អានតួអត្ថបទ
អេហ្ស៊ីប

ភេរវកម្ម​ផ្ទួនៗគ្នា​សម្លាប់​មនុស្ស​យ៉ាងតិច ៣៨នាក់ នៅ​អេហ្ស៊ីប

វិហារ​គ្រឹស្តសាសនា​ពីរ​កន្លែង នៅ​អេហ្ស៊ីប នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រង​ការវាយ​ប្រហារ​ភេរវកម្ម ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣៨​នាក់។ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អង្គការ​រដ្ឋអ៊ីស្លាម​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស៊ីរី​បាន​ចេញ​មុខ ទទួល​ខុសត្រូវ​លើ​អំពើ​ភេរវកម្ម នៅ​អេហ្ស៊ីប នៅ​ថ្ងៃ​ម្សិលមិញ។ ភេរវកម្ម​វាយប្រហារ​វិហារ​គ្រឹះស្តសាសនា​ធ្វើឡើង​នៅ​ពីរ​សប្តាហ៍​មុន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចសង្ឃ​កាតូលិក ហ្វ្រង់ស័រ នៅ​អេហ្ស៊ីប។

សាច់ញាតិ​របស់​ជនរងគ្រោះ​នៅក្នុង​ភេរវកម្ម​បំផ្ទុះគ្រាប់​សម្លាប់​មនុស្ស​២៧​នាក់​នៅ​ទីក្រុង​Tantaក្នុង​ប្រទេស​អេហ្ស៊ីប ថ្ងៃទី ៩​មេសា ២០១៧
សាច់ញាតិ​របស់​ជនរងគ្រោះ​នៅក្នុង​ភេរវកម្ម​បំផ្ទុះគ្រាប់​សម្លាប់​មនុស្ស​២៧​នាក់​នៅ​ទីក្រុង​Tantaក្នុង​ប្រទេស​អេហ្ស៊ីប ថ្ងៃទី ៩​មេសា ២០១៧ © REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

យោងតាម​ក្រសួង​មហាផ្ទៃ​អេហ្ស៊ីប នៅទីក្រុង​អាឡិចសង់ឌ្រី ដែល​ស្ថិតនៅ ប៉ែកខាងជើង អេហ្ស៊ីប ភេរវជន​អត្តឃាត​ម្នាក់ បាន​ចុច​បំផ្ទុះគ្រាប់បែក នៅលើ​ខ្លួន បន្ទាប់​ពី​ប៉ូលិស​បាន​រារាំង​មិន​ឲ្យ​ចូល​ទៅក្នុង​វិហារ​គ្រឹស្តសាសនា នៅក្នុង​ពេល​ពិធីសូត្រ​ធម៌ ដឹកនាំ​ដោយ​សម្តេចសង្ឃ​អ័រតូដុក​អេហ្ស៊ីប Tawadros ទី២។

 
ភេរវកម្ម​អត្តឃាត​នៅ​អាឡិចសង់ឌ្រី ដែល​បាន​សម្លាប់​មនុស្ស ១១​នាក់ កើត​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ភេរវកម្ម បំផ្ទុះគ្រាប់​មួយទៀត នៅ​ភាគខាងជើង​ទីក្រុង​គែរ។ ក្រសួង​សុខាភិបាល​អេហ្ស៊ីប បង្ហាញថា មនុស្ស​២៧​នាក់​បាន​សម្លាប់ និង​របួស ៧៨នាក់ នៅ​ក្នុង​អំពើភេរវកម្ម ក្នុង​ទីក្រុង​Tanta។

នៅ​រសៀល​ថ្ងៃ​អាទិត្យ ទីភ្នាក់ងារ​ឃោសនា​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​បាន​អះអាងថា សមាជិក​របស់ខ្លួន​ជា​អ្នកធ្វើ​ភេរវកម្ម វាយប្រហារ​ទៅលើ​វិហារ​សាសនា​គ្រឹស្ត​នៅ​អាឡិចសង់ឌ្រី និង​នៅ​ទីក្រុង​Tanta របស់​អេហ្ស៊ីប។

នៅ​អេហ្ស៊ីប ជាទី​ដែល​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម អ្នកគោរព​ជឿគ្រឹស្តសាសនា​អ័រតូដុក តំណាង​ឲ្យ​១០ភាគរយ​នៃ​ប្រជាជន​អេហ្ស៊ីប​សរុប ៩០​លាននាក់។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រឹស្តសាសនិក​នៅ​អេហ្ស៊ីប​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការរើសអើង ពី​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម ហើយ​និង​រង​ការវាយប្រហារ​ពី​ក្រុម​ភេរវនិយម។ នៅ​ខែ​ធ្នូ​កន្លងទៅ ភេរវកម្ម របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប្រឆាំង​វិហារ​គ្រឹស្តសាសនា នៅទីក្រុង​គែរ​បាន​សម្លាប់​មនុស្ស​២៥​នាក់ និង​របួស ៤៩​នាក់។ ការវាយប្រហារ ជា​បន្តបន្ទាប់ ដោយ​ចេតនា របស់​ក្រុមជីហាត នៅ​អេហ្ស៊ីប ដែល​ជា​សាខា​របស់​អង្គការ​រដ្ឋអ៊ីស្លាម បាន​ជំរុញ​ឲ្យ​គ្រឹស្តសាសនិក​អេហ្ស៊ីប​បង្ខំចិត្ត​រត់ចោល ផ្ទះសម្បែង នៅ​ជ្រោយ​ស៊ីណៃ។ ស៊ីណៃ​ជាសំបុក​តាំងទី​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម​អេហ្ស៊ីប ដែល​បាន​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ កងទ័ព​អេហ្ស៊ីប​បាន​បើកការវាយប្រហារ​បំបែក​សំបុក​ក្រុមនេះ​ជាច្រើនលើក ប៉ុន្តែ នៅ​តែ​មិនអាច​ទប់ស្កាត់ មិន​ឲ្យ​ក្រុមនេះ​ធ្វើ​ភេរវកម្ម​នៅក្នុង​ទឹកដី​អេហ្ស៊ីប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ