អានតួអត្ថបទ

ប៉ារីស​ស្នើកោះ​​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ ក្រោយ​មាន​ដាន​ប្រើអាវុធ​គី​មី​ជា​ថ្មី​នៅ​ស៊ីរី

បារាំង​បាន​ផ្តួច​ផ្តើម​គំនិត​នៅ​ថ្ងៃនេះ​ កោះ​ប្រជុំ បន្ទាន់ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​មាន​ដំណឹង​ស្តី​អំពី​ការ​ប្រើ​អាវុធ​គីមី​ ជា​ថ្មី​ទៀតនៅ​ប្រទេស​ស៊ីរី។ អាវុធ​គីមី​ដែល​ទំនង​ជា​បាន​សម្លាប់​ជីវិត​មនុស្ស​៥៨​នាក់ នៅ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាមភាគ​ពាយ័ព្យ​ប្រទេស។

រូបថត​ជនស៊ីវិល​ស៊ីរី​ស្លាប់​ ទំនង​ដោយ​ពុល​ថ្នាំគីមី ថ្ងៃទី ៤ មេសា ២០១៧
រូបថត​ជនស៊ីវិល​ស៊ីរី​ស្លាប់​ ទំនង​ដោយ​ពុល​ថ្នាំគីមី ថ្ងៃទី ៤ មេសា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ស្លាប់​៥៨​នាក់ មាន​ជាង​១០​នាក់​ជា​កុមារ​អាយុ​ក្រោម​៨​ឆ្នាំ អ្នក​រង​របួស​ជាង​៦០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការសង្គ្រោះ ដែល​បើ​តាម​ប្រភព​មន្ទីរ​ពេទ្យ​ពួក​គេ​មាន​អាការៈ​សញ្ញា​រោគ​ដូច​រងការ​វាយប្រហារ​គីមី។

សកម្មជន​បាន​ផ្សព្វផ្សាយ​តាមរូបថត​ជន​រងគ្រោះ​​ប្រព័ន្ធ​សង្គម​។ ទូរទស្សន៍​ស្និទ្ធ​នឹង​ក្រុម​ប្រឆាំង​ស៊ីរី បាន​រៀប​រាប់​អំពី​​ចំនួន​មនុស្ស​ស្លាប់​ដល់​ទៅ​១៥​០​នាក់ របួស​ជាង​បីរយ​នាក់ ... នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ដែល​មាន​ទម្រង់ជា​ការ​ប្រើ​អាវុធគីមី។

បើ​តាម​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ យន្តហោះ​ទ័ព​អាកាស​របស់​​យោធា​រដ្ឋាភិបាលស៊ីរី ឬ​រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​វាយប្រហារ ដោយ​ប្រើ​ឧស្ម័ន​ពុល​ម្យ៉ាង​ដែល​ទំនងអាច​ជា​ឧស្ម័នសារាំង Sarin ​ឬក្លរ Chlores ​លើក្រុង​មួយ​របស់​ខេត្ត​Idlib នៅ​ភាគ​ពាយ័ព្យ​ប្រទេសស៊ីរី។

តើ​ពិត​ជា​មាន​ការ​វាយប្រហារ​អាវុធ​គីមី​មែន​ឬយ៉ាងណា ? ពេល​នេះ​ប្រភព​យោធា​ស៊ីរី​បាន​បដិសេធយ៉ាង​ដាច់​អហង្ការ ឯ​​រុស្ស៊ីវិញ​ បាន​អះអាង​គ្មាន​យន្តហោះ​ខ្លួនណា​មួយ​ចេញ​ច្បាំង​នៅ​ខេត្ត​អ៊ីដលីប ស៊ីរី​ទេ។

ប្រឈម​មុខ​នឹង​ស្ថានភាព​​​បែប​នេះ ​បារាំង ដែល​កំពុង​ជួប​ប្រជុំ​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប​ស្តី​ពី​ប្រទេស​ស៊ីរី នៅក្រុង​ព្រុចសែល បាន​ស្នើ​សុំ​ឱ្យ​​មាន​ការ​កោះ​ប្រជុំ​បន្ទាន់ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ព្រោះ​ការ​ប្រើ​អាវុធ​គីមី​ជាទង្វើ​ដ៏​អាក្រក់​ក្រៃ​និង​ជា​​ការ​រំលោភសន្តិសុខ​អន្តរជាតិ។

ប្រសិន​បើ​ដូច​ជា​ការ​គិត​មែន នេះ​ជា​ការ​វាយប្រហារ​គីមី​មរណៈដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ គិត​ចាប់​តាំង​ពីការ​វាយប្រហារ​ដោយ​អាវុធ​គីមី​សារាំង​ កាលពី​ឆ្នាំ​២០១៣ ដែល​កាល​ណោះ​បានសម្លាប់​ជនស៊ីវិល​ស៊ីរី​អស់​ជា​ច្រើន​រយនាក់។ សម្រាប់​ក្រុមប្រទេស​បស្ចឹម​លោក ការវាយប្រហារ​នោះ​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​លោក អាសាដ តែ​ដាម៉ាស​ចោទដាក់​ពួក​ឧទ្ទាម​ប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ