ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
មជ្ឈិមបូព៌ា

ក្រុមប្រឹក្សា​សន្តិសុខ​បើក​ការប្រជុំបន្ទាន់ ក្រោយ​អ៊ីរ៉ង់​បាញ់​សាកល្បង​មីស៊ីល

media  
មីស៊ីល​បាលីស្ទីក​ដែល​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​នៅ​២​ខែ​ក្រោយ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចូល​ជា​ធរមាន​ នៅ​ខែ​មីនា ២០១៦ MAHMMOD HOUSSEINI / TASNIM NEWS / AFP

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់ នៅថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​ពី​ការបាញ់​មីស៊ីល​ចម្ងាយ​មធ្យម​របស់​អ៊ីរ៉ង់។ តាម​ប្រភព​មន្រ្តីការទូត​នៅ​អង្គការ​សហប្រជាជាតិ ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្រុមប្រឹក្សា​សន្តិសុខ​បើក​ការប្រជុំ​បន្ទាន់​ទៅតាម​ការស្នើសុំ​របស់​ទីក្រុង​វ៉ាស៊ីនតោន នៅក្រោយ​បណ្តឹង​របស់​អ៊ីស្រាអែល​ទៅ​អង្គការ​សហប្រជាជាតិ។

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ចេញមុខ​មុនគេ បរិហារ​ថ្កោលទោស សកម្មភាព​បាញ់​សាកល្បង​មីស៊ីល​របស់​អ៊ីរ៉ង់។ នៅ​ថ្ងៃ​អាទិត្យ ទី ២៩​មករា មីស៊ីល​របស់​អ៊ីរ៉ង់​រត់​បាន​ចម្ងាយ​ជិត ១ពាន់​គីឡូម៉ែត្រ​មុន​នឹង​ផ្ទុះធ្លាក់ នៅ​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី តេអេរ៉ង់។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល អ៊ីរ៉ង់​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ លេខ ២២៣១ ដែល​បាន​ហាមឃាត់​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​មីស៊ីល ​បាលីស្ទីក ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នៅ​អង្គការ​សហប្រជាជាតិ​វិញ​បាន​អំពាវនាវ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការបាញ់​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​គ្រោះថ្នាក់ មិន​ថា សម្រាប់​អ៊ីស្រាអែល ហើយ​និង​ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់។

 
អ៊ីរ៉ង់​វិញ​បាន​និយាយ​ធានា​ថា មីស៊ីល​របស់​ខ្លួន នឹង​គ្មាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ អ៊ីរ៉ង់ បញ្ជាក់​ថា គ្មាន​ចេតនា​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ប៉ុន្តែ មន្រ្តី​យោធា​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់ ធ្លាប់​បាន​បង្ហាញ​ពី​បំណង​អភិវឌ្ឍ​កម្មវិធី​ផលិត​មីស៊ីល ដែល​អ៊ីរ៉ង់​ទុកប្រើ​សម្រាប់​ការពារ​ខ្លួន។
 
នៅខែ​មីនា ឆ្នាំមុន អ៊ីរ៉ង់​ធ្លាប់​បាន​បាញ់​សាកល្បង​មីស៊ីល​ម្តងហើយ ពោល​គឺ​នៅ​តែ​ពីរ​ខែ ក្រោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន។ កាលណោះ លោក​បាន គីមូន ដែល​នៅ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅឡើយ បាន​ត្រឹម​តែ​បង្ហាញ ការសោកស្តាយ ប៉ុន្តែ គ្មាន​ការប្រជុំ​ដាក់​ទណ្ឌកម្ម​ទៅ​អ៊ីរ៉ង់​នោះទេ។ ទោះ​ជា​មាន​បណ្តឹង​ពី​បារាំង អង់គ្លេស និង​អាមេរិក​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ៊ីរ៉ង់​រហូត​មក បាន​ជៀសផុត​ពីការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដោយសារ​មាន​អន្តរាគម​ជួយ​របស់​រុស្ស៊ី និង​ចិន។
 
នៅ​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ជួប​ពិភាក្សា​ជាមួយ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ១៥​កុម្ភៈ ខាងមុខ លោក​នឹង​សុំ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទៅលើ​អ៊ីរ៉ង់។
 
លោកដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី អាមេរិក​ធ្លាប់បាន​សន្យា​រឹត​ចំណង​មិត្តភាព​ជាមួយ​អ៊ីស្រាអែល។ លោក​រិះគន់ ដោយ​ចំហរ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បើតាម​លោក កំពុង​បើកផ្លូវ​ឲ្យ​អ៊ីរ៉ង់​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។
 
ថ្មីៗនេះទៀត នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ព្រះមហាក្សត្រ​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត ដែល​ជា​គូប្រជែង​របស់​អ៊ីរ៉ង់ ប្រធានាធិបតី​អាមេរិក​បាន​សន្យារួមគ្នា ជាមួយ​អារ៉ាប៊ី សាអូឌីត ដើម្បី តាមដាន​ជាប់​ជានិច្ច ការអនុវត្តន៍​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ញុះញង់​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់ ប្រមុខ​ដឹកនាំ​អាមេរិក និង​អារ៉ាប៊ី សាអូឌីត​បាន​យល់ព្រមព្រៀង​គ្នា​ផងដែរ ពីការបង្កើត​តំបន់​សន្តិសុខ​ពិសេស នៅក្នុង​ទឹកដី​ស៊ីរី ជាទី​ដែល​ទាហាន​អ៊ីរ៉ង់​កំពុង​ជួយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​បាស្ហា អាល់​អាសាដ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ