អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ​អ៊ីរ៉ង់​៖​ នាទី​ចុង​ក្រោយ​នៃ​ការ​ចរចា​ដ៏​សែន​លំបាក

នៅសល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ដែល​កិច្ច​ចរចា​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​នឹង​ត្រូវ​បិទ​បញ្ចប់​ទៅ​តាម​ការ​កំណត់។ គេ​គ្មាន​សង្ឃឹម​ថា​ប្រទេស​មហា​អំណាច​ទាំង៦ ​នឹង​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ ​ជាមួយ​នឹង​អ៊ីរ៉ង់​នោះ​ទេ។ ចំណុច​សំខាន់​ជា​ច្រើន ​ដែល​ត្រូវ​ការ​ពេល​វេលា​ជជែក​គ្នា ​ហើយ​ដែល​ប្រមុខ​ការទូត​ទាំង​អស់ ​ទទួល​ស្គាល់​ថា វា​គឺ​ជា​ឧបសគ្គ។ អ៊ីរ៉ង់​ត្រូវ​ធានា​ថា ​កម្មវិធី​ចំរាញ់​ជាតិ​អ៊ុយរ៉ានីញូម​របស់​ខ្លួន ​គឺ​សំដៅ​តែ​ប្រើប្រាស់​ ជា​ថាពល​អគ្គីសនី​តែ​ប៉ុណ្ណោះ។ ជា​ថ្នូ​ សហគម​អន្តរជាតិ នឹង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។

លោក​ ចន ឃែរី អង្គុយ​ទល់មុខ​ ក្នុងតុ​ចរចា​ជាមួយ​លោក ហ្សារីហ្វ ប្រមុខការទូត​អ៊ីរ៉ង់
លោក​ ចន ឃែរី អង្គុយ​ទល់មុខ​ ក្នុងតុ​ចរចា​ជាមួយ​លោក ហ្សារីហ្វ ប្រមុខការទូត​អ៊ីរ៉ង់ REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

តួអង្គ​សំខាន់​នៃ​ការ​ចរចា​​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​គឺ​លោក​ចន​ ឃែរី​​ ប្រមុខ​ការទូត​អាមេរិក​ និង​លោក ចាហ្វាដ ហ្សារីហ្វ ​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់។ ថ្នាក់​ដឹកនាំ​ទាំង​ពីរ ​បាន​ជួបគ្នា​នៅ​ក្រុង​វីយែន ​រដ្ឋធានី​ប្រទេស​អូទ្រីស​ ដើម្បី​ជជែក​គ្នា​ពី​ចំណុច​សំខាន់ៗ ​មួយ​ចំនួន​ដែល​ជាប់​គាំង ​មុន​នឹង​សម្រេច​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង។

លោក​ចន ឃែរី ​ដែល​ដើរ​ប៉័ងខ្ញើចៗ ​ដៃ​កាន់​ឈើ​ច្រត់​ ដោយសារ​តែ​គ្រោះថ្នាក់​ដួល​កង់ ​កាល​ពី​ខែ​មុន​នៅ​ស្វីស ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​នៅ​មាន​ចំណុច​ច្រើន​ទៀត ​ដែល​ត្រូវ​ជជែក​គ្នា។ លោក​បន្ត​ថា លោក​ដឹង​ថា​គ្រប់​គ្នា ​ចង់​ឃើញ​កិច្ច​ព្រមព្រៀង​នេះ​​ លេច​ចេញ​ជា​រូបរាង្គ ​ប៉ុន្តែ​ចំណុច​សំខាន់​ គឺ​កិច្ច​ព្រមព្រៀង​មួយ ​ដែល​គ្រប់គ្នា​ទទួល​យក​ នេះ​ហើយ​ដែល​វា​ត្រូវការ​ពេល​វេលា។

ដូចគ្នា​ដែរ លោក ចាហ្វាដ ហ្សារីហ្វ ​បាន​បញ្ជាក់​ថា ​ការ​ចរចា​ មាន​ដំណើរការ​ទៅ​មុខ​ច្រើន ​ដែល​វា​កាន់តែ​ខិត​ទៅ​ដល់​ចំណុច​ចុង​ក្រោយ ​ព្រោះ​ថា​គ្រប់​ភាគី​ទាំងអស់​ បាន​សម្តែង​នូវ​ឆន្ទៈ​ម៉ឺងម៉ាត់ ចង់​ឃើញ​កិច្ច​ព្រមព្រៀង​នេះ ​លេច​ចេញ​ជា​រូបរាង្គ ​ហើយ​ត្រៀម​ខ្លួន​ធ្វើ​សម្បទាន ​ទៅវិញ​ទៅមក។

សូម​បញ្ជាក់​ថា សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ត្រូវ​បាន​ចាប់​ផ្តើម​ចរចា​គ្នា ​តាំង​ពី​ដើម​ឆ្នាំ​២០០០​ម្លេះ ​​ដែល​រហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ ប្រទេស​មហា​អំណាច​ទាំង​អស់​ទាមទារ ​ការ​ធានា​ពី​អ៊ីរ៉ង់​ថា ​សកម្មភាព​ផលិត​ថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន ​គឺ​ដើម្បី​ប្រើប្រាស់​ជា​ថាមពល អគ្គីសនី​តែ​ប៉ុណ្ណោះ ​មិនមែន​ដើម្បី​យក​ទៅ​ផលិត​អាវុធ​បរមាណូ​នោះទេ។ ជាថ្នូរ ​សហគម​អន្តរជាតិ​ នឹង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ចេញ​ពី​អ៊ីរ៉ង់។

ចំណុច​សំខាន់ ​ដែល​ភាគី​ទាំងអស់​នៅ​មិន​ត្រូវ​គ្នា ​គឺ​ទាក់ទិន​ទៅ​នឹង​ ការ​ចុះ​ត្រួត​ពិនិត្យ​របស់ ​ក្រុម​អ្នក​ជំនាញ​ភ្នាក់ងារ​នុយក្លេអ៊ែរ​អន្តរជាតិ។ ប្រទេស​មហា​អំណាច​ទាំង​៦​ ទាមទារ​ថា ​អ៊ីរ៉ង់​ត្រូវ​បើក​ទ្វារ​ឲ្យ​គេ​ត្រួត​ពិនិត្យ​ទាំង​អស់ ​រាប់​បញ្ចូល​ទាំង ​ទីតាំង​យោធា​ធំៗ​ផង។ រដ្ឋាភិបាល ​និង​រដ្ឋសភា​អ៊ីរ៉ង់ ​បាន​ប្រកែក មិនព្រម​ទទួល​យក​ចំណុច​នេះ​ ​ដោយ​​អះអាង​ថា ​វា​ជា​សិទ្ធិ​របស់​អ៊ីរ៉ង់ ​ក្នុង​ការ​រក្សា​ការ​សង្ងាត់​យោធា ​ មិន​ឲ្យ​គេ​ចូល​ទៅ​រើ​កកាយ។ ឯភាគី​អ៊ីរ៉ង់​វិញ ​បាន​ទាមទារ​ឲ្យ​ពិនិត្យ​ឡើងវិញ​ ស្តី​អំពី​របៀបវារៈ ​នៃ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច។

បើ​តាម​ប្រសាសន៍​របស់​ថ្នាក់​ដឹក​នាំ​ការទូត​ជា​ច្រើន​រូប ​ដែល​មាន​វត្តមាន​ក្នុង​ការ​ចរចា ​គេ​ប្រហែល​ជា​ត្រូវ​តែ​បន្ត​ពេល​ចរចា​តទៅ​ទៀត។ ពេល​វេលា​ប្រថុច​ញ៉ុច​បែប​នេះ ​វា​មិនមែន​ជា​ការ​ល្អ​នោះ​ទេ។ គេ​ត្រូវ​យក​ពេល ​និយាយ​គ្នា ​ឲ្យ​សព្វ​គ្រប់​ជ្រុងជ្រោយ ​ព្រោះ​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ វា​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ទៅ​លើ​ស្ថិរភាព​ នៅ​តំបន់​ដើម​បូរព៌ា​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ