អានតួអត្ថបទ

អេហ្ស៊ីប​ក្នុង​ព្យុះ​នៃ​អំពើ​ហិង្សា​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​សង្គ្រាម​​​​ប្រឆាំង​ភេរវជន

ថ្ងៃទី​៣​កក្កដានេះ ជា​ខួប​ពីរ​ឆ្នាំ​គត់​នៃ​ការ​ទម្លាក់​ប្រធានាធិបតី​អេហ្ស៊ីប​ដំបូង​គេ​ លោក ម៉ូហាម៉ាត់ ម័រស៊ី ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត តាម​បែប​ប្រជាធិបតេយ្យ បិទ​បញ្ចប់​របប​កាន់​អំណាច​ផ្តាច់​ការ​រាប់​សិប​ឆ្នាំ​របស់​លោកមូបារ៉ាក់។ តែក៏​​ជា​ថ្ងៃ ដែល​មេទ័ព​ អាប់ដែល ហ្វាតះ អាលស៊ីស៊ី បាន​ដណ្តើម​អំណាច​​ឡើង​គ្រប់​គ្រង​ប្រទេស​វិញ​ដែរ។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ អេហ្ស៊ីប​បាន​ស្គាល់​តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវជន​​អ៊ីស្លាម​ជ្រុល​និយម​ និង​ការ​បង្ក្រាប​មិន​រើស​មុខ​ និង​គ្រប់​ទម្រង់ លើ​ក្រុម​អ្នក​ប្រឆាំង មិន​ថា​ជា​ក្រុម​ភារតអ៊ីស្លាម​ ឬ​ចលនា​ប្រឆាំង​អ្វី​ទេ។

ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah Al-Sissi
ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel Fattah Al-Sissi REUTERS/The Egyptian Presidency/Handout
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់​ពី​មាន​ចលនា​​​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី​នៃ​បក្ស​អ៊ីស្លាម​​ជ្រុល​និយម​ ភារតអ៊ីស្លាម ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​មក អេហ្ស៊ីប​បាន​ស្គាល់​ការ​វាយប្រហារ​​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ តែ​ជា​ទម្រង់​តូចៗ រប៉េះរប៉ោះ រហូត​មក។ ភេរវកម្ម​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ជាង​គេ គឺ​ការ​វាយប្រហារ​ សម្លាប់​រដ្ឋអាជ្ញា​ម្នាក់ និង​​ ពីរ​ថ្ងៃ​បន្ទាប់​មក​ទៀត ក្រុមបះបោរ​ប្រដាប់​អាវុធ​ ដែលប្រកាស​ភ្ជាប់​ខ្លួន​ជា​​អង្គការរដ្ឋ​អ៊ីស្លាម​បាន​ធ្វើ​​ការ​វាយប្រហារលើ​ទីតាំង​ជា​ច្រើន មាន​ស្លាប់​រាប់​សិប​នាក់ នៅ​តំបន់​ស៊ីណៃ។

កាន់​តែ​បង្ក្រាប​ កាន់​តែជ្រុល​និយម

លោក​អាល់ស៊ីស៊ី ដឹកនាំ​ទម្លាក់​លោក ម៉រស៊ី ព្រោះ​​តែ​អតីត​ប្រធានាធិបតី​រូប​នេះ ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយម នៃ​បក្ស​ភារត​អ៊ីស្លាម​។ ចលនា​អ៊ីស្លាម​ជ្រុលនិយម​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩២៨ ហើយ​ទើប​តែ​អាច​បាន​គ្រប់​គ្រង​ប្រទេស​ជា​លើក​ទី​មួយ ពី​ឆ្នាំ​២០១២ដល់​ថ្ងៃ​ទី ៣ កក្កដា ២០១៣ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ តែ​ត្រូវ​បាន​ទម្លាក់​ចេញ​តំណែង​ទៅ​វិញ​ដោយ​​ចលនា​បាតុកម្ម​​ប្រជាជន។

អតីត​មេទ័ព​អាល់ស៊ីស៊ី​ បាន​ក្លាយ​ជា​ប្រធានាធិបតីជំនួស​ បាន​​ចាត់​ទុក​ចលនា​នេះ​ជា​​អង្គការ​ភេរវនិយម​ និង​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​បំផុត ក្លាយ​ជា​​​ចលនាខុស​ច្បាប់​ ខ្លះ​ត្រូវ​និរទេស​ខ្លួន​ចេញ។ សកម្មជន​ខ្លះ​បាន​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជា​អ្នក​ជ្រុល​និយម​ យុវវ័យ​របស់​ចលនា ដែល​ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយមស្រាប់ នាំ​គ្នា​ប្រមូល​ផ្តុំ​ជា​ក្រុមប្រដាប់​អាវុធ​តូចៗ តែ​សកម្ម ដើម្បី​ប្រឆាំង​នឹង​អំណាច​ក្រុង​គែរ។ ខ្លះ​ទៀត មាន​លក្ខណៈ​ឯកា​ខ្លាំង បាន​លោត​ចូល​ក្នុង​ចលនា​ជីហាត​ ​ទៅ​ស៊ីរី ខ្លះ​ទៅ​ចូល​ជាមួយ​នឹង​ក្រុម​ចលនា​ប្រដាប់​បះបោរ​នៅ​ស៊ីណៃ ដែល​ដឹកនាំសកម្មភាព​តាំង​ពី​ឆ្នាំ​២០១១​មក​ ឱ្យ​ ​ភ្ជាប់​ខ្លួន​ជា​មួយ​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ខែ​វិច្ឆិកា​២០១៤ និងមានបង្កើន​ល្បឿន​ឱ្យ​ផ្តាច់​ខ្លួន​ទៅ​ជា​សាខា​សកម្មភាព​នៅ​ស៊ីរី នៅ​អ៊ីរ៉ាក់ ឬ​នៅ​លីប៊ី និង​ស្វែង​រក​ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ ក្រៅ​តំបន់​ស៊ីណៃ។

បើ​និយាយ​អំពី​តួលេខ​ទើប​គួរ​ឱ្យ​ព្រឺ​ក្បាល​ បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ម៉រស៊ី ជាង​១៤០០​នាក់​ បាន​ស្លាប់ ​និង ​ជាង​១៥០០០​នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ ក្នុង​ចំណោម​នោះ មាន​ក្រុម​អ្នក​អ៊ីស្លាម​ជ្រុល​និយម​​​ជា​ច្រើនដល់​​ត្រូវ​​ប្រហារជីវិត​ ទាំង​ហ្វូងៗ​តែ​ម្តង ទោះ​បី​ជា​មាន​ការ​រិះគន់​ថ្កោល​ទោស​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​យ៉ាងណា​ក៏​ដោយ។

លោក​ម៉រស៊ីផ្ទាល់ ព្រមទាំង​ប្រមុខ​ដឹកនាំ​បក្ស​ភារតអ៊ីស្លាម ជា​ច្រើន​នាក់​ ក៏​មាន​ទោស​ប្រហារ​ជីវិត​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចលនា​អ៊ីស្លាម​​ជីហាត សម្លាប់​​ប៉ូលិស ទាហាន ផ្គើន​រដ្ឋាភិបាល ក្រោម​​ពាក្យ​ថា​ដើម្បី​សង​សឹក​នឹង​ការ​បង្ក្រាប​។

ដំបូង​ឡើង​ការ​បង្ក្រាប​ធ្វើ​ឡើង​ប្រឆាំង​នឹង​តែ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ទេ តែ​ក្រោយ​មក​ក្រុមយុវជន​ ​ឬ​ចលនា​ប៉ះបោរ​ធ្វើ​បដិវត្តអារ៉ាប ប្រឆាំង​នឹង​របប​មូបារ៉ាក់ កាលពី​ឆ្នាំ​២០១១ ក៏​ត្រូវ​បង្ក្រាប​ដោយ​ឥត​រើស​មុខ​ដែរ។ អ្នក​ឯកទេស​ខ្លះ​យល់​ថា ការ​រឹត​ត្បិត​បង្ក្រាប​ខ្លាំង​ជ្រុល​ហួស​ហេតុ​ពេក គឺ​ជា​ចំណែក​មួយ​ដែល​បង្ក​ឱ្យពួក​ជីហាត​​ឡើង​សកម្មភាព​ខ្លាំង។

​លោក អាល់ស៊ីស៊ី នៅ​តែ​មាន​ប្រជាប្រិយភាព មាន​ការគាំទ្រ​ពី​ពលរដ្ឋ​

ពលរដ្ឋ​អេហ្ស៊ីប​មួយ​ភាគ​ធំ​មាន​របួស​​ស្នាម ពេល​ដែល​បក្ស​ភារត​អ៊ីស្លាម របស់​លោក​ម៉រស៊ី បាន​ឡើង​កាន់​អំណាច​មួយ​ភ្លែត​ (មួយ​ឆ្នាំ) ទើប​គិត​ថា ប្រធានាធិបតី​អាល់ស៊ីស៊ី ជា​អ្នក​ដែល​អាច​ធានា​បាននូវ​ស្ថិភាព​ សន្តិសុខ​សម្រាប់​ប្រទេស។ សហគមន៍អន្តរជាតិ ជាពិសេស​ខាង​បស្ចឹម​លោក​ក៏​ដូច​គ្នា ថ្វី​បើ​ដឹង​ថា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ដែល​ប្រធានាធិបតី​អេហ្ស៊ីប​បច្ចុប្បន្ន​ចេះ​តាំង​ជំហរ​​ខ្លួន​ ធ្វើ​ជា​ដៃគូ​សន្ទនា​ អាច​ទុក​ចិត្ត​បាន។ អេហ្ស៊ីប​មាន​របប​ដឹកនាំ​ថ្មី​ ទោះ​បែប​យោធា​បន្តិច​ក្តី តែ​អាច​ធានា​សស្ថិរភាព​ជាតិ​បាន វា​ល្អជាង​បណ្តោយ​ឱ្យ​ប្រទេស​មួយ​មាន​ប្រជាជន​ជាង ៩០​លាន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់ ធ្លាក់​ក្នុង​ភាព​វឹក​វរ​នយោបាយ​។
ឥលូវ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ប្រឆាំង​ភេរវនិយម ដែល​ផ្តល់​អំណាច​ច្រើន​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ និង​ប្រើ​កម្លាំងយោធា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ