក់​អ៊ីស្រអ៊ែល ​គឺ​មាន​កើនឡើង​កាន់​តែ​ខ្លាំង​ ​ជា​ពិសេស​នៅ​ក្រោយ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​ថ្មី​អាមេរិក​ចូល​កាន់​ដំណែង។ លោក ត្រាំ ​មិនដែល​ខ្មាស​អៀន​ទេ ​លោក​តែងតែ​បង្ហាញ​គោល​ជំហរ​លំអៀង​ទៅ​ខាង​អ៊ីស្រាអែល។ ជាង​នេះ​ទៅទៀត​ គេ​ជឿ​ថា ​ក្រុមហ៊ុន​សំណង់​​ធំៗ​នៅ​អ៊ីស្រាអែល ​ដែល​ជា​អ្នក​ទទួល​សាងសង់​អាគារ​ ប្រហែល​ជា​អាច​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ ជាមួយ​ក្រុមហ៊ុន​របស់​លោកត្រាំ។ គ្រាន់តែ​លោកត្រាំ​ចូល​កាន់​តំណែង​ភ្លាម​ រដ្ឋាភិបាល​អ៊ីស្រាអែល ​បាន​អនុញ្ញាត​គម្រោង​សំណង់​លើ​ដី​ប៉ាឡេស្ទីន ​ដល់ទៅ​៦​គំរោង។
 
កាល​ពីថ្ងៃ​ទី​២៣ធ្នូ ​ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ដោយ​បាន​ថ្កោលទោស​សកម្មភាព​ដាក់​អនានិគម​របស់​អ៊ីស្រាអែល ​ទៅ​លើ​ទឹកដី​របស់​ប៉ាឡេស្ទីន។ ប៉ុន្តែ​ជាមួយនឹង​រដ្ឋាភិបាល​អាមេរិក​ថ្មី ​ដែល​មាន​ទំនោរ​ទៅ​រក​អ៊ីស្រាអែល ​គេ​ជឿថា​ វា​រឹតតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចិត្ត ​ក្អេងក្អាង​មិន​ខ្លាច​អង្គការ​សហ​ប្រជាជាតិ ​ដោយសារ​មាន​លោក​ដូណាល់ ត្រាំ​ជា​បង្អែក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ