អានតួអត្ថបទ
ប៉ាឡេស្ទីន-សហរដ្ឋអាមេរិក

ប៉ាឡេស្ទីន​ព្រមាន​លោកត្រាំ កុំឲ្យ​លើក​ស្ថានទូត​អាមេរិក​ទៅនៅ​Jerusalem

ប្រមុខដឹកនាំ​ប៉ាឡេស្ទីន លោក​​ម៉ះមូត​ អាបាស់​បាន​ចេញ​មុខ​ជាថ្មី ប្រឆាំង​នឹង​គម្រោង​របស់​អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដែល​ចង់​លើក​ស្ថានទូត​អាមេរិក ទៅ​នៅ​ទីក្រុង​ Jerusalem។ សម្រាប់​មេដឹកនាំ​ប៉ាឡេស្ទីន បើសិន​គម្រោង​របស់​អាមេរិក​ចេញជារូបរាង នោះ​វា​នឹង​បំផ្លាញ​ដំណើរការ​ស្វែងរក​សន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន គឺ​ជាប្រធានបទ​សំខាន់​នៃ​សន្និសីទ​ក្រុង​ប៉ារីស ដែល​ត្រូវ​ចូលរួម​ដោយ​ប្រទេស​ចំនួន ៧០ និង​បើកធ្វើ​នៅ​ថ្ងៃអាទិត្យទី​១៥​មករា។ 

ប្រមុខ​រដ្ឋ​ប៉ាឡេស្ទីន​លោក ម៉ះមូត​ អាបាស
ប្រមុខ​រដ្ឋ​ប៉ាឡេស្ទីន​លោក ម៉ះមូត​ អាបាស
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​មិន​បាន​ព្រងើយ​កន្តើយ និង​មើល​ស្រាល​ការសន្យា​របស់​លោក​ដូណាល់ ត្រាំ នោះទេ។ លោកដូណាល់ ត្រាំ​ដែល​នឹង​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ២០​មករា​ខាងមុខ ធ្លាប់​បាន​និយាយ​សន្យា នៅក្នុង​ពេល​ឃោសនា​រកសំឡេង​ឆ្នោតថា លោក​នឹង​ទទួល​ស្គាល់ Jerusalem ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ លោក​បន្ថែម​ថា នៅ​ពេល​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក នោះ​លោកនឹង​បញ្ជា​ឲ្យ​លើក​ទីតាំង​ស្ថានទូត​អាមេរិក ប្រចាំ​អ៊ីស្រាអែល​ដែល​បច្ចុប្បន្ន នៅទីក្រុង​តែលអាវីវ ឲ្យទៅនៅ​ Jerusalem​វិញ។

 
នៅ​ដើម​សប្តាហ៍នេះ លោក​ម៉ះមូត អាបាស​ប្រធានរដ្ឋ​ប៉ាឡេស្ទីន ​សរសេរ​សំបុត្រ​ព្រមាន​ទុកមុន​កុំ​ឲ្យ​លោក​ដូណាល់ ត្រាំ ​ទទួលស្គាល់​ Jerusalem​ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ ពីរថ្ងៃ​ក្រោយ លោក​បាន​ដាក់​សំបុត្រ​មួយ​ទៀត ទៅ​លោក​ប្រធានាធិបតី​រុស្ស៊ី ដោយ​សុំ​ឲ្យ​លោក​ពូទីន​ជួយ​អន្តរាគម ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក​ដូណាល់ ត្រាំ​ផ្ទេរ​ស្ថានទូត​អាមេរិក​ទៅ​នៅ​ Jerusalem ទៅតាម​ការសន្យា​របស់​លោក។

គេ​មិន​អាច​និយាយ​អ្វី​បាន​ច្រើន ព្រោះ​អ្វីៗ​នៅមិនទាន់​កើតឡើង។ ប៉ុន្តែ បើ​សិន​ស្ថានទូត​អាមេរិក ប្រចាំ​អ៊ីស្រាអែល ត្រូវ​លើក​ទៅនៅ​ Jerusalem មែន នោះ វា​នឹងមិន​ជួយ​ដំណើរស្វែងរក​សន្តិភាព បង្កើតរដ្ឋពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទេ។ នេះ​ជា​ការអះអាង​របស់​លោក​ម៉ះមូត អាបាស ទៅកាន់​អ្នកកាសែត នៅ​ពេលលោក​ចូលរួម​សម្ពោធ​ស្ថានទូត​ប៉ាឡេស្ទីន នៅ​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង Le Figaro ចេញផ្សាយ​នៅថ្ងៃ​សុក្រ ប្រមុខរដ្ឋ​ប៉ាឡេស្ទីន បាន​និយាយ​ថា ការផ្ទេរ​ស្ថានទូត​អាមេរិក ទៅ​នៅ​ Jerusalem មិនត្រឹម​តែ​ធ្វើ​ឲ្យ​អាមេរិក​លែង​មាន​សិទ្ធិ​តាម​ច្បាប់ ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិប៉ាឡេស្ទីន និង​អ៊ីស្រាអែល ប៉ុន្តែ វា​នឹង​បំផ្លាញ​ផងដែរ ការខិតខំ​ស្វែងរក​សន្តិភាព​នៅក្នុង​តំបន់។ លោក​នៅ​បាន​ព្រមាន​ដែរថា បើសិន​លោក​ដូណាល់ ត្រាំ​ទទួល​ស្គាល់​ Jerusalem ជារដ្ឋធានី​របស់​អ៊ីស្រាអែល នោះ​ប៉ាឡេស្ទីន ក៏នឹង​សើរើ នយោបាយ​របស់ខ្លួន ដែល​ទទួល​ស្គាល់ រដ្ឋអ៊ីស្រាអែល។ ទៅតាម​កិច្ចព្រមព្រៀង​អូស្លូ ឆ្នាំ ១៩៩៣ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ទទួល​ស្គាល់​គ្នា​ទៅវិញ ទៅមក ជារដ្ឋ រស់នៅ​ជិតគ្នា។

ការសន្យា​របស់​លោក​ដូណាល់ ត្រាំ ដែល​ចង់​ផ្ទេរ​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ទៅ​នៅ​ទីក្រុង​ Jerusalem មិន​ត្រឹម​បង្ក​ឲ្យ​មាន​ការព្រួយភ័យ​របស់​ប៉ាឡេស្ទីន​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់​ផងដែរ​ពី​ប្រមុខការបរទេស​អាមេរិក លោក​ចន ឃេរី​ដែល​ចាត់ទុក ជំហាន​របស់​លោក​ត្រាំ​ថា អាច​បង្ក​ឲ្យ​ផ្ទុះភ្លើងសង្រ្គាម នៅក្នុង​តំបន់។

អីស្រាអែល​បាន​ទាមទារ​ក្តោបយក​តំបន់​Jerusalem ​ជា​រដ្ឋធានី​របស់ខ្លួន។ អ៊ីស្រាអែល​ដែល​បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់ Jerusalem​ខាងកើត ដែល​មាន​ប្រជាជន​រស់នៅ​ភាគច្រើន​ជាជនជាតិ​ប៉ាឡេស្ទីន ចង់​បាន​ផងដែរ​ Jerusalem​ខាងកើត​ជាផ្នែកមួយ​នៃ​រដ្ឋធានី​របស់ខ្លួន។ អាមេរិក​តាំង​ស្ថានទូត​របស់ខ្លួន​នៅ​ Jerusalem គឺ​ប្រៀប​បាន​នឹង​អាមេរិក​ទទួល​ស្គាល់​វា​ជារដ្ឋធានី​របស់​អ៊ីស្រាអែល ដែល​ការណ៍​នេះ​បំផ្លាញ​ទាំងស្រុង​គំនិត​ប៉ង​របស់​ប៉ាឡេស្ទីន​ដែល​ចង់​បាន​ Jerusalem​ជាអនាគត​រដ្ឋធានី​របស់ខ្លួន នៅក្រោយ​ពេល​ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ