អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់៖​យុទ្ធនាការ​ដណ្តើម​ទីក្រុង​មូស៊ូល​កំពុង​បន្ត តែ​លោក​អូបាម៉ា​ទស្សន៍ទាយ​ថា​លំបាក និង​ប្រើ​ពេល​យូរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ យុទ្ធនាការ​វាយដណ្តើម​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣​នា​ថ្ងៃ​ពុធ ទី១៩ តុលា​នេះ។ គឺ​ជា​យុទ្ធនាការ​ដែល​កំពុង​ចូលរួម​ដោយ​កម្លាំងទ័ព​ថ្មើរជើង​អ៊ីរ៉ាក់​ជា​ច្រើន​ពាន់នាក់ ព្រម​ទាំង​មាន​ការ​គាំទ្រ​តាម​ផ្លូវអាកាស​ពី​កម្លាំងសម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក។ អាមេរិក​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ទស្សន៍ទាយ​ថា ប្រតិបត្តិការ​ដណ្តើម​យក​មូស៊ូល​មាន​ការ​លំបាក និង​ប្រើ​ពេល​យូរ។ ដោយឡែក ប្រទេស​តួកគី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្តអន្តរជាតិ​ដែរ តែ​ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​តួកគី និង​អ៊ីរ៉ាក់។

អ៊ីរ៉ាក់៖យុទ្ធនាការដណ្តើមទីក្រុងមូស៊ូលកំពុងបន្ត តែលោកអូបាម៉ាទស្សន៍ទាយថាលំបាក និងប្រើពេលយូរ
អ៊ីរ៉ាក់៖យុទ្ធនាការដណ្តើមទីក្រុងមូស៊ូលកំពុងបន្ត តែលោកអូបាម៉ាទស្សន៍ទាយថាលំបាក និងប្រើពេលយូរ REUTERS
ផ្សាយពាណិជ្ជកម្ម

តុល្យការ​នៃ​យុទ្ធនាការ​វាយដណ្តើម​ទីក្រុង​មូស៊ូល​នៅ​អ៊ីរ៉ាក់​ពី​កណ្តាប់ដៃ​អង្គការ​អ៊ីស្លាម​រយៈពេល ២ថ្ងៃ​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ វិជ្ជមាន​ព្រោះ​ទ័ពថ្មើរជើង​អ៊ីរ៉ាក់​ដែល​មាន​ការ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​បាន​រុល​ទៅ​មុខ និង​កំពុង​បន្ត​រុល​ទៅ​មុខ​ជា​បណ្តើរៗ​ឈ្មោះ​ទៅ​កាន់​ទីក្រុង​មូស៊ូល។ មាន​ស្រុក និង​សង្កាត់​ជា​ច្រើន​ត្រូវ​បាន​រំដោះ​ពី​កណ្តាប់ដៃ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​មុន​នឹង​ដក​ខ្លួន​ចេញ​ពី​ស្រុក និង​សង្កាត់​ទាំង​នោះ ពួក​ជីហាត​បាន​ដាក់​ពង្រាយ​គ្រាប់មីន និង​គ្រឿង​ផ្ទុះ​ផ្សេងៗ​នៅ​លើ​ដី​ពាសវាលពាសកាល​ដែល​ធ្វើ​ឲ្យ​ទ័ពអ៊ីរ៉ាក់​ពិបាក​ចូល​ទៅ​កាន់​ទីកន្លែង​ទាំង​នោះ។

កម្លាំងសម្ព័ន្ធ​អន្តរជាតិ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​នៅ​ថ្ងៃទី១ បាន​កម្ទេច​ផ្ទាំងស៊ីប​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ចំនួន ៥២កន្លែង។ កំណត់​សម្គាល់​មួយ​ទៀត នៅ​ពេល​ដែល​ទ័ពអ៊ីរ៉ាក់​ធ្វើ​ដំណើរ​រុល​ទៅ​មុខ​ដណ្តើម​យក​ស្រុក និង​សង្កាត់​ម្តង​មួយៗ​ជុំ​វិញ​ទីក្រុង​មូស៊ូល ពួកជីហាត​ក៏​បាន​ដក​ខ្លួន​ថយ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​មូស៊ូល ហើយ​ជនស៊ីវិល​ក៏​បាន​ភៀសខ្លួន​ក្នុង​ទិសដៅ​ដូច​គ្នា។ គួរ​បញ្ជាក់​ថា អង្គការ​រដ្ឋអ៊ីស្លាម​មាន​កម្លាំង​ប្រដាប់អាវុធ​នៅ​មូស៊ូល​ពី​៣ ០០០ ទៅ ៤ ៥០០នាក់។ តែ​គេ​អាច​និយាយ​បាន​ថា កម្លាំងទ័ពអ៊ីរ៉ាក់​មាន​ប្រៀប​ជាង​ពួក​ជីហាត​ទាំង​ចំនួន​ទ័ព និង​គ្រឿងសព្វាវុធ។

ថ្នាក់ដឹកនាំ​បស្ចិមលោក​ទូទៅ​បាន​សម្តែង​ការ​ពេញ​ចិត្ត​លើ​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​រយៈពេល ២ថ្ងៃ តែ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា ប្រតិបត្តិការ​នៅ​មូស៊ូល​មាន​ការ​លំបាក និង​អាច​ប្រើ​ពេល​យូរ។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​បារាំង Jean-Yves Le Drian បាន​បញ្ជាក់​ថា អាច​នឹង​ប្រើ​ពេល​ជា​ច្រើន​សប្តាហ៍ ឬ​មួយ​ជា​ច្រើន​ខែ​ផង​ក៏​មិន​ដឹង។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​បាន​ទស្សន៍ទាយ​ដូច​គ្នា និង​សន្និដ្ឋាន​ថា ជោគជ័យ​នៅ​មូស៊ូល​ជា​បរាជ័យ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទាំងស្រុង។

សហគមន៍​អន្តរជាតិ​បារម្ភ​ពី​ជនស៊ីវិល​រស់ក្នុង​ទីក្រុង​មូស៊ូល

មូស៊ូល​ជា​ទីក្រុង​ធំ​ទី២ របស់​អ៊ីរ៉ាក់​ដែល​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤។ ជាង ២ឆ្នាំ​កន្លង​ទៅ​នេះ អង្គការ​រដ្ឋអ៊ីស្លាម​បាន​កែប្រែ​ទីក្រុង​មូស៊ូល​ទៅ​ជា​ទីស្នាក់ការ​កណ្តាល ឬ​អាច​ថា​ជា​អគ្គមេបញ្ជាការដ្ឋាន​របស់​ពួក​គេ​ជា​មួយ​នឹង​ដែនដី​មួយ​ភាគ​របស់​ប្រទេស​ស៊ីរី។ បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​អ៊ីរ៉ាក់​ប្រមាណ​ជា ១ ៥០០ ០០០នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង​មូស៊ូល​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ គួរ​រម្លឹក​ជូន​ថា​នៅ​អ៊ីរ៉ាក់ ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត តែ​នៅ​ក្នុង​ទីក្រុង​មូស៊ូល​មាន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។

ខណៈ​នេះ រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​កម្លាំង​សម្ព័ន្ធមិត្ត​លែង​មាន​មន្ទិលសង្ស័យ​អ្វី​ទៀត​ឡើយ​ក្នុង​ការ​ដណ្តើម​យក​ទីក្រុង​មូស៊ូល​ពី​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​អ្វី​ដែល​នៅ​សង្ស័យ គឺ​មិនមែន​ងាយស្រួល ប្រើ​ពេល​យូរ និង​មិន​ដឹង​ដណ្តើម​យក​បាន​វិញ​នៅ​ពេល​ណា។ ក្តី​បារម្ភ​ខ្លាំង​របស់​សហគមន៍​អន្តរជាតិ​ពេល​នេះ គឺ​ជោគវាសនា​ជនស៊ីវិល ១លាន ៥សែន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​មូស៊ូល​សព្វថ្ងៃ។ ចង់ ឬ​មិន​ចង់ អង្គការ​រដ្ឋអ៊ីស្លាម​អាច​យក​ជនស៊ីវិល​ធ្វើ​ជា​ខែល​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ទ័ពអ៊ីរ៉ាក់ និង​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ។ ធ្ងន់ធ្ងរ​ជាង​នេះ ពួក​ជីហាត​អាច​នឹង​ធ្វើ​ការ​សម្លាប់​រង្គាល​លើ​ជនស៊ីវិល​ដើម្បី​ជា​ការ​សងសឹក។

មាន​អង្គការ​មនុស្សធម៌​ជា​ច្រើន​បាន​សំណូមពរ​ឲ្យ​បង្កើត​តំបន់​ជុំវិញ​ទីក្រុង​មូស៊ូល​ដើម្បី​ទទួល​ជនស៊ីវិល​ដែល​រត់ចេញ។ តែ​បញ្ហា​នៅ​ត្រង់​ថា ពួកជីហាត​អាច​រារាំង​មិន​ឲ្យ​ជនស៊ីវិល​រត់​គេច​ខ្លួន។ ចំណែក​ចំណោត​មួយ​ទៀត​លើក​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ គឺ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ដែល​នឹង​កើត​ឡើង​ដោយ​ចៀស​មិន​រួច។

ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​តួកគី និង​អ៊ីរ៉ាក់

នៅ​ថ្ងៃ​អង្គារ ទី១៨ តុលា ប្រទេស​តួកគី​តាម​រយៈ​លោក​ប្រធានាធិបតី លោក​នាយករដ្ឋមន្រ្តី និង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូលរួម​របស់​តួកគី​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​គេ​ពិបាក​នឹង​ដឹង​ថា តើ​យន្តហោះចម្បាំង​តួកគី​បាន​ចូលរួម​ទម្លាក់​គ្រាប់បែក​ហើយ ឬ​នៅ។ អ្វី​ដែល​គេ​ដឹង អ៊ីរ៉ាក់​មិន​បាន​ស្វាគមន៍​វត្តមាន​កម្លាំង​ទ័ព​តួកគី​ទេ។

នៅ​ក្នុង​ជម្លោះ​អ៊ីរ៉ាក់​សព្វថ្ងៃ តួកគី​បាន​ប្រកាន់​ជំហរ​មួយ​មិន​ច្បាស់លាស់​​តាំង​ពី​ដើម។ តួកគី​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ជា​ច្រើន​រយនាក់​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ តែ​ភាគច្រើន​ជា​គ្រូ​ទៅ​ជួយ​ហ្វឹកហ្វឺន​កម្លាំងប្រដាប់​អាវុធ​ស្ម័គ្រចិត្ត​និកាយ​ស៊ុយនីត​ស្ថិត​ក្បែរ​ទីក្រុង​មូស៊ូល។ ជំហរ​តួកគី​របៀប​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​មិន​ពេញ​ចិត្ត និង​បាន​ស្នើ​តួកគី​ឲ្យ​ដក​ទ័ព​ទាំង​នេះ​ចេញ​ពី​ទឹកដី​ខ្លួន​វិញ។ ទីក្រុង​បាកដាដ​ថែម​ទាំង​ហៅ​វត្តមាន​ទាហាន​តួកគី​ទាំង​នេះ​ថា​ជា​កម្លាំងឈ្លានពាន។

ទន្ទឹម​គ្នា​នេះ ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អ៊ីរ៉ាក់​ក៏​កើត​ចេញ​ពី​ភាព​តានតឹង​ផ្នែក​សាសនា​ដែរ។ នៅ​ក្រោយ​បរាជ័យ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ទីក្រុង​មូស៊ូល​នា​ថ្ងៃ​ណា​មួយ តួកគី​មិន​ចង់​ឃើញ​ទីក្រុង​អ៊ីរ៉ាក់​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​ដៃ​កម្លាំង​ប្រដាប់​អាវុធ​ឈីអ៊ីត ឬ​មួយ​កម្លាំង​គួដ​ស្និទ្ធ​នឹង​ពួក PKK ដែល​ជា​សត្រូវ​របស់​តួកគី​ទេ។ សម្រាប់​តួកគី មូស៊ូល​ជា​ទីក្រុង​ប្រវត្តិសាស្រ្ត​សំខាន់​ណាស់ ហើយ​មាន​អ្នកជាតិនិយម​តួកគី​ខ្លះ​ថែម​ទាំង​ហ៊ាន​និយាយ​ថា មូស៊ូល​ជា​របស់​តួកគី​ដែល​ត្រូវ​បាន​ធ្លាក់​ក្នុង​ដៃ​អ៊ីរ៉ាក់​នៅ​ក្រោយ​សង្រ្គាមលោក​លើក​ទី២។

លោក​ប្រធានាធិបតី​តួកគី​បាន​ព្រមាន​រួច​ហើយ​ថា តួកគី​នឹង​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​រំដោះ​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម បើ​ទោះ​បី​ជា​កម្លាំងសម្ព័ន្ធមិត្ត​យល់ព្រម ឬ​មិន​យល់ព្រម​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ