អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អាមេរិក​ប្រឆាំង​មិន​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន ធ្វើ​ជា​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ស្វាគមន៍​ការសម្រេច​ចិត្ត​របស់​អាមេរិក ដែល​បាន​ចេញមុខ​ប្រឆាំង​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ​ជ្រើសរើស​ជនជាតិប៉ាឡេស្ទីន ធ្វើ​ជា​អ្នកតំណាង​របស់ខ្លួន។ សម្រាប់​អាមេរិក ការជ្រើសរើស​ជនជាតិ​ប៉ាឡេស្ទីន​សម្រាប់​តំណែង​នៅ​អង្គការ​សហប្រជាជាតិ ជា​រឿង​អយុត្តិធម៌​សម្រាប់​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

លោក​អូបាម៉ា កាលនៅ​ជា​ប្រធានាធិបតី​អាមេរិក​ចូលរួម​មើល​កម្មវិធី​វប្បធម៌ជាមួយ​លោក​ Salam Fayyad កាលនៅជា​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន នៅ​ឆ្នាំ ២០១៣
លោក​អូបាម៉ា កាលនៅ​ជា​ប្រធានាធិបតី​អាមេរិក​ចូលរួម​មើល​កម្មវិធី​វប្បធម៌ជាមួយ​លោក​ Salam Fayyad កាលនៅជា​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន នៅ​ឆ្នាំ ២០១៣ ©REUTERS/Jason Reed/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​អបអរ​ដែល​ឃើញ​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ​ចេញមុខ ជំទាស់​មិន​ឲ្យ​គេ​តែងតាំង​លោក​Salam Fayyad អតីត​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន ជា​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​វិបត្តិ​នៅ​លីប៊ី។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃ​អាទិត្យ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ឆ្លៀត ឱកាស​នេះ ទាមទារ​ឲ្យ​មាន​ការតែងតាំង​ជនជាតិ​អ៊ីស្រាអែល សម្រាប់​តំណែង ក្នុង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។

 
“វាដល់ពេល​ហើយ​ដែល​គេ​ត្រូវគិតគូរ ផ្តល់​តួនាទី ឬ​តែងតាំង​ជនជាតិ​អ៊ីស្រាអែល នៅក្នុង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ វា​មិនអាច​ទទួល​យកបានទេ ដែល​គេ​គិត​តែ​ធ្វើ​អំណោយ​មិនឈប់​ដល់​ជនជាតិ​ប៉ាឡេស្ទីន​នោះ។” នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាននិយាយ​យ៉ាងដូច្នេះ ដោយ​ចង់​សំដៅ​ផងដែរ ព័ត៌មាន​របស់​កាសែត​អ៊ីស្រាអែល​ដែល​ថា អ៊ីស្រាអែល​នឹង​អាច​សុខចិត្ត ឲ្យ​អតីត​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន​ធ្វើ​ជា​ប្រេសិត បើសិន​រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែល​ត្រូវ​ជ្រើសតាំង​ជាអគ្គលេខាធិការ​រង​របស់​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​លោក អង់តូនីញ៉ូ ហ្គុយទែរក៍។

ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley កាលពី​ថ្ងៃ​សុក្រ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដែលនៅក្នុង​នោះ លោកស្រី​បាន​និយាយ​ថា អាមេរិក​ខកចិត្ត បន្ទាប់​ពី​ដឹង​ដំណឹងថា គេ​ចង់​តែងតាំង អតីត​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន លោក​ Salam Fayyad​ឲ្យ​ធ្វើ​ជា​ប្រេសិត របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​វិបត្តិ​លីប៊ី។ តាម​អ្នកតំណាង​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ អាមេរិក បច្ចុប្បន្ននេះ មិន​ទទួល​ស្គាល់ ថា មាន​រដ្ឋប៉ាឡេស្ទីន ហើយ​ក៏​មិន​ទទួល​យក សញ្ញា​ដែល​ចង់​ឲ្យ​មាន​ប៉ាឡេស្ទីន នៅក្នុង​តំណែង​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ។ លោកស្រី ឯកអគ្គរដ្ឋទូត​អាមេរិក​យល់ថា អង្គការ​សហប្រជាជាតិ តាំង​ពី​យូរណាស់​មកហើយ បាន​លំអៀង ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អាជ្ញាធរ​ប៉ាឡេស្ទីន ដែលការណ៍នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ៊ីស្រាអែល សម្ព័ន្ធមិត្ត​របស់​អាមេរិក។

ការចេញមុខ​ជំទាស់​របស់​អាមេរិក មិន​ឲ្យ​គេតែងតាំង​ជនជាតិ​ប៉ាឡេស្ទីន នៅក្នុង​ស្ថាប័ន​អន្តរជាតិ​កំពូល ដូចជា​អង្គការ​សហប្រជាជាតិ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រិះគន់ ជាពិសេស​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​ចោទប្រកាន់​អាមេរិក​ថា ​បាន​រើសអើង ពូជសាសន៍។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ ​បាន​ចេញមុខ​ប្រតិកម្ម ការពារ​បេក្ខភាព​របស់​ប៉ាឡេស្ទីន សម្រាប់​តំណែង​ប្រេសិត។ តាម​លោក Stéphane Dujarric អ្នកនាំពាក្យ​របស់អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ លោក​អតីត​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​សមត្ថភាព និង​គុណសម្បត្តិ​បុគ្គល​ផ្ទាល់ខ្លួន ដែល​គេ​ត្រូវការ​សម្រាប់​តំណែង​ប្រេសិត។ លោក​អ្នកនាំពាក្យ​បាន​បន្ថែមទៀត​ថា បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ធ្វើការ​ដើម្បី​ស្ថាប័ន​អង្គការ​សហប្រជាជាតិ  គឺ​មិនមែន​តំណាង រដ្ឋាភិបាល ឬ​ប្រទេស​ណាមួយ​នោះទេ។

ក្នុងវ័យ ៦៤​ឆ្នាំ លោក​​Salam Fayyad ដែល​ធ្លាប់​ជា​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៣ ត្រូវ​បាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជ្រើសរើស​សម្រាប់​បេក្ខភាព​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ ជំនួស​ជនជាតិ​អាល្លឺម៉ង់ លោក Martin Kobler សម្រាប់​ដោះស្រាយ​វិបត្តិ​លីប៊ី។ ប៉ុន្តែ អាមេរិក ដែល​ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ អាច​នឹង​ប្រើ​សិទ្ធិ​វេតូ ប្រឆាំង​មិន​ឲ្យ​មាន​ជនជាតិ​ប៉ាឡេស្ទីន​សម្រាប់​តំណែង​ប្រេសិត​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ