ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

ប្រធានាធិបតី​​អេហ្ស៊ីប​​​ប្រកាស​​ដាក់​​ប្រទេស​​អោយ​​ស្ថិត​​នៅ​​ក្នុង​​ភាព​​អាសន្ន​​ក្រោយពី​​​មាន​​ភេរវកម្ម​​​ផ្ទួនៗ​​គ្នា​​

media  
ទាហាន​អេហ្ស៊ីប​ដើរយាមល្បាត​នៅលើដងផ្លូវនៅទីក្រុង​ Caire REUTERS/Amr Abdallah Dalsh

នៅ​ប្រទេស​អេហ្ស៊ីប បន្ទាប់ពី​មាន​ការ​វាយប្រហារ​ពួក​អ៊ីស្លាម​ជីហាត​ផ្ទួនៗ​គ្នា​​ប្រឆាំង​​ព្រះ​វិហារ​គ្រឹៈស្តសាសនា​​ចំនួន​​២​​កន្លែង​​នៅ​​ថ្ងៃ​​អាទិត្យ​​ម្សិលមិញ​​មក​​លោក SiSSi ​​ប្រធានាធិបតី​អេហ្ស៊ីប​ បាន​​ប្រកាស​​ដាក់​​ប្រទេស​​អោយ​​ស្ថិត​​ក្នុង​​ភាព​​អាសន្ន។

ក្រោយពី​អំពើ​ភេរវកម្ម​ដ៏​ហិង្សា​ផ្ទួនៗ​គ្នា​ប្រឆាំង​ទៅ​លើ​ព្រះវិហារ​គ្រឹស្តសាសនា​អេហ្ស៊ីប​​២​កន្លែង​​នៅ​ក្រុង​Alexandrie​និង​នៅ​ក្រុង​ Tanta ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​អស់​៤៤​នាក់​និង​របួស​ជាង​១២០​នាក់​កាលពី​ម្សិលមិញ​មក លោក ​​ SiSSiប្រធានាធិបតី​អេហ្ស៊ីប បាន​ប្រកាស​ដាក់​ប្រទេស​អោយ​ស្ថិត​នៅ​ភាព​អាសន្ន​ភ្លាម​ដែរ។

 

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ ប្រធានាធិបតី​អេហ្ស៊ីប បាន​ជូន​ដំណឹង​អំពី​វិធានការណ៍​ដែល​នឹង​ត្រូវ​ដាក់​ជូន​ឲ្យ​សភា​អេហ្ស៊ីប​អនុម័ត​ជាមុនសិន។ ប្រកបដោយ​ទឹក​មុខ​ដ៏​មាំ​ លោក​ SiSSi  ​គូស​បញ្ជាក់​​ថា​ នៅ​ក្នុង​វិធានការ​នោះ ជា​បឋម​គឺ​​ការ​ប្រកាស​ដាក់​​អេហ្ស៊ីប​​នៅ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​​ក្នុង​រយៈពេល​ចំនួន​៣​ខែ ដើម្បី​ការពារថែរក្សា​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស។
 
កន្លងមកនេះ ​ដោយសារ​អេហ្ស៊ីប​ធ្លាប់​បាន​ទទួល​រង​ការ​វាយប្រហារ​មួយ​ចំនួន​​ពីសំណាក់​ពួក​ជីហាត​ កាលពី​ឆ្នាំ​២០១៦នៅទីក្រុងគែរ​មក រដ្ឋាភិបាល​អេហ្ស៊ីប បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​ការ​វាយប្រហារ​ប្រឆាំង​នឹងពួក​អ៊ីស្លាម​ជីហាត​ឲ្យ​បាន​កាន់​តែ​​ខ្លាំងក្លា​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ជាអាទិ៍​នៅ​តំបន់​ Sinaï ដែល​ពួក​ជីហាត បាន​ដឹក​ការ​វាយប្រហារ​​ដ៏​កាចសាហាវ​​ប្រឆាំង​ទល់​នឹង​កម្លាំងសន្តិសុខ​។​
 
ទន្ទឹមនេះ ប្រធានាធិបតី​អេហ្ស៊ីប បាន​ប្រកាស​អោយ​ដាក់​ពង្រាយ​កង​កម្លាំង​ទ័ព​​ដើម្បី​ជួយ​ដល់​កង​ប៉ូលីស​នៅ​ក្នុង​កិច្ច​ការពារ​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ជា​អាយុ​ជីវិត​របស់​​អេហ្ស៊ីប។
 
រីឯ រដ្ឋមន្ត្រី​មហាផ្ទៃ​អេហ្ស៊ីប​វិញ បាន​ជូន​ដំណឹង​ប្រាប់​ដែរ ពី​ការ​ផ្លាស់ប្តូរ​ប្រធាន​សន្តិសុខ​​នៅ​​ខេត្ត​Gharbeya​។ នៅ​ខេត្ត​នេះ​ហើយ​​ដែល​មាន​អំពើ​ភេរវកម្ម​នៅ​ក្រុង​​Tanta ​​កាលពី​ម្សិលមិញ​នេះ​និង​ដែល​បាន​​សម្លាប់​មនុស្ស​នៅ​ក្រុងនេះ អស់​២៧​នាក់​និង​របួស​៧៨​នាក់។​
 
គួររំលឹកថា​​ភេរវកម្មអត្តឃាត​​​នៅ​អេហ្ស៊ីប​ម្សិលមិញ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​បាំង​តែ​១៩ថ្ងៃ​ប៉ុណ្ណោះ​​នា​មុន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃកាតូលិក Pape François ​នៅ​ប្រទេស​អេហ្ស៊ីប​ដែលនឹងត្រូវប្រព្រឹត្តទៅ​ថ្ងៃ​ទី​២៨​និង​២៩​មេសា​ខាង​មុខ។
 
នៅឯ​សហរដ្ឋអាមេរិក ​លោក​ប្រធានាធិបតី​ Donald Trumpបាន​ប្រកាស​​ថ្កោលទោស​មុន​គេ​​ការ​វាយប្រហាររបស់ពួកអ៊ីស្លាមជីហាត​នៅ​អេហ្ស៊ីប​នេះ​តាម​រយៈ​គណនី Twitter របស់​គាត់​ដោយ​បាន​​អះអាងដែរ​​ថា លោក​មាន​ទំនុក​ទុកចិត្ត​នៅ​លើ​​សមត្ថភាព​របស់​ប្រធានាធិបតី​អេហ្ស៊ីប​​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​របស់​ខ្លួន។
 
ចំណែក​ប្រទេស​ទាំង​១៥​ដែល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អសប​វិញ បាន​ចាត់​ទុក​ថា​ ជា​អំពើ​ភេរវកម្ម​ដ៏​កំសាក​និង​​​អះអាងទៀត​ថា “អំពើ​ភេរវកម្ម ទោះបី​​ជា​នៅ​ក្នុង​ទម្រង់​បែបណា​ក្តី វា​​ជា​ការ​គម្រាម​មួយ​ដ៏ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។
​​
ចំណែកស្ថាប័ន​ដ៏​ល្បីល្បាញ​មួយ​​របស់​សាសនា​អ៊ីស្លាម​អេហ្ស៊ីប ឈ្មោះ​ Al-Azar ដែល​មាន​ទីតាំង​នៅ​ទីក្រុងគែរ ក៏​បាន​ថ្កោលទោស​ដែរ​ថា​គឺ​ជា​អំពើ​ភេរវកម្ម​របស់​ពួក​ភេរវជន​ដ៏​កំសាកដែរ៕​​ 
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ