អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្នកណា​ខាត និង​អ្នកណា​ចំណេញ​ពី​វិបត្តិ​ការទូត​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​សប្តាហ៍​គត់​ដែល​អារ៉ាប៊ីសាអូឌីត រួម​ដៃ​ជាមួយ ៥ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ គឺ​អេមីរ៉ាអារ៉ាប់រួម យេម៉ែន បារ៉ែន អេហ្ស៊ីប និង​ម៉ាល់ឌីវ​បាន​សម្រេច​ចិត្ត​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា​ក្នុង​ថ្ងៃទី៥ មិថុនា។ បន្ទាប់​ពី​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត ក៏​មាន​ការ​បិទខ្ទប់​ផ្លូវ​សេដ្ឋកិច្ច​ទៀត។ ទង្វើ​របស់​អារ៉ាប៊ីសាអូឌីត​របៀប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​កាតា​ដែល​ពឹង​លើ​ការ​នាំ​ទំនិញ​គ្រប់​យ៉ាង​ពី​បរទេស។ ក្រៅ​ពី​ផ្តល់​ផលវិបាក​ផ្ទាល់​ដល់​កាតា វិបត្តិ​មួយ​ក៏​បាន និង​កំពុង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ដែរ។ តើ​អ្នក​ណា​ខាត និង​អ្នក​ណា​ចំណេញ​ពី​វិបត្តិ​ការទូត​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​ពេល​នេះ?

លោក​រដ្ឋមន្រ្តីការបរទេស​កាតា Mohammed bin Abdulrahman Al-Thani (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក Sergueï Lavrov ក្នុង​ប្រទេស​រុស្ស៊ី​ថ្ងៃទី១០ មិថុនា ២០១៧
លោក​រដ្ឋមន្រ្តីការបរទេស​កាតា Mohammed bin Abdulrahman Al-Thani (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក Sergueï Lavrov ក្នុង​ប្រទេស​រុស្ស៊ី​ថ្ងៃទី១០ មិថុនា ២០១៧ Yuri KADOBNOV / AFP
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​និយាយ​ដល់​អ្នក​ខាត និង​អ្នក​ចំណេញ​ពី​វិបត្តិ​មួយ គេ​គួរ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​អំពី​មូលហេតុ​ពិត​នៃ​ការ​ផ្ទុះ​វិបត្តិ​នោះ។ អ្វីៗ​បាន​កើត​ឡើង​ក្នុង​ថ្ងៃទី៥ មិថុនា​ដែល​អារ៉ាប៊ីសាអូឌីត រួម​ជាមួយ ៥ប្រទេស​សម្ព័ន្ធមិត្ត​បាន​សម្រេច​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា។ ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ពេល​នោះ​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​លើក​ហេតុផល​ទៅ​ពន្យល់​ថា កាតា​បាន​គាំទ្រ និង​ចិញ្ចឹម​អង្គការ​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម និង​អង្គការ​អាល់កៃដា។ ក្រៅ​ពី​ចោទ​កាតា​ពី​បទ​គាំទ្រ​អង្គការ​ភេរវនិយម អារ៉ាប៊ីសាអូឌីត​ក៏​បាន​ចង្អុល​ចំ​មុខ​ទីក្រុង​ដូហា​ពី​បទ​មាន​សមានចិត្ត អាណិតអាសូរ​ដល់​ប្រទេស​អ៊ីរ៉ង់ និង​ចលនា​អ៊ីស្លាមជ្រុលនិយម​មួយ​ចំនួន។

ក្រោម​ភ្នែក​ច្រមុះ​របស់​ទីក្រុង​រីយ៉ាដ អ៊ីរ៉ង់ និង​ចលនា​អ៊ីស្លាមជ្រុលនិយម​ជា​ប្រភព​នៃ​អស្ថិរភាព​នៅ​ក្នុង​តំបន់។ វិបត្តិ​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​លើក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​ដែល​បង្កើត​តាំង​ពី​ឆ្នាំ ១៩៨១ និង​មាន​សមាជិក ៦ប្រទេស គឺ​អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាអារ៉ាប់រួម កូវ៉ែត អូម៉ង់ និង​ប្រទេស​កាតា។ ក៏​ប៉ុន្តែ វិបត្តិ​លើក​នេះ​ក៏​មិនមែន​ជា​វិបត្តិ​លើកទី១ ដែរ ព្រោះ​កាល​ពី​ឆ្នាំ ២០១៤ អារ៉ាប៊ីសាអូឌីត អេមីរ៉ាអារ៉ាប់រួម និង​បារ៉ែន​ធ្លាប់​បាន​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ចេញ​ពី​កាតា​ម្តង​ហើយ។

កាល​ណោះ ទីក្រុង​រីយ៉ាដ ទីក្រុង​អាប៊ូដាប៊ី និង​ទីក្រុង​ម៉ាណាម៉ា​មិន​សប្បាយ​ចិត្ត​នឹង​ទូរទស្សន៍ Al-Jazira របស់​កាតា​ដែល​ផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​ក្នុង​ទង្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ម័រស៊ី។ គេ​សង្កេត​ឃើញ​ជា​រួម​ថា មួយ​សប្តាហ៍​ក្រោយ​វិបត្តិ​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​បាន​ផ្ទុះ​ជា​ថ្មី​មក ប្រតិកម្ម​របស់​ទីក្រុង​ដូហា​ប្រឆាំង​អារ៉ាប៊ីសាអូឌីត​ហាក់​មិន​សូវ​ខ្លាំងក្លា និង​មាន​កម្រិត។ រដ្ឋអំណាច​កាតា​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ធានា​ថា កាតា​មិន​ចាត់​វិធានការ​តតាំង ឬ​សងសឹក​អ្វី​ទៅ​លើ​ពលរដ្ឋ​អារ៉ាប៊ីសាអូឌីត ឬ​ពលរដ្ឋ​របស់​ក្រុមប្រទេស​គាំទ្រ​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​កាតា​ទេ។

ទន្ទឹម​គ្នា​នេះ កាតា​ក៏​កំពុង​បន្ត​ស្វែង​រក​ជំនួយ​ពី​អន្តរជាតិ​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ។ ជាក់ស្តែង​នៅ​សប្តាហ៍​កន្លង​ទៅ រដ្ឋមន្រ្តី​ការបរទេស​កាតា​លោក​អាល់ថានី​បាន​ទៅ​អាល្លឺម៉ង់ និង​រុស្ស៊ី។ ចំណែក​ប្រទេស​មិត្ត​របស់​កាតា​នៅ​ក្នុង​តំបន់ ពិសេស​អ៊ីរ៉ង់ និង​តួកគី​បាន​ចេញ​មុខ​គាំទ្រ​កាតា​ពេញ​មុខ។ អ៊ីរ៉ង់​បាន​ដឹក​ជញ្ជូន​ទំនិញ ពិសេស​គ្រឿង​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ​តាម​យន្តហោះ និង​តាម​កប៉ាល់​ទៅ​ឲ្យ​កាតា។ សូម​ជម្រាប​ជូន​ថា កាតា​ដែល​ជា​ជង្រុក​ឧស្ម័នហ្កាស​បាន​នាំ​ចូល​ទំនិញ​ពី​បរទេស​សឹង​តែ​ទាំង​ស្រុង​ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​ពលរដ្ឋ​ខ្លួន​ទាំង​ជាង ២លាននាក់។

ពី​ប្រទេស​តួកគី​ឯណោះ​វិញ លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់​បាន​ថ្លែង​ដោយ​ចាត់​ទុក​ទ័ណ្ឌកម្ម​របស់​អារ៉ាប៊ីសាអូឌីត​ថា​ជា​រឿង​អយុត្តិធម៌ និង​ថា តួកគី​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​ជាមួយ​កាតា​ដែល​លោក​អ៊ែរដូហ្កាន់​ចាត់​ទុក​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​ដែល​បាន​ជួយ​តួកគី​ក្នុង​គ្រា​មាន​អាសន្ន ពិសេស​ក្នុង​ពេល​ដែល​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦។ ផ្តើម​ចេញ​ពី​រឿងរ៉ាវ​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​ពេល​នេះ​នាំ​ឲ្យ​មាន​សំណួរ​ពីរ​ចោទ​ឡើង ទី១ ហេតុអ្វី​បាន​ជា​នៅ​សុខៗ បែរ​ជា​អារ៉ាប៊ីសាអូឌីត​ដើរ​បបួល​បក្សពួក​ក្នុង​តំបន់​ឲ្យ​ប្រឆាំង​កាតា និង​ទី២ តើ​អ្នកណា​ខាត និង​អ្នកណា​ចំណេញ​ពី​វិបត្តិ​មួយ​នេះ?។

ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ​បាន គេ​ត្រូវ​ត្រឡប់​ក្រោយ​មើល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ក្នុង​តំបន់ ពិសេស​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ពេល​ថ្មីៗ​កន្លង​ទៅ​ជា​មុន​សិន។ នៅ​ពេល​នោះ លោក​ត្រាំ​មិន​ញញើត​នឹង​វ៉ៃប្រហារ​អ៊ីរ៉ង់ ព្រម​ទាំង​បញ្ចូល​អ៊ីរ៉ង់​ទៅ​ក្នុង​ក្រុម​អង្គការ​ភេរវនិយម។ ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​ក៏​បាន​អំពាវនាវ​ប្រទេស​កាតា​ឲ្យ​បញ្ឈប់​ការ​គាំទ្រ និង​ចិញ្ចឹម​អង្គការ​ភេរវនិយម។ តើ​មិនមែន​ពាក្យ​សម្តី​របស់​លោក​ត្រាំ​ដូច​នេះ​ទេ​ឬ​ដែល​អារ៉ាប៊ីសាអូឌីត និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ហ៊ាន​ចាត់​ការ​លើ​ប្រទេស​កាតា​ភ្លាមៗ​យ៉ាង​នេះ?។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក​ដូណាល់ ត្រាំ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន់​បាន​ថ្លែង​ថា ពិត​ជា​មិនចៃដន្យ​ទេ​ដែល​អារ៉ាប៊ីសាអូឌីត​ថ្លើម​ធំ​ហ៊ាន​ធ្វើ​ដាក់​កាតា​របៀប​នេះ និង​ថា ពិត​ជា​អ្នក​ឃុបឃិត​ជួយ​ជំរុញ​នៅ​ពី​ក្រោយ។ គួរ​រម្លឹក​ជូន​ថា អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ជា​ខ្លា​ពីរ​ដែល​កំពុង​ដណ្តើម​គ្នា​សោយរាជ្យ​នៅ​លើ​ភ្នំ​តែ​មួយ​ក្នុង​តំបន់។ តែ​គឺ​ទើប​តែ​មាន​ការ​ហុចដៃ​ពី​លោក​ត្រាំ​ទេ​ដែល​អារ៉ាប៊ីសាអូឌីត​ហ៊ាន​ប្រកាស​សង្រ្គាម​ជា​ចំហរ​ទល់​នឹង​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា​នា​ឱកាស​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ត្រាំ​ទទួល​បាន​កិច្ចសន្យា​លក់​អាវុធ​ឲ្យ​ទីក្រុង​រីយ៉ាដ​ជា​ច្រើន​ពាន់​លាន​ដុល្លារ។

ពិត​ណាស់ និង​អ្វី​ដែល​មិន​ប្រកែក​បាន កាតា និង​អ៊ីរ៉ង់​ពិត​ជា​បាន​គាំទ្រ​ចលនា​អ៊ីស្លាមនិយម​ជ្រុល ដូច​យ៉ាង​ក្រុម​ភាតរៈអ៊ីស្លាម​នៅ​អេហ្ស៊ីប ក្រុម​ហាម៉ាស់​នៅ​ប៉ាឡេស្ទីន ឬ​មួយ​ក្រុមហេស្បូឡាលីបង់​ដែល​អាមេរិក​បាន​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ តែ​មិន​រហូត​ដល់​ចេញ​មុខ​គាំទ្រ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​អ៊ីរ៉ង់ និង​កាតា​ជា​អ្នក​រងគ្រោះ​ដែរ​នោះ​ទេ។ មួយ​វិញ​ទៀត អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​ក៏​មិនមែន​ជា​ប្រទេស​ស្អាតស្អំ​ដែរ ព្រោះ​ពួក​ភេរវជន​ភាគច្រើន ពិសេស​អាល់កៃដា​មាន​ប្រភព​ចេញ​ពី​ទីនោះ។ ដូច្នេះ​ចង់​ឬ​មិន​ចង់ អ្នក​ខាត​បង់​ពេល​នេះ គឺ​ក្រុមប្រទេស​អារ៉ាប់​ទាំង​អស់​នៅ​ក្នុង​តំបន់​ដែល​អាមេរិក​របស់​លោក​ត្រាំ​ចាប់​ឲ្យ​ជល់​គ្នា​តាម​រយៈ​សង្រ្គាម​សាសនា ហើយ​អ្នក​ចំណេញ គឺ​អាមេរិក​ដែល​ទទួល​បាន​លុយ​រាប់ពាន់លាន​ដុល្លារ​ពី​ការ​លក់​គ្រឿង​សព្វាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ