លោកហ្គុយទែរក៍៖ ប្រជាជនយេម៉ែនចិត្តល្អណាស់ គឺមិនសមនឹងរងគ្រោះអត់ឃ្លាននោះទេ
ចុះផ្សាយនៅថ្ងៃ៖
លោកអង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិការអង្គការសហប្រជាជាតិបានយកប្រទេស អារ៉ាប៊ី សាអូឌីត ធ្វើជាកន្លែងប្រកាសអំពាវនាវឲ្យមានការចរចាឡើងវិញ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅយេម៉ែន។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានទស្សនកិច្ចអារ៉ាប៊ី សាអូឌីត នៅថ្ងៃអាទិត្យទី១២កុម្ភៈ។ តាំងពីឆ្នាំ ២០១៥ យេម៉ែន មិនត្រឹមក្លាយជាសមរភូមិប្រយុទ្ធដណ្តើមអំណាច វាងពួកឧទ្ទាម ហ៊ូទីស្ស ហើយនិងកងទ័ពរដ្ឋាភិបាល តែប៉ុណ្ណោះទេ ប៉ុន្តែ យេម៉ែនបានធ្លាក់ខ្លួនផងដែរ ជាទីលានប្រជែងដណ្តើមឥទ្ធិពលគ្នារវាង អារ៉ាប៊ី សាអូឌីត ហើយនិងអ៊ីរ៉ង់។
កូនភេពីរក្បាល ឈ្លោះដណ្តើមសាច់ត្រីគ្នា។ ខ្លាចូលខ្លួនមកសុំជួយ អារកាត់ចំណែក ប៉ុន្តែ នៅទីបំផុត គឺខ្លាដែលបានទទួលចំណែកសាច់ច្រើនជាងគេ ចំណែកកូនភេ សឹងតែគ្មានបានអ្វីសោះ។ ជម្លោះសង្រ្គាមស៊ីវិលនៅយេម៉ែនបច្ចុប្បន្ននេះ គឺដូចគ្នានឹងរឿងកូនភេយ៉ាងដូច្នេះដែរ។
សង្រ្គាមស៊ីវិលបានកើតដំបូងឡើយ ដោយសារតែក្រុមហ៊ូទីស្ស ដែលគាំទ្រដោយអតីតប្រធានាធិបតីយេម៉ែន អាលី អាប់ដាឡាសាឡេះ បះបោរប្រឆាំងអំណាចប្រធានាធិបតីថ្មី របស់យេម៉ែន។ បន្តិចម្តងៗ ភាគីបរទេស នាំមុខដោយអ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត រួមទាំងក្រុមភេរវជនដែលជាបណ្តាញរបស់អាល់កៃដា នៅឧបទ្វីបអារ៉ាប់ផង បានជ្រៀតចូលខ្លួនទៅក្នុងជម្លោះផ្ទៃក្នុងរបស់យេម៉ែន។
អ៊ីរ៉ង់មានហេតុផលជួយការពារពួកឧទ្ទាមហ៊ូទីស្សដែលមាននិកាយសាសនាស្ហីអ៊ីត ដូចអ៊ីរ៉ង់ចំណែក អារ៉ាប៊ី សាអូឌីតបានដឹកនាំការវាយប្រហារទ័ពអាកាសទៅលើពួកហ៊ូទីស្សក្នុងហេតុផលការពារព្រំដែនរបស់ខ្លួន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងរបស់ពួកហ៊ូទីស្ស គាំទ្រដោយអ៊ីរ៉ង់ ក្នុងទឹកដីយេម៉ែន។
ជម្លោះប្រដាប់អាវុធដែលកើតឡើង ដើម្បីដណ្តើមអំណាច ប្រជែងឥទ្ធិពល នៅទីបំផុត បានត្រឹមតែធ្វើឲ្យប្រជាជនយេម៉ែន ជាអ្នករងគ្រោះ ឈឺចាប់ជាងគេ។ ចាប់តាំងពីសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត បើកអន្តរាគមយោធាដើម្បីទប់ស្កាត់ការរីករាលដាលរបស់ក្រុមហ៊ូទីស្ស មានមនុស្សប្រមាណ៧៤០០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងពេលដែលប្រជាជនជាងពាក់កណ្តាលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាន និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
គឺ ដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាជនស៊ីវិលយេម៉ែន បានជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងពីគ្រប់ភាគី ដើម្បី ស្តារដំណើរការចរចាសន្តិភាព នៅយេម៉ែន។ នៅ អារ៉ាប៊ី សាអូឌីត នៅក្នុងសន្និសីទកាសែតរួម ជាមួយរដ្ឋមន្រ្តីកាបរទេសរបស់ប្រទេសម្ចាស់ផ្ទះ លោកអង់តូនីញ៉ូ ហ្គុយទែរក៍ បាននិយាយថា រូបភាពបង្ហាញពីទុក្ខវេទនារបស់ប្រជាជនយេម៉ែន ដោយសារសង្រ្គាម ការទម្លាក់គ្រាប់បែក បានចាក់ដោតបេះដូងរបស់លោក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលធ្លាប់ធ្វើជាប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ប្រជាជនយេម៉ែន បើទោះបីជាក្រីក្រក្តី ប៉ុន្តែ ពួកគេចិត្តបានណាស់។ ដូច្នេះ ពួកគេមិនសមនឹងមកទទួលទុក្ខវេទនាខ្វះអាហារ ដោយសារតែសង្រ្គាមនោះទេ។
អង្គការសហប្រជាជាតិបានទទូចសុំឲ្យមានបទឈប់បាញ់ ដើម្បីអាចនាំយកជំនួយមនុស្សថម៌ដល់ប្រជាជន ប៉ុន្តែ ការចរចារាល់លើក ផ្តួចផ្តើមគំនិតដោយអង្គការសហប្រជាជាតិបានទទួលបរាជ័យ ដោយរួមទាំងបទឈប់បាញ់ចំនួន៧លើកផង។ ប្រេសិតរបស់អង្គការសហប្រជាជាតិ សម្រាប់យេម៉ែន ដែលបានចូលរួមស្តាប់សន្និសីទរបស់លោកអង់តូនីញ៉ូ ហ្គុយទែរក៍ បានស្នើផែនការសន្តិភាពមួយ ដែលនៅក្នុងនោះ មាននិយាយពីការចែករំលែកអំណាចគ្នារវាងភាគីជម្លោះនៅយេម៉ែន។ ប៉ុន្តែ ប្រធានាធិបតី យេម៉ែនបច្ចុប្បន្ន ដែលគាំទ្រដោយសហគមន៍អន្តរជាតិ មិនព្រមទទួលយកនោះ ដោយលោកបានចាត់ទុកខ្លួនលោកជាប្រធានរដ្ឋតែម្នាក់គត់ដែលស្របច្បាប់ នៅយេម៉ែន។
អ្នកដឹកនាំគិតតែពីឈ្លោះគ្នា ដណ្តើមអំណាចគ្នា ដោយគ្មានគិតដល់ការឈឺចាប់ ទុក្ខវេទនារបស់ប្រជាជនឯង។ ហើយដូចសព្វកន្លែង ជម្លោះផ្ទៃក្នុង នឹងហុចប្រយោជន៍ទៅឲ្យប្រទេសដទៃ ជាក់ជាមិនខាន។ ការចរចាបរាជ័យ ក្នុងករណីយេម៉ែន អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់ ដែលគាំទ្រភាគីជម្លោះ រៀងៗខ្លួន ហាក់ធ្វើមិនដឹង មិនលឺនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិនោះទេ។
អារ៉ាប៊ី សាអូឌីតទៀតសោត កំពុងជាប់ក្នុងសំណាញ់សង្ស័យ របស់អង្គការសហប្រជាជាតិ ក្នុងរឿងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅយេម៉ែន។ នៅក្នុងរបាយការណ៍ មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានសិក្សា ស៊ើបអង្កេតទៅលើការវាយប្រហារទ័ពអាកាសចំនួន ១០ របស់អារ៉ាប៊ី សាអូឌីត នៅយេម៉ែន គេរកឃើញថា ភាគច្រើននៃការវាយប្រហារផ្លូវអាកាសរបស់ទីក្រុងរីយ៉ាត នៅយេម៉ែន គឺគ្មានប្រសិទ្ធិភាព រំលោភច្បាប់អន្តរជាតិស្តីពីមនុស្សជាតិ ដោយមានចេតនាសំដៅបំផ្លាញជីវិតប្រជាជនស៊ីវិល។ អ្នកជំនាញនៅបានចាត់ទុកការវាយប្រហារមួយចំនួន មានលក្ខណៈជាឧក្រិដ្ឋកម្មសង្រ្គាម។
ចំពោះអ៊ីរ៉ង់វិញ របាយការណ៍អង្គការសហប្រជាជាតិបានរកឃើញថា មានអាវុធមួយចំនួន មានប្រភពមកពីអ៊ីរ៉ង់ ប៉ុន្តែ ដោយគ្មានភស្តុតាងគ្រប់គ្រាន់ គេមិនអាចសន្មត់ថា អ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់សព្វាវុធទាំងស្រុងដល់ក្រុមហ៊ូទីស្សនោះទេ។ នេះជាហេតុផលមួយ ដែលអង្គការសហប្រជាជាតិបានបដិសេធមិនបិទផ្លូវទឹកចូលទៅយេម៉ែន តាមការចង់បានរបស់អារ៉ាប៊ី សាអូឌីត ដែលចោទអ៊ីរ៉ង់ថា បានប្រើផ្លូវទឹកដើម្បី លួចផ្តល់អាវុធដល់ក្រុមហ៊ូទីស្ស។
របាយការណ៍របស់អង្គការសហប្រជាជាតិបានដាក់បន្ទុកទៅលើអារ៉ាប៊ី សាអូឌីត ដែលដើរតួសំខាន់ នៅក្នុងជម្លោះ នៅដើមបូព៌ា។ ប៉ុន្តែ គ្មាននរណាហ៊ានក្អកប្រទេសមហាសេដ្ឋីប្រេងមួយនេះទេ។ គេអាចជឿបានខ្លះថា គឺកុងត្រាទិញអាវុធ រាប់ពាន់លានដុល្លារ ដែលអង់គ្លេស និងអាមេរិក លក់ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលធ្វើឲ្យប្រទេសសមាជិកអចិន្រ្តៃយ៍ ទាំងពីររបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅសំងំស្ងៀម គ្មានមាត់មួយម៉ាត់ រិះគន់អារ៉ាប៊ី សាអូឌីត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ