ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ង់សម្រេច​​បង្កើន​ថវិកាយោធា ដើម្បីអភិវឌ្ឍន៍​​កម្មវិធី​​មីស៊ីល

media ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rohaniត្រួត​ពិនិត្យ​ប្រព័ន្ធការពារ​ប្រឆាំង​ផលិត​ដោយ​អ៊ីរ៉ង់ តាម​​មីស៊ីលរុស្ស៊ី​S-៣០០ HO / IRANIAN PRESIDENCY / AFP

សភា​អ៊ីរ៉ង់ ​បាន​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃចន្ទ​នេះ បង្កើន​កញ្ចប់​ថវិកា​យោធា ឱ្យឡើង​​ដល់​កំរិត​ ៥% នៃ​ចំណាយ​ជាតិ សម្រាប់​រយៈ​ពេល​៥​ឆ្នាំខាង​មុខ។ ការ​ដំឡើង​ថវិកានេះ​ មាន​ទិស​សំដៅ​សម្រាប់​យក​ទៅ​ចំណាយ​ក្នុង​ការ​អភិវឌ្ឍន៍​មីស៊ីល​រយៈ​ឆ្ងាយ​ ដែល​លោក​ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតីអាមេរិក​ សន្យា​ប្រឆាំង​ដាច់​ខាត។

សភា​បាន​បោះឆ្នោត​គាំទ្រក្នុង​សំឡេង ១៧៣ ទល់​នឹង​១០​ប្រឆាំង ​គម្រោង​អភិវឌ្ឍន៍​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់ ដៅ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ ក្នុង​នាម​ជា​មហា​អំណាច​មួយ​ក្នុង​តំបន់​ និង​ដៅ​ធានា​សន្តិសុខ ផលប្រយោជន៍​ប្រទេស​ ដោយ​សុខ​ចិត្ត​ចំណាយ​ថវិកាផ្នែក​យោធា ​ដល់​ទៅ​៥​%​នៃ​ថវិកា​ជាតិ​ទាំងមូល។

តាមការពិត ផែនការ​នេះ ត្រូវ​បាន​បង្ហើប​បង្ហាញ​ដោយ​អគ្គមគ្គុទេសក៍​ អាយ៉ាតូឡា ខាមេណី​ តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥ ថា​អ៊ីរ៉ង់​មាន​គម្រោង​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​ប៉ាលីស្ទិក ដ្រូន និង​ពង្រឹង​សមត្ថភាព​ធ្វើ​សង្គ្រាម​តាម​អ៊ីនធ័រនែត​។

សំឡេង​ឆ្នោត​អនុម័ត​​គម្រោង​ថវិកា របស់​សភា​អ៊ីរ៉ង​ថ្ងៃ​នេះ បាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ទទួល​ខុស​ត្រូវ​យោធា របស់​ប្រទេស ដល់​ទាហាន​ជាតិ ឆ្មាំ​បដិវត្ត​ និង​ក្រសួង​ការពារ​ជាតិ​​ ដែល​ធ្លាប់​រំពឹង​លើ​​ថវិកា​ត្រឹមតែ​២%​ពី​មុន​មក។
 
ប៉ុន្តែ​ អ៊ីរ៉ង់​អាច​នឹង​​បញ្ចេះ​ឱ្យ​មាន​សម្ពាធ​តាន​តឹង​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដែល​ទើប​នឹង​រិះគន់​សើមៗ​ ការ​ធ្វើ​តេស្ត​បាញ់​សាកល្បង​មីស៊ីល​​បាលីស្ទិក​អ៊ីរ៉ង់ ថា​ជា​ការ​រំលោភ​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ អនុម័ត​កាលពី​ឆ្នាំ​ទៅ។
 
ថ្វីបើ​រដ្ឋាបាលអាមេរិក​របស់​​លោក​អូបាម៉ា បាន​ចាត់​ទុក​ការបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ថា​មិន​ផ្ទុយ​នឹង​​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​មែន ប៉ុន្តែ​សម្រាប់​លោក​ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតី​អាមេរិក​ចាប់​ពី​ថ្ងៃទី​២០​មករា​ទៅ ការ​បាញ់មីស៊ីល​អ៊ីរ៉ង់ គឺ​ជា​ការ​កំញោញ​​អ៊ីស្រាអែល ​សហភាព​អឺរ៉ុប និង​ចង់​វាយប្រហារ​លើ​អាមេរិក​នៅ​ថ្ងៃណាមួយ។ លោក ដូណាល់ ត្រាំ​បាន​សន្យា​ នៅ​ក្នុង​ពេល​ឃោសនា​​ថា​នឹង​ធ្វើ​ជា​រនាំង​ខ្ទប់​ការអភិវឌ្ឍ​កម្មវិធី​មីស៊ីល​អ៊ីរង់ និង​មិន​អនុញ្ញត​ឱ្យ​អ៊ីរ៉ង់ធ្វើ​សកម្មភាព​បែប​នេះ​​ទៀតបាន​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ