ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

អ៊ីស្រាអែល-តួកគី៖​បែរមុខ​ដាក់គ្នា​ជា​ថ្មី បន្ទាប់​ពី​បែរ​ខ្នង​ដាក់​គ្នា​អស់​ជាង ៦ឆ្នាំ

 អ៊ីស្រាអែល-តួកគី៖​បែរមុខ​ដាក់គ្នា​ជា​ថ្មី បន្ទាប់​ពី​បែរ​ខ្នង​ដាក់​គ្នា​អស់​ជាង ៦ឆ្នាំ
 
នាវា​តួកគី Mavi Marmara ដឹកជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាលេស្ទីន Photo: Free Gaza movement

បន្ទាប់​ពី​បាន​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​អស់​រយៈពេល​ជាង ៦ឆ្នាំ​មក ប្រទេស​អ៊ីស្រាអែល និង​តួកគី​បាន​យល់​ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​ឡើង​វិញ។ កិច្ចព្រមព្រៀង​អង្គុយ​បែរមុខ​ដាក់​គ្នា​ជា​ថ្មី​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី២៦ មិថុនា​នា​ឱកាស​សន្និសីទ​កាសែត​ដំណាល​គ្នា​ដោយ​ភាគី​តួកគី​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី និង​ដោយ​ភាគី​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ដែល​លោក​នាយរដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​កំពុង​បំពេញ​ទស្សនកិច្ច។ អ្វី​ទៅ​ជា​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល និង​តួកគី​មើល​មុខ​គ្នា​មិន​ចំ និង​ថា ហេតុអ្វី​បាន​ជា​ភាគី​ទាំង​ពីរ​សម្រេច​ត្រឡប់​មក​និយាយ​គ្នា​ជា​ថ្មី​ពេល​នេះ?។

វិបត្តិ​ការទូត​រវាង​អ៊ីសា្រអែល និង​តួកគី​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ២០១០ ពិត​ប្រាកដ​ទៅ​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា។ នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី៣១ ឧសភា ឆ្នាំ ២០១០ កងម្ម៉ង់ដូ​អ៊ីស្រាអែល​មួយ​ក្រុម​បាន​ទម្លាក់​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ​ទៅ​លើ​នាវា​តួកគី​មួយ​ឈ្មោះ Mavi-Marmara ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃទឹកសមុទ្រ​អន្តរជាតិ និង​ដែល​មាន​ដឹក​ពេញ​ដោយ​ជំនួយ​មនុស្សធម៌​សម្រាប់​យក​ទៅ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្កាហ្សា។ ក្រៅ​ពី​ដឹក​ពេញ​ដោយ​ជំនួយ​មនុស្សធម៌​ប្រមាណ​ជា ១០ ០០០តោន នាវា Mavi-Marmara អម​ដោយ​កូន​នាវា​តូចៗ​ជា​ច្រើន​គ្រឿង​ក៏​មាន​ដឹក​សកម្មជន​សិទ្ធិមនុស្ស​ជាង ៧០០នាក់​មក​ពី ៣៦ជនជាតិ​ខុសៗ​គ្នា​ដែរ។

តែ​នៅ​ពេល​ដាក់​ជើង​ជាន់​លើ​នាវា​ Mavi-Marmara នោះ​ភ្លាម កង​កម្ម៉ង់ដូ​អ៊ីស្រាអែល​ក៏​បាន​បើក​ការ​បាញ់​រះ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​សកម្មជន​មនុស្សធម៌​ជនជាតិ​តួកគី​ចំនួន ៩នាក់ ព្រម​ទាំង​មាន​អ្នក​រងរបួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ទីក្រុង​តេឡាវី​បាន​លើក​យក​ហេតុផល​ថា អន្តរាមគមន៍​របស់​កងម្ម៉ង់ដូ​អ៊ីស្រាអែល​ក៏​ដោយ​សារ​តែ​នាវា​មនុស្សធម៌​តួកគី​បាន​រំលោភ​លើ​បម្រាម​បិទ​ខ្ទប់​ការ​ចេញ ចូល​តំបន់​ហ្កាហ្សា​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ថា អន្តរាគមន៍​របស់​ខ្លួន​ជា​រឿង​ស្រប​ច្បាប់។ ចំណែក​អង្គការ​សហប្រជាជាតិ​ដែល​បាន​បើក​ការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១១ ក៏​យល់​ឃើញ​ថា ការ​បិទខ្ទប់​តំបន់​ហ្កាហ្សា​ពី​សំណាក់​អ៊ីស្រាអែល ជា​វិធានការ​សន្តិសុខ​ត្រឹមត្រូវ តែ​ក៏​បាន​ឆ្លៀត​បរិហារ​អ៊ីស្រាអែល​ពី​ការ​ប្រើ​កម្លាំង​ជ្រុលហួសហេតុ។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​ជា​ក្រោម​ហេតុផល​អ្វី​ក៏​ដោយ ក៏​ព្រឹត្តិការណ៍​អន្តរាគមន៍​កងកម្ម៉ង់ដូ​អ៊ីស្រាអែល​លើ​នាវា​តួកគី Mavi Marmara កាល​ណោះ មិន​បាន​ធ្វើ​ឲ្យ​តួកគី​ទប់​កំហឹង​បាន​ទេ។ ទីក្រុង​អង់ការ៉ា​បាន​ទាមទារ​ឲ្យ​ទីក្រុង​តេឡាវី​សម្តែង​ការ​សុំទោស និង​សងជម្ងឺ​ចិត្ត​ជា​លុយ​កាក់​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​តួកគី​ស្លាប់​ទាំង ៩នាក់។ តែ​ដោយ​អ៊ីស្រាអែល​មិនព្រម តួកគី​ក៏​បាន​ចាត់​វិធានការ​បន្ថយ​ទំនាក់ទំនង​ការទូត​ដោយ​បណ្តេញ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ចេញ​ពី​តួកគី ប្តឹង​អតីត​មេ​ទាហាន​អ៊ីស្រាអែល​ចំនួន ៤នាក់​ពី​បទ​ចេញ​បញ្ជា​ឲ្យ​វាយប្រហារ​លើ​នាវា Mavi-Marmara ព្រម​ទាំង​ផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អ៊ីស្រាអែល​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១១។

តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​នោះ​មក តួកគី​បន្ត​រក្សា​ជំហរ​បស់​ខ្លួន​ដោយ​ដាក់​លក្ខខណ្ឌ​ចំនួន ៣ ដល់​អ៊ីស្រាអែល​ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ ទី១ អ៊ីស្រាអែល​ត្រូវ​សម្តែង​ការ​សុំទោស​ជា​សាធារណៈ ទី២ អ៊ីស្រាអែល​ត្រូវ​សង​ជម្ងឺចិត្ត​ជា​ប្រាក់​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ទី៣ អ៊ីស្រាអែល​ត្រូវ​តែ​លើ​ការ​បិទខ្ទប់​លើ​តំបន់​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន​ចេញ​វិញ។ ជា​លក្ខខណ្ឌ​តប​វិញ អ៊ីស្រាអែល​បាន​សុំ​តួកគី​ឲ្យ​បញ្ឈប់​ការ​ប្តឹងផ្តល់​លើ​អតីត​មេ​ទាហាន​អ៊ីស្រាអែល​ទាំង ៤នាក់ សុំ​តួកគី​ឲ្យ​រារាំង​ពួក​ហាម៉ាស់​កុំ​ឲ្យ​វាយប្រហារ​លើ​អ៊ីស្រាអែល ព្រម​ទាំង​ជួយ​និយាយ​ពួក​ហាម៉ាស់​ឲ្យ​បញ្ជូន​សពទាហាន​អ៊ីស្រាអែល​ចំនួន ២នាក់​ស្លាប់​ក្នុង​សង្រ្គាម​ហ្កាហ្សា​ឆ្នាំ ២០១៤ និង​ដោះលែង​ឈ្លើយសង្រ្គាម​អ៊ីស្រាអែល​ចំនួន ២នាក់។

ទីបំផុត លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ចេញ​មុខ​សម្តែង​ការ​សុំ​ទោស​ចំពោះ​ប្រជាជន​តួកគី​ជា​សាធារណៈ​នា​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៣ និង​បាន​យល់ព្រម​សងជម្ងឺ​ចិត្ត​ជា​លុយ​ចំនួន ២០លានដុល្លារ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​តួកគី​ទាំង ៩នាក់​ក្នុង​ឆ្នាំ ២០១៤។ រីឯ​លក្ខខណ្ឌ​ទី៣ ដែល​តម្រូវ​ឲ្យ​លើក​ការ​បិទខ្ទប់​តំបន់​ហ្កាហ្សា​ចេញ​វិញ​មិន​ត្រូវ​បាន​អ៊ីស្រាអែល​ធ្វើ​តាម​ទាំង​ស្រុង​ទេ តែ​បាន​ត្រឹម​បន្ធូរបន្ថយ​ដោយ​យល់​ព្រម​ឲ្យ​មាន​ការ​ដឹកជំនួយ​ទៅ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ទីនោះ។ ចំណែក​សំណើ​របស់​អ៊ីស្រាអែល​ក៏​ត្រូវ​បាន​ភាគី​តួកគី​យល់ព្រម​ដែរ។

សំណួរ​ដែល​ចោទ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១៣ ទើប​យល់ព្រម​ធ្វើ​តាម​សំណើ​របស់​តួកគី?

តាម​ពិត​ទៅ អ៊ីស្រាអែល និង​តួកគី​មិនមែន​ជា​សម្ព័ន្ធមិត្ត​រហូត​ដល់​ចាក់ទឹកមិន​លេច​ទេ តែ​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​តាំង​ពី​ទសវត្ស​ឆ្នាំ ៩០ ដែល​ត្រូវ​ការ​ឲ្យ​មាន​ការ​សហការណ៍​គ្នា​ទៅ​វិញ ទៅ​មក​នៅ​ក្នុង​តំបន់។ អ៊ីស្រាអែល​ត្រូវ​ការ​តួកគី​ជាជាង​តួកគី​ត្រូវ​ការ​អ៊ីស្រាអែល ឬ​និយាយ​ឲ្យ​ស្រួល​យល់ អ៊ីស្រាអែល​មាន​សត្រូវ​ច្រើន​ជាង​តួកគី​នៅ​ក្នុង​តំបន់​ដែល​អ៊ីស្រាអែល​ត្រូវ​ការ​ជំនួយ​គាំទ្រ​ច្រើន​ពី​តួកគី។ គិត​ត្រឹម​ទសវត្ស​ឆ្នាំ ២០០០ ទំនាក់ទំនង​ល្អ​ឥត​ខ្ចោះ​រវាង​អង់ការ៉ា និង​តេឡាវី​មាន​សឹង​នៅ​គ្រប់​វិស័យ ពិសេស​វិស័យ​យោធា​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ដោះដូរ​ព័ត៌មានសម្ងាត់ ព្រម​ទាំង​បើក​សមយុទ្ធ​រួម​គ្នា​ទៀត​ផង។

ក៏​ប៉ុន្តែ តាំង​ពី​អ៊ីស្រាអែល​បាន​បិទខ្ទប់​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន​ក្នុង​ឆ្នាំ ២០០៦ និង​បើក​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ជា​បន្ត​បន្ទាប់​មក សម្តី​ផ្អែមល្ហែម​ក៏​បាន​ប្រែ​ក្លាយ​ជា​សម្តី​គ្រោតគ្រាត​បន្តិច​ម្តងៗ រហូត​ដល់​មើល​មុខ​គ្នា​លែងចំ​តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​នាវា​តួកគី Mavi-Marmara ក្នុង​ឆ្នាំ ២០១០។ ថ្ងៃ​នេះ និង​ជាង ៦ឆ្នាំ​ក្រោយ​មក ស្ថានការណ៍​នៅ​ក្នុង​តំបន់​មាន​ការ​ប្រែប្រួល​ក្នុង​ទិសដៅ​អវិជ្ជមាន ពិសេស​សង្រ្គាមស៊ីវិល​អូសបន្លាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​កំណើន​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​អ៊ីស្រាអែល​កំពុង​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​របស់​ខ្លួន។ សន្តិសុខ​ដែល​អ៊ីស្រាអែល​យល់​ច្បាស់​ថា មិន​អាច​ពឹង​តែ​លើ​កម្លាំង​ខ្លួន​ឯង​តែ​ម្នាក់​បាន​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • តួកគី-អ៊ីស្រាអែល

    លោក​អ៊ែកដូហ្កាន់​ ថា តួកគី​ត្រូវការ​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  • តួកគី-​អ៊ីស្រាអែល

    តួកគី ផ្ទុះ​កំហឹង​ដាក់​អ៊ីស្រាអែល ព្រោះ​របាយការណ៍ អ.ស.ប.

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ