អានតួអត្ថបទ

តួកគី​បញ្ជូន​ទ័ព​រាប់​រយ​នាក់​ទៅ​ស៊ីរី ក្រោម​រូបភាព​ទ័ព​តួកមេនីស្ថាន

ជិត​បី​ខែ​ហើយ ដែល​តួកគី​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន ហើយ​ប្រតិបត្តិការ​នេះ​ទំនង​ជា​មិនងាយ​បិទ​បញ្ចប់​ទេ ! ប្រធានាធិបតី​តួកគី បាន​សន្យា​នៅ​ថ្ងៃអង្គារ​ទី ១១​សីហា ម្សិលមិញ ថា នឹង​បន្ត​ទម្លាក់​គ្រាប់​បែក​ រហូត​កម្ចាត់​អស់​ភេរវជន​មិន​ឱ្យ​សល់​សូម្បី​តែម្នាក់។ យុទ្ធនាការ​នេះ​ ដៅ​លើ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរីផង ពួក​ឧទ្ទាម​គួដ​នៃ​គណបក្ស​ពលករ​គួដឌីស្តង់​សំងំ​ជ្រក​នៅ​អ៊ីរ៉ាក់​ផង។ ហើយ​បើ​តាម​ព័ត៌មាន​ផ្តាច់​មុខ​របស់​វិទ្យុ​បារាំង​អន្តរជាតិ មាន​ទាហាន​តួកគីប្រមាណ​ជិត​៦០០​នាក់ ដែល​បាន​ទៅ​ហាត់​សមយុទ្ធ​តាំង​ពី​ពីរ​បី​អាទិត្យ​មក​ហើយ នៅក្រុង​អាឡិប​ប្រទេស​ស៊ីរី នឹង​ត្រូវ​ដាក់​ពង្រាយ​ចេញ​ធ្វើ​ប្រតិបត្តិការ​លើ​សមរភូមិ​ស៊ីរី។

ទាហាន​តួកគី​ជា​ច្រើន​រយ​នាក់ ចួល​ក្នុង​ជួរ​កងទ័ព​​តួកមេនីស្ថានទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី​
ទាហាន​តួកគី​ជា​ច្រើន​រយ​នាក់ ចួល​ក្នុង​ជួរ​កងទ័ព​​តួកមេនីស្ថានទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី​ MARWAN IBRAHIM / AFP
ផ្សាយពាណិជ្ជកម្ម

អង់ការ៉ា និង​វ៉ាស៊ីនតោន បាន​ព្រមព្រៀង​គ្នា បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​លើ​ទីតាំង​ពួក​អង្គការ​រដ្ឋ​អីស្លាម​ និង​ បង្កើត​ឱ្យ​មាន​តំបន់​សន្តិសុខ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ប៉ុន្តែ​គ្មាន​ផ្លូវ​ដែល​អាជ្ញាធរ​ទាំងពីរ​​បញ្ជូន​ទ័ព​ថ្មើរ​ជើង​ មិន​ថា​ជា​ទ័ព​តួកគី ឬទ័ព​​អាមេរិក ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ីរីឡើយ។

 

ប៉ុន្តែ​ នៅ​ថ្ងៃ​អង្គារ​ទី ១១​សីហា​ម្សិលមិញ ​​​ អ្វីៗ​ហាក់​ដូច​ជា​ប្រែក្រឡាស់ ! នាយករដ្ឋមន្ត្រី​តួកគី ​បាន​អះអាង​ថា​គ្រោង​នឹង​បញ្ចេញ​​​ទ័ព​ ប្រសិន​បើ​តួកគី​រង​ការ​គំរាម​ខ្លាំង​ពី​សំណាក់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ឬ​ពី​កង​កម្លាំង​ស៊ីរី​របស់​លោក​បាស្ហាអាល់អាសាដ។ តែ​តាមការពិត​ ទាហាន​ថ្មើរ​ជើង​តួកគី​ មួយ​ចំនួន​បាន​​ទៅ​ដល់​ទឹក​ដី​ស៊ីរី តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ១០ សីហា​មក​ម្ល៉េះ ដើម្បី​ទៅ​ឈរ​ជើង​ក្បែរ​កង​កម្លាំង​ឧទ្ទាម​ស៊ីរី គាំទ្រ​ដោយ​តួកគី។

ជួប​តាម​ទូរស័ព្ទ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ នាយ​ទាហាន​របស់​ក្រុម​ឧទ្ទាម​ ជា​សម្ព័ន្ធមិត្ត​របស់​អង់ការ៉ា បាន​ពន្យល់​ថា​ កងយុទ្ធជន​តួកមេនីស្ថានប្រមាណ​បីរយ​នាក់​បាន​មក​ដល់​ទឹក​ដី​ស៊ីរី ជា​មួយ​រថក្រោះ ជា​ច្រើន​គ្រឿង កាលពី​ថ្ងៃ​ចន្ទ ក្នុងនោះ​មាន​មួយ​ភាគ​ជា​ទាហាន​តួកគី ដោយ​មិន​បាន​ផ្តល់​​អំពី​ចំនួន​​ពិត​ប្រាកដ​ទេ។

កងទ័ព​តួកមេនីស្ថាន ពីរ​កង​ពល​តូច ដែល​បាន​ជ្រៀត​ចូល​ទឹក​ដី​ស៊ីរី​ តាម​ច្រក​មួយ​ក្បែរ​ក្រុង​គីលី​របស់​តួកគី ជា​កម្លាំង​ប្រយុទ្ធ​នៃ​កង​​កម្លាំងយោធា​បដិវត្ត​តួកមេនីស្ថាន​ មាន​គ្នា​​សរុប​ប្រមាណ​៥ពាន់​នាក់​ និង​បាន​ជំនួយឧបត្ថម្ភ​ជាសម្ភារៈ​បរិក្ខា​ និង​ការ​បំពាក់បំប៉ន​ពី​តួកគី​ តាំ​ងពី​ខែ​កក្កដា​មក ព្រមទាំង​មាន​ទាហាន​តួកគី​ផ្ទាល់​ហាត់​សម​ជាមួយ​ផង។ បើ​តាម​អ្នក​នាំ​ពាក្យ​កង​យោធា​បដិវត្ត​នេះ​ ចំនួន​យោធា​តួកគី សរុប​ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ស៊ីរី អាច​មាន​ដល់​ទៅ ៦០០​នាក់។ ប៉ុន្តែ​ពុំ​ទាន់​អាច​​​​ផ្ទៀត​ផ្ទាត់​​​ព័ត៌មាន​នេះបាន​ទេ មក​ទល់​នឹង​ម៉ោង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ