អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

លោកដូណាល់ ត្រាំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដែល​ការពារ​អ៊ីស្រាអែល​ផ្កាប់មុខ?

មិនទាន់​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផង លោកមហាសេដ្ឋី​អចលនទ្រព្យ ដូណាល់ ត្រាំ បាន​បង្ហាញ​រួចហើយ ជំហរ ឈឺឆ្អាល ការពារ​ផលប្រយោជន៍​ឲ្យ​ប្រជាជន​អ៊ីស្រាអែល។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​ដូណាល់ ត្រាំ​បានអំពាវនាវ​ឲ្យ​អាមេរិក ក្នុង​នាមជា​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ប្រើ​សិទ្ធិ​វេតូ ប្រឆាំង​សេចក្តីព្រាង​របស់​អេហ្ស៊ីប ដែល​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​ការសង់​សំណង់​អាណានិគមកិច្ច​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ជេរូសាឡឹម​ខាងកើត។ 

ស្រ្តី​អ៊ីស្រាអែល​អង្គុយ​នៅមុខ​រូប​លោក​ដូណាល់​ត្រាំ ដែល​ទើប​ឈ្នះឆ្នោត និង​ដែល​គេ​តាំងបង្ហាញ​នៅទីក្រុង​តែល អាវីវ ខែ​វិច្ឆិកា ២០១៦
ស្រ្តី​អ៊ីស្រាអែល​អង្គុយ​នៅមុខ​រូប​លោក​ដូណាល់​ត្រាំ ដែល​ទើប​ឈ្នះឆ្នោត និង​ដែល​គេ​តាំងបង្ហាញ​នៅទីក្រុង​តែល អាវីវ ខែ​វិច្ឆិកា ២០១៦ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅប៉ុន្មាន​ម៉ោង​មុន ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ទៅលើ​សេចក្តីព្រាង​ស្នើឡើង​ដោយ​អេហ្ស៊ីប លោក​ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ ដែលនៅក្នុង​នោះ​លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ប្រើ​សិទ្ធិ​វេតូ ប្រឆាំង​សេចក្តីព្រាង​ដែល​នៅក្នុង​នោះ គេ​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ ជាបន្ទាន់ និង​ទាំងស្រុង ការសាងសង់​សំណង់​អាណានិគមកិច្ច ក្នុង​ទឹកដី​ប៉ាឡេស្ទីន។

 
ទៅតាម​សេចក្តីសម្រេច​ព្រាង​ឡើង​ដោយ​អេហ្ស៊ីប សកម្មភាព​ពង្រីក​តំបន់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​នឹង​ជា​ឧបសគ្គ គំរាមកំហែង​ការចរចា​សន្តិភាព ដែល​ចង់​ឲ្យមាន​រដ្ឋ​ពីរ នៅជិតគ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាម​ការពន្យល់​របស់​ភាគី​អេហ្ស៊ីប នយោបាយ​សាងសង់​លំនៅឋាន របស់​អ៊ីស្រាអែល ក្នុង​ទឹកដី​ជេរូសាឡឹម​ខាងកើត កំពុង​បំផ្លាញ​ក្តីសង្ឃឹម​របស់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​បាន​តវ៉ា​ចង់​បាន​ទឹកដី ជេរូសាឡឹម មកធ្វើ​ជាអនាគត​រដ្ឋធានី​របស់ខ្លួន។

សម្រាប់​អនាគត​ប្រធានាធិបតី​អាមេរិក គឺ​អ៊ីស្រាអែល​ដែល​នឹង​រងគ្រោះ បើសិន​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ធ្វើ​សំណង់​អាណានិគមកិច្ច។ “សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ចាញ់ប្រៀប ក្នុង​ពេល​ចរចា ហើយ​នេះ​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​អ៊ីស្រាអែល” នេះ​បើតាម​មតិ​យោបល់​របស់​លោកត្រាំ។

ដោយពិតទៅ សេចក្តីសម្រេច​ស្រដៀង​គ្នា​នេះ ធ្លាប់​ត្រូវ​បាន​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល វេតូ​ម្តងហើយ នៅ​ក្រុមប្រឹក្សា​សន្តិសុខ កាលពី​ឆ្នាំ ២០១១។ ប៉ុន្តែ វា​កម្រណាស់ ដែល​គេ​ឃើញ បេក្ខជន​ឈ្នះឆ្នោត ដូច​លោក​ដូណាល់ ត្រាំ ដែល​មិន​ទាន់​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ផង ប៉ុន្តែ ហ៊ាន​ការពារ​អ៊ីស្រាអែល​យ៉ាងចេញមុខ​យ៉ាងដូច្នេះ។ មន្រ្តី​រដ្ឋាភិបាល​អ៊ីស្រាអែល​មួយចំនួន​បាន​ចាត់ទុក ជ័យជំនះ​របស់លោក​ដូណាល់ ត្រាំ ថា ជា​ឱកាស​សម្រាប់​សង់​ពង្រីក​ដែន​អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុង​តំបន់​ជេរូសាឡឹម ដែល​អ៊ីស្រាអែល​ដណ្តើម​កាន់កាប់ ដោយ​ខុសច្បាប់ ជិត​៥០​មកនេះ។ លោក ដូណាល់ ត្រាំ​ធ្លាប់​ និយាយ​ទទួលស្គាល់​ជេរូសាឡឹម​ថា ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ថា អាមេរិក​របស់លោក​នឹង​លែង​ដាក់​គំនាប​តទៅទៀត លើ​អ៊ីស្រាអែល បើសិន​អ៊ីស្រាអែល​ចង់​សង់​សំណង់​អាណានិគមកិច្ច​នៅ​ជេរូសាឡឹមនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ