អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

តើ​​បទឈប់បាញ់​នៅ​ស៊ីរី​នឹង​មាន​អាយុ​រស់បាន​ប៉ុន្មាន​ថ្ងៃ?

នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ធ្នូ ២០១៦ កងទ័ព​ស៊ីរី​បាន​ប្រកាស​បញ្ឈប់​ជាទូទៅ ប្រតិបត្តិការ​យោធា នៅ​ទូទាំង​ប្រទេស។ បទឈប់បាញ់​ដែល​ចាប់ចូល​ជា​ធរមាន នៅ​ម៉ោង​១២​អាធ្រាត្រ ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​បញ្ជាក់​ទទួលស្គាល់​ពី​ខាង​ក្រុមប្រឆាំង ទាហាន​ស៊ីរី សេរី ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី។ 

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​លើ​បទឈប់បាញ់​នៅ​ស៊ីរី​ជា​លទ្ធផល​នៃ​ជំនួប​ចរចា ក្នុង​ទឹកដី​តួកគី រវាង​គណៈប្រតិភូ​រុស្ស៊ី ជាមួយ​បណ្តា​អ្នកតំណាង​របស់​ក្រុមប្រឆាំង​ស៊ីរី។ នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ដែល​បាន​ប្រកាស​ដំបូង​គេ ពី​បទឈប់បាញ់​ក្នុង​ទឹកដី​ស៊ីរី។ បទឈប់បាញ់​ប្រកាស​ដោយ​ប្រមុខរដ្ឋ​រុស្ស៊ី ត្រូវ​បាន​បញ្ជាក់​ជាបន្តបន្ទាប់​ដោយ​ភាគី​ជម្លោះ កងទ័ព​ស៊ីរី និង​បណ្តា​ក្រុម​ទាហាន​ប្រឆាំង ដែល​គាំទ្រ​ដោយ​សម្ព័ន្ធ​ជាតិ​ស៊ីរី​ដែល​មាន​មូលដ្ឋាន នៅ​បរទេស។ តាម​សេចក្តី​ថ្លែងការណ៍​របស់​កងទ័ព​ស៊ីរី កិច្ចព្រមព្រៀង​ស្តីពី​បទឈប់បាញ់​មិន​បាន​រួមបញ្ចូល​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុម អាល់នូស្រា ដែល​ជា​បណ្តាញ​របស់​អាល់កៃដា នៅ​ស៊ីរី​នោះទេ។

 
តាម​លោក​ពូទីន ឯកសារ​ចំនួន​៣​ត្រូវ​បាន​ភាគី​ជម្លោះ​ចុះហត្ថលេខា នៅក្នុង​ការពិភាក្សា​ចរចា​ក្នុង​ទីក្រុង​អង់ការ៉ា របស់​ប្រទេស​តួកគី។ ក្នុង​ឯកសារ​ទី​១ រដ្ឋាភិបាល​ស៊ីរី​ហើយ​និង​ក្រុមទាហាន​ប្រឆាំង​បាន​យល់ព្រមព្រៀង​គ្នា​លើ​បទឈប់បាញ់ នៅ​គ្រប់​កន្លែង នៅ​ទូទាំង​ប្រទេស។ ឯកសារ​ទី​២​ផ្តោត​ទៅលើ​ការចាត់​វិធានការ​សម្រាប់​តាមដាន​មើល​ការគោរព​បទឈប់បាញ់។ ចំណែក​ឯកសារ​ទី៣ និយាយ​ពី​ការប្រកាស​របស់​ភាគី​ជម្លោះ ក្នុង​ការចូលរួម​ក្នុង​តុ​ចរចា​ស្វែងរក​សន្តិភាព​ឲ្យ​ស៊ីរី ដែល​គេ​គ្រោង​ធ្វើ​នៅ​ខែ​មករា​ខាងមុខ នៅ​ទីក្រុង​Astana ប្រទេស​កាហ្សាក់ស្ថាន។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ រដ្ឋមន្រ្តី​ការបរទេស ហើយ​និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​ផងដែរ​ពី​ការដក​កងទ័ព​រុស្ស៊ី ពី​ក្នុង​ទឹកដី​ស៊ីរី ប៉ុន្តែ នៅ​តែ​រក្សា​ជំនួយ​សម្រាប់​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។

បទឈប់បាញ់​ក្នុង​ប្រទេស​ស៊ីរី ដែល​កន្លងមក​ចរចា​បង្កើត​ឡើងដោយ​អង្គការ​សហប្រជាជាតិ ឬចេញ​មកពី​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី និង​អាមេរិក មាន​អាយុ​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ បទឈប់បាញ់​ចុងក្រោយ ដែល​អាមេរិក និង​រុស្ស៊ី​បាន​ជំរុញ​ឲ្យមាន​នៅ​ស៊ីរី នៅ​ខែ​កញ្ញា មាន​ជីវិត​តែ​មួយ​សប្តាហ៍​ ក្រោយ​ពី​ភាគី​ជម្លោះ​ចាប់ផ្តើម​ប្រយុទ្ធ​ គ្នាវិញ។

គេ​នឹង​ចាំមើល​ថា តើកិច្ចព្រមព្រៀង លើកនេះ​នឹង​មាន​អាយុ​កាល​រស់​បាន​ប៉ុណ្ណា? ជាលើក​ទី១ តួកគី ដែល​គាំទ្រ​ក្រុមប្រឆាំង​នៅ​ស៊ីរី បាន​ចូលរួម​ចាត់ចែង​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង លើ​បទឈប់បាញ់ នៅ​ស៊ីរី ដោយ​គ្មាន​ការចូលរួម​ពី​ភាគី​អាមេរិក។ អាមេរិក​ដែល​ហាក់​បាន​ដកខ្លួន​ពី​ជម្លោះ​នៅ​ស៊ីរី ចាប់តាំង​ពី​បរាជ័យ របស់​ក្រុមប្រឆាំង​នៅ​អាឡិប ហើយ​និង​ការឈ្នះឆ្នោត​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ