អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី-អ៊ីរ៉ង់

រុស្ស៊ី និង​អ៊ីរ៉ង់​ប្តេជ្ញា​គាំទ្រ​របប​ស៊ីរី របស់​លោក​បាស្ហា អាល់អាសាដ

ប្រមុខ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់ នៅ​ថ្ងៃ​សៅរ៍ទី ៨ មេសា បាន​ប្រកាស​រួមគ្នា បន្ត​ប្រតិបត្តិការ​យោធា នៅ​ក្នុង​ទឹកដី ស៊ីរី​ដើម្បី​គាំទ្រ របប​បាស្ហា អាល់អាសាដ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន។ រុស្ស៊ី និង​អ៊ីរ៉ង់ ចេញមុខ​ការពារ​សម្ព័ន្ធ​មិត្ត​ស៊ីរី នៅ​ពី​ថ្ងៃ​ក្រោយ​អាមេរិក​បាញ់ ជា​លើក​ទី ១ គ្រាប់មីស៊ីល​សំដៅ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី។

រូបភាព​ផ្កាយរណប​ថត​ដោយ​ក្រសួងការពារ​ជាតិ​រុស្ស៊ី​បង្ហាញ​យន្តហោះ​ចម្បាំង នៅ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ដែល​ទើប​រងការបាញ់​ប្រហារ​របស់​មីស៊ីល​អាមេរិក
រូបភាព​ផ្កាយរណប​ថត​ដោយ​ក្រសួងការពារ​ជាតិ​រុស្ស៊ី​បង្ហាញ​យន្តហោះ​ចម្បាំង នៅ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ដែល​ទើប​រងការបាញ់​ប្រហារ​របស់​មីស៊ីល​អាមេរិក ©Russian Defence Ministry/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី និង​អ៊ីរ៉ង់ នឹង​បន្ត​សហប្រតិបត្តិការ​ផ្នែក​យោធា ដើម្បី គាំទ្រ​លោកប្រធានាធិបតី​ស៊ីរី រហូត​ដល់​ក្រុមភេរវជន ហើយ​និងបក្សពួក អ្នកគាំទ្រ​ក្រុមភេរវនិយម​ទទួល​បរាជ័យ​ទាំង​ស្រុង​នៅ​ស៊ីរី។ នេះ​ជា​ការប្តេជ្ញាចិត្ត​របស់​ប្រមុខកងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​គេ​ឃើញ​នៅក្នុង​សេចក្តី​ប្រកាស​រួម ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ Irna។

 
កន្លងមក សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី បាន​ចាត់ទុក រាល់​ក្រុម​ប្រដាប់​អាវុធ មិន​ថា ក្រុម​អ្នក​ប្រឆាំង ឬ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​ប្រយុទ្ធ​តទល់​នឹង​លោក​បាស្ហា អាល់​អាសាដ​នៅ​ស៊ីរី​ថា ជា​ក្រុមភេរវជន។

រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ប្រយុទ្ធ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ខឹង​ដាច់ក្បាល ដាច់កន្ទុយ ដោយសារ​តែ​អាមេរិក​បាន​វាយប្រហារ​ជាលើក​ទី ១ ទៅលើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ថ្ងៃ​ព្រហស្បតិ៍។ នៅក្នុង​សេចក្តី​ប្រកាស​រួម ប្រមុខកងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​បាន​ចោទប្រកាន់​អាមេរិក​ថា មាន​ចេតនា​បន្ទុច បង្អាក់​ជ័យជំនះ​របស់​កងទ័ព រដ្ឋាភិបាល ហើយ​និង​សម្ព័ន្ធមិត្ត​របស់​ស៊ីរី។ សម្រាប់​រុស្ស៊ី និងអ៊ីរ៉ង់ ដោយ​វាយប្រហារ​ទៅលើ​ទីតាំង​ទ័ព​រដ្ឋាភិបាល​ស៊ីរី អាមេរិក​កំពុង​តែ​ពង្រឹង​កម្លាំង​របស់​ក្រុមភេរវជន។

នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដែល​ធ្វើ​ជា​លើក​ទី​១ នៅក្រោយ​អាមេរិក​បាញ់​គ្រាប់មីស៊ីល​សំដៅ​ទឹកដី​ស៊ីរី រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​បាន​និយាយ​ប្រាប់​សមភាគី​អាមេរិកថា ការវាយប្រហារ​របស់​អាមេរិក គឺ​ជា​ការចង់បាន​របស់​ក្រុមភេរវជន។

ការវាយ​បំផ្លាញ​ក្រុមភេរវនិយម ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​បរាជ័យ គឺ​ជា​អាទិភាព​ចំបង​របស់​អាមេរិក។ នេះ​បើតាម​ការអះអាង​របស់ប្រមុខ​ការបរទេស​អាមេរិក នៅក្នុង​បទសម្ភាសន៍ មួយ ដែល​ត្រូវ​ចាក់ផ្សាយ​នៅ​ថ្ងៃ​អាទិត្យនេះ នៅ​ទូរទស្សន៍អាមេរិកាំង CBS។ សម្រាប់​លោក​រេច ធីល័រសុន ការវាយកម្ទេច បំផ្លាញ​ចោល កាលីហ្វា ដែល​ជារដ្ឋ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម មិន​ត្រឹម​តែ​លុប​បំបាត់​ចោល ការគំរាមកំហែង​សន្តិសុខ​របស់​អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ នឹង​ជួយ​ស្តារ រក្សា​ស្ថិរភាព​ទូទៅ​នៅ​ក្នុង​តំបន់​ដើមបូព៌ា។

ប្រមុខ​ការបរទេស​អាមេរិក គ្រោង​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច ជាលើក​ទី ១​នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ ស៊ីរី ជា​សំណុំរឿង​សំខាន់ ដែល​ភាគី​រុស្ស៊ី និង​អាមេរិក​លើកយក​មក​ពិភាក្សា​គ្នា។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅក្រោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ត្រូវ​គេ​បង្រ្កាប​ឲ្យ​សាបរលាប​នៅ​ស៊ីរី គេ​នឹង​អាច​បើក​ការចរចា សន្តិភាព​នៅ​ស៊ីរី ដែល​មាន គ្រប់​ភាគី ចូល​រួម រួម ទាំង​តួអង្គ​សំខាន់ គឺ​លោក​ប្រធានាធិបតី បាស្ហា អាល់​អាសាដ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ