អានតួអត្ថបទ
អ៊ីរ៉ាក់

អ.ស.ប.-អ៊ីរ៉ាក់៖​អង្គការ​រដ្ឋអ៊ីស្លាម​បាន​សម្លាប់​មនុស្ស ២៣២នាក់​ក្បែរ​ទីក្រុង​មូស៊ូល

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​បាន​ឈាន​ចូល​ដល់​ថ្ងៃទី១១ នា​ថ្ងៃ​សុក្រ ទី២៨ តុលា​នេះ។ នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី១៧ តុលា ទ័ពថ្មើរជើង​អ៊ីរ៉ាក់​ដោយ​មាន​ការ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​កំពុង​បន្ត​រុល​ទៅ​មុខ​កាន់​តែ​ជិត​ទ្វារ​ទីក្រុង​មូស៊ូល។ តុល្យការ​ដំបូង​នៃ​ប្រតិបត្តិ​រយៈពេល ១១ថ្ងៃ​កន្លង​ទៅ​ត្រូវ​បាន​ប្រកាស​ដោយ​មេបញ្ជាការ​អាមេរិកាំង​លោក Joseph Votel នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា។ ដោយឡែក​នៅ​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកជីហាត​បាន​សម្លាប់​មនុស្ស ២៣២នាក់​នៅ​ក្បែរ​ទីក្រុង​មូស៊ូល។

លោកស្រី Ravina Shamdasani អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ
លោកស្រី Ravina Shamdasani អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (DR)
ផ្សាយពាណិជ្ជកម្ម

ដំណឹង​សម្លាប់​រង្គាល​ពលរដ្ឋ​អ៊ីរ៉ាក់​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្បែរ​ទីក្រុង​មូស៊ូល​ត្រូវ​បាន​ប្រកាស​ដោយ​លោកស្រី Ravina Shamdasani អ្នកនាំពាក្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នា​ឱកាស​សន្និសីទកាសែត​ក្នុង​ទីក្រុង​ហ្សឺណែវ។ យោង​តាម​លោកស្រី Ravina ក្នុង​ចំណោម​មនុស្ស​ទាំង ២៣២នាក់​ដែល​ពួក​ជីហាត​បាន​សម្លាប់ មាន ១៩០នាក់​ជា​អតីត​សមាជិក​នៃ​សេវា​សន្តិសុខ និង ៤០នាក់​ជា​ជនស៊ីវិល​ដែល​មិនព្រម​ស្តាប់​បញ្ជា​របស់​ពួកជីហាត។ ក្រៅ​ពី​សម្លាប់​ចោល​ភ្លាមៗ ពួកជីហាត​ក៏​បាន​កែនប្រមូល​មនុស្ស​ជា​ច្រើន​ពាន់នាក់​នៅ​ជុំវិញ​ទីក្រុង​មូស៊ូល​ដើម្បី​ធ្វើ​ជា​ខែល​ទប់​ស្កាត់​ការ​វាយប្រហារ​ពី​អាកាស​របស់​កម្លាំង​អន្តរជាតិ។

ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា មេបញ្ជាការ​អាមេរិកាំង​លោក Joseph Votel បាន​ប្រកាស​ឲ្យ​ដឹង​នូវ​តុល្យការ​លើក​ដំបូង​ស្តីពី​ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​រយៈពេល ១១ថ្ងៃ​កន្លង​ទៅ។ តាម​លោក Votel ទាហាន​អ៊ីរ៉ាក់​សម្លាប់​បាន​ពួក​ជីហាត​ពី ៨០០ ទៅ ៩០០នាក់ និង​ថា លោក​ពិបាក​នឹង​ផ្តល់​តួលេខ​ជាក់ស្តែង​ដោយសារ​តែ​ពួកជីហាត​បាន​ធ្វើ​ការ​បំលាស់ទី​​ជា​ក្រុម​តូចៗ​នៅ​ជុំវិញ​ទីក្រុង​មូស៊ូល និង​ព្យាយាម​បន្លំខ្លួន​ជាមួយ​ហ្វូង​ប្រជាជន។ ចំណែក​នៅ​ខាង​ទ័ពអ៊ីរ៉ាក់ និង​កម្លាំងប្រដាប់​អាវុធ​គួដឌីស្ថាន​វិញ​ត្រូវ​បាន​លោក Votel ទម្លាយ​ឲ្យ​ដឹង​ថា មាន​ស្លាប់ ៥៧នាក់ និង​របួស ២៥៥នាក់​ខាង​ទ័ព​អ៊ីរ៉ាក់ ព្រម​ទាំង​ស្លាប់ ៣០នាក់ និង​របួស​ពី ៧០ ទៅ ១០០នាក់​នៅ​ខាង​ពួក​គួដឌីស្ថាន។

អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​ការ​រត់ភៀសខ្លួន​ក្រោម​ទ្រង់ទ្រាយ​ធំ​របស់​ជនស៊ីវិល​ប្រមាណ​ជា ១លាន ៥សែន​នាក់​នៅ​ក្នុង​ទីក្រុង​មូស៊ូល។ តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ឲ្យ​ដឹង​ថា ខណៈ​នេះ មាន​ជនស៊ីវិល​ជាង ១១ ៧០០នាក់​បាន​រត់ចេញ​ពី​ទីក្រុង​មូស៊ូល តែ​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​មាន​ដល់​ទៅ​ជាង ១៥ ០០០នាក់។ យ៉ាង​ណា​ក៏​ដោយ ទីភ្នាក់ងារ​មនុស្សធម៌​នានា​បាន​ប្រមើល​ទុក​ថា អាច​នឹង​អ្នក​រត់ភៀសខ្លួន​ដល់​ទៅ ២០០ ០០០នាក់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

រហូត​មក​ដល់​ពេល​នេះ ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​រយៈពេល ១១ថ្ងៃ​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់។ ចំណែក​លោក​ប្រមុខ​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទីក្រុង​មូស៊ូល ប្រទេស​អ៊ីរ៉ាក់ សហគមន៍​អន្តរជាតិ​នឹង​បើក​សមរភូមិ​ថ្មី​រំដោះ​ទីក្រុង​រ៉ាក់កា​ប្រទេស​ស៊ីរី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ