អានតួអត្ថបទ
តួកគី-បោះឆ្នោត

បោះឆ្នោត​នៅ​តួកគី ​ក្នុង​បរិយាកាសតានតឹង

ថ្ងៃអាទិត្យ ​ទី១ វិច្ឆិកា​នេះ ​ នៅ​ប្រទេស​តួកគី​ មាន​រៀប​ចំ​ការ​បោះឆ្នោត​សភា ​ ព្រម​ទាំង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ​នេះគឺ​ជា​ការ​បោះឆ្នោត ​មុន​ពេល​កំណត់ ​ដោយសារ​តែ​ ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា ​គណបក្ស ​អា កា ប៉េ ​(AKP)​ របស់​លោក​ប្រធានាធិបតី​ អ៊ែកដូហ្កាន់ ​ដែល​ឈ្នះឆ្នោត​ តែ​មិន​គ្រប់​សម្លេង​ភាគ​ច្រើន ​ហើយ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន។ តួកគី ​កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ ​នៃ​ការ​បែកបាក់​ផ្ទៃ​ក្នុង​ ដោយសារ​តែ​ការ​ដឹកនាំ​កាន់តែ​ផ្តាច់​ការ​ទៅៗ ​របស់​ប្រធានាធិបតី ​អ៊ែក ដូហ្កាន់ ​ព្រម​ជា​មួយ​នឹង​ចលនា​បះបោរ ​កាន់តែ​ខ្លាំង​ឡើង​ ពី​សំណាក់​សហគមន៍​ជនជាតិ​ គួដ។ ភេរវកម្ម​កាល​ពី​ថ្ងៃ​ ១០​ តុលា​កន្លង​ទៅ ​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ ជាង​១០០​នាក់ ​គឺជា​សក្ខីភាព ​នៃ​អសន្តិសុខ ​និង​ចលាចល​នយោបាយ ​ហើយ​អ្នក​ដែល​កំពុងតែ​ក្រេប​យក​ផល​ប្រយោជន៍ ​គឺ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

លោក អ៊ែកដូហ្កាន់ ប្រធានាធិបតី កំពុង​ដាក់សន្លឹក​ឆ្នោត​ ចូលទៅ​ក្នុង​ប្រអប់​ឆ្នោត​ ថ្ងៃ​ទី ១ វិច្ឆិកា​ ២០១៥
លោក អ៊ែកដូហ្កាន់ ប្រធានាធិបតី កំពុង​ដាក់សន្លឹក​ឆ្នោត​ ចូលទៅ​ក្នុង​ប្រអប់​ឆ្នោត​ ថ្ងៃ​ទី ១ វិច្ឆិកា​ ២០១៥ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

តួកគី ​ កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ​ ហើយ​ការ​បោះឆ្នោត​នេះ ​ទៀតសោត​​ ​ ​គឺ​ជា​លទ្ធផល​ នៃ​បរាជ័យ​ របស់​លោក​ប្រធានាធិបតី​តួកគី ​អ៊ែកដូហ្កាន់ ​នេះ​តែម្តង។ បរិយាកាស កាន់តែ​​តឹង​តែង ​​និង​​មិន​​ប្រាកដ​ប្រជា ជាង​នេះ​ទៅទៀត​ គឺ​ដោយសារ​តែ​អសន្តិសុខ ​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ នៅ​​កណ្តាល​​ក្រុង​​អ៊ីស្តង់ប៊ូល ​​កាល​​​ពី​​ថ្ងៃ​​​ទី ​១០​តុលា ​កន្លង​ទៅ​នេះ ​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ​១០២​នាក់។

មហិច្ឆិតា​ចង់​ដឹកនាំ​តួកគី​តែ​ម្នាក់ឯង​ របស់​លោក អ៊ែកដូហ្កាន់ ​កំពុងតែ​រលាយ?
ការ​បោះឆ្នោត​ នៅ​ថ្ងៃ​ទី១​ វិច្ឆិកា​នេះ ​ជា​ការ​បោះឆ្នោត ​មុន​ពេល​កំណត់ ​ដោយសារ​តែ​ការ​បោះឆ្នោត​ កាល​ពី​​ខែ​មិថុនា​កន្លង​ទៅ ​ គណបក្ស ​ AKP ​ដែល​ជា​គណបក្ស​អភិរក្ស​និយម​ របស់​លោក​អ៊ែកដូហា្កន់ ​បាន​ទទួល​សម្លេង​ឆ្នោត ​តែ​៤០,៦% ​ដែល​វា​មិន​គ្រប់​បាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា ​ ហើយ​មិន​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។ ក្រោយ​មក​ការ​ចរចា​ បង្កើត​រដ្ឋាភិបាល​ចម្រុះ ​ ជាមួយ​គណបក្ស​ផ្សេងៗ​ គឺ​ចេះ​តែ​បរាជ័យ ​ទើប​បាន​ជា​មាន​ការ​បោះឆ្នោត​ជាថ្មី នៅ​ថ្ងៃ​ទី​ ១វិច្ឆិកា​នេះ។

ការបោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ​ គណបក្ស ​AKP ​របស់​លោក ​អ៊ែក​ដូហ្កាន់ ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​នឹង​បាន​សម្លេង​ភាគ​ច្រើន ​នៅ​ក្នុង​សភា ​ដើម្បី​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង។ គណបក្ស​នេះ ​ដឹកនាំ​តួកគី ​តែ​ម្នាក់​ឯង​ អស់​រយៈ​ពេល ​១៣​ឆ្នាំ​ហើយ​ ទើប​តែ​នៅ​ខែ​មិថុនា​ មុន​នេះទេ​ ដែល​ការ​គាំទ្រ​បាន​ថយ​ចុះ ​ហើយ​គេ​ឃើញ​គណបក្ស​ ប្រជាធិបតេយ្យ​និយម​គួដ ​ហៅ​កាត់​ថា​ HDP ​បាន​កើន​សម្លេង​ខ្លាំង ​រហូត​មាន​តំណាងរាស្ត្រ​ ដល់​ទៅ ​៨០​នាក់ ​នៅ​ក្នុង​សភា។
 

លោក ប្រធានាធិបតី តួកគី Recep Tayyip Erdogan នៅថ្ងៃខួប​សាធារណរដ្ឋ​តួកគី ថ្ងៃ​ទី ២៩ តុលា ២០១៥
លោក ប្រធានាធិបតី តួកគី Recep Tayyip Erdogan នៅថ្ងៃខួប​សាធារណរដ្ឋ​តួកគី ថ្ងៃ​ទី ២៩ តុលា ២០១៥ REUTERS/Umit Bektas

តាម​ការ​ស្ទាបស្ទង់​ស្ថិតិ ​គណបក្ស ​AKP​ របស់​លោក ​អ៊ែក ដូហ្កាន់ ​ប្រហែល​ជា​អាច​បាន​សម្លេង​ឆ្នោត​ មិន​លើស​ពី ​៤៣%​​ទេ ​ពោល​គឺ​នៅតែ​មិន​គ្រប់​សម្លេង​ភាគ​ច្រើន​ដដែល។ គេ​មិន​ទាន់​ដឹង​ថា ​លោក​ អ៊ែកដូហ្កាន់ ​នឹង​ជ្រើសរើស​គណបក្ស​ណា​មួយ​មក​ធ្វើការ​ជា​មួយ​ទេ ​ តែ​បើ​តាម​ការ​ស្មាន ​ លោក ​ដូហ្កាន់ ​គ្មាន​ថ្ងៃ​ព្រម​ធ្វើការ​ ជាមួយ​ក្រុម​អ្នក​និយម​ជនជាតិ​គួដ​ទេ ​គឺ​លោក​ពិត​ជា​ទៅ​ចរចា​ ជាមួយ​គណបក្ស​ស្តាំ​និយម​មួយ​ទៀត​ ជា​គណបក្ស​ជាតិ​និយម​ឈ្មោះ MHP។

អំនួត ក្អេងក្អាង អំណាច​ មាស​ប្រាក់ ​ កំពុង​បំពុល​លោក​ អ៊ែក ដូហ្កាន់៖
បើ​យើង​និយាយ​ពី​ភាព​ជោគជ័យ ​របស់​លោក​ អ៊ែកដូហ្កាន់ ​កន្លង​មក​ គឺ​បាន​មក​សឹងតែ​ទាំង​ស្រុង ​​ដោយសារ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ​របស់​តួកគី។ តាម​ពិត​វា​មិនមែន​ជា​ស្នាដៃ ​អស្ចារ្យ​អី ​របស់​លោក ​ប្រធានាធិបតី ​អ៊ែកដូហ្កាន់ ​តែ​ម្នាក់​ឯង​ទេ ​ តែ​វា​ជា​កាលៈទេសៈ​សេដ្ឋកិច្ច​ពិភពលោក​ទូទៅ ​ដែល​ស្ទុះ​ឡើង​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ​និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជាមួយ​ចិន ​និង​ជាមួយ​សហភាព​អឺរ៉ុប។

ផ្តើម​ចេញ​ពី​កូន​អ្នក​ក្រីក្រ ​មិន​បាន​រៀន​សូត្រ​បាន​ច្រើន ​លោក ​អ៊ែកដូហ្កាន់ ​បាន​ចូល​ធ្វើ​នយោបាយ​ បន្ទាប់​មក​ក្លាយ​ជា​ចៅហ្វាយ​ក្រុង ​អ៊ីស្តង់ប៊ូល ​ហើយ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ​មុន​នឹង​ធ្វើ​ជា​ប្រធានាធិបតី​តួកគី​ ៣ ​អាណត្តិ​ជាប់​គ្នា។ ជោគជ័យ​ទាំង​អស់​នេះ​ បាន​ធ្វើ​ឲ្យ​គេ​សង្កេត​ឃើញ​ថា ​លោក អ៊ែកដូហ្កាន់ ​កាន់​តែ​មាន​អំនួត ​ហើយ​ក្អេងក្អាង ​កាន់តែ​ខ្លាំង​ឡើងៗ។ អ្វី​ដែល​លោក​ ស្រមៃ​នោះ ​គឺ​ថា​ចង់​កាន់​តំណែង ​ឲ្យ​ដល់​ឆ្នាំ​២០២៣ ​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ ​នៃ​សាធារណរដ្ឋ​តួកគី​ តែ​ម្តង។ អំនួត ​ការ​ប្រើប្រាស់​អំណាច​ផ្តាច់ការ ​ជា​រឿង​មួយ​ហើយ ​ តែ​រឿង​មួយ​ទៀត​ គឺ​គេ​សង្កេត​ឃើញ​ថា​គាត់​កំពុង​ឈ្លក់ ​ជាមួយ​នឹង​អំណាច​ មាសប្រាក់ ​តួយ៉ាង ​​លោក​បាន​បញ្ជា ​ឲ្យ​សាង​សង់​វិមាន​ប្រធានាធិបតី​ថ្មី ​ចំណាយ​លុយ​រដ្ឋ​អស់​ ៥០០​លាន​អឺរ៉ូ។

រវើរវាយ​នឹង​អតីតកាល​នៃ​អាណាចក្រ ​អុតូម៉ង់​ហើយ ​ចង់​កម្ចាយ​ជនជាតិ​គួដ៖
បញ្ហា​ដែល​ចោទ​ខ្លាំច​ជាង​គេ ​ក្នុង​វិបត្តិ​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោក ​អ៊ែកដូហ្កាន់ ​ គឺ​វិបត្តិ​ ជាមួយ​ក្រុម​ជនជាតិ​គួដ​នេះ​ឯង។ ដើម្បី​ងាយ​យល់ ​គឺ​យើង​ត្រូវ​ដឹង​ពី​ភូមិសាស្ត្រ​នយោបាយ​ទូទៅ ​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ ជនជាតិ​គួដ ​ គឺ​មាន​នៅ​រាយប៉ាយ ​នៅ​អ៊ីរ៉ាក់​ផង ​ នៅ​ស៊ីរី​ផង ​ និង​នៅ​តួកគី​ផងដែរ។ ប្រជាជន​តួកគី ​ប្រហែល​ជា​២០% ​គឺ​ជា​ជនជាតិ​គួដ ​ដែល​ភាគច្រើន​ គឺ​នៅ​តំបន់ភ្នំ​ភាគ​អាគ្នេយ៍​ប្រទេស​​ជាប់​នឹង​ស៊ីរី​តែ​ម្តង។ ក្រុម​អ្នក​តស៊ូ​គួដ​ ដែល​មាន​សំខាន់​ គឺ​គណបក្ស​ពលករ​គួដ​នេះ​ឯង ​បាន​ធ្វើការ​តស៊ូ ​ទាមទារ​អធិតេយ្យ ​ពី​តួកគី​តាំង​ពី​ឆ្នាំ​១៩៨៤​មក​ម្លេះ។
 

បាតុកម្ម​របស់​ជនជាតិ​គួដ កាល​ពី​ថ្ងៃ​ទី២១ មីនា ២០១៣ ទាមទារ​ឲ្យដោះលែងមេដឹក​នាំ​ចលនា​តស៊ូគួដ​នៅ​តួកគី ដែល​ត្រុវ​រដ្ឋាភិបាល​លោក អ៊ែកដូហ្កាន់​ ចាប់ដាក់គុក
បាតុកម្ម​របស់​ជនជាតិ​គួដ កាល​ពី​ថ្ងៃ​ទី២១ មីនា ២០១៣ ទាមទារ​ឲ្យដោះលែងមេដឹក​នាំ​ចលនា​តស៊ូគួដ​នៅ​តួកគី ដែល​ត្រុវ​រដ្ឋាភិបាល​លោក អ៊ែកដូហ្កាន់​ ចាប់ដាក់គុក REUTERS/Umit Bektas

ស្ថានការណ៍​កាន់តែ​ឡើង​អាសន្ន​សម្រាប់​រដ្ឋាភិបាល​តួកគី ​ គឺ​បន្ទាប់​ពី​ផ្ទុះ​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ និង​នៅ​ស៊ីរី។ ក្រុម​គួដ​នៅ​ស៊ីរី ​កំពុង​ធ្វើ​ការ​ប្រយុទ្ធ ​ហើយ​អ្វី​ដែល ​ប្រធានាធិបតី​អ៊ែកដូហ្កាន់ ​ខ្លាច​ គឺ​ថា​ ខ្លាច​ក្រុម​គួដ​ស៊ីរី​ ដណ្តើម​បាន​ដែនដី​នៅ​ខាង​ជើង​ស៊ីរី ​ រួច​មក​ត​ភ្ជាប់​ ជាមួយ​ខេត្ត​តួកគី ​ដែល​សំបូរ​ជន​ជាតិ​គួដ​រស់​នៅ។ អញ្ចឹង​ហើយ ​ បាន​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គេ​ឃើញ​កាន់​តែ​ច្បាស់​ថា ​ លោក​អ៊ែកដូហ្កាន់ ​ហេតុ​តែ​ចង់​កម្ចាយ​ក្រុម​អ្នក​តស៊ូ​គួដ ​ សុខចិត្ត​ បណ្តោយ​ឲ្យ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ពង្រីក​មូល​ដ្ឋាន​នៅ​ភាគ​ខាង​ជើង​ស៊ីរី ​ ដើម្បី​ផ្តាច់​ផ្លូវ​ កុំឲ្យ​ក្រុម​គួដ​ស៊ីរី ​និង​​ក្រុម​គួក​តួកគី ​នៅ​ជាប់​គ្នា។

ប្រើប្រាស់ ​ភេរវកម្ម​ អសន្តិសុខ ​ដើម្បី​កេង​ចំណេញ​នយោបាយ៖
អសន្តិសុខ ​ និង​ចលាចល ​បាន​កើត​មាន​មុន​ពេល​បោះឆ្នោត​ទៅ​ទៀត។ ជាក់​ស្តែង​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី ​១០តុលា ដែល​បាន​កើត​ឡើង ​ក្នុង​ពេល​មាន​បាតុកម្ម​ ជួបជុំ​របស់​ក្រុម​អ្នក​គាំទ្រ​សហគមន៍​ ជន​ជាតិ​គួដ។ ​បើទោះ​បី​ជា​ភេរវកម្ម​នេះ ​មិនមែន​ជា​កំហុស​ផ្ទាល់​របស់​រដ្ឋាភិបាល​លោក ​អ៊ែកដូហ្កាន់ ​ក៏​វា​ជា​កំហុស​ដោយ​ប្រយោល​មួយ​ដែរ​ ព្រោះ​រដ្ឋាភិបាល​គាត់​ ​អសមត្ថភាព ​មិន​អាច​បញ្ជៀស​ភេរវកម្ម​នេះ​បាន។

ប៉ុន្តែ​បើតាម​ការ​សន្និដ្ឋាន​ មួយ​ផ្នែក​ទៀត ​ គឺ​វា​អាច​ជា ​ស្នាដៃ ​របស់​កូនចៅ ​លោក​ អ៊ែកដូហ្កាន់ ​ក៏​ថា​បាន។ គណបក្ស​លោក​ អ៊ែកដូហ្កាន់ ​បាន​ឆក់​ឱកាស​ចលាចល ​អសន្តិសុខ​នេះ ​ ដើម្បី​ប្រកាស​ខ្លួន ​ ធ្វើ​ជា​វីរបុរស​ការពារ​តួកគី។ លោក ​អ៊ែកដូហ្កាន់​ ធ្លាប់​ទាំង​បាន​ថ្លែង​ទៀត​ថា ​បើ​តួក​គី​ចង់​បាន​សុខ​សន្តិភាព ​គ្មាន​សង្រ្គាម ​គ្មាន​អំពើ​ហិង្សា ​ គឺ​មានតែ​គណបក្ស ​AKP ​របស់​លោក​តែមួយ​គត់​ ដែល​អាច​ធ្វើ​បាន ​អញ្ចឹង​ត្រូវ​បោះឆ្នោត​ឲ្យ​លោក​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង។ ដោយសារ​តែ​អំពើ​ភេរវកម្ម​នេះ​ដែរ ​រដ្ឋាភិបាល​លោក ​អ៊ែកដូហ្កាន់ ​ដោយ​យក​លេស​ ថា​ដើម្បី​ការពារ​សន្តិសុខ ​ ហាម​មិនឲ្យ​មាន​ការ​ឃោសនា​បោះឆ្នោត​ទូលំ​ទូលាយ​ទេ ​ ជា​ពិសេស​គឺនៅ​តាម​តំបន់​ដែល​មាន​សហគម​ជនជាតិ​គួដ​ រស់​នៅ​ច្រើន។

សរុបមក​ ​លោក ​ប្រធានាធិបតី​ អ៊ែកដូហ្កាន់ ​កំពុង​តែ​ដើរ​ឃ្លាតឆ្ងាយ ​ពី​គោល​ការ​ប្រជាធិបតេយ្យ ​និង​តម្លៃ​សេរី​ របស់​សាធារណរដ្ឋ​តួកគី ​ តាម​រយៈ​ការ​ប្រើ​អំណាច​ផ្តាច់​ការ​របស់​លោក ​ ការ​បង្ខិត​តួកគី​ឲ្យ​ក្លាយ​ជា​ប្រទេស​អ៊ីស្លាម​ផ្តាច់ការ​ បំបិត​មាត់​អ្នក​ប្រឆាំង ​និង​ក្រុម​សហគម​ជនជាតិ​គួដ។ នេះ​នៅ​មិន​រាប់​បញ្ចូល ​ពី​វិបត្តិ​ចំនួន​ជន​ភៀសខ្លួន​ស៊ីរី ​ដែល​មក​នៅ​ ណែនណាន់​តាន់តាប់​លើ​ដី​តួកគី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​សេដ្ឋកិច្ច​តួ​ ក៏​កំពុងតែ​រាំងស្ទះ​ផងដែរ។​ ទាំងអស់​នេះ​ហើយ ​ដែល​វា​កំពុង​តែ​ទាញ​លោក ​អ៊ែកដូហ្កាន់ ​ឲ្យ​ធ្លាក់​ចុះ​ខ្លួន​ឯង ​ ព្រោះ​ថា ​ការ​បោះឆ្នោត​លើក​នេះ ​ប្រជាជន​តួកគី ​ នឹង​មាន​ឱកាស​វិនិច្ឆ័យ ​រក​ខុស​ត្រូវ ​ព្រោះ​គ្មាន​នរណា ​អាច​ទ្រាំ​រស់​ ក្រោម​នឹម​អំណាច​ ផ្តាច់ការ​បាន​ទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ