ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT

លោក​អ៊ែរដូហ្កាន់​ឈ្នះឆ្នោត តួក​គី​ឈាន​ចូល​ក្នុង​ទំព័រ​ររបប​ប្រធានាធិបតី ​កាន់តែ​ផ្តាច់ការ

លោក​អ៊ែរដូហ្កាន់​ឈ្នះឆ្នោត តួក​គី​ឈាន​ចូល​ក្នុង​ទំព័រ​ររបប​ប្រធានាធិបតី ​កាន់តែ​ផ្តាច់ការ បដារូបលោក Erdogan នៅ​ទីលានTaksim កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃទី​១៩ មិថុនា ២០១៨ Photo Aris MESSINIS/ AFP

    យោងតាមលទ្ធផលបោះឆ្នោតនៅប្រទេសតួកគី កាលពីថ្ងៃអាទិត្យទី២៤មិថុនា លោក អ៊ែរដូហ្កាន់ និងគណបក្សអ៊ីស្លាមអភិរក្សនិយមរបស់គាត់ បានទទួលជោគជ័យសម្លេងភាគច្រើន ជាង៥២%។ ជោគជ័យឈ្នះដាច់នៅជុំទីមួយនេះ នឹងអនុញ្ញាតឲ្យលោកអ៊ែរដូហ្កាន់ កាន់តំណែងជាប្រធានាធិបតីតួកគី អាណត្តិថ្មីមួយទៀត។ ក៏ប៉ុន្តែអាណត្តិថ្មីនេះ ក៏គឺជាការឈានចូល ទៅបើកទំព័ររបបនយោបាយថ្មីរបស់តួកគី ដែលការផ្លាស់ប្តូរនេះ គឺរូបលោក​អ៊ែរដូហ្កាន់ផ្ទាល់ ជាអ្នកចង់បាន។ ពីរបបសភានិយម តួកគីនឹងក្លាយ​ជារបបប្រធានាធិបតីនិយម ដែល​អំណាច​សឹងតែ​ទាំងស្រុង ត្រូវប្រមូលផ្តុំ ឲ្យស្ថិតនៅក្នុងដៃ របស់លោកប្រធានាធិបតី​តែ​ម្នាក់គត់។

    ឈ្នះដាច់ នៅជុំទីមួយ

    មកទល់ពេលនេះ សន្លឹងឆ្នោតប្រមាណ៩០%ត្រូវបានគេរាប់រួចរាល់អស់ហើយ ដូច្នេះលទ្ធផលអាចយកជាការបាន បើប្រែប្រួល ក៏មិនខុសគ្នាណាស់ណាដែរ។ ចំនួនអ្នកចូលរួមបោះឆ្នោតសរុប មានប្រមាណជា៨៧%។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ គឺជាការបោះឆ្នោត២ស្ទួនគ្នា។ មួយគឺបោះឆ្នោតសភា មួយទៀតគឺបោះឆ្នោតរើសប្រធានាធិបតី។ សម្រាប់ការបោះឆ្នោតប្រធានាធិបតី លោកអ៊ែរដូហ្កាន់ ទទួលបានសម្លេង​ឆ្នោត​៥២,៥% ដែលមានន័យថា គាត់ឈ្នះដាច់ ដោយមិនចាំបាច់មានការបោះឆ្នោត​​នៅជុំទី២ទៀតទេ។​ ចំណែកលោក Muharrem Ince បេក្ខជនតំណាងគណបក្ស​ប្រឆាំង បានប្រមូលសន្លឹកឆ្នោតបានចំនួន ៣១%។

    ចំណែកលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកសភា ទាំង៦០០អាសន្នៈវិញ គឺគណបក្សអ៊ីស្លាមអភិរក្សនិយម AKP របស់លោកអ៊ែរដូហ្កាន់ បានសម្លេងឆ្នោត៤២,៥% ដែលស្មើនឹង២៩៣អាសន្នៈ។ គណបក្សMHP ដែលជាដៃគូសម្ព័ន្ធមិត្តរបស់បក្សលោកអ៊ែរដូហ្កាន់ ប្រមូលបាន១១% ស្មើនឹង៥០អាសន្នៈដែរ។ ដូច្នេះបូកបញ្ចូលគ្នាបាន៣៤៣អាសន្នៈ មានន័យថា លោកអ៊ែរដូហ្កាន់ មានសម្លេងភាគច្រើនក្នុងសភាហើយ។

    ចំណែកក្រុមគណបក្សប្រឆាំងវិញ គណបក្សសាធារណរដ្ឋដើម្បីប្រជាជន CHP របស់លោក Muharrem Ince  ប្រមូលបាន២៣% ស្មើនឹង១៤៦អាសន្នៈ ហើយគណបក្សប្រជាធិបតេយ្យ និយមកួដ HDP បានសន្លឹកឆ្នោតជាង១១%  ស្មើនឹង៦៧អាសន្នៈសភាដែរ។

    បើទោះបីជាមានការតវ៉ា ពីសំណាក់ ក្រុមគណបក្សប្រឆាំង ស្តីពីករណីមិនប្រក្រតី ឬការប៉ុនប៉ងបន្លំសន្លឹកឆ្នោត ពីសំណាក់គណបក្សកាន់អំណាច  ក៏គេជឿថា គឺបានត្រឹមតែតវ៉ា តែប៉ុណ្ណោះ។ លទ្ធផលជាក់ស្តែង គឺមិនប្រែលប្រួលខុសគ្នាឆ្ងាយពីនេះប៉ុន្មានទេ។

    វាបំបាក់ឲ្យទន់ជង្គង់ និង​មិនឲ្យ​មានពេលគ្រប់គ្រាន់ដើម្បីប្រមូលកម្លាំង

    ជាមួយនឹងច្បាប់អាជ្ញាសិក ដែលលោកអ៊ែរដូហ្កាន់ បានដាក់ចេញក្រោយរដ្ឋប្រហារមិនបានសម្រេច បូកបន្ថែមជាមួយនិងវិបត្តិសេដ្ឋកិច្ចផងនោះ មានអ្នកវិភាគជាច្រើន ធ្លាប់បានគិតថា លោកអ៊ែរដូហ្កាន់ អាចឈ្នះការបោះឆ្នោតនេះ ដោយលំបាកបំផុត។ តែលទ្ធផលពេលនេះ បង្ហាញផ្ទុយទៅវិញ។

    វាជាការប្រថុយមួយ របស់លោកអ៊ែរដូហ្កាន់។ តើបើវិភាគឲ្យស៊ីជម្រៅ វាគឺជាយុទ្ធសាស្ត្រ ដ៏សែនឆ្លាតរបស់លោកអ៊ែរដូហ្កាន់ទៅវិញទេ។ រដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ​២០១៦ បានបើកឱកាសឲ្យលោកអ៊ែរដូហ្កាន់ បានដៃយកលេសដើម្បីបោសសំអាតអ្នកប្រឆាំង មិនថាអ្នកនយោបាយ បញ្ញវន្ត ឬមន្ត្រីរដ្ឋកាលទេ។

    មន្ត្រីបុគ្គលិករដ្ឋប្រមាណ១សែន៦ម៉ឺននាក់ ដែលត្រូវព្យួរឈ្មោះចោល គ្មានការងារធ្វើ។ ចៅក្រមនិង រដ្ឋអាជ្ញា ៤០០០នាក់ ក៏ត្រូវបញ្ឈប់ពីមុខងារ។ ចំណែកសាស្ត្រាចារ្យ​មហាវិទ្យាល័យ ប្រមា៥៨០០នាក់ ក៏ត្រូវរដ្ឋាភិបាលលោកអ៊ែរដូហ្កាន់ លុបឈ្មោះ​ចោល​ឈប់ឲ្យ​បង្រៀ​នដែរ។ ធ្វើបែបនេះ គឺធ្វើឲ្យចរន្តគំនិតរិះគន់ វិភាគតវ៉ាប្រឆាំង ត្រូវក្រាបលែង​មាន​វត្តមានក្នុងសង្គម។ មួយវិញទៀត គឺវាបានធ្វើឲ្យក្រុមគណបក្សប្រឆាំង បែកខ្ចរខ្ចាយ អ្នកខ្លះរត់ភៀសខ្លួនទៅក្រៅប្រទេស រីឯអ្នកនៅក្នុងស្រុក ក៏លាក់ខ្លួន មិនហ៊ានចេញមុខតវ៉ាច្រើនដែរ។

    យុទ្ធសាស្ត្របន្ទាប់មកទៀត គឺត្រូវក្តោបក្តាប់ បណ្តាញព័ត៌មានទូទាំងប្រទេស។ ដូច្នេះហើយ បានជាជិត២ឆ្នាំមកនេះ ក្នុងក្របខណ្ឌច្បាប់អាជ្ញាសិក លោកអ៊ែរដូហ្កាន់ បានបញ្ជាឲ្យបិទវិទ្យុនិងទូរទស្សន៍ជាច្រើនស្ថានីយ៍ ហើយបានទាំងបានចាប់អ្នកកាសែត ដែលមាននិន្នការប្រឆាំង ដាក់គុកទៀតផង។ ទន្ទឹមជាមួយគ្នានេះ បណ្តាញទូរទស្សន៍ បណ្តាញព័ត៌មានផ្លូវការ របស់រដ្ឋាភិបាលកាន់អំណាច ខិតខំប្រឹងផ្សាយឃោសនា តែពីសកម្មភាព គោលនយោបាយល្អៗ របស់រដ្ឋាភិបាលលោកអ៊ែដូហ្កាន់តែប៉ុណ្ណោះ។

    ហើយយុទ្ធសាស្ត្រចុងក្រោយគេ គឺពន្លឿនកាលបរិច្ឆេទនៃការបោះឆ្នោត។ តាមធម្មតាអាណត្តិរបស់លោកអ៊ែរដូហ្កាន់ ត្រូវចប់នៅចុងឆ្នាំ២០១៩ឯនោះទេ។ ក៏ប៉ុន្តែ គាត់បានស្នើឲ្យបោះឆ្នោតមុនអាណត្តិ ដើម្បីក្រេបយកសន្ទុះវិជ្ជមាន នៃប្រជាប្រិយភាពរបស់គាត់ ឲ្យបានទាន់ពេលវេលា នៅក្រោយរដ្ឋប្រហារមិនបានសម្រេច។ បន្ថែមពីនេះទៀតនេះ បង្ខិតការបោះឆ្នោតឲ្យមកដល់ឆាប់​ គឺមានន័យថា រារាំង កុំឲ្យគណបក្សប្រឆាំង អាចមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រមូលកំលាំង។

    យ៉ាងណាមិញ នៅប៉ុន្មាន៣ខែមុននេះ ខាងក្រុមប្រឆាំង មិនទាំងដឹងផងទេ ថាអ្នកណាដែលអាចមកឈរឈ្មោះ ប្រជែងជាមួយលោកអ៊ែរដូហ្កាន់។ បេក្ខភាពលោក Muharrem Ince បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ហើយក៏គេសរសើរដែរ​ព្រោះ លោក Muharrem Ince មានពេលឃោសនាប្រមូលកម្លាំងតែ២ខែគត់ ប៉ុន្តែអាចប្រមូលសម្លេងឆ្នោតបានដល់​ទៅ​៣០%​ដែរ ទាំងដែលប្រព័ន្ធឃោសនា និងបណ្តាញព័ត៌មានទាំងស្រុងនៅតួកគី ស្ថិតនៅក្នុងដៃរបស់លោកអ៊ែរដូហ្កាន់ទាំងអស់។ ដូច្នេះលទ្ធផលគឺបក្សប្រឆាំងចាញ់មែន តែដោយសារបក្សប្រឆាំងចាញ់ប្រៀបបក្សរដ្ឋាភិបាល។

    ជំហានថ្មី  ឈានចូលរបបប្រធានាធិបតីបែបផ្តាច់ការ

    ចង់មិនចង់ លោកអ៊ែរដូហ្កាន់ និងកាន់អំណាចនេះ រហូតដល់ឆ្នាំ២០២៣។ ជាងនេះទៅទៀត អ្នកវិភាគជាច្រើននៅអឺរ៉ុប បានចាត់ទុកថា អាណត្តិថ្មីនេះ គឺតួកគី ឈានចូលរបបនយោបាយបែបថ្មី ដែលជារបបប្រធានាធិបតីដ៏តឹងតែង និងផ្តាច់ការ។

    ពីមុនតួកគី មានរបបនយោបាយសភានិយម ដែលសភាតំណាងរាស្ត្រ មានសិទ្ធិអំណាចច្រើន។ មុខតំណែង​ប្រធានាធិបតីមានមែន តែជាតំណែងកិត្តិយស ប៉ុណ្ណោះ។ ចំណែកអ្នកដែលមានអំណាច ដឹកនាំ​រដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រីឯណោះទេ។ ហើយនាយករដ្ឋមន្ត្រី កើតចេញពីការជ្រើសតាំងចេញពីសភា។ លោកអ៊ែដូហ្កាន់ខ្លួនឯង ក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីតួកគីដែរ ដល់ទៅ២អាណត្តិ។ ក្រោយមកពេលគាត់ជាប់ឆ្នោតជាប្រធានាធិបតី  គាត់ក៏មានគំនិតធ្វើកំណែទម្រង់ ដើម្បីប្រមូលអំណាចមកក្នុងដៃគាត់។ គឺកំណែ​​ទម្រង់​​នេះហើយ ដែលគាត់បានស្នើឲ្យប្រជាជនបោះឆ្នោតប្រជាមតិគាំទ្រ កាលពីឆ្នាំទៅ។

    កំណែ​ទម្រង់​នេះ ​សង្កត់​ធ្ងន់​ទៅ​លើ​១៨​ចំណុច ​ដែល​ជារួមគឺ​ដើម្បី​ពង្រឹង​អំណាច​ដឹកនាំ ​របស់​ប្រធានាធិបតី​​​តែម្តង។ មាន​ជា​អាទិ៍​ដូច​ជា ​ មុខ​តំណែង​នាយករដ្ឋ​មន្ត្រី​នឹង​ត្រុវ​លុប​ចោល ​ហើយ​ការ​ដឹកនាំ​អំណាច​នីតិ​ប្រតិបត្តិ​ទាំងស្រុង​ ត្រូវ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​តែ​ម្នាក់​គត់​ គឺ​ប្រធានាធិបតី។ ប្រធានាធិបតី​ នឹង​មាន​អំណាច​តែងតាំង ​អនុប្រធានធិបតី​​ ព្រមទាំង​រដ្ឋមន្ត្រី​ទាំង​អស់។

    មិនមែន​ត្រឹម​តែ​ក្នុង​អំណាច​នីតិ​ប្រតិបត្តិ​ទេ​ កំណែ​ទំរង់នេះ​ ក៏ផ្តល់​អំណាច​ឲ្យ​ប្រធានាធិបតី ​ទៅជ្រៀតជ្រែក​លើ​អំណាច​​តុលាការ​​ដែរ។ ប្រធានាធិបតី​មាន​អំណាច ​តែងតាំង​សមាជិក​១២​រូប ​ ក្នុង​ចំណោម​សមាជិក​១៥​រូប ​ នៃ​ក្រុមប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ប្រធានាធិបតី ​ក៏​មាន​សិទ្ធិ​តែងតាំង ​សមា​ជិក​៦រូប ​ ក្នុង​ចំណោម​១៣​រូប​ នៃ​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ដែរ។ សមាជិក​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រម​៧នាក់​ទៀត​ នឹង​ត្រូវ​តែងតាំង​ដោយ​រដ្ឋសភា។

    ចំណែក​នៅក្នុង​អំណាច​នីតិបញ្ញត្តិ​វិញ ​ យើញឃើញ​ថា ​របបនយោបាយ​ថ្មី​នេះ ​នឹង​រក្សា​ប្រធានធិបតី ​ឲ្យ​នៅ​​តែ​​ជា​មេដឹកនាំ​បក្ស​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា។ ការ​បោះឆ្នោត​សភា ​និង​បោះឆ្នោត​​ប្រធានាធិបតី​ ​ត្រូវ​ធ្វើ​ព្រមគ្នា ​ដែល​​មាន​ន័យ​ថា ​សភា​និង​រដ្ឋាភិបាល ​ប្រាកដ​ជា​បក្ស​តែ​មួយ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា ​ទំនោរ​នយោបាយ​របស់​រដ្ឋ​សភា ​ប្រាកដ​ជា​ត្រូវ​ទោរ​ទៅ​តាម​ ប្រធានាធិបតី​ទាំងស្រុង។ តើក្នុងសភាគ្មានសម្លេងភាគច្រើន ប្រធានាធិបតីដែលជាប់ឆ្នោតថ្មី អាចមានសិទ្ធិរំលាយសភាចោល ហើយ​បោះឆ្នោតម្តងទៀត​។
     

    បើ​ពិនិត្យ​ឲ្យ​មែនទែន​ទៅ​ របប​សភា​និយម​នៅ​តែ​មាន ​ មិន​ទាន់​បិទ​បញ្ចប់​ទេ ​ក៏​បន្តែ​របប​នយោបាយ​តួកគី​ថ្មី​នេះ ​នឹង​ដើរ​ទៅ​រក​របប​ប្រធានធិបតី ​បែប​ផ្តាច់ការ។ ការពិត ​របប​ប្រធានាធិបតី​និយម​នេះ ​មាន​ប្រទេស​ធំៗ​ជាច្រើន ​គេ​អនុវត្ត ​តួយ៉ាង​ដូច​ជា​សហរដ្ឋ​អាមេរិក និងបារាំងជាដើម។ របប​ប្រធានាធិបតី ​មិន​មាន​អ្វី​គ្រោះថ្នាក់​ទេ​ បើសិន​ជាគេ​ធ្វើ​វា​ឲ្យ​សមស្រប មានតុល្យភាពអំណាច​ កុំ​ប្រមូល​អំណាច​ទាំងស្រុង ​ទៅ​ក្នុង​កណ្តាប់​ដៃ ​មនុស្ស​តែ​ម្នាក់។ ពោល​គឺ​ធ្វើ​យ៉ាងណា ​ធានា​ការ​បែងចែក​អំណាច ​ប្រកប​ដោយ​ឯករាជ្យភាព​ រវាង​អំណាច​ទាំង​បី​ នីតិ​ប្រតិបតិ្ត ​នីតិ​បញ្ញត្តិ ​និង​អំណាច​តុលាការ។ តែអ្វីដែលយើងកំពុងតែឃើញនៅតួកគី ក្រោមការដឹកនាំរបស់លោកអ៊ែរដូហ្កាន់នេះ គឺពុំមានតុល្យភាពរវាងអំណាចទាំង៣នេះទេ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ