អានតួអត្ថបទ

អ៊ីស្រាអែល​លុប​ចោលគម្រោង​សាងសង់​ផ្ទះ​នៅ​ក្នុង​ដែនដី​អាណានិគម

​នេះ​ជា​ឥទ្ធិពល​នៃ​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​ កាលពី​សប្តាហ៍​មុនឬ ? ​សាលាក្រុង​ហ្សេរ៉ុយសាឡិម បាន​ប្រកាស​លុប​ចោល​គម្រោង​​សាងសង់​លំនៅដ្ឋាន​ថ្មី​បន្ថែម​ចំនួន​ជាង ៥០០​ខ្នង​ នៅ​ភាគ​ខាង​កើត​ក្រុង ដែល​អ៊ីស្រាអែល ដណ្តើម​គ្រប់គ្រង និង​ធ្វើ​អាណានិគម​តាំង​ពី​ឆ្នាំ​១៩៦៧​មក។

លោក Benyamin Netanyahu នៅ​មុខ​សង្កាត់​ដែល​អ៊ីស្រាអែល​ធ្វើ​អាណានិគម ក្នុង​ក្រុង​ហ្សរ៉ុយសាឡិមខាង​កើត
លោក Benyamin Netanyahu នៅ​មុខ​សង្កាត់​ដែល​អ៊ីស្រាអែល​ធ្វើ​អាណានិគម ក្នុង​ក្រុង​ហ្សរ៉ុយសាឡិមខាង​កើត REUTERS/Gali Tibbon/Pool
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​អ៊ីស្រាអែល ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធនេះ ដើម្បី​បោះឆ្នោត​អនុម័ត​ផ្តល់​សិទ្ធិ​​សាងសង់​លំនៅដ្ឋាន នៅ​ក្រុង​ហ្សេរ៉ុយសាឡិម​ខាង​កើត​ ជា​ទឹក​ដី​​របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​ចូល​ទៅ​ធ្វើ​អាណានិគមកិច្ច​តាំង​ពី​ឆ្នាំ​១៩៦៧​មក។ ប៉ុន្តែ​គណៈកម្មការ​បាន​ប្រកាស​លុប​ចោល​កិច្ចប្រជុំ​នេះ​ទៅ​វិញ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ដើម្បី​កុំឱ្យ​មាន​សម្ពាធ​តាន​តឹង​ខ្លាំង​ពេក​ជាមួយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ប្រភព​គណៈកម្មការ​ផែនការនិង​សាង​សង់​របស់​ក្រុង។

វិទ្យុ​យោធា​អ៊ីស្រាអែល ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ដូច​គ្នា​ ស្តី​ពី​ការ​លើក​ពេល​ពិភាក្សា​ជុំ​វិញ​ការ​ផ្តល់​សិទ្ធិ​សាងសង់​លំនៅ​ដ្ឋាន ទៅ​ពេល​ក្រោយ​ដែរ។

កាលពីថ្ងៃអង្គារ​ម្សិលមិញ  អភិបាល​រងក្រុង​ហ្សេរ៉ុយសាឡិម ដែល​ជាប្រធាន​គណៈកម្មការ បាន​អះអាង​ “សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​ បង្ខំ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ជា​បន្ទាន់ និង​ទាំង​ស្រុង សកម្មភាព​ធ្វើ​អាណានិគម លើ​ដែនដី​ប៉ាឡេស្ទីន រាប់​ទាំង​ហ្សេរ៉ុយសាឡិម​ខាង​កើត​ផង” មិន​ទាក់ទង​អ្វី នឹង​ជំនួប​ប្រជុំ​នេះ​បាន​គ្រោង​ធ្វើ​តាំង​ពី​យូរ​ខែ​ថ្ងៃ​មក​ហើយ។ ចំណែក​លោក នេតាន់​យ៉ាហ៊ូ ក៏​បាន​ធ្លាប់​គូស​បញ្ជាក់​ថា​មិន​ធ្វើ​តាម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ឡើយ​ និង​បាន​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ កាត់​បន្ថយ​ទំនាក់ទំនង​ទូត​ជាមួយ​​គ្រប់​បណ្តាប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេចនោះ។

តើ​នេះ​ជា​ការ​ប្តូរ​ចិត្ត ឬ​គ្រាន់​តែ​ការ​ពន្យារពេល​ដើម្បីស្ទង់​ស្ថានការណ៍ ? សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ ទី ២៣​ធ្នូ ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក ដែល​អង្គការ​សហប្រជាជាតិ អាច​ចេញ​​សេចក្តី​សម្រេច​ថ្កោល​ទោស​ទង្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន អនុម័ត​ដោយ​សមាជិកអចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៥ ក្នុង​នោះ​១៤​ប្រទេស​គាំទ្រ ឯសហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ជា​ការពារ​អ៊ីស្រាអែល​យ៉ាង​ងុបងុល រក្សា​ជំហរ​អនុប្បវាទ។

នៅ​យប់​​នេះទៀត លោក​ចន ឃែរី ប្រមុខ​ការទូត​អាមេរិក នឹង​ត្រូវ​បង្ហាញ​អំពី​ទស្សនវិស័យ​របស់​រដ្ឋាភិបាល​ផុត​អាណត្តិ​ចំពោះ​ដំណើរការ​ស្វែង​រក​សន្តិភាព​ឱ្យ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​គ្មាន​ដំណោះស្រាយ​អ្វី​ប្រសើរ​ជាង​ការ​បង្កើត​រដ្ឋ​ពីរ​រួម​រស់​ក្បែរ​គ្នា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ