អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

រុស្ស៊ីប្តេជ្ញាបន្តទម្លាក់គ្រាប់លើស៊ីរី ឯបាស្ឆា អាល់អាសាដ មានទំនុកចិត្តខ្លាំង

ចាប់​តាំង​ពី​ថ្ងៃ​ពុធ​ទី ៣០​តុលា​​​មក ​ដែល​រុស្ស៊ី​បាន​ចេញ​ប្រតិបត្តិការ​ វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​ដើម្បី​​បំបែក​ក្រុម​ភេរវកម្ម​នៅ​ស៊ីរី។ តែ​អន្តរាគមន៍​នេះ ​ត្រូវ​បាន​ប្រទេស​មហា​អំណាច​នៅ​អឺរ៉ុប​ ក៏​ដូច​ជា​អាមេរិក ​មាន​ការ​មិន​ទុក​ចិត្ត​ ដោយ​គេ​ក្រែង​ថា ​រុស្ស៊ីធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋា​ភិបាល​ស៊ីរី ​ជាជាង​ការ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ទោះបី​ជា​យ៉ាង​ណា ​នៅ​ថ្ងៃ​នេះ​ រុស្ស៊ី​បាន​ប្តេជ្ញា​បន្ត​ទម្លាក់​គ្រាប់​ត​ទៅ​ទៀត ​ហើយ​លោក​បាស្ឆា អាល់អាសាធ ​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ​មាន​ទំនុក​ចិត្ត​លើ​រុស្ស៊ី ក្នុង​ការ​ស្រោចស្រង់​តំបន់​ទាំង​មូល។

ទាហានរុស្ស៊ី​ កំពុង​តែរៀបចំ​​ដាក់គ្រាប់ មុន​នឹង​ហោះទៅ​ប្រតិបត្តិការ​ទម្លាក់​ ថ្ងៃទី​ ១ តុលា​ ២០១៥
ទាហានរុស្ស៊ី​ កំពុង​តែរៀបចំ​​ដាក់គ្រាប់ មុន​នឹង​ហោះទៅ​ប្រតិបត្តិការ​ទម្លាក់​ ថ្ងៃទី​ ១ តុលា​ ២០១៥ REUTERS/Reuters TV/Pool
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ ពី​ភ្នាក់ងារ​ឃ្លាំមើល​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី​​ ​បាន​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​​រុស្ស៊ី ​បាន​ទម្លាក់​គ្រាប់​ទៅលើ​តំបន់​រ៉ាខា​ ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម យ៉ាងដំណំ។ ដូច​គ្នា​ដែរ ​លោក​មេទ័ព​អាកាស​រុស្ស៊ី ​អង់ដ្រេ ការតាប៉ូឡូវ ​បាន​បញ្ជាក់​ផង​ដែរ​ថា ​គិត​មក​ត្រឹម​ពេល​នេះ​ កងទ័ព​រុស្ស៊ី​​បាន​ទម្លាក់​គ្រាប់​ចំនួន ​៦០​លើក​ ដោយ​បាន​កម្ទេច​ទីតាំង​របស់​ក្រុម​ជីហាដ​ចំនួន​ ៥០​កន្លែង ​និង​បាន​ធ្វើ​ឲ្យ​ក្រុម​កម្លាំង ​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ ​ បាក់​ទ័ព​ រត់​ខ្ចាត់ខ្ចាយ​ចំនួន​៦០០​នាក់។

 
ទោះ​បី​ជា​យ៉ាងណា ​ដំណឹង​ទាំង​នេះ ​គេនៅ​មិន​ទាន់​ជឿ​ច្បាស់​ ថា​វា​ជា​ការ​ពិត​ រឺ​ក៏​គ្រាន់​តែ​ជា​សម្តី​អួត​របស់​មេទ័ព​រុស្ស៊ី​តែ​ប៉ុណ្ណោះ។ បើ​ផ្អែក​តាម​​បណ្តាញស៊ើបការណ៍​របស់​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ទាំង​អម្បាល​ម៉ាណ​របស់​រុស្ស៊ី​ គិត​ពី​ថ្ងៃ​ពុធ​មក គឺ​មាន​ភាគ​តិច​ណាស់​ ដែលបាន​វាយ​ទៅ​លើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ផ្ទុយ​ទៅវិញ​ មួយ​ផ្នែក​ធំ​ គឺ​បានធ្លាក់​ទៅ​លើ​ប្រជាជន​ស្លូតត្រង់​ និង​ក្រុម​ឧទ្ទាម​កណ្តាល​និយម​ ​ដែល​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​បាស្ឆា អាល់​អាសាដ។

ជា​ការ​​ពិត​​ណាស់ អន្តរាគមន៍​ចេញ​មុខ​ចេញ​មាត់​ របស់​រុស្ស៊ី ​បាន​ធ្វើ​ឲ្យ​អាមេរិក ​ក៏​ដូចជា​បារាំង ​អាល្លឺម៉ង់ ​មាន​ការ​មិន​ទុកចិត្ត​ទាល់តែ​សោះ។ ពួក​គេ​សង្ស័យ​ថា​ រុស្ស៊ី​ចង់​មក​ការពារ​របប​ផ្តាច់ការ​របស់​បាស្ឆា អាល់អាសាដ ​ដោយ​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ជីហាដ​អ៊ីស្លាម​ផង​ ​និង​ទៅ​លើ​ក្រុម​ឧទ្ទាម​កណ្តាល​និយម​ស៊ីរី​ផង។ ក្រោយ​ការ​ប្រជុំ ​ជាមួយ​បារាំង​និង​អាល្លឺម៉ង់​ រុស្ស៊ី​បាន​បញ្ជាក់​គោល​ជំហរ​គេ​ថា ​គេ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ភេរវករ​ទាំង​អស់​ ដោយ​ឥត​​រើស​មុខ។ ខាង​រុស្ស៊ី​ថែម​ទាំង​បាន​ចំអក​ ឲ្យ​បារាំង ​និង​អាមេរិក​ ថា​ចង់​ការពារ​ក្រុម​ឧទ្ទាម​កណ្តាល​និយម​ តែ​ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​គេ​សួរ​​ថា ​ភាព​ខុស​គ្នា​រវាង​ក្រុម​ឧទ្ទាម​នេះ ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ខុស​គ្នា​ត្រង់​ណា ឆ្លើយ​មិន​ទាំង​ចេញ​ផង។

ទោះ​បី​ជា​បារាំង​ថា​ទេ ​អាមេរិក​ថា​កុំ ​ តែ​រុស្ស៊ី​បាន​ប្តេជ្ញាចិត្ត​រួច​ទៅ​ហើយ ​ គឺ​ការពារ​របប​ផ្តាច់ការ​បាស្ឆា អាល់អាសាដ ​ឲ្យ​ដល់​ទី​បំផុត។ ព្រោះ​នេះ​ជា​ឈ្នាន់​មួយ ​ដើម្បី​ឲ្យ​រុស្ស៊ី ​បាន​ឈរ​ជើង​នៅ​តំបន់​ដើមបូព៌ា ​ ហើយ​មួយ​ទៀត​ បើ​សិន​ជា​រុស្ស៊ី ​អាច​យក​ជ័យ​ជំនះ ​កម្ទេច​ក្រុម​ជីហាដ​បាន ​នោះ​រុស្ស៊ី​ប្រាកដ​ជា​រីក​មុខ​ ដូច​គ្រាប់​ជី​ជាក់​ជា​មិន​ខាន​ទេ។ ចំណែក បាស្ឆា ​អាល់អាសាដ ​ដែល​សំងំ​ចាំ​ដល់​ដង្ហើម​ចុង​ក្រោយ ​ពេល​នេះ​កំពុង​មាន​ទឹក​មាត់​លេប​ឡើង​វិញ ​ក្រោយ​អន្តរាគមន៍​ជួយ​របស់​រុស្ស៊ី។ រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​បាស្ឆា ​បាន​ផ្តល់​បទ​សម្ភាសន៍ ​ឲ្យ​ទូរទស្សន៍​អ៊ីរ៉ង់​ ដោយ​បាន​អំពាវនាវ ​ឲ្យ​មហា​អំណាច​ទាំង​អស់ ​ផ្តល់​ក្តី​សង្ឃឹម ​និង​ការ​ទុក​ចិត្ត​លើ​រុស្ស៊ី​ ក្នុង​ការ​ស្រោចស្រង់​ស្ថិរភាព​តំបន់​ទាំង​មូល។ តែ​គួរ​ឲ្យ​អស់​សំណើច​ដែរ ​ព្រោះ​ថា ​បើ​បាស្ឆា អាល់អាសាដ ​ចង់​ពន្លត់​ភ្លើង​សង្រ្គាម​ ក្នុង​តំបន់ ​គួរ​ណា​តែ​ព្រម​ចុះចេញ​ពី​ដំណែង​​តាម​ការ​ទាមទារ​របស់​ប្រជាជន​ យូរ​ណាស់​ហើយ ​មិនមែន​នៅ​ក្រាញ​អំណាច​រហូត​ដល់​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ