អានតួអត្ថបទ

តួកគីបើកយុទ្ធនាការ​ចាប់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​ទ្រង់ទ្រាយ​ធំ

មួយ​ខែ​ក្រោយ​ភេរវកម្ម​ប្រឆាំង​នឹង​រង្គសាល Reina នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ប៉ូលិស​តួកគី​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ចលនា​​ជីហាត​រដ្ឋ​អ៊ីស្លាម​ យ៉ាង​ហោច​ណាស់ ៤០០​នាក់ ក្នុង​ក្រប​ខ័ណ្ឌ​យុទ្ធនាការ​កម្ចាត់​ជនជីហាតទូទាំង​ប្រទេស​ រយៈ​ពេល​មួយ​ខែ។ ជាប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ ដែល​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​តួកគី​ទើប​បង្ហើប​ឱ្យ​ដឹង នៅ​ថ្ងៃអាទិត្យនេះ និង​ដែល​ទំនង​ជា​បាន​ទប់​ស្កាត់​មិន​ឱ្យ​​​ភេរវកម្ម​ថ្មី​មួយទៀត​សម្រេច​បាន។

ប៉ូលិស​តួកគី​បើក​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​៤០០​នាក់
ប៉ូលិស​តួកគី​បើក​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​៤០០​នាក់
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​តួកគី​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​ជន​សង្ស័យ​ចាប់ខ្លួន​បាន យក​ទៅ​​ឃុំឃាំងនេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ ក្នុង​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​​សកល​ នៅ​ក្រុង​អង់ការ៉ា ឬ​ក៏​អត់​ទេ។ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ គឺ​តួកគី​បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​សម្បើម​មួយ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​សកម្មជន​ជាប់​សង្ស័យ​មាន​ទំនាក់ទំនង​ជា​មួយ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ប្រតិបត្តិការ​នេះ​បាន​ប្រើ​​កម្លាំង​ប៉ូលិស​ជា​ច្រើន​រយ​នាក់ ឬ​ជិត​ដល់​ពាន់​នាក់​​ នៅ​ព្រឹក​មិញ ក្នុង​ក្រុង​ចំនួន​យ៉ាង​១៥ រាប់ទាំង​អង់ការ៉ា និង​អ៊ីស្តង់ប៊ូល​ផង។ នៅ​ក្នុង​ចំណោម​ជន​សង្ស័យ​ចាប់​ខ្លួន​ មាន​ជា​ច្រើន​នាក់​ជា​ជន​បរទេស មាន​ជាអាទិ៍​ជនជាតិស៊ីរី។

ក្រៅ​អំពី​ចាប់​ខ្លួន​មនុស្ស ប៉ូលិស​តួកគី​បាន​រឹប​អូស​វត្ថុ​តាង​ជា​ច្រើន ដូច​ជា​កុំ​ព្យូទ័រ ឯកសារ​ និង​សម្ភារៈ​សម្រាប់​ឃោសនា​មនោគមន៍​ជីហាត​រដ្ឋ​អ៊ីស្លាម​ជាច្រើន​ទៀត។ នៅ​ក្រុង​ Izmir​ ប៉ូលិស​បាន​រកឃើញ​អាវុធ ជា​ច្រើន​ដើមក្នុង​ដៃ​​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជីហាតមួយក្រុម ដែល​ទំនង​​កំពុង​ត្រៀម​​រៀប​ចំផែនការ​ភេរវកម្ម។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​តួកគី ដែល​បាន​បញ្ជាក់​ទៀត ក្រុម​នេះមាន​ទំនាក់ទំនង​ជាមួយ​​បណ្តាញ​​មេខ្យល់​​ ដែល​ដឹកនាំ​ជនជីហាត​មក​ពីស៊ីរី​ទៅ​អឺរ៉ុប។

ពេញ​មួយ​ឆ្នាំ​២០១៦ តួកគី​បាន​រង​ការ​​​ភេរវកម្មជា​ហូរហែ​មួយ​ហើយ​មួយ​ទៀត ជួន​ពី​សំណាក់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ជួន​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​គួដឌីស្ថាន។ បើ​តាម​សារព័ត៌មានរបស់​តួកគី អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ នៅ​អង់ការ៉ា ទន្ទឹម​នឹង​ភេរវកម្ម​នៅ​រង្គសាល​ក្រុង​អ៊ីស្តង់ប៊ូល​ដែរ តែ​ត្រូវ​ខក​ខាន​ទៅ​វិញ​ ដោយ​សារ​អាជ្ញាធរ​តួកគី​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ទាន់​ពេលវេលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ