ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល៖ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​ព្យុះ​ក្នុង​កែវទឹក?

សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល៖ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​ព្យុះ​ក្នុង​កែវទឹក?
 
ជនជាតិ​ប៉ាឡេស្ទីន​លើក​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​ក្បែរ​លំនៅឋាន​ដែល​អ៊ីស្រាអែល​សង់​ក្នុង​ទឹកដី ប៉ាឡេស្ទីន ©ABBAS MOMANI ABBAS MOMANI / AFP

បី​ខែ​មកហើយ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​ថ្កោលទោស និង​ហាម​មិន​ឲ្យ​អ៊ីស្រាអែល​សាងសង់​សំណង់​អាណានិគមកិច្ច នៅក្នុងទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ចូល​កាន់កាប់​ដោយ​ខុសច្បាប់។ សេចក្តី​ហាមប្រាម​របស់​អង្គការ​សហប្រជាជាតិ មាន​តែ​នៅ​លើ​ក្រដាស។ ក្រៅតែ ពី​មិន​គោរពតាម អ៊ីស្រាអែល រឹតតែ​ផ្គើន ដោយ​បាន​ប្រកាស​បង្កើត​តំបន់​អាណានិគមកិច្ច​ថ្មីមួយទៀត នៅ​ក្នុងដែនដី​Cisjordanie ដែល​នេះ​ទើប​មាន​ជាលើក​ទី១ ចាប់តាំង​ពី​ឆ្នាំ ១៩៩១​មក។

សេចក្តី​សម្រេច​លេខ ២៣៣៤​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គ្មាន​ទំងន់ សូម្បី​បន្តិច ទៅលើ​រដ្ឋាភិបាល​អ៊ីស្រាអែល។ នៅ​ខែ​ធ្នូ ឆ្នាំ​ទៅមុន ដោយសារ​តែ​គ្មាន​ការលើក​ដៃ​វេតូ​របស់​អាមេរិក ក្រុមប្រឹក្សា​សន្តិសុខ​អាច​ជំនះ បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេច ដែល​ថ្កោលទោស និង​ហាម​មិន​ឲ្យ​អ៊ីស្រាអែល​សាងសង់​លំនៅឋាន នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ប៉ុន្តែ បីខែ​កន្លង​ផុត​ទៅ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ មាន​តែ​នៅ​មាត់ នៅ​លើ​ក្រដាស មិនអាច​ទប់ស្កាត់​សេចក្តី​លោភលន់​របស់​អ៊ីស្រាអែល ដែល​រំពឹង​លេប​យក​ទឹកដី​ប៉ាឡេស្ទីន​ដោយ​ឈាម ត្រជាក់។

 
មិន​ធ្វើតាម ហើយ​នៅ​ផ្គើនទៀត
នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ នៅ​បាន​ប្រកាស​បង្កើត​តំបន់​អាណានិគមកិច្ច​ថ្មី​មួយទៀត នៅ​ទឹកដី​មួយផ្នែក​របស់​ Cisjordanie ទឹកដី​របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​កាន់កាប់​ដោយ​ខុសច្បាប់ តាំង​ពី​អ៊ីស្រាអែល​ឈ្នះ​សង្រ្គាម ៦​ថ្ងៃ នៅ​ឆ្នាំ ១៩៦៧។ រដ្ឋាភិបាល​អ៊ីស្រាអែល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ស្តាំ​និយម​បំផុត ដែល​ហ៊ាន​ប្រកាស​បង្កើត​តំបន់​អាណានិគមកិច្ច​ថ្មី នៅលើ​ទឹកដី​ប៉ាឡេស្ទីន​ដែល​ខ្លួន​កាន់កាប់។
 
ចាប់តាំង​ពី​ឆ្នាំ ១៩៩១ ពោល គឺក្នុង​រយៈពេល ២៦​ឆ្នាំ​ចុងក្រោយនេះ គ្មាន​រដ្ឋាភិបាល ណា​ដែល​ហ៊ាន​បង្កើត​បន្ថែម តំបន់​អាណានិគមកិច្ច ដែល​ថ្កោលទោស​ដោយ​ប៉ាឡេស្ទីន និង​អង្គការ​សហប្រជាជាតិ​ទេ។ ដោយសារ​តែ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​មុនៗ​របស់​អ៊ីស្រាអែល គ្រាន់តែ​ហ៊ាន​ត្រឹម​អនុញ្ញាតិ​ឲ្យ​គេ​សង់​ផ្ទះ ក្នុង​តំបន់​អាណានិគមកិច្ច ដែល​មាន​រួចមកហើយ ប៉ុន្តែ មិន​ដែល​បាន​បង្កើត​តំបន់​អាណានិគម​កិច្ច​ថ្មី​នោះ​ទេ។
 
រហូតមក ប៉ាឡេស្ទីន និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស ចាត់ទុក ការអនុញ្ញាតិ​ឲ្យ​សាងសង់​លំនៅឋាន​ថ្មី របស់​អ៊ីស្រាអែល ថា ជា​សកម្មភាព​ខុសច្បាប់ រំលោភ​យក​ទឹកដី​ប៉ាឡេស្ទីន និង​បំផ្លាញ​កិច្ចប្រឹងប្រែង​ចរចា សន្តិភាព​ដែល​មាន​ទិសដៅ​បង្កើត​ឲ្យ​មាន​រដ្ឋពីរ​ជិត​គ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ នៅ​ចំពោះ​មុខ​វិធានការ​ពង្រីកដែនដី​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ក្នុង​ទឹកដី​ប៉ាឡេស្ទីន ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​សម្រេច​ថ្មី ដើម្បី ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់ ការសាងសង់​ផ្ទះសម្បែង​ថ្មី នៅ​ទឹកដី​ប៉ាឡេស្ទីន។ សម្រាប់​មន្រ្តី​ការទូត​បរទេស​មួយចំនួន សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា មាន​កម្លាំង​ដូច​ខ្យល់ព្យុះ ប៉ុន្តែ ជា​ព្យុះ​ដែល​មាន​តែនៅក្នុង​កែវទឹក​តូចមួយ។
 
ខ្នងក្រាស
បន្ទាប់​ពីក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​សម្រេច លេខ ២៣៣៤ រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​ត្រឹម​តែ​មិន​យក​ត្រចៀក​ស្តាប់តែប៉ុណ្ណោះទេ ប៉ុន្តែ នៅ​បាន​ផ្គើន ដោយ​បាន​ប្រកាស​ជា​បន្តបន្ទាប់ បើក​ផ្លូវ អនុញ្ញាតិ​ឲ្យ​គេ​សាងសង់​ផ្ទះ​នៅក្នុង​តំបន់​កាន់កាប់​របស់​អ៊ីស្រាអែល។ ហេតុអ្វី​បាន​ជា​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ គ្មាន​ទំងន់​អ្វី​សោះ លើ​អ៊ីស្រាអែល?
 
រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​លោក​បិនចាមីន នេតានីញ៉ាហ៊ូ ហាក់​លែង​រវល់​នឹង​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ទៀតហើយ ហើយ​ក៏​មិន​ខ្វល់​អើពើ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​តទៅទៀត ជាពិសេស នៅក្នុង​កាលៈទេសៈ ដែលសម្ព័ន្ធមិត្ត​អាមេរិក របស់​អ៊ីស្រាអែល មាន​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី។ រដ្ឋបាល​លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ប្រកាស​ហើយថា នឹង​ការពារ​អ៊ីស្រាអែល ដែល​លោក​វាយតម្លៃថា បាន​រងគ្រោះ ដោយសារ​ជំហរ​លំអៀង អង្គការ​សហប្រជាជាតិ។ ​គ្រាន់តែ​លឺ​ដូច្នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បានចិត្ត និង​បាន​ស្វាគមន៍​លោកដូណាល់ ត្រាំ ជាមួយ ដំណឹង បើក​អនុញ្ញាត​ឲ្យ​សាងសង់​បន្ត​លំនៅឋាន​អ៊ីស្រាអែល​នៅ​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​កាន់កាប់។ មួយវិញទៀត ការគំរាម​របស់​លោក​ដូណាល់ ត្រាំ ដែល​ថា ចង់​កាត់បន្ថយ​ប្រាក់ជំនួយ​អាមេរិក សម្រាប់​អង្គការ​សហប្រជាជាតិ រឹត​តែ​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​នេះ ចុះ​ខ្សោយ គ្មាន​កម្លាំង ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល។
 
យឺតពេល
ចង់ឬ​មិន​ចង់ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ហាម​មិន​ឲ្យ​អ៊ីស្រាអែល​ពង្រីក​សំណង់​អាណានិគមកិច្ច​ក្នុង​ទឹកដី​ប៉ាឡេស្ទីន គ្រាន់​តែ​ជា​និមិត្តរូប មួយ ដែល​បន្សល់​ឡើង​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា។ នៅ​មួយខែ​មុន​ដើរចេញ​ពី​សេតវិមាន លោក​អូបាម៉ា បាន​សម្រេច​មិន​វេតូ ដូចមុន ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ចេញ​សេចក្តី​សម្រេច​ថ្កោលទោស​អ៊ីស្រាអែល។ ជំហរ​របស់​លោក​អូបាម៉ា ហាក់​យឺតពេល​ទៅហើយ។ គេ​វាយតម្លៃថា បើសិន​លោក​អូបាម៉ា មិន​វេតូ នៅ​ឆ្នាំ ២០១១ ទេ នោះ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ នឹង​អាច​មាន​ប្រសិទ្ធិភាព មាន​ទំងន់ អាច​ចាប់ដៃ​អ៊ីស្រាអែល​ឲ្យ​ចូល​តុចរចា និង​ទប់​បាន​ខ្លះ​មហិច្ឆតា​របស់​អ៊ីស្រាអែល​ក្នុង​ការ​លេប​យក​ទឹកដី​ប៉ាឡេស្ទីន។
 
អំណើះតទៅ ដំណើរការ​ចរចា​ប៉ាឡេស្ទីន អ៊ីស្រាអែល​នឹង​រឹត​តែ​ស្រពិចស្រពិល គ្មាន​រកផ្លូវ​ចេញរួច។ ក្នុង​រយៈពេល ៤​ឆ្នាំ ទៅមុខ នៅពេល​ដែល​អាមេរិក​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ដែល​ជា​សម្ព័ន្ធមិត្ត ចិត្តមួយ ថ្លើមមួយ អ៊ីស្រាអែល​នឹង​បាន​ចិត្ត ជិះសេះ​លែង​ដៃ ឆ្លៀត​ពង្រីក​វិសាលភាព​របស់ខ្លួន ទៅក្នុង​ទឹកដី​ប៉ាឡេស្ទីន បាន​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាច​រអែង ប៉ាឡេស្ទីន ឬ​សហគមន៍​អន្តរជាតិ​នោះ​ទេ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សភា​អ៊ីស្រាអែល​អនុម័ត​ច្បាប់​ហូត​ដី​ពី​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល-ប៉ាឡេស្ទីន

    សភាអ៊ីស្រាអែល កំពុង​ពិភាក្សា​អនុម័ត​ច្បាប់​អនុញ្ញាតិ​ឲ្យ​សង់​ផ្ទះ​លើ​ដី​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៖​លោកដូណាល់ ត្រាំ​ថា ការ​បង្កើត​រដ្ឋពីរ​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ

    ស្វែងយល់បន្ថែម

  • អាមេរិក-អ៊ីស្រាអែល

    អ៊ីស្រាអែល​បើក​ភ្លើងខៀវ​ជា​ឲ្យសង់​លំនៅឋាន​ថ្មី នៅ​Jérusalem​ខាងកើត

    ស្វែងយល់បន្ថែម

  • ប៉ាឡេស្ទីន-សហរដ្ឋអាមេរិក

    ប៉ាឡេស្ទីន​ព្រមាន​លោកត្រាំ កុំឲ្យ​លើក​ស្ថានទូត​អាមេរិក​ទៅនៅ​Jerusalem

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-ប៉ាឡេស្ទីន

    លោក​ Abbas ​សរសេរ​លិខិត​ព្រមាន​លោក​​Trump​ កុំ​ទទួល​ស្គាល់ ​Jérusalem ​ជា​រដ្ឋធានី​អ៊ីស្រាអែល​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ