អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ថ្លែងថា​ចង់​ឃើញ​ប៉ាឡេស្ទីន ​ក្លាយ​ជា​ប្រទេស​ពេញ​អធិបតេយ្យ​

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ទៅ​ដល់​ទីក្រុង​ហ្សេរូសាឡឹម ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី២៨សីហា ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​អ៊ីស្រាអែល​ថា ​លោក​មាន​ក្តី​សុបិន​មួយ​ គឺ​ចង់​ឃើញ​ ប៉ាឡេស្ទីន​ ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ពេញ​សិទ្ធិ ​ហើយ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​នឹង​រួម​រស់​ជា​ប្រទេស​ភូមិ​របង​តែមួយ ​ជាមួយ​គ្នា ​ដោយ​សុខសាន្ត។ សម្តី​នេះ​មិន​បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​យល់​ស្រប​ឡើយ ​ ដោយ​លោក​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ ថា​នៅមាន​បញ្ហា​ប្រឈម​មុខ​ជាច្រើន​ ដែល​កំពុង​ចោទ​នៅ​ក្នុង​តំបន់​ទាំង​មូល ​មិនមែន​មាន​តែ​បញ្ហា​ប៉ាឡេស្ទីន​មួយ​ទេ។

លោក Antonio Guterres ​(ខាងឆ្វេង) ​និង​លោក​ Netanyahu ​នៅក្រុង​ហ្សេរូសាឡឹម​ ថ្ងៃទី ​២៨​សីហា​២០១៧
លោក Antonio Guterres ​(ខាងឆ្វេង) ​និង​លោក​ Netanyahu ​នៅក្រុង​ហ្សេរូសាឡឹម​ ថ្ងៃទី ​២៨​សីហា​២០១៧ REUTERS/Heidi Levine/Pool
ផ្សាយពាណិជ្ជកម្ម

ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា ​ដើម​ឆ្នាំ​នេះ ​លោក ​អង់តូនីញ៉ូ ហ្គូតឺរ៉េស ​(Antonia Guterres) ​ទើប​តែ​បាន​បោះ​ជំហាន ​យ៉ាង​ក្លាហាន​ មកក្នុង​វិបត្តិ​អ៊ីស្រាអែល ​ប៉ាឡេស្ទីន ​ ដែល​ជា​ជម្លោះ​រ៉ាំរ៉ៃ​ រាប់សិប​ឆ្នាំ​មក​ហើយ។ ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​ទស្សនកិច្ច​របស់​លោក ​នៅ​តំបន់​ដើមបូព៌ា ​ លោក​ហ្គូតឺរ៉េស​ បាន​ទៅ​ដល់​ក្រុង​ហ្សេរូសាឡឹម ​កាល​ពី​ថ្ងៃចន្ទ ​ហើយ​និង​បន្ត​ដំណើរ​ទៅ​កាន់​ តំបន់​ស៊ីហ្សកដានី ​និង​តំបន់​ហ្កាហ្សា​បន្ត​ទៀត។

នៅ​ចំពោះមុខ​មន្ត្រី​អ៊ីស្រាអែល ​ដែល​ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ​ណេតាន់យ៉ាហ៊ូ​ផង​នោះ ​ លោក​ហ្គូតឺរ៉េស ​បាន​ថ្លែង​ថា ​លោក​មាន​ក្តី​សុបិន​ចង់​ឃើញ​ប៉ាឡេស្ទីន ​ក្លាយ​ជា​ប្រទេស​ឯករាជ​ពេញ​អធិបតេយ្យ។ លោក​ចង់ឃើញ ​ប៉ាឡេស្ទីន ​និង​អ៊ីស្រាអែល ​អាច​រួមរស់​ជាមួយ​គ្នា ​គោរព​គ្នា ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​សុខ​សន្តិភាព។

តែយ៉ាង​ណា ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​មិន​បាន​ភ្លេច​លើក​ឡើង​ទេ ​ អំពី​ឧបសគ្គ​ជា​ច្រើន​ជំពូក ​ដែល​រារាំង​ការ​កសាង​សន្តិភាព​នោះ។​ ក្នុងនោះ ​ លោក​បាន​ថ្កោលទោស ​ចំពោះ ​សកម្មភាព​ដាក់​អាណានិគម ​ឈ្លានពាន​លើ​ដែន​ដី​ប៉ាឡេស្ទីន ​ពី​សំណាក់​អ៊ីស្រាអែល។ ទន្ទឹម​គ្នា​នោះ​ លោក​ ហ្គូតឺរ៉េស ​ក៏បាន​ថ្កោលទោស ​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ភេរវកម្ម​ ដែល​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដោះស្រាយ​អ្វី​បាន ​តែ​ថែម​ទាំង​រុញ​ច្រាន​ប្រជាជាតិ​ទាំង​ពីរ ​ ឲ្យ​ស្អប់​គុំគួន​គ្នា​កាន់​តែ​ខ្លាំង។

ដោយឡែក ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​ណេតាន់យ៉ាហ៊ូ ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ​ អ៊ីស្រាអែល​យល់​ថា ​មាន​រឿង​បន្ទាន់​ និង​ប្រឈម​មុខ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​អង្គការ​សហប្រជាជាតិ​គួរ​ចូល​រួម​ដោះស្រាយ។ លោក​ ណេតាន់យ៉ាហ៊ូ ​បាន​លើកឡើង​អំពី​ការ​គំរាម​កំហែង​សន្តិភាព​ក្នុង​តំបន់​ បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ហេសបូឡា ​ឃុបឃិត​គ្នា ​ជាមួយ​អ៊ីរ៉ង់។ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ​បាន​ចោទ​ប្រកាន់​ថា ​អ៊ីរ៉ង់ ​និង​ហេសបូឡា ​កំពុង​ប្រើប្រាស់​ដែនដី​ស៊ីរី ​ធ្វើជា​ទី​កន្លែង​ផលិត ​និង​ដឹក​ជញ្ជូន​អាវុធ ​ទៅឲ្យ​ក្រុម​ភេរវកម្ម​អ៊ីស្លាម។

គួរកត់​សំគាល់​ថា ​ ក្នុង​សំណុំ​រឿង​អ៊ីស្រាអែល-​ប៉ាឡេស្ទីន ​មាន​ថ្នាក់​ដឹកនាំ​ជា​ច្រើន ​បាន​លើក​ឡើង​ថា ​ដំណោះស្រាយ​តែ​មួយ​គត់​ គឺ​ត្រូវ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​រដ្ឋអធិបតេយ្យ​ពេញសិទ្ធិ​ ស្មើភាព​គ្នា​ជាមួយ​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ​ក្តី​សង្ឃឹម​នេះ ​បាន​រលាយ​ទៅ​វិញ ​បន្ទាប់​ពី​លោក ​ដូណាល់ ត្រាំ​បាន​ឡើង​កាន់​អំណាច។ លោក​ដូណាល់ ត្រាំ ​ដែល​មាន​ទំនោរ​ខិត​ទៅ​រក​លោក​ណេតាន់យ៉ាហ៊ូ ​និង​ក្រុម​ស្តាំនិយម​អ៊ីស្រាអែល​នោះ ​ បាន​ប្រកាន់​ភាព​រឹង​ទទឹង​ មិន​ចង់​ឲ្យ​ប៉ាឡេស្ទីន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ