អានតួអត្ថបទ

ពួក​ឧទ្ទាម​កំពុង​ឡើង​កម្លាំង​ ពួក​អង្គការអ៊ីស្លាម​ត្រូវ​បាន​កម្ចាយ នៅ​អាឡិប ប្រទេសស៊ីរី

សម្ព័ន្ធ​ឧទ្ទាម​អ៊ីស្លាម​ ​ កំពុង​ប្តូរ​ស្ថានការណ៍​លើ​សមរភូមិ អាឡិប ក្រុង​សំខាន់​ទីពីរ​របស់​ស៊ីរី ដោយ​អាច​នឹង​ដណ្តើម​​ក្រុង​នេះ ពី​កណ្តាប់​ដៃ​​កងទ័ព​រដ្ឋាភិបាល​ យក​មក​ត្រួតត្រា​វិញ។ ​អាឡិប ក្រុង​យុទ្ធសាស្ត្រ​បំផុត ទាំង​សម្រាប់​ខាង​រដ្ឋាភិបាល ក៏​ដូច​ពួក​ប្រឆាំង។ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ចុងក្រោយ​​សោះ មាន​យុទ្ធជន​​ជាង​៥០០​នាក់ បាន​បាត់​បង់​ជីវិត​លើ​សមរភូមិ​នេះ។

អាគារ​យោធា​ដែល​ពួក​ឧទ្ទាម​ដណ្តើម​បាន​ពី​កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅ​ Alepថ្ងៃទី ៦ សីហា ២០១៦
អាគារ​យោធា​ដែល​ពួក​ឧទ្ទាម​ដណ្តើម​បាន​ពី​កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅ​ Alepថ្ងៃទី ៦ សីហា ២០១៦ Omar haj kadour / AFP
ផ្សាយពាណិជ្ជកម្ម

អាឡិប​ជា​សមរភូមិ​ក្តៅ និង​ហែកហួរ​ក្នុង​សង្គ្រាម​ដ៏​ស្មុគ​ស្មាញ​បំផុត​​តាំង​ពី​ឆ្នាំ​២០១២​មក ម្ខាង​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាមដែល​មាន​ជំនួយ​ពី​ពួក​រណសិរ្ស​ហ្វាតិអាល់ចាម (អតីត​រណសិរ្ស​អាល់ណូស្រា ដែល​ប្រកាសផ្តាច់​ខ្លួន​ចេញ​ពី​អាល់កៃដា) ភាគ​ខាង​លិច​ក្នុង​កណ្តាប់​ដៃ​កងទ័ព​រដ្ឋាភិបាល ដែល​មាន​ជំនួយ​ពី​យុទ្ធជនអ៊ីរ៉ង់​ផង ពី​ពួក​ហេស្បូឡា​លីបង់ផង និងពី​រុស្ស៊ី​ទៀត នាំ​គ្នា​សម្រុក​ប្រយុទ្ធ​គ្នា វាយ​បក​ទៅ​បក​មក​ ម្តង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម ម្តង​ធ្លាក់ក្នុង​កណ្តាប់​ដៃ​កងទ័ព​លោក​អាសាដ។

នៅថ្ងៃសៅរ៍​នេះ បើ​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្សស៊ីរី ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ខ្លាំង កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ នៅ​ម្តុំ​សាលាយោធា ភាគ​ខាងត្បូង​ក្រុង។ ហើយកងកម្លាំង​ឧទ្ទាម មាន​ប្រៀប​ជាង ​​ជាអ្នក​​ដណ្តើមគ្រប់គ្រង​តំបន់​នោះ​បានវិញ។​

ឯ​ចំណែក​នៅ​ភាគ​ខាង​ជើង​និង​ខាង​កើត ក្រុង​អាឡិប​ប្រមាណ​៦០​គីឡូម៉ែត្រ​​វិញ កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដឹកនាំ​ដោយ​យុទ្ធជនអារ៉ាប​ និងគួឌីស្តង់​ គាំទ្រ​ដោយ​បស្ចឹម​លោក កំពុង​យក​ឈ្នះ​​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម បន្ទាប់ពី​វាយ​លុក​សម្រុក​អស់​ជា​ច្រើន​សប្តាហ៍។ អង្គការ​សង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ីរី បាន​បញ្ជាក់​ព័ត៌មាន​​ ប៉ុន្តែ​អះអាង នៅ​មាន​សេសសល់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​លាក់​ខ្លួន​តាម​តំបន់​តូចៗ​។

ជ័យ​ជំនះ​លើ​ពួក​អង្គការ​រដ្ឋអ៊ីស្លាមនេះ ដូច​ជា​បានកាត់​ផ្តាច់​ផ្លូវ​ផ្តល់​ស្បៀង​របស់​ពួកគេ​ដែល​ត​ភ្ជាប់​ទៅ​ក្រុង​រ៉ាខា ក្រុង​ភាគ​ខាង​កើត​បំផុត​របស់​ស៊ីរី ​ជាប់​ព្រំដែន​នឹង​តួកគី។ តែប្រតិបត្តិការ​របស់​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​​​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម តាម​រយៈ​ការ​ទម្លាក់​គ្រាប់​បែក​ ក៏​បាន​ធ្វើ​ឱ្យ​បាត់​បង់ជីវិត​ជន​ស៊ីវិល រាប់​ទាំង​កុមារ​ផង ​មិន​តិច​ជាង​៥៦នាក់​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ