ស៊ីរី ជាប់សង្ស័យ ជាថ្មីថាមានប្រើអាវុធគីមីប្រឆាំងជនស៊ីវិល
របបដឹកនាំស៊ីរីត្រូវបានជាប់សង្ស័យជាថ្មីម្តងទៀត ថាបានប្រើអាវុធគីមី ប្រឆាំងនឹងជនស៊ីវិល នៅតំបន់អាឡិប ដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅ រវាងកងទ័ពរដ្ឋាភិបាលក្រុងដាម៉ាស និងកងកម្លាំងបះបោរឧទ្ទាម។ ដំណឹងនេះបានបង្កបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ដោយផ្តើមដំបូងគេ គឺអង្គការសហប្រជាជាតិ បារាំង និងនៅថ្ងៃនេះ សហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
វ៉ាស៊ីនតោន បានទាញសញ្ញាអាសន្ន នៅថ្ងៃម្សិលមិញ អំពីភាពសង្ស័យឃើញមានប្រើអាវុធគីមីកាន់តែច្រើនៗ នៅស៊ីរី។ ប៉ុន្តែរដ្ឋបាលអាមេរិកមានការប្រុងប្រយ័ត្នខ្លាំង មិនធ្វើសេចក្តីថ្លែងការណ៍ណាមួយ ទាក់ទងនឹងប្រធានបទនេះទេ ហើយក៏បានបដិសេធ មិនបញ្ជាក់ជាផ្លូវការឡើយ ចំពោះព័ត៌មានលេចឮជាច្រើនជុំវិញការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរីលើកនេះ។
អាមេរិក កំពុងសិក្សាត្រួតពិនិត្យព័ត៌មានខាងលើ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស ដែលបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិក មិនចាញ់ អង្គការសហប្រជាជាតិ និង បារាំងឡើយ នៅពេលឮល្ហិចល្ហៀងថាមានការត្រលប់ទៅប្រើអាវុធគីមី នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៅស៊ីរី។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការស៊ីរី ក៏បានសម្តែងការប្រុងប្រយ័ត្នដែរ តែលោកបានអះអាងថាមានភស្តុតាងមួយចំនួនអាចបញ្ជាក់បាន និងដែលគ្រប់គ្នាត្រូវចាប់អារម្មណ៍ភ្លាម ព្រោះជាឧក្រិដ្ឋកម្មសង្គ្រាម។ ប្រមុខការទូតបារាំងវិញ បានបញ្ជូនសេចក្តីថ្លែងការណ៍ទៅអង្គការហាមឃាត់ការប្រើអាវុធគីមី ថា មានតែរបបលោកអាសាដទេ ដែលមានអាវុធប្រភេទនេះ។
បើតាមសហភាពអង្គការសង្គ្រោះនិងព្យាបាល តុល្យការនៃជនរងគ្រោះដោយអាវុធគីមី ក្លរ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ១១សីហា បានឡើងដល់ទៅ៧០នាក់របួស ក្នុង៣៥នាក់ជាកុមារ បីនាក់ស្លាប់ និងម្នាក់កំពុងតាមដាន។
រដ្ឋាភិបាលលោកអូបាម៉ា ជាមួយរុស្ស៊ី បានផ្តួចផ្តើមគំនិតចេញសេចក្តីសម្រេចចិត្តមួយអនុម័តដោយអង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០១៣ គម្រោងរំសាយអាវុធគីមីរបស់ក្រុងដាម៉ាស។ ប្រសិនបើការសង្ស័យ ក្លាយជាការពិតមែន នោះមានន័យថា រដ្ឋាភិបាលរបស់លោក បាស្ហារ អាល់អាសាដ បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ