អានតួអត្ថបទ

ក្រុម​ប្រទេស​ផលិត​ប្រេង​ព្រមព្រៀង​បង្កកបរិមាណ​​​បូមប្រេង ដើម្បី​ទប់​តម្លៃ

ក្រុមប្រទេស​អ្នក​ផលិត​ប្រេង​បួន​ប្រទេស អារ៉ាប៊ីសាអូឌីត កាតា រុស្ស៊ី និង​វេណេស៊ុយអេឡាបាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ បង្ក​​ក​ការ​ផលិត​ប្រេង​ឆៅរបស់​ខ្លួន ប្រសិន​បើ​បណ្តា​ប្រទេស​ផលិត​ប្រេងធំៗ​ផ្សេង​ទៀតធ្វើ​តាមដែរ។ ប៉ុន្តែ​លក្ខខណ្​ឌ​នេះ​ទំនង​ត្រូវ​ជាប់​គាំង ព្រោះ​អ៊ីរ៉ង់ កំពុង​ចង់​បង្កើន​ការ​បូម​ប្រេង។

កន្លែង​បូម​ប្រេង​មួយ​នៅ​ប្រទេស​កាតា
កន្លែង​បូម​ប្រេង​មួយ​នៅ​ប្រទេស​កាតា REUTERS/Sergei Karpukhin/Files
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដោយ​ឥត​ព្រៀង​ទុក​មួយ រៀប​ចំ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​១៨​ខែ ​រដ្ឋមន្ត្រី​ក្រសួង​ប្រេង​កាត​ អារ៉ាប៊ីសាអូឌីត រុស្ស៊ី កាតា និង​វេណេស៊ុយអេឡា បាន​ព្រមព្រៀង​គ្នា​កំរិត​បរិមាណ​​​ផលិត​ប្រេង​មួយ​រយៈ​ ដើម្បី​ទ្រទ្រង់​តម្លៃ​ប្រេង​ឆៅ​កុំ​ឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក។ ប្រេង​ឆៅ​ដែលកាលពី​ខែ​មុន បាន​​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​មិនធ្លាប់​មាន​គិត​ចាប់​ពី​១២​ឆ្នាំ​មក​។

រដ្ឋមន្ត្រី​អារ៉ាប៊ីសាអូឌីត សង្ឃឹម​ថា​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នេះ​ហើយ បណ្តា​ប្រទេស​ផលិត​ប្រេងផ្សេង​​នៃ​អង្គការ ឬមិន​មែន​អង្គការ​​OPEP នឹង​ធ្វើ​តាម។ ចំណែក​វេណេស៊ុយអេឡា បាន​សន្យា​ថា​នឹង​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ទៅក្រុង​តេអេរ៉ង់ ដើម្បី​បញ្ចុះ​បញ្ចូលអ៊ីរ៉ាក់ និង​អ៊ីរ៉ង់​ឱ្យ​​​ទទួល​យក​កិច្ចព្រមព្រៀង​នេះ។ ព្រោះ​ប្រទេស​ទាំងពីរ​នេះ ​ជា​តំណាង​ឧបសគ្គ​ដ៏​ចំបង​ជាង​គេ​ ក្នុង​ការកាត់​បន្ថយ​ផលិតផល​ប្រេង​នៅ​លើ​ពិភពលោក។

អ៊ីរ៉ង់ ប្រទេស​ជា​គូ​ប្រជែង​ដោយ​ផ្ទាល់​របស់​អារ៉ាប៊ីសាអូឌីត បាន​បង្ហាញ​ចង់​ដណ្តើម​ចំណែក​មួយ​ភាគ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ចង់​បង្កើនការ​​​ផលិត​​ប្រេង​ នៅ​ឆ្នាំ​នេះ ឱ្យ​ច្រើន​ខ្លាំង ដើម្បី​បង្គប់​ការ​យឺត​យ៉ាវ​​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​ជាប់​ទណ្ឌកម្ម​អន្តរជាតិ។ អ៊ីរ៉ង់​អាច​នឹង​ពិបាក​ទទួល​យក​កិច្ចព្រមព្រៀង ព្រោះ​រុស្ស៊ី​និង​អារ៉ាប៊ីសាអូឌីត បង្កើន​ការ​បូម​ប្រេង​សឹង​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។ ឯអ៊ីរ៉ង់ មាន​សមត្ថភាព​ផលិត​ខ្ពស់​ខ្លាំង​ ដែល​មិន​ទាន់​ប្រើ​ការ​សោះ។

សេចក្តី​សម្រេច​ចិត្ត​ក្រុង​ដូហានេះ​​ទទួល​កា​រ​ស្វាគមន៍​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់ទីផ្សារប្រេង។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ ថ្វី​បើ​សម្រេចចិត្ត​​​បង្កកបរិមាណ​បូមប្រេង ត្រឹម​កំរិត​​ដូច​ខែ​មករានេះ ជា​សញ្ញា​វិជ្ជមាន​មែន​ តែ​​នឹង​មិន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ទេ ព្រោះ​​មាន​សល់ប្រេង​​ក្នុង​ស្តុក​ច្រើនផង ហើយ​កំរិត​ផលិត​ប្រេង​នៅ​ខែ​មករា របស់​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត ជា​បរិមាណ​លើស​តម្រូវការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ