អានតួអត្ថបទ
បារាំង-ដើមបូព៌ា

ទស្សនកិច្ច​នៅតំបន់​ដើមបូព៌ា​ របស់នាយក​រដ្ឋមន្ត្រី​បារាំង

លើក​ទីមួយ​សម្រាប់​ លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង ​ម៉ានុយអ៊ែល វ៉ាល់ស៍ ​ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច ​នៅ​ តំបន់​ដើមបូព៌ា។ ក្នុងរយៈ​ពេល​៤ថ្ងៃ​ លោក ​នាយករដ្ឋមន្រ្តី​បារាំង​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ ប្រទេស ​អេហ្ស៊ីប ​អារ៉ាប៊ីសាអ៊ូឌីត ​និង​ប្រទេស​ហ្សកដានី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​ ប្រធានបទ​សំខាន់ ​គឺ​សំដៅ​ចរចា​ពី​កិច្ច​សន្យា ​ទិញ​លក់​សម្ភារៈ​យោធា​របស់​បារាំង ​មាន​ដូច​ជា​នាវា និង​យន្តហោះ​​រ៉ាហ្វាល់​ជាដើម។ ក្រៅពី​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ក៏​នឹង​ពិភាក្សា​ផងដែរ​ ពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​វិបត្តិ​សង្រ្គាម​ នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​រញ្ជួយ​ស្ថិរភាព ​តំបន់​ដើមបូព៌ា​ទាំង​មូល។

លោក ម៉ានុយអែល វ៉ាលស៍ នាយករដ្ខមន្ត្រីបារាំង
លោក ម៉ានុយអែល វ៉ាលស៍ នាយករដ្ខមន្ត្រីបារាំង Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ចាប់​ផ្តើម​ លោក ​ម៉ានុយអ៊ែល ​វ៉ាលស៍ ​នាយក​រដ្ឋមន្ត្រី​បារាំង ​នឹង​អញ្ជើញ​បាយ​ថ្ងៃ​ត្រង់​ ជាមួយ​នឹង​លោក​ប្រធានាធិបតី ​អេហ្ស៊ីប ​អាប់ឌែល ​ហ្វាតា ​អាល់ស៊ីស៊ី ​ហើយ​ក្នុង​ពេល​រសៀល ​នឹង​ជួប​ពិភាក្សា ​ជាមួយ​​នឹង​នាយក​រដ្ឋមន្ត្រី​អេហ្ស៊ីប ​ឆេរីហ្វ អ៊ីស្មាយ។ ទស្សនកិច្ច​របស់​លោក ​នាយក​រដ្ឋមន្ត្រី​បារាំង​ នៅ​អេហ្ស៊ីប​ សង្កត់​ធ្ងន់​ ទៅ​លើ​កិច្ច​សន្យា​ទិញ​នាវា​មីស្ត្រាល់ ​ពីរ​គ្រឿង​ របស់​បារាំង ​ដែល​អេហ្ស៊ីប ​សុំ​ទិញ​យក ​បន្ទាប់​ពី​បារាំង ​ប្តូរ​ចិត្ត​ លែង​លក់​ទៅ​ឲ្យ​រុស្ស៊ី។

 
នាវា​​មីស្រ្តាល់​​ពីរ​គ្រឿង​នេះ ​បារាំង​លក់​ទៅឲ្យ​អេហ្ស៊ីប​ ក្នុង​តម្លែ ​៩៥០​លាន​អឺរ៉ូ ​ក៏​ប៉ុន្តែ​កិច្ច​សន្យា​ នៅ​មិន​ទាន់​ចុះ​ហត្ថលេខា​ជា​ស្ថាពរ​ទេ ​ដោយសារ​នៅ​មាន​សេស​សល់​ចំណុច​មួយ​ចំនួន ​ដែល​ត្រូវ​ពិភាក្សា​គ្នា។ គួរ​រំលឹក​ដែរ​ ថា​កាល ​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ អេហ្ស៊ីប ​បាន​ទិញ​​យន្តហោះ​រ៉ាហ្វាល់​បារាំង​ចំនួន​ ២៤​គ្រឿង ​ដែល​គិត​ជា​ទឹក​ប្រាក់​ ស្មើ​នឹង​ ជាង​៥ពាន់​លាន​អឺរ៉ូ។ ក្រៅពី​កិច្ច​សន្យា​សម្ភារៈ​យោធា​ទាំង​នេះ​ អេហ្ស៊ីប ​មាន​បំណង ​ពង្រីក​បណ្តាញ​រថភ្លើង​ក្រោមដី ​នៅ​ទីក្រុង​គែរ ​ ដែល​ក្រុមហ៊ុន​បារាំង​ ធ្លាប់​បាន​ទទួល​ការងារ​រួច​មក​ហើយ។

ខុទ្ទកាល័យ​លោក ​ម៉ានុយអ៊ែល ​វ៉ាលស៍ ​បាន​បញ្ជាក់​ផងដែរ​ថា ​លោក​នាយករ​ដ្ឋមន្ត្រី ​នឹង​លើក​ឡើង​ផង​ដែរ ​ ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​អេហ្ស៊ីប ​ដែល​រដ្ឋាភិបាល​នេះ ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​ញឹក​ញយ ​ ថា​បាន​ប្រើ​អំណាច​ផ្តាច់ការ ​ កម្ចាត់​ក្រុម​អតីត​ប្រធានាធិបតី​អេហ្ស៊ីប ​មូហាម៉េដ ម៉កស៊ី។

បន្ទាប់​ពី​អេហ្ស៊ីប ​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ​នឹង​បន្ត​ដំណើរ​ទៅ ​អារ៉ាប៊ីសាអ៊ូឌីត ​ជា​ទី​ដែល​លោក ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​គាល់ ​ព្រះចៅ ​សាល់ម៉ាន់។ តាម​ប្រភព ​ពី​អ្នក​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ​ នឹង​ឆ្លៀត​ឱកាស​នេះ ​ដើម្បី​ស្នើរ​សុំ​ការ​ប្រោស​ព្រះ​រាជ​ទាន​ លើក​លែង​ទោស ​ដល់​យុវជន​អ៉ារ៉ាប៊ីសាអ៊ូឌីត​អាយុ ​១៧​ឆ្នាំ ​ឈ្មោះ ​អាលី អាល់ នីមរ៍ ​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត​ ដោយសារ​តែ​បាន​ចូលរួម​ធ្វើ​បាតុកម្ម ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត។

ចំណែក​នៅ​ប្រទេស​ហ្សកដានី​ លោក​នាយក​រដ្ឋមន្ត្រី​បារាំង ​មាន​បំណង​ទៅ​ត្រួត​ពិនិត្យ​ជុំរំ​ជន​ភៀស​ខ្លួន​ស៊ីរី ​និង​ជន​ជាតិ​អ៊ីរ៉ាក់ ​ដែល​បាន​រត់​គេច​ពី​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម។ នៅ​ហ្សកដានី ​មាន​ជន​ភៀសខ្លួន​ស៊ីរី​ ចំនួន ៦៥​ម៉ឺន​នាក់។ នៅ​ហ្សកដានី ដែរ​ បារាំង ​ក៏​បាន​តាំង​មូលដ្ឋាន​ទ័ព​អាកាស​របស់​ខ្លួន​ផង​ដែរ​ ដែល​ជា​បេសកកម្ម ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​អ៊ីរ៉ាក់ ​និង​នៅ​ស៊ីរី។ យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ប្រដេញ ​ទម្លាក់​គ្រាប់បែក​​ជា​ច្រើន​គ្រឿង​របស់​បារាំង ​គឺ​មាន​មូលដ្ឋាន​ចុះ​ចត​ ​នៅក្នុង​ទឹក​ដី​ហ្សកដានី ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​អ៊ីរ៉ាក់ ​និង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ