អានតួអត្ថបទ

​​អ៊ីស្រាអែលបើក​ប្រតិបត្តិការ​ផ្លូវអាកាស​លើ​តំបន់​ហ្កាហ្សា​​ប៉ាឡេស្ទីន​

សម្រាប់​យោធា​អ៊ីស្រាអែល ការ​វាយប្រហារ​ផ្លូវ​អាកាស​​លើ​តំបន់​ហ្កាហ្សា​ពេល​នេះ គឺ​ជា​ការ​តប​ត​នឹង​សកម្មភាព​ផ្លោង​គ្រាប់​របស់​ពួក​ហាម៉ាស​។ គ្មាន​ជន​រងគ្រោះ​ដល់​ជីវិត​ទេ ទាំង​ខាង​អ៊ីស្រាអែល ក៏​ដូច​ជា​ប៉ាឡេស្ទីន ប៉ុន្តែ​ភាព​តាន​តឹង​បាន​ឡើង​ដល់​កំរិត។ ការ​ប៉ះទង្គិច​មាន​កាន់​តែ​ច្រើន ចលនា​ហាម៉ាស​ជា​អ្នក​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​បាន​ព្រមាន​​អ៊ីស្រាអែល​កុំ​ឱ្យធ្វើការ​វាយ​លុក។ ប្រជាជន​ហ្កាហ្សា​ដែល​ទើប​ត្រដរ​ងើប​ចេញ​ពី​ភ្លើង​សង្គ្រាម​ឆ្នាំ​២០១៤ កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​សង្គ្រាម​ជា​ថ្មីទៀត។

ក្រុង​មួយ​នៃ​តំបន់​ហ្កាហ្សា​ជាប់​ព្រំដែន​អ៊ីស្រាអែល ខូច​ខាត​ក្នុង​​សង្គ្រាម​ឆ្នាំ​២០១៤
ក្រុង​មួយ​នៃ​តំបន់​ហ្កាហ្សា​ជាប់​ព្រំដែន​អ៊ីស្រាអែល ខូច​ខាត​ក្នុង​​សង្គ្រាម​ឆ្នាំ​២០១៤ RFI/ Murielle Paradon
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក ទាហាន​អ៊ីស្រាអែល​​ដែល​ឈរ​ជើង​នៅ​តាម​បន្ទាត់​សុវត្ថិភាព​ព័ទ្ធ​តំបន់​ហ្កាហ្សា បាននិង​កំពុង​​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​​ការ​ផ្លោង​គ្រាប់​បែក​ត្បាល់​និង​រ៉ុកកែត។ ជា​ការ​ឆ្លើយ​តប​វិញ អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស លើ​ទីតាំង​៥​កន្លែង​របស់​ចលនា​ហាម៉ាស។ នេះ​បើតាម​ប្រភពយោធា​​អ៊ីស្រាអែល ដែល​បាន​បញ្ជាក់​ធ្វើ​ការ​ដៅ​ទិស​តែ​លើ​ពួក​ចលនា​ហាម៉ាស​មួយ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ហាម៉ាស​ បាន​អះអាង​ថាមីស៊ីល​​​អ៊ីស្រាអែលពីរ បាន​ធ្លាក់​ទៅ​លើ​មូលដ្ឋាន​ហ្វឹកហ្វឺន​កងពល​តូច​ នៃ​កងទ័ព​ជីហាត​អ៊ីស្លាម ដែល​ជា​កម្លាំង​អ៊ីស្លាម​ជ្រុល​និយម​ទីពីរ​នៅ​ដែនដី​ប៉ាឡេស្ទីន និង​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ មិន​តែ​ប៉ុណ្ណោះ គ្រាប់​មួយ​បាន​ធ្លាក់​លើ​រោង​ជាង​ជួស​ជុល​ឡាន ដែល​បណ្តាល​ឱ្យ​ជន​ស៊ីវិល​៤​នាក់ ក្នុង​គ្រួសារ​តែ​មួយ​រង​របួស។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពេទ្យ​នៅ​ហ្កាហ្សា។

សូម​បញ្ជាក់​ថា ហេតុការ​ហិង្សា​អ៊ីស្រាអែល ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា​នេះ បាន​ផ្តើម​ផ្ទុះ​ឡើង​វិញ តាំង​ពី​ថ្ងៃ​អង្គារ​ទី ៣ ឧសភា តាម​រយៈ​​ការ​បាញ់​រះ​លើ​​យោធា​អ៊ីស្រាអែលមួយ​​ក្រុម បន្ទាប់​មកការ​បាញ់ត​​គ្នា​កាន់​តែ​សន្ធាប់​ឡើងៗ រហូត​ដល់​ការ​បើក​ប្រតិបត្តិ​ផ្លូវ​អាកាស។

អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​នៅ​តំបន់​ហ្កាហ្សា​ បី​ដង​ហើយ​គិត​ត្រឹម​ពី​ឆ្នាំ​២០០៨មក។ សង្គ្រាម​នៅ​ឆ្នាំ​២០១៤ បាន​បង្ក​គ្រោះ​មហន្តរាយ​យ៉ាង​ខ្លាំង​ ទាំង​សម្ភារៈ​និង​ជីវិត​មនុស្ស។ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់​ គេ​សង្កេត​ឃើញ​បាន​ការ​រំលោភ​ជា​រប៉េះរបោះ ​ដែល​​បណ្តាល​មក​ពី​ក្រុមប្រដាប់​អាវុធ​​- នេះ​បើ​តាម​អ៊ីស្រាអែល។ តែ​លើ​ក​នេះ​អ៊ីស្រាអែល​បាន​ចោទ​ប្រកាន់​ចលនា​ហាម៉ាស​ដែល​ជា​អ្នក​ដឹកនាំ​តំបន់​តែម្តង ថា​ជា​អ្នក​បាញ់​រ៉ុកកែត​មក​លើ​អ៊ីស្រាអែល។

ហេតុដូច្នេះ​ហើយ​បានជា​ទាំង​ពលរដ្ឋ​និ​ង​តំណា​ង​ពិសេស​អង្គការ​សហប្រជាជាតិ​ ប្រចាំ​តំបន់​ដើមបូព៌ា ព្រួយ​បារម្ភខ្លាំង​ និង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​ ដើម្បី​ចៀស​វាង​សង្គ្រាម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ