អានតួអត្ថបទ
ជនភៀសខ្លួន-ស៊ីរី

ជន​ភៀស​ខ្លួន​ស៊ីរី មាន​ចំនួន​សរុប​ជាង​៤លាន​នាក់

សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ​ដែល​បាន​អូស​បន្លាយ​ជាង​៤ឆ្នាំ​មក​នេះ ​បាន​រុញច្រាន ​ប្រជាជន​ស្លូតត្រង់​ ឲ្យ​រត់​ចាកចោល​ភូមិ​ស្រុក ​ធ្វើ​ដំណើរ​ទៅ​ជ្រក​កោន​ នៅ​តាម​ប្រទេស​ក្បែរ​ខាង។ យោង​តាម​តួលេខ​ចុងក្រោយ​របស់​អង្គការ ​UNHCR ​ចំនួន​ជន​ភៀសខ្លួន​ស៊ីរី​ បាន​កើន​ឡើង​ដល់​ជាង​៤លាន​នាក់​ហើយ។ ការ​រៀបចំ​ហេដ្ឋរចនា​សម័្ពន្ធ​ដើម្បី​សង្គ្រោះ ​និង​ទំនុកបំរុង​ជន​ភៀសខ្លួន​ទាំង​នោះ​ គឺ​ជា​រឿង​បន្ទាន់ ​ក៏​​បន្តែ​វា​ត្រូវការ​ជា​ចាំបាច់ ​នូវ​ថវិកា​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ។

ជំរំ​ជនភៀសខ្លួន​ស៊ីរី នៅក្នង​ទឺកដីលីបង់​ ក្បែរ​បណ្តោយព្រំដែន ជាមួយ​ស៊ីរី
ជំរំ​ជនភៀសខ្លួន​ស៊ីរី នៅក្នង​ទឺកដីលីបង់​ ក្បែរ​បណ្តោយព្រំដែន ជាមួយ​ស៊ីរី REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

៤លាន​ ១ម៉ឺន ​៣​ពាន់​នាក់​ នេះ​គឺ​ជា​ចំនួន​ពិត​ប្រាកដ​​ នៃ​ប្រជាជន​ស៊ីរី ​ដែល​បាន​ភៀស​ខ្លួន​រត់​ចោល​ផ្ទះ​សម្បែង ​ដោយសារ​តែ​ភ្លើង​សង្រ្គាម។ ទោះ​បី​ជា​យ៉ាងណា ​នេះ​ជា​តួលេខ​ផ្លូវការ​ ដោយ​មិន​បាន​រាប់​បញ្ចូល​ចំនួន​មនុស្ស ​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប ​និង​មួយ​ចំនួន​ផ្សេង​ទៀត ​ដែល​បាន​តាំងទី​នៅ​ដោយ​ស្រប​ច្បាប់ ​តាម​ប្រទេស​នានា។

 
ចំនួន​ជន​ភៀសខ្លួន​នេះ ​គឺ​ជា​ជនភៀស​ខ្លួន ​ដែល​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ជិត​ខាត ​ស៊ីរី ​ដែល​មាន​ជិត​ពាក់​កណ្តាល​នៅ​ប្រទេស​តួកគី ​និង​មួយ​ចំនួន​ទៀត ​នៅ​ហ្សកដានី ​អេហ្ស៊ីប ​លីបង់ ​និង​ប្រទេស​មួយ​ចំនួន ​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​ខាងជើង។ ប្រទេស​ទាំង​អស់​នេះ​ ដែល​មាន​បញ្ហា​សេដ្ឋកិច្ច​ស្រាប់​ទៅ​ហើយ ​មិន​មាន​លទ្ធភាព​ទំនុកបំរុង​ជន​ភៀស​ខ្លួន​ស៊ីរី ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ឧត្តម​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​ហៅ​កាត់​ថា UNHCR ​រួម​ជាមួយ​នឹង​អង្គការ​ផ្សេង​ទៀត ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ ប្រមែល​ប្រមូល​ថវិកា ​ចំនួន ៥ពាន់​លាន​ដុល្លារ ​ដើម្បី​ចំណាយ​ក្នុង​កា​រផ្តល់​ជា​ស្បៀង ​និង​ជំរក​សមរម្យ ​នៅ​តាម​ជំរំ​ជន​ភៀសខ្លួន​ទាំង​នេះ។ ​គិត​មក​ត្រឹម​ខែ​មិថុនា ​មុន​នេះ ​គេ​ទើប​ប្រមូល​ប្រាក់​បាន​ចំនួន​ ២៤%​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ​មាន​ជន​ភៀស​ខ្លួន​កាន់តែ​ច្រើន ​ដែល​បាន​ចាកចេញ​ពី​ជំរំ ​ទៅ​រក​វិធី​រស់​ផ្សេង​ទៀត ​ដោយ​ភាគ​ច្រើន ក្មេងៗ​ត្រូវ​ដើរ​សុំទាន ​និង​ស្រ្តី​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ លក់​ខ្លួន​ប្រាណ ​ដើម្បី​ចិញ្ចឹម​ក្រពះ។ បញ្ហា​ទាំង​អស់​នេះ ​បាន​បង្ក​ជា​វិបត្តិ ​និង​ការ​ក្តៅ​ក្រហាយ​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ។ ក្នុង​ចំណោម ​ជន​ភៀសខ្លួន ​ដែល​ធ្វើ​ដំណើរ​ផ្សង​ជីវិត ​មក​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​លើ​ទឹកដី​អឺរ៉ុប​ចំនួន ​១សែន​ ៣ម៉ឺន ៧ពាន់​នាក់ ​គឺ​ពាក់​កណ្តាល​ជា​ជនជាតិ​ស៊ីរី។ នេះ​គឺ​ជា​បន្ទុក​ មួយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ ​ប្រទេស​នៅ​អឺរ៉ុប ​ដែល​និយាយ​មិន​ត្រូវ​គ្នា​ទាល់​តែ​សោះ ​ក្នុង​ការ​ចាត់​វិធានការ​ឲ្យ​ស្មើភាព ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន។

ទោះ​បី​ជា​យ៉ាងណា​​ ឬស​គល់​នៃ​បញ្ហា ​គឺ​សង្រ្គាម ​និង​ភាព​ទីទ័ល​ក្រ ​នៅ​ស៊ីរី ​ដែល​រុញ​ច្រាន​ប្រជាជន​ ឲ្យ​រត់​ភៀស​ខ្លួន។ ដរាប​ណា ​ភ្លើង​សង្គ្រាម​មិន​ទាន់​រលត់ ​ការ​គម្រាម​កំហែង​របស់​ពួក​ជីហាដ​អ៊ីស្លាម ​នៅ​តែ​មាន​ ប្រជាជន​នឹង​នៅ​តែ​បន្ត​រត់​ចោល​ស្រុក​ ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ