អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​ស្លាប់​សិស្សសាលា​យ៉ាង​តិច ១០នាក់​នៅ​ក្រោម​គ្រាប់បែក​សម្ព័ន្ធ​អារ៉ាប់

នៅ​ក្នុង​ប្រទេស​យេម៉ែន អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ទម្លាយ​ព័ត៌មាន​មួយ​នា​ថ្ងៃ​អាទិត្យ ទី១៤​សីហា​ថា មាន​សិស្ស​សាលា​យ៉ាង​តិច​បាន​ស្លាប់ និង​របួស​ចំនួន ២៨នាក់​នៅ​ក្រោម​គ្រាប់បែក​របស់​សម្ព័ន្ធអារ៉ាប់​ដែល​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ អង្គការ Unicef បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ផ្លូវការ តែ​កងទ័ព​អារ៉ាប៊ីសាអូឌីត​បាន​អះអាង​ថា ទីកន្លែង​ដែល​កម្លាំង​សម្ព័ន្ធអារ៉ាប់​បាន​ទម្លាក់​គ្រាប់បែក​មិន​មែន​សាលារៀន​ទេ តែ​ជា​ជំរំហ្វឹកហាត់​របស់​ក្រុម​ឧទ្ទាម។

យេម៉ែន៖ស្លាប់សិស្សសាលាយ៉ាងតិច ១០នាក់នៅក្រោមគ្រាប់បែកសម្ព័ន្ធអារ៉ាប់
យេម៉ែន៖ស្លាប់សិស្សសាលាយ៉ាងតិច ១០នាក់នៅក្រោមគ្រាប់បែកសម្ព័ន្ធអារ៉ាប់ MOHAMMED HUWAIS / AFP
ផ្សាយពាណិជ្ជកម្ម

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ផ្លូវអាកាស​របស់​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍ ទី១៣ សីហា​លើ​តំបន់ Haydan កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស្ថិត​ក្បែរ​ព្រំដែន​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ថា ការ​វាយប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​មាន​សិស្ស​សាលា​អាយុ​ក្រោម ១៥ឆ្នាំ​យ៉ាង​តិច ១០នាក់​បាត់បង់​ជីវិត និង​របួស ២៨នាក់​ផ្សេង​ទៀត។ ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​អង្គការ Unicef និង​បន្ថែម​ថា ជន​រងគ្រោះ​ជា​សិស្ស​សាលា​ទាំង​នោះ​មាន​អាយុ​ពី ៦ ទៅ ១៤ឆ្នាំ។

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​លាក់​ព័ត៌មាន​មួយ​នេះ​ក្នុង​រយៈពេល​ខ្លី​មក កម្លាំង​សម្ព័ន្ធអារ៉ាប់​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​នា​ថ្ងៃ​អាទិត្យ ទី១៤ សីហា​ដែល​ឆ្លើយ​បដិសេធ​ថា សាលារៀន​នោះ​មិនមែន​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ទេ និង​ថា គឺ​ជំរំ​ហ្វឹកហ្វឺន​របស់​ក្រុម​ឧទ្ទាម​ទេ​ដែល​ពួក​គេ​បាន​វាយប្រហារ។ ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​របស់​កម្លាំង​សម្ព័ន្ធអារ៉ាប់​រូប​នេះ​ដដែល​ក៏​បាន​ចោទ​ពួក​ឧទ្ទាម​ពី​បទ​បាន​យក​ប្រើ​កូនក្មេង​ជា​កម្លាំង​ប្រយុទ្ធ និង​ជា​ផ្ទាំងស៊ីប​នៅ​លើ​សមរភូមិ។

សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​សម្ព័ន្ធអារ៉ាប់​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ជនស៊ីវិល​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អាទិត្យ ទី១៤ សីហា អង្គការ Unicef បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ជម្លោះ​នៅ​យេម៉ែន​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កន្លែង​មាន​ជនស៊ីវិល​រស់នៅ និង​ការ​យក​ជនស៊ីវិល​ធ្វើ​ជា​ខែល​ផ្ទាំងស៊ីប​នៅ​លើ​សមរភូមិ។

សង្រ្គាមស៊ីវិល និង​អំពើហិង្សា​នៅ​យេម៉ែន​ហាក់​បាន​កើន​ឡើង​ខ្លាំង​នា​ដើម​សប្តាហ៍​នេះ ពោល​តាំង​ពី​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ហ៊ូទីស្ស​រៀបចំ​ក្នុង​ប្រទេស​កូវ៉ែត​រយៈពេល ៣ខែ​កន្លះ​កន្លង​ទៅ​បាន​ទទួល​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ