អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២១ វិច្ឆិកា រដ្ឋអាជ្ញាអ៊ីស្រាអែល បានសម្រេចចោទប្រកាន់ជាផ្លូវការ​ ទៅលើលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពីបទពុករលួយ កេងចំណេញនយោបាយ និងរំលោភលើសេចក្តីទុកចិត្ត។ លោកណេតាន់យ៉ាហ៊ូ បានចាត់ទុកការចោទប្រកាន់នេះ ថាគឺជា​ការឃុបឃិតគ្នាធ្វើរដ្ឋប្រហារ ក្នុងគោលបំណង​ រារាំងលោកមិនឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា អ៊ីស្រាអែល កំពុងតែឆ្លងកាត់​នូវភាព​ជាប់គាំងនយោបាយ ដោយគណបក្សធំៗទាំង២ ដែលបានឈ្នះឆ្នោតកាលពី​ខែកញ្ញា នៅមិនទាន់​អាចរៀបចំរដ្ឋាភិបាលថ្មីបាននៅឡើយទេ ដោយសារតែគ្មានសម្លេងឆ្នោតគ្រប់គ្រាន់ក្នុងសភា។

លោក Benjamin Netanyahu ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​
លោក Benjamin Netanyahu ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

លោកណេតាន់យ៉ាហ៊ូ បំបែកឯកត្តកម្ម

លោកណេតាន់យ៉ាហ៊ូ បានបំបែកឯកត្តកម្មច្រើនករណីណាស់ លើឆាកនយោបាយអ៊ីស្រាអែល។ នៅឆ្នាំ១៩៩៦ ក្នុងវ័យ​៤៧ឆ្នាំ លោកណេតាន់យ៉ាហ៊ូ បានក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល វ័យក្មេងជាងគេ។ ហើយបច្ចុប្បន្ននេះ លោកណេតាន់យ៉ាងហ៊ូ​ គឺជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងនេះ បានយូរឆ្នាំជាងគេ។ ឥឡូវពេលនេះ លោក​ណេតាន់យ៉ាហ៊ូ បានក្លាយជានាយករដ្ឋមន្ត្រីកំពុងបំពេញមុខងារ​​ ដំបូងគេដែលត្រូវតុលាការចោទពីបទពុករលួយ ចាប់តាំងពីរដ្ឋអ៊ីស្រាអែល បានចាប់បដិសន្ធិមក។

លោកណាតាន់យ៉ាហ៊ូ បានមានប្រតិកម្មភ្លាមៗ ដោយបានចោទទៅវិញថា អ្វីដែលគេកំពុងធ្វើមកលើករូបលោកនេះ គឺវា​មិនខុសអំពីការធ្វើរដ្ឋប្រហារ ដើម្បីទំលាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រីនោះទេ។ លោកលើកឡើងថា ការចោទប្រកាន់មកលើរូបលោក គឺធ្វើឡើយដោយក្រុមមនុស្ស ដែលជមានកម្មវត្ថុនយោបាយសុទ្ធសាធ។ តែយ៉ាងណា លោកអះអាងថា លោកនឹងតស៊ូប្រយុទ្ធ មិនចុះចាញ់ ហើយមិនលាលែងចេញពីតំណែងជាដាច់ខាត។

ដោយឡែក លោកបេនី ហ្កាន់ គូរប្រជែងនយោបាយ​របស់​លោក​ណេតាន់យ៉ាហ៊ូ  បានលើកឡើងថា គ្មាននរណាធ្វើរដ្ឋប្រហារនោះទេ។ វាជាការសម្រេចចោទប្រកាន់ ដោយឆ្លងកាត់ការស៊ើបអង្កេតដ៏ត្រឹមត្រូវរបស់រដ្ឋអាជ្ញា។ លោក បេនី ហ្កាន់ បានលើកឡើងទៀតថា លោកណេតាន់យ៉ាហ៊ូ ល្មមចុះចេញពីតំណែងទៅ ព្រោះកាន់តំណែង​យូរពេក ឡើងដុះស្នឹម ក្អេងក្អាង ហើយ​ពុលនឹងអំណាចខ្លួនឯង។

ពុករលួយ កេងចំណេញអំណាច រំលោភលើសេចក្តីទុក្ខចិត្ត

សំណុំរឿងដែលរដ្ឋអាជ្ញារសម្រេចចោទប្រកាន់​ គឺមាន​៣សំណុំរឿង។ សំណុំរឿងទី១ លេខ4000 លោកណេតាន់យ៉ាហ៊ូ ត្រូវរដ្ឋអាជ្ញាចោទពីបទ ប្រព្រឹត្តិអំពើពុករលួយ កេងចំណេញនយោបាយ និងរំលោភលើសេចក្តីទុកចិត្ត។ សំណុំរឿងនេះ គឺមានពាក់ព័ន្ធនឹងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេ នៅអ៊ីស្រាអែល ឈ្មោះក្រុមហ៊ុន Bezeq។ ក្រុមហ៊ុននេះគឺជាម្ចាស់គេហទំព័របណ្តាញព័ត៌មានមួយ​​ ឈ្មោះ Walla។

តាមការសង្ស័យ លោកណេតាន់យ៉ាហ៊ូ ទំនងជាបានឃុបឃិត ជាមួយថៅកែក្រុមហ៊ុន Bezeq ដើម្បីឲ្យគេហទំព័រ Walla នេះ ចុះផ្សាយតែរឿងល្អៗពីលោក។ ជាថ្នូរវិញ លោក​ណេតាន់យ៉ាហ៊ូ ក្នុងនាមនាយករដ្ឋមន្ត្រី បានបើកភ្លើងខៀវ ឲ្យក្រុមហ៊ុនBezeq អាចរកស៊ី ចំណេញប្រាប់រាប់សិបលាន ដូចជាក្នុងករណី ទិញយក​បណ្តាញ​​ទូរទស្សន៍ខ្សែកាប Yes ជាដើម។ កាលពីខែធ្នូ ឆ្នាំ២០១៨ នគរបាលអ៊ីស្រាអែល ធ្លាប់បានសន្និដ្ឋានម្តងរួចមកហើយ ថាលោកណេតាន់យ៉ាហ៊ូ មានពាក់ព័ន្ធស៊ីសំណូកជាមួយនឹងក្រុមហ៊ុនBezeq នេះមែន​។

សំណុំរឿងទី២ មានលេខ1000 គឺជាសំណុំរឿងទាក់ទិន នឹងការទទួលអំណោយមានតម្លៃជាច្រើន ក្នុងនោះមានរាប់ទាំង ស៊ីហ្កាប្រណិត ស្រាឆំប៉ាញតម្លៃថ្លៃៗ គ្រឿងអលង្កា ដែលគិតជាទឹកប្រាក់ ប្រមាណ​៧សែនឆេកែល ស្មើនឹងជិត២សែនអឺរ៉ូ។ មហាសេដ្ឋី ដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវគេសង្ស័យថា បានទិញទឹកចិត្ត លោកណេតាន់យ៉ាហ៊ូ ដើម្បីបើកផ្លូវ​ធ្វើជំនួញ។ ទាក់ទិននឹងការចោទប្រកាន់នេះ លោកណេតាន់យ៉ាហ៊ូ អះអាងថា លោកទទួលអំណោយពីមនុស្ស ដែលគេស្រលាញ់​រាប់អានលោក វាគឺជារឿងធម្មតា គ្មានអ្វីខុសទាស់ឡើយ។

ចំណែកសំណុំរឿងទី៣ លេខ2000 គឺទាក់ទិននឹងផែនការ​ឃុបឃិត ជាមួយសារព័ត៌មានប្រចាំថ្ងៃដ៏ធំជាងគេនៅអ៊ីស្រាអែល ឈ្មោះ Yediot Aharonot។ លោកណេតាន់យ៉ាហ៊ូ ត្រូវគេសង្ស័យថា​ បាន​ព្យាយាមចរចាជាមួយថៅកែកាសែតនេះ ដើម្បីឲ្យ​កាសែតនេះចុះផ្សាយគាំទ្រ និយាយល្អពីលោក។ ហើយជាថ្នូរវិញ លោកណេតាន់យ៉ាហ៊ូ បានសន្យាថានឹងធ្វើច្បាប់មួយ ដើម្បីកាត់បន្ថយវិសាលភាពនៃការបោះផ្សាយកាសែតមួយ ឈ្មោះ Israel Hayom  ដែលជាគូរប្រជែងរបស់កាសែត Yediot Aharonot ហើយ​ដែល​គេនិយមអានខ្លាំងជាង ដោយសារតែជាកាសែត​ចែកចាយដោយឥតគិតថ្លៃ។ ការចរចា​ឃុបឃិត​គ្នានេះ មិនបានសម្រេចទេ តែក្រុមស៊ើបអង្កេត សន្និដ្ឋានថា លោកណេតាន់យ៉ាហ៊ូ បានប្រើប្រាស់អំណាច ដើម្បីកេងចំណេញនយោបាយ។

នរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី?

​សម្រាប់ពេលនេះ លោកណេតាន់យ៉ាហ៊ូ ក៏ដូចជាគណបក្សលីគូតរបស់គាត់ ត្រូវស្ថិតក្នុងការលំបាកខ្លាំង។ ការបោះឆ្នោត​កាលពីថ្ងៃទី១៧កញ្ញា បាន​ចេញលទ្ធផល សឹងតែស្មើគ្នា រវាងគណបក្សលីកូដដឹកនាំដោយលោកណេតាន់យ៉ាហ៊ូ និងគណបក្សកណ្តាលនិយម​ខៀវស របស់លោកបេនី ហ្កាន់។ ដើម្បីអាច តែងតាំងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាល​ថ្មី​បាន គេត្រូវការសម្លេងឆ្នោតក្នុងសភា ចំនួន៦១ ក្នុងចំណោម១២០អាសនៈ។

ទាំង២បក្ស សុទ្ធតែមានសម្លេងមិនគ្រប់ ហើយត្រូវការការសហការចុះចូល ពីបក្សតូចៗផ្សេងទៀត។ តែប្រមាណ​២ខែមកហើយ ទាំងលោកណេតាន់យ៉ាហ៊ូ ទាំងលោកបេនី ហ្កាន់ មិនអាចប្រមូលសម្លេងបានគ្រប់ ដើម្បីបង្កើតរដ្ឋាភិបាលទេ។

ក្រោយដំណឹងបទចោទប្រកាន់ពីរដ្ឋអាជ្ញានេះ លោកប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin បាន​​ប្រកាសរន្ធាន់ឲ្យ​សភាអ៊ីស្រាអែល ត្រូវសម្រេចបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ។ លោកប្រធានាធិបតីអ៊ីស្រាអែល បានអំពាវនាវ ឲ្យសមាជិកសភា ដែលទើបតែជាប់ឆ្នោតទាំងអស់​ ថាត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ។

សំណួរពេលនេះសួរថា តើក្រោយរដ្ឋអាជ្ញា សម្រេចចោទលោកណេតាន់យ៉ាហ៊ូ ពីបទពុករលួយនេះ មានសមាជិកសភាប៉ុន្មាននាក់ ពីបក្សតូចៗ ដែលងាកទៅបោះឆ្នោតគាំទ្រលោកបេនី ហ្កាន់ ឲ្យធ្វើនាយករដ្ឋមន្ត្រី? គ្មាននរណាអាចស្មានបានទេ។ សភាអ៊ីស្រាអែល​ មានពេល​ពីនេះ រហូតដល់ថ្ងៃ១១ធ្នូ។ ពុំនោះទេ គេ​ត្រូវតែរៀបចំបោះឆ្នោតជ្រើសសមាជិកសភាម្តងទៀត ឲ្យប្រជាជនអ៊ីស្រាអែលជាអ្នកសម្រេ​ច ក្រែងលោ អាចមានបក្សមួយក្នុងចំណោមបក្សធំៗទាំង២នេះ ឈ្នះបានសម្លេងភាគច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ