អានតួអត្ថបទ
ស៊ីរី

បទ​ឈប់បាញ់​​នៅ​ស៊ីរី​ចូល​ជា​ធរមាន​​​តែ​​ពួក​ឧទ្ទាម​មួយ​ចំនួន​បាន​បដិសេធ​មិន​ព្រម​គោរព​តាម​

នៅ​ប៉ុន្មាន​ម៉ោង​មុន​​បទ​ឈប់បាញ់​ចូល​ជា​ធរមាន​នៅ​​ប្រទេស​ស៊ីរី​ នា​​ថ្ងៃ​ចន្ទ​​១២​កញ្ញា​នេះ ​​សំណួរ​ជា​ច្រើន ​បាន​ចោទ​សួរ​ឡើង​តែ​គេ​គ្មាន​ចំឡើយ​ ដូចថា​” តើ​គេ​គោរព​បទ​ឈប់បាញ់​នេះដែរឬ​ទេ ​ឬ​ថា​​តើ​គេ​នឹង​អនុវត្ត​នៅ​ក្នុង​តំបន់​ណា​ខ្លះ​?  កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ដែល​ជា​ផលផ្លែ​នៃ​កិច្ច​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​របស់​​អាមេរិក​និង​រុស្ស៊ី​ចុះ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​​ស្វីស​កាលពី​ថ្ងៃ​សុក្រ​មុន។ 

ចលនា​​ឧទ្ទាម​​​ស៊ីរី​​នៅ​​​​ទី​កន្លែង​​​​​បាក់បែក​នៃ​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​មួយ​​​នៅក្រុង​ Alep​
ចលនា​​ឧទ្ទាម​​​ស៊ីរី​​នៅ​​​​ទី​កន្លែង​​​​​បាក់បែក​នៃ​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​មួយ​​​នៅក្រុង​ Alep​ AFP PHOTO / ALEPPO MEDIA CENTRE / ZEIN AL-RIFAI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​”បទឈប់បាញ់​”​ចុះ​ដោយ​អាមេរិក​និង​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​មុន​​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​​មក ប្រទេស​អ៊ីរ៉ង់  បាន​សម្តែង​ការ​អបអរ​សាទរ​នៅ​ថ្ងៃ​អាទិត្យ​​​​និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​មួយ​។ យោងតាម​អ្នក​នាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ “​យន្តការ​ត្រួតពិនិត្យ​នោះ ជា​រចនាសម្ព័ន្ធ​មួយ ដើម្បី​បិទ​បញ្ចប់ លំហូរ​ពួក​អ៊ីស្លាម​​ជីហាត​ថ្មីៗ​ថែម​ទៀត​​​មក​ក្នុង​ប្រទេស​ស៊ីរី ក៏ព្រមទាំង​អាវុធ​និង​ធនធាន​ហិរញ្ញវត្ថុ​សំរាប់​ផ្គត់ផ្គង់​ក្រុម​ភេរវជន​ផង​ដែរ។​

 
ចំណែក​ខាង​តួកគី​វិញ បាន​ប្រកាស​ប្រាប់​ថា តួកគី​មាន​បំណង​បញ្ជូន​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៅ​កាន់​ក្រុង​អាឡិប ភាគ​ខាង​ជើង​ស៊ីរី ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ដ៏​សែន​សាហាវ នៅ​ខណៈ​ដែល​បទ​ឈប់បាញ់​ត្រូវ​ចូល​ជាធរមាន​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ។​​

នៅ​ម្សិលមិញ​ ចលនា ​Hezbollah​លីបង់ បាន​សន្យា​ថា​ពួក​គេ​នឹង​​គោរព​ទាំង​ស្រុង​ចំពោះ​ការ​សម្រេចចិត្ត​របស់​ថ្នាក់​ដឹកនាំ​និង​រដ្ឋាភិបាល​​ស៊ីរី។ ក្រុម​យុទ្ធជន​នៃ​ចលនា Hezbollah ​លីបង់ ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត​នោះ​ ​ធ្វើការ​វាយ​ប្រយុទ្ធ​អម​ជាមួយ​កង​កម្លាំង​របស់​​លោក​ប្រធានាធិបតី​ស៊ីរី​ Bachar al Assad។

ចំណែក​​​ក្រុម​ឧទ្ទាម​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី​វិញ​ ហាក់​ដូច​ជា​នៅ​មាន​ការ​អល់អែក​មិន​ទាន់​ច្បាស់​លាស់​ទេ។​ ដោយ​ពួក ​ឧទ្ទាម​ Ahra al-Cham ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ស៊ីរី បាន​ប្រកាស​ថា​ចលនា​របស់​ខ្លួន គ្មាន​​ពាក់ព័ន្ធ​ជាមួយ​បទ​ឈប់បាញ់​នេះ​ឡើយ ហើយ​នៅ​ពេល​ជួប​សន្ទនា​ជាមួយ​​អ្នក​កាសែត អ្នក​នាំពាក្យ​របស់​ក្រុម​ប្រដាប់​អាវុធ​នេះ​ បាន​អះអាង​បញ្ជាក់​ថា ក្រុម​ខ្លួន​នឹង​មិន​គោរព​តាម​បទឈប់បាញ់​នេះ​ទេ។ គួររំលឹកថា ក្រុម​ឧទ្ទាម ​Ahrar al-Cham និង​​ក្រុម​មួយ​ទៀត​ដែល​ជា​​អតីត​ក្រុម al –Nosra និង​ដែល​​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ចលនា​ឧទ្ទាម​ដ៏​សំខាន់​ដែល​ដាក់​ទីតាំង​នៅ​ក្នុង​ខែត្រ​អាឡិប​និង​អ៊ីតឡិប។

ដូច្នេះហើយ បាន​ជា​មាន​​សំណួរ​ជា​ច្រើន​ចោទ​សួរ​ឡើង​មិន​ចេះ​ចប់ ​ពាក់ព័ន្ធ​នឹង​​​​ឥរិយាបថ​​របស់​​ក្រុម​​ឧទ្ទាម al –Nosra នេះ​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ឧទ្ទាម​មាន​​និន្នាកា​កណ្តាល​និយម​និង​ក៏​​ជា​សមាជិក​របស់​កង​ទ័ព​សម្ព័ន្ធមិត្ត​ដែរ។

ម្យ៉ាងទៀត បើសិន​ជា​គេ​ជឿជាក់​ថា បទ​ឈប់បាញ់​គ្នា​នឹង​ត្រូវ​អនុវត្ត​នៅ​តំបន់​អាឡិប ក៏​គេនៅ​តែ​មិន​ទាន់​ច្បាស់​ដែរ​ថាតើ​គេ​អាច​អនុវត្ត​បទ​ឈប់បាញ់​នេះ នៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ ?។ ​ពីព្រោះ នៅ​ខេត្ត​ Queitra ដែល​ស្ថិត​នៅ​ជាប់​នឹង​តំបន់​ Golan និង​កាន់កាប់ដោយ​អ៊ីស្រាអែល​ គឺ​ជា​តំបន់​មួយ​កំពុង​ទទួល​រង​ដោយ​ការ​វាយលុក​របស់​ក្រុម​ឧទ្ទាម។

ហើយ​គ្រាន់តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ការ​វាយប្រយុទ្ធ​គ្នា​នេះ បានបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​រាប់​សិប​នាក់​​ទាំង​ខាង​ចលនា​ឧទ្ទាម​នឹង​ទាំង​ខាង​ប្រជាជន​ស៊ីវីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ