អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់៖ ​ការ​ចរចា ​នឹង​បន្ត​ទៅ​ដល់​ដើម​ខែ​កក្កដា

តាម​ការ​គ្រោងទុក​ ការ​ចរចា​រវាង​ប្រទេស​មហា​អំណាច​ទាំង​៦ ​ជាមួយ​នឹង​អ៊ីរ៉ង់​ ស្តីពី​​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ​មិថុនា​ស្អែក​នេះ។ ប៉ុន្តែ​មក​ដល់់​នាទី​ចុងក្រោយ​ ភាគី​ទាំងអស់​នៅតែ​មិន​ត្រូវរូវ​គ្នា ​លើ​ចំណុច​គ្រិះ​សំខាន់​ជា​ច្រើន​ ដែល​មិន​អាច​ឲ្យ​គេ​សម្រេច​កិច្ច​ព្រមព្រៀង​នេះ​បាន។ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ​ម្សិលមិញ ​គ្រប់​ភាគី ​បាន​ធ្វើការ​បញ្ជាក់​ព្រម​គ្នា​ជា​ផ្លូវការ​ ​ថា​ ការ​ចរចា ​នឹង​ត្រូវ​បន្ត​ធ្វើ ​ទៅ​មុខ​ទៀត ​ថ្វី​បើ​ផុត​កាល​កំណត់​ក៏​ដោយ។

លោក ឡូរ៉ង់ ហ្វាប៊្យូស ក្នុង​តុ​ចរចា ទល់មុខ​ជាមួយ​លោក ហ្សារីហ្វ ប្រមុខការទូត​អ៊ីរ៉ង់ ​ក្នូងពេលចរចា​នៅក្រុង​វីយែន ថ្ងៃទី ២៨​ មិថុនា ២០១៥
លោក ឡូរ៉ង់ ហ្វាប៊្យូស ក្នុង​តុ​ចរចា ទល់មុខ​ជាមួយ​លោក ហ្សារីហ្វ ប្រមុខការទូត​អ៊ីរ៉ង់ ​ក្នូងពេលចរចា​នៅក្រុង​វីយែន ថ្ងៃទី ២៨​ មិថុនា ២០១៥ REUTERS/Christian Bruna
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​នៅ​ទីក្រុង​វីយែន ​ប្រទេស​អូទ្រីស ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​២៨​ មិថុនា ​មិន​បាន​ទទួល​លទ្ធផល​នោះ​ទេ។ ភាគី​ទាំង​អស់ ​ដែល​មាន​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​៦ ​មាន​៖ អាមេរិក​ បារាំង​ អង់គ្លេស​  អាល្លឺម៉ង់ ​ចិន​ និង​រុស្ស៊ី ​នៅ​មិន​ទាន់​ត្រូវ​គ្នា​ជាមួយ​ភាគី​អ៊ីរ៉ង់​នៅ​ឡើយ។ ចំណុច​សំខាន់ៗ ​ដែល​ភាគី​ទាំងអស់ ​នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា ​ គឺ​ទាក់ទិន​ទៅ​នឹង​ការ​កំណត់​ឲ្យ​បាន​ស៊ីជំរៅ  ទៅ លើ ការ ព្រមព្រៀង​គ្នា​ត្រួសៗ   ដែល​បាន​ចុះ​ហត្ថលេខា នៅ​ក្រុង ឡូហ្សាន ប្រទេស ស្វីស  កាល ពី ខែ  មេសា។ នៅ​ពេល​នេះ​ ភាគី​ទំាង​អស់ ​បាន​ព្រមព្រៀង​គ្នា​ថា​ត្រូវ​បន្ត​​ការ​ចរចា​ទៅ​មុខ​ទៀត នៅ​ដើម​ខែ​កក្កដា ​ដើម្បី​ស្វែង​រក​កិច្ច​ព្រមព្រៀង​ចុងក្រោយ។

លោក​ ចាវាដ ហ្សារីហ្វ ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​​អ៊ីរ៉ង់​វិញ ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ​ ដើម្បី​ពាំនាំ​យក​សំណើរ​ផ្សេងៗ​ ទៅ​ពិភាក្សា​ជាមួយ​ ថ្នាក់​ដឹកនាំ​របស់​អ៊ីរ៉ង់។ លោក នឹង​ត្រឡប់​មក​ទីក្រុង​វីយែន​វិញ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់។

ដោយឡែក ​លោក​ស្រី ហ្វេដេរីកា ម៉ូហ្គេរីនី​ ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ បាន​មាន​ប្រសាសន៍​ថា ​ថា​មិន​ត្រូវ​នៅ​នាទី​ចុងក្រោយ​នេះ ​ ភាគី​ទាំងអស់​អាច​នឹង​ត្រូវ​រ៉ូវ​គ្នា ​បើសិន​ជា​គ្រប់​គ្នា​ ឈរ​លើ​ឆន្ទៈ​រួម​មួយ​ ដែល​ចង់​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ ​លេច​ចេញ​​ជា​រូបរាង្គ​ឡើង ​ហើយ​ព្រម​ធ្វើ​សម្បទាន​ ទៅ​វិញ​ទៅ​មក។

យ៉ាង​ណា​មិញ ​សុទិដ្ឋិនិយម​ របស់​លោកស្រី ​ម៉ូហ្គេរីនី​ ​មិន​ត្រូវ​បាន​លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ និង​លោក​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស ​យល់​ស្រប​នោះ​ទេ។ លោក​ ហ្វីលីព ហាកម៉ុន​ រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស ​បាន​មាន​ប្រសាសន៍​ថា ​លោក​សុខ​ចិត្ត​មិន​បាច់​មាន​កិច្ច​ព្រមព្រៀង ​ជា​ជាង​មាន​កិច្ច​ព្រមព្រៀង​មួយ​ ដែល​សម្រេច​ឲ្យ​តែ​បានៗ​ ហើយ​គ្មាន​ភាព​រឹងមាំ។ ចំណែក​លោក​ឡូរ៉ង់​ហ្វាប្យ៊ូស​ បាន​មាន​ប្រសាសន៍​ថា ​អ្វី​ដែល​គ្រប់គ្នា​ចង់​បាន​គឺ ​កិច្ច​ព្រមព្រៀង​មួយ​​ ដែល​មាន​កំលាំង​រឹងមាំ ​ ដែល​ធានា​ថា​អ៊ីរ៉ង់​ មាន​នុយក្លេអ៊ែរ​សម្រាប់​តែ​ប្រើ​ ក្នុង​វិស័យ​ថាមពល​ស៊ីវីល​ប៉ុណោ្ណះ ​ហើយ​អ៊ីរ៉ង់​ត្រូវ​តែ​ធានា​ឲ្យ​ច្បាស់​ប្រាកដ​ ថា​ខ្លួន​នឹង​មិន​ផលិត​គ្រាប់បែក​នុយក្លែអ៊ែរ។

ក្នុង​ន័យ​នេះ ​លោក ​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ បាន​បញ្ជាក់​ថា ​ដូច្នេះ​វា​មាន​លក្ខខណ្ឌ​បី ​សំខាន់​ ដែល​អ៊ីរ៉ង់​ត្រូវ​គោរព​ ទី​មួយ​គឺ ​ការ​កាត់​បន្ថយ​ជា​ដរាប​ នូវ​សមត្ថភាព​ទាំង​ការ​ផលិត ​ទាំង​ការ​ស្រាវជ្រាវ​ លើ​វិស័យ​នុយក្លេអ៊ែរ។ ទីពីរ​ គឺ​ការ​បើកទ្វារ​ឲ្យ​ភ្នាក់ងារ​នុយក្លេអ៊ែរ​ចុះ​ឆែកឆេរ​គ្រប់​ទី​កន្លែង​ រាប់​បញ្ចូល​ទាំង​ទី​តាំង​យោធា​ផង ​ហើយ​ទី​បី​ ចុង​ក្រោយ ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ជាស្វ័យ​ប្រវត្តិ​ លើ​អ៊ីរ៉ង់  ​បើសិន​ជា​អ៊ិរ៉ង់ ​មិន​គោរព​កិច្ច​ព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ