អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់៖​លោក​ហាសាន រ៉ូហានី​បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាណត្តិ​ថ្មី

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​អាណត្តិ​ថ្មី​ទៀត​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៩ ឧសភា​ខាង​មុខ។ លោក​រ៉ូហានី​ត្រូវ​ចូល​ប្រកួតប្រជែង​ទល់​នឹង​បេក្ខជន​ផ្សេង​ទៀត ពិសេស​បេក្ខជន​អភិរក្សនិយម​លោក​អ៊ីប្រាហ៊ីម រ៉េហ្ស៊ីដែល​មិន​ញញើត​នឹង​រិះគន់ ទិតៀន​លោក​ពេញ​មាត់​អំពី​តុល្យការ​សេដ្ឋកិច្ច​មិន​ល្អ​នៃ​ការ​កាន់តំណែង​រយៈពេល ៤ឆ្នាំ​កន្លង​ទៅ។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី President.ir/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

តុល្យការ​សេដ្ឋកិច្ច​មិន​សូវ​ល្អ​មែន តែ​លោក​ហាសាន រ៉ូហានី​អាច​លើក​យក​សំណុំរឿង​ជោគជ័យ​ផ្សេង​ទៀត​ធ្វើ​ជា​ជន្ទល់​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ពិសេស​សំណុំរឿង​ការទូត​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ពោល ២ឆ្នាំ​ក្រោយ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ក្នុង​ឆ្នាំ ២០១៣។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បិទបញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​យ៉ាង​ប្រទាញប្រទង់​គ្នា​រវាង​ទីក្រុង​តេហេរ៉ង់ និង​សហគមន៍​អន្តរជាតិ​រយៈពេល​ជាង ១២ឆ្នាំ។

កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែ​មករា ឆ្នាំ ២០១៦ មួយ​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដក​ទ័ណ្ឌកម្ម​មួយ​ភាគ​ចេញ​ពី​អ៊ីរ៉ង់។ តែ​គេ​សង្កេត​ឃើញ​ថា ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ឡើង​តានតឹង​ជា​ថ្មី។ នេះ​ក៏​ដោយសារ​ថា លោក​ត្រាំ​បាន​រិះគន់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ ហើយ​បាន​ដាក់​ទ័ណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​ទាក់ទង​នឹង​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់។

អ៊ីចឹង​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា ទោះបី​ជា​មាន​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ​ចេញ​ពី​អ៊ីរ៉ង់​ក៏​ដោយ ក៏​មាន​ធនាគារ​បរទេស​គ្រាក់ៗ​បន្ត​បដិសេធ​មិន​រក​ស៊ី​ជា​មួយ​អ៊ីរ៉ង់​ដែល​ជា​ហេតុ​ពន្យឺត​វិនិយោគ​បរទេស​នៅ​អ៊ីរ៉ង់។ ពិត​ណាស់​ក្នុង​រយៈពេល ៤ឆ្នាំ​នៃ​ការ​កាន់​អំណាច លោក​រ៉ូហានី​បាន​កាត់​បន្ថយ​អត្រា​អតិផរណា​ពី​ជាង ៤០% មក​នៅ​ត្រឹម ៨% ព្រម​ទាំង​បង្កើន​ទ្វេដង​ការ​នាំ​ចេញ​ប្រេងឆៅ។ ក៏​ប៉ុន្តែ លោក​រ៉ូហានី​នៅ​មិន​ទាន់​អាច​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច និង​កាត់​បន្ថយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ដែល​បាន​កើន​ពី​ជាង ១០% ទៅ ១២%។

ក្រៅ​ពី​ទទួល​រងការ​រិះគន់ ទិតៀន​ពី​បេក្ខជន​គូប្រជែង​ក្នុង​សំណុំរឿង​សេដ្ឋកិច្ច លោក​រ៉ូហានី​ក៏​បាន​ទទួល​ការ​រិះគន់​ពី​ប្រមុខ​សាសនា​អ៊ីស្លាម​អាលី ខាមេណី​ដែរ។ ថ្មីៗ​នេះ លោក​ខាមេណី​បាន​ថ្លែង​ថា មាន​ចំណុច​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ដែល​រដ្ឋាភិបាល​បាន​បំពេញ តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៦៨ឆ្នាំ លោក​រ៉ូហានី​បាន​ទទួល​សម្លេង​គាំទ្រ​ជាង ៥០% តាំង​ពី​ជុំទី១ នា​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៣ តែ​ប្រហែល​ជា​យ៉ាប់​បន្តិច​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៩ ឧសភា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ