តើម៉ាស៊ីនរបស់ក្រុមហ៊ុន Apple ជាដើមចមនៃការផ្ទុះឆេះយន្តហោះ EgyptAir កាលពីជាង ១ឆ្នាំមុនឬ?
កាលពីជាង ១ឆ្នាំមុន យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ជើងហោះហើរលេខ MS៨០៤ ដែលធ្វើដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងទៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបានផ្ទុះឆេះធ្លាក់ក្នុងសមុទ្របណ្តាលឲ្យស្លាប់មនុស្ស ៦៦នាក់។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នោះនៅឡើយទេ។ តែឥឡូវ ក្រុមចៅក្រមស៊ើបអង្កេតដែលទទួលបន្ទុកការស៊ើបអង្កេតកំពុងផ្តោតការយកចិត្តទុកដាក់លើការឆេះនៅក្នុងបន្ទប់អ្នកបើកបរ ហើយដើមចមនៃភ្លើងឆាបឆេះនោះអាចបង្កចេញពីផលិតផលរបស់ក្រុមហ៊ុន Appel។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤២
ផលិតផលរបស់ក្រុមហ៊ុន Appel ដែលក្រុមចៅក្រមស៊ើបអង្កេតចង់និយាយ គឺ iPhone និង iPad។ ការហ៊ានអះអាងយ៉ាងដូច្នេះមកពីក្រុមចៅក្រមស៊ើបអង្កេតបានធ្វើការពិនិត្យលើរូបភាពថតដោយកាំមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋាន Roissy charles de gaulle ក្នុងប្រទេសបារាំងដែលយន្តហោះ EgyptAir បានសុំចតដើម្បីត្រៀមហោះហើរទៅអេហ្ស៊ីប។ តាមរយៈរូបភាពថតដោយកាំមេរ៉ាសុវត្ថិភាពនោះ ក្រុមចៅក្រមស៊ើបអង្កេតបានទាញពង្រីករូបភាពទៅខាងក្នុងបន្ទប់អ្នកបើកបរ ហើយបានឃើញវត្តមានផលិតផលរបស់ក្រុមហ៊ុន Appel iPhone និង iPad។
ឥឡូវនេះ អ្នកជំនាញចំនួន ៣រូប គឺអ្នកស្រាវជ្រាវម្នាក់ គ្រូរូបវិទ្យាម្នាក់ និងអ្នកឯកទេសខាងថ្មពិលម្នាក់ទើបបានតែងតាំងឡើង។ តួនាទីរបស់អ្នកជំនាញទាំង ៣នាក់ គឺដើម្បីធ្វើតេស្តតាមគ្រប់រូបភាពលើផលិតផលស្រដៀងគ្នានេះរបស់ក្រុមហ៊ុន Appel។ ឧទារហណ៍ជាក់ស្តែង បំផ្ទុះថ្មរបស់ផលិតផលទាំងនោះដើម្បីចង់ដឹងពីឥទ្ធិពលកំដៅ និងទំហំនៃការឆាបឆេះរបស់វា។ តាមរយៈលទ្ធផលនេះ ក្រុមអ្នកជំនាញអាចនឹងសន្និដ្ឋានបានថា តើផលិតផលទាំងអស់នេះឬដែលជាដើមចមនៃការផ្ទុះឆេះនៅក្នុងបន្ទប់អ្នកបើកបររហូតធ្វើឲ្យអ្នកបើកបរថប់ដង្ហើមស្លាប់ និងឈានដល់ការផ្ទុះឆេះយន្តហោះ?។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Appel របស់អាមេរិកមួយនេះបានបញ្ជាក់ថា ខ្លួននៅមិនទាន់បានទទួលដំណឹងអ្វី ឬការទាក់ទងណាមួយពីក្រុមអ្នកជំនាញទាំង ៣នាក់នោះនៅឡើយទេ និងថា ខ្លួនបានត្រៀមដើម្បីឆ្លើយរាល់សំណួរដែលក្រុមអ្នកជំនាញសួរ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន Appel បានរម្លឹកជាថ្មីថា ផលិតផលរបស់ខ្លួនបានធ្វើតេស្តគ្រប់យ៉ាងទាំងអស់ មុននឹងចេញលក់លើទីផ្សារអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ