អានតួអត្ថបទ

វិបត្តិស៊ីរី ៖ តួកគី​ចោទ​រុស្ស៊ី​ថា​មាន​​ឥរិយាបថ​ដូច​ពួក​ភេរវនិយម

នៅ​ថ្ងៃ​ចន្ទ​ទី ១៥​កុម្ភៈ នាយក​រដ្ឋមន្ត្រី​តួកគី លោក អាម៉េត ដាវុតូហ្គូ​ Ahmet Davutoglu​ បាន​​ស្រែក​​ចោទ​ប្រកាន់​រុស្ស៊ីដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ផ្លូវអាកាស​នៅ​ស៊ីរី ​ថាមាន​ជំហរ​និង​ឥរិយាបថ​ ដូច​អង្គការ​ភេរវនិយម​។ ​ពី​​​​ទីក្រុង​គៀវ​ ប្រមុខ​រដ្ឋាភិបាល​តួកគី ​បាន​គំរាម​ថានឹង​ធ្វើ​ការ​វាយប្រហារ​បក​វិញ យ៉ាង​ចាស់​ដៃ។

នាយក​រដ្ឋមន្ត្រីតួកគី លោក Davutoglu និង​សមភាគី​អ៊ុយក្រែន Yatseniuk(ស្តាំ) ធ្វើ​សន្និសិទ​កាសែត​បរិហារ​រុស្ស៊ី
នាយក​រដ្ឋមន្ត្រីតួកគី លោក Davutoglu និង​សមភាគី​អ៊ុយក្រែន Yatseniuk(ស្តាំ) ធ្វើ​សន្និសិទ​កាសែត​បរិហារ​រុស្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

“រុស្ស៊ី​និងអង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី មាន​ទោស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​យ៉ាង​ច្រើន ព្រោះ​ម៉ូស្គូ​និង​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​វាយប្រហារ​សម្លាប់​ជីវិត​ជន​ស៊ីវិល”  ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​តួកគី ក្នុង​សន្និសីទ​កាសែតរួមជាមួយ​សមភាគី​អ៊ុយក្រែន នាទី​ក្រុង​គៀវ​។ សម្រាប់​​អង់ការ៉ា ប្រសិន​បើ​រុស្ស៊ី​នៅ​បន្ត​ប្រកាន់​ឥរិយាបថ​ដូច​អង្គការ​ភេរវនិយម ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ឱ្យ​រត់​ភៀស​ខ្លួន​ទៀត នោះតួកគី​នឹង​វាយ​បក​វិញ​យ៉ាង​ដាច់​ខាត។

ការ​ចោទ​ប្រកាន់​របស់​នាយក​រដ្ឋមន្ត្រី​តួកគី​នេះ សំដៅ​លើ​សកម្មភាព​វាយប្រហារ​ផ្លូវ​អាកាស​​របស់​រុស្ស៊ី​នៅ​ស៊ីរី ដែល​បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​រាប់​សិប​ពាន់​នាក់​សម្រុក​រត់​ចេញ​ទៅកាន់​តំបន់​ជាប់​ព្រំដែន​តួកគី និងធ្លាក់​មក​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​ថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​រុស្ស៊ី​ ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​នឹង​សកម្មភាព​ទម្លាក់​គ្រាប់​បែក​ និង​ការ​ផ្លោង​គ្រាប់​តួកគី បី​ថ្ងៃ​ជាប់​គ្នា ទៅ​លើ​ទីតាំង​​របស់​កង​កម្លាំង​គូដ​​នៅ​ស៊ីរី។

មិន​តែ​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​តួកគី​ ក៏​បាន​បន្ទោស​សហគមន៍​អន្តរជាតិ​ ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​វិបត្តិ​នៅ​ស៊ីរី ព្រោះមិន​ព្រម​បញ្ឈប់​ល្បែង​ការ​ទូតសោះ។

ក្រោយ​បរាជ័យ​នៃ​កិច្ចចរចា​​សន្តិភាព​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស កាលពី​ខែ​មករា សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ព្រម​ទាំង​សម្ព័ន្ធមិត្ត រាប់​ទាំង​តួកគី​ខ្លួនឯង​ផង បាន​ព្រមព្រៀង​គ្នា​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ជំនួប​បន្ទាន់​នា​ទីក្រុង​ម៉ុយនិច​ប្រទេស​អាល្លឺម៉ង់ បញ្ឈប់សកម្មភាព​​យោធា​មួយ​អាទិត្យ និង​បើក​ផ្លូវ​មនុស្សធម៌។

ប៉ុន្តែ​ការ​វាយប្រហារ​នៅ​តែ​បន្ត​ ​មន្ទីរ​ពេទ្យ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​ នៅ​ភាគ​ខាង​ជើង​ស៊ីរី ទើប​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែកនៅ​ថ្ងៃ​នេះ​ ស្លាប់​យ៉ាង​ហោច​៧​នាក់ និង​បាត់​ខ្លួន​៨​នាក់ ដែល​ជា​ទំនង​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​ស៊ីរី​ឬ​រុស្ស៊ី។ ចំណែក​តួកគី​ខ្លួន​ឯង​ក៏​បាន​វាយប្រហារ​លើ​ស៊ីរី​ដែរ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​​កម្លាំង​គួដ​បាក់ទ័ព​ពី​ស៊ីរី​ក្រោម​កាណុង​រុស្ស៊ី និង​លោក​អាសាដ ខិត​ចូល​ជិត​ព្រំប្រទល់​តួកគី​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ