អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

អ៊ីស្រាអែល​បើក​ភ្លើងខៀវ​ជា​ឲ្យសង់​លំនៅឋាន​ថ្មី នៅ​Jérusalem​ខាងកើត

ពីរ​ថ្ងៃ​ក្រោយ​លោក​ដូណាល់ ត្រាំ ចូល​ស្បថ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ពេញច្បាប់ អ៊ីស្រាអែល ដែល​ធ្លាប់​ទទួល​​ការគាំទ្រ​ពី​លោក​ដូណាល់ ត្រាំ បាន​សម្រេច នៅថ្ងៃ​អាទិត្យ ផ្តល់​ការអនុញ្ញាត​ឲ្យ​គេ​សង់​ផ្ទះ​ជាង ៥០០ នៅ​Jérusalem​ខាងកើត ដែល​សហគមន៍​អន្តរជាតិ​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់។ ធ្វើដូច្នេះ អ៊ីស្រាអែល​កំពុង​តែ​ផ្គើន​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដែល កាលពី​ខែ​ធ្នូ បាន​បោះឆ្នោត ជា​ឯកច្ឆន្ទ ហាម​ឃាត់​​អ៊ីស្រាអែល​ឲ្យ​បញ្ឈប់​រាល់​ការសាងសង់​សំនង់​អាណានិគមកិច្ច ក្នុង​តំបន់​ដែល​កំពុង​ជាប់​មាន​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន។ 

អ៊ីស្រាអែល​បន្ត​សាងសង់​ផ្ទះ​នៅ Cisjordanie នៅថ្ងៃទី ២២​ធ្នូ ២០១៦ ទោះបី​ជា​មាន​ការសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ទាមទារ​ឲ្យ​​អ៊ីស្រាអែល​បញ្ឈប់​ទាំងស្រុង​ការសាងសង់​ផ្ទះ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន
អ៊ីស្រាអែល​បន្ត​សាងសង់​ផ្ទះ​នៅ Cisjordanie នៅថ្ងៃទី ២២​ធ្នូ ២០១៦ ទោះបី​ជា​មាន​ការសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ទាមទារ​ឲ្យ​​អ៊ីស្រាអែល​បញ្ឈប់​ទាំងស្រុង​ការសាងសង់​ផ្ទះ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

សាលាក្រុង​អ៊ីស្រាអែល​នៅ Jérusalem​ខាងកើត នៅ​ថ្ងៃ​អាទិត្យ​បាន​ចេញ​ប័ណ្ណ​អនុញ្ញាត​សា​ជាថ្មី ​ឲ្យ​គេ សាងសង់​លំនៅឋាន​ចំនួន ៥៦០​នៅក្នុង​សង្កាត់​បី​របស់ Jérusalem​ខាងកើត ដែល​អ៊ីស្រាអែល​ចូលកាន់កាប់ ដោយ​ខុសច្បាប់ ចាប់តាំង​ពី​ឈ្នះ សង្រ្គាម​ជាមួយ​អារ៉ាប់ នៅ​ឆ្នាំ ១៩៦៧។ សាលាក្រុង​អ៊ីស្រាអែល​បាន​ទទួល​គម្រោង​សុំ​សិទ្ធិ​សាងសង់​លំនៅឋាន នៅ​ Jérusalem​ខាងកើត​តាំង​ពី​ខែ​ធ្នូ ប៉ុន្តែ ទៅតាម​ការទាមទារ​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​មិន​ចង់​រង​ការរិះគន់​ពី​រដ្ឋបាល​របស់​លោកអូបាម៉ា សាលាក្រុង​បាន​សុខចិត្ត​ផ្អាក​គម្រោង​មួយអន្លើ​សិន។

 
ដំណឹង​បើកភ្លើងខៀវ​ឲ្យ​មាន​ការសាងសង់​ជាថ្មី នៅJérusalem ខាងកើត កើតឡើង បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ បាន​និយាយ​ថា លោក​នឹង​ពិភាក្សា តាមទូរស័ព្ទ​ជាមួយ​លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​អាទិត្យ ដើម្បី​និយាយ​ពី​បញ្ហា​អ៊ីស្រាអែល ប៉ាឡេស្ទីន ជម្លោះ​នៅ​ស៊ីរី ហើយ​និង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

នៅក្នុង​វិទ្យុ​រដ្ឋ​អ៊ីស្រាអែល ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផែនការ និង​សំណង់​របស់​សាលាក្រុង​អ៊ីស្រាអែល បាន​និយាយថា រដ្ឋាភិបាល​បាន​សុំ​ឲ្យ​លោក​រង់ចាំ​ទាល់​តែ​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ព្រោះថា លោក​ដូណាល់ ត្រាំ​មិន​ប្រឆាំង​នឹង​ការសាងសង់​របស់​អ៊ីស្រាអែល​នៅ​ Jérusalem​នោះទេ។

រហូតមក លោក​ដូណាល់ ត្រាំ ធ្លាប់​បង្ហាញ​សមាន​ចិត្ត គាំទ្រ​អ៊ីស្រាអែល។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ធ្លាប់​ប្រកាស​ថា លោក​នឹង​ទទួល​ស្គាល់​ Jérusalem​ជារដ្ឋធានី​អ៊ីស្រាអែល និង​ផ្ទេរ​ស្ថានទូត​អាមេរិក​ទៅនៅ Jérusalem នៅ​ពេល​លោកក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ កាលពី​ខែ​ធ្នូ​កន្លង​ទៅ លោក​បាន​បរិហារ​រិះគន់​ខ្លាំងៗ ទាំង​ក្រុមប្រឹក្សា​សន្តិសុខ និង​រដ្ឋបាល​លោកអូបាម៉ា ដែល​ជា​លើក​ទី ១ បាន​បោះឆ្នោត ចេញ​សម្រេច ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជាបន្ទាន់ រាល់​ការសាងសង់ សំណង់​អាណានិគមកិច្ច​នៅ​ Jérusalem​ខាងកើត ដែល​ប៉ាឡេស្ទីន សង្ឃឹម​យក​ធ្វើ​ជាអនាគត​រដ្ឋធានី របស់ខ្លួន។ លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល កាលណោះ បាន​ទូរស័ព្ទ​ថ្លែង​អំណរគុណ ដល់​លោក​ដូណាល់ ត្រាំ ដែល​បាន​ឈឺឆ្អាល ជួយ​អ៊ីស្រាអែល។

អ្នកនាំពាក្យ​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន​ឯណោះវិញ នៅថ្ងៃ​អាទិត្យ​បាន​ប្រតិកម្ម ថ្កោលទោស​ការសម្រេច​របស់​សាលាក្រុង​អ៊ីស្រាអែល ដែល​គេ​ចាត់ទុក​ថា កំពុង​ទៅបំផ្លាញ​ការខិតខំប្រឹងប្រែង ដើម្បី​ចរចា​បង្កើត​រដ្ឋពីរ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ប៉ាឡេស្ទីន​បានអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ក្រុមប្រឹក្សា​សន្តិសុខ​ចាត់វិធានការ​ជា​បន្ទាន់​ទៅលើ​អ៊ីស្រាអែល ដែល​តាម​ប៉ាឡេស្ទីន កំពុង​​ផ្គើន រំលោភ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ